ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចិន​ប្តេជ្ញា​​សងសឹក​ក្រោយ​លោក ​ដូណាល់​ ត្រាំ ​បញ្ចប់​​ឋានៈ​អនុគ្រោះ​ពិសេស​​សម្រាប់​ក្រុង​ហុងកុង


រូបឯកសារ៖ អ្នក​គាំទ្រ​ចិន​កាន់​រូប​ទីងមោង​របស់​ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ និង​ទង់​ជាតិ​ចិន​នៅ​ខាង​ក្រៅ​ស្ថានកុងស៊ុល​ចិន ក្នុង​អំឡុងពេល​នៃ​ការ​តវ៉ា​មួយ​ក្នុង​ទីក្រុង ហុង កុង កាល​ពី​ថ្ងៃ​ទី ៣០ ខែឧសភា ឆ្នាំ​២០២០។
រូបឯកសារ៖ អ្នក​គាំទ្រ​ចិន​កាន់​រូប​ទីងមោង​របស់​ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ និង​ទង់​ជាតិ​ចិន​នៅ​ខាង​ក្រៅ​ស្ថានកុងស៊ុល​ចិន ក្នុង​អំឡុងពេល​នៃ​ការ​តវ៉ា​មួយ​ក្នុង​ទីក្រុង ហុង កុង កាល​ពី​ថ្ងៃ​ទី ៣០ ខែឧសភា ឆ្នាំ​២០២០។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក ដូណាល់ ត្រាំ កាល​ពីថ្ងៃ​អង្គារ បានចុះ​ហត្ថលេខា​លើ​បទ​បញ្ជា​មួយ​ដែល​បញ្ចប់​ឋានៈ​អនុគ្រោះ​ពិសេស​ខាង​សេដ្ឋកិច្ចរបស់​ក្រុង​ហុងកុង​ក្រោមច្បាប់​អាមេរិក ដោយ​លោក ​ត្រាំ ​បាន​យោង​វិធានការ​របស់​លោក​នេះ​ទៅ​លើ​ការ​សម្រេច​របស់​ចិនក្នុង​ការ​អនុម័ត​ច្បាប់​សន្តិសុខ​ជាតិ​ថ្មី​សម្រាប់​ហុងកុង។

កាល​ពី​ថ្ងៃ​អង្គារ​ លោក​ប្រធានាធិបតី​ ត្រាំ​ ក៏​បាន​ចុះ​ហត្ថលេខា​លើ​ច្បាប់​ស្នើ​ដោយ​សភាជាតិ​អាមេរិក​ ដើម្បី​ដាក់​ទណ្ឌកម្ម​ចំពោះ​ធនាគារ​ទាំង​ឡាយ​ណា​ ដែល​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​មន្ត្រី​ចិន ​ដែល​អនុវត្ត​ច្បាប់​សន្តិសុខ​ហុងកុង​ផងដែរ។​

ជា​ការ​ឆ្លើយ​តប ក្រសួង​ការបរទេស​ចិន​និយាយ​កាល​ពី​ថ្ងៃ​ពុធថា​ រដ្ឋាភិបាល​ទី​ក្រុង​ប៉េកាំង​នឹង​ដាក់​ទណ្ឌកម្ម​តបត​នឹង​បុគ្គល​និង​ស្ថាប័ន​របស់​សហរដ្ឋ​អាមេរិក ជា​ការ​ឆ្លើយ​តប​នឹងបទ​បញ្ជា​របស់​លោក​ត្រាំ​ដែល​បានដាក់​ជា​គោលដៅ​នូវ​ធនាគារនានា ទោះ​បី​សេចក្តី​ថ្លែងការណ៍​មិន​បាន​និយាយ​យោង​ទៅ​លើ​បទ​បញ្ជា​នោះ។

ក្រសួង​ការបរទេសចិន​និយាយ​ក្នុង​សម្តី​ដើម​ថា៖ «កិច្ចការ​ហុងកុង​ជា​រឿង​កិច្ចការ​ផ្ទៃ​ក្នុង​ប្រទេស​ចិន​សុទ្ធសាធ​ ហើយ​មិន​មាន​ប្រទេស​ដទៃ​ណា​មាន​សិទ្ធិ​មក​ជ្រៀតជ្រែក​ទេ។»

បញ្ហា​ស្វ័យភាព​ហុងកុង​ បាន​ក្លាយ​ជា​ចំណុច​កាន់​តែ​រសើប​ក្នុង​ទំនាក់ទំនង​រវាង ​សហរដ្ឋ​អាមេរិក​និង​ប្រទេស​ចិន ដែលកំពុង​មានភាព​តានតឹង​រួច​ទៅ​ហើយទាក់ទង​នឹង​បញ្ហា​ផ្សេង​ទៀត​ដូច​ជា​វិបត្តិ​ជំងឺ​រាតត្បាត​ជា​សាកល​កូវីដ១៩ ការ​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​យោធា​របស់​ចិន​នៅ​សមុទ្រ​ចិន​ខាង​ត្បូង ការ​រំលោភ​សិទ្ធិ​មនុស្ស​របស់​ជនជាតិ​ភាគ​តិច​អ៊ុយហ្គ័រ និង​អតុល្យភាព​ខាង​ពាណិជ្ជកម្ម​ទ្វេភាគី៕

XS
SM
MD
LG