ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សកម្មជន​វ័យ​ក្មេង​ឈ្នះ​ភាគ​ច្រើន​ក្នុង​​ការ​បោះឆ្នោត​បឋម​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​


រូបឯកសារ៖ ពលរដ្ឋតម្រង់ជួរដើម្បីចូលរួមក្នុងការបោះឆ្នោតបឋមនៅក្រុងហុងកុង កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នៃ២០២០។
រូបឯកសារ៖ ពលរដ្ឋតម្រង់ជួរដើម្បីចូលរួមក្នុងការបោះឆ្នោតបឋមនៅក្រុងហុងកុង កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នៃ២០២០។

លទ្ធផល​ដំបូងៗ​ពី​ការ​បោះឆ្នោត​បឋមនៅ​ហុងកុង​ដែល​រៀបចំ​ដោយ​គណបក្ស​គាំទ្រ​លទ្ធិប្រជាធិបតេយ្យកាល​ពី​ចុង​សប្តាហ៍​កន្លង​ទៅ​នេះបង្ហាញ​ថា សកម្មជន​វ័យ​ក្មេង​និងបេក្ខជន​«គាំទ្រ​មូលដ្ឋាន»​បាន​ឈ្នះ​ការ​បោះឆ្នោត​ភាគ​ច្រើន។

មាន​ពលរដ្ឋ​ហុងកុង​ប្រមាណ​៦០០.០០០​នាក់​បាន​សម្រុក​ទៅ​បោះឆ្នោត​នៅ​តាម​ការិយាល័យ​បោះឆ្នោត​ចំនួន​២៥០​ ដើម្បី​ជ្រើសរើស​បេក្ខជន​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​ខ្លាំង​ជាង​គេ​ដែល​នឹង​អាច​តទល់​នឹង​បេក្ខជន​គាំទ្រ​រដ្ឋាភិបាល​ទី​ក្រុង​ប៉េកាំង នៅ​ក្នុង​ការ​បោះឆ្នោត​សភា​ហុងកុង​ក្នុង​ខែ​កញ្ញា​ខាង​មុខ។

ការ​បោះឆ្នោតកាល​ពី​ចុង​សប្តាហ៍​កន្លង​ទៅ​នេះ​បាន​ធ្វើ​ឡើង​បើ​ទោះ​បី​មាន​ការ​ព្រមាន​ពី​មន្ត្រី​ហុងកុង​និង​ចិន​ដីគោក​ដែល​ថា​ការ​បោះឆ្នោត​នេះ​អាច​ខុស​នឹង​ច្បាប់​សន្តិសុខ​ថ្មី​សម្រាប់​ហុងកុង។​

អ្នក​គាំទ្រ​ប្រជាធិបតេយ្យ​និយាយ​ថា គោលដៅ​នៃ​ការ​ជ្រើសរើស​បេក្ខជន​សម្រាប់​ការ​បោះឆ្នោត​នៅខែ​កញ្ញា គឺ​ដើម្បី​អាច​ទទួល​បាន​សំឡេង​ភាគ​ច្រើន​នៅ​ក្នុង​រដ្ឋសភា​ហុងកុង​ ដើម្បី​អាច​បោះឆ្នោត​ប្រឆាំង​នឹង​ច្បាប់​ថវិកា​និង​ច្បាប់​សំខាន់ៗ​ផ្សេង​ទៀត ដែល​នេះ​អាចបង្ខំ​ឲ្យលោកស្រី Carrie Lam មេដឹកនាំ​ទី​ក្រុង​ហុងកុង​ត្រូវ​លាលែង​ពី​តំណែង។

ការិយាល័យ​តំណាង​រដ្ឋាភិបាល​ចិន​ប្រចាំ​នៅ​ទី​ក្រុង​ហុងកុង​បាន​រិះគន់​អ្នក​រៀបចំ​ការ​បោះឆ្នោត​នេះ ជា​ពិសេស​បាន​រិះគន់​សកម្មជន​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​លោក Benny Tai ថាមាន​ចេតនា «ដណ្តើម​អំណាច​គ្រប់គ្រង​ហុងកុង និងធ្វើ​បដិវត្តន៍​ពណ៌​នៅ​ហុងកុង»។​

ក្រោម​ច្បាប់​សន្តិសុខ​ថ្មី ជន​ទាំង​អស់​នៅ​ហុងកុងដែល​គេ​ជឿ​ថា​បាន​ប្រព្រឹត្ត​អំពើ​ភេរវកម្ម ការ​បំបែក​រដ្ឋ វិទ្ធង្សនា ឬ​ឃុបឃិត​ជាមួយ​កម្លាំង​បរទេស​អាច​ត្រូវ​បាន​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​មួយ​ជីវិត៕

XS
SM
MD
LG