ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កាសែត New York Times ប្ដូរ​ទីតាំង​ប្រតិបត្តិការ​ព័ត៌មាន​តាម​អនឡាញ​ពី​ហុងកុង​ទៅ​សេអ៊ូល


រូបឯកសារ៖ អាគារ​កាសែត The New York Times ដែល​មានទីតាំង​នៅក្នុងទីក្រុងញូវយ៉ក។
រូបឯកសារ៖ អាគារ​កាសែត The New York Times ដែល​មានទីតាំង​នៅក្នុងទីក្រុងញូវយ៉ក។

កាសែត The New York Times បញ្ជាក់ថា អ្នកឆ្លើយឆ្លង​ព័ត៌មាន​របស់ខ្លួន នឹង​ស្ថិត​នៅ​ក្នុង​ទីក្រុង​ហុងកុង​ដដែល ដើម្បី​យក​ព័ត៌មាន​នៅក្នុង​ទីក្រុង​នេះ និង​ក្នុង​តំបន់។

កាសែត The New York Times បាន​បញ្ជាក់​ថា ខ្លួន​នឹង​ប្ដូរ​ទីតាំង​ប្រតិបត្តិការ​ព័ត៌មាន​តាម​អនឡាញ​របស់​ខ្លួន​នៅ​ទ្វីប​អាស៊ី​ ពី​ទីក្រុង​ហុងកុង ​ទៅ​ទីក្រុង​សេអ៊ូល ដោយ​លើក​ឡើង​ពី​ការ​ព្រួយ​បារម្ភ​ទាក់ទិន​នឹង​ច្បាប់​សន្តិសុខ​ជាតិ​ថ្មី ដែល​រដ្ឋាភិបាល​ចិន​បាន​ដាក់​លើ​ទីក្រុង​ហុងកុង​កាល​ពី​ពេល​ថ្មីៗ​នេះ។

នៅ​ក្នុង​ការ​ជូន​ដំណឹង​ដល់​បុគ្គលិក​កាល​ពី​ថ្ងៃ​អង្គារ​ម្សិលមិញ ថ្នាក់​ដឹកនាំ​ដែល​ទទួល​ខុស​ត្រូវ​សម្រាប់​ប្រតិបត្តិការ​អន្តរជាតិ​របស់​កាសែត​នេះ បាន​និយាយ​ថា ច្បាប់​ថ្មី​នេះ «បាន​បង្កើត​នូវ​ភាព​ស្រពិចស្រពិល​យ៉ាង​ច្រើន​អំពី​ក្បួន​ច្បាប់​ថ្មី​សម្រាប់​ប្រតិបត្តិការ និង​វិជ្ជាជីវៈ​ខាង​សារព័ត៌មាន​របស់​យើង»។

កាសែត The New York Times នេះ បាន​បញ្ជាក់​ថា ខ្លួន​នឹង​ប្ដូរ​ទីតាំង​ប្រតិបត្តិការ​ព័ត៌មាន​តាម​អនឡាញ​របស់​ខ្លួន ដែល​ប្រហែល​ជា​មួយ​ភាគ​បី​នៃ​បុគ្គលិក​សម្រាប់​ប្រតិបត្តិការ​នេះ​ជា​ពលរដ្ឋ​ហុងកុង ទៅកាន់​ទីក្រុង​សេអ៊ូល ប្រទេស​កូរ៉េ​ខាង​ត្បូង នៅ​ឆ្នាំ​ក្រោយ។

កាសែត​នេះ​បាន​បន្ថែម​ថា អ្នក​ឆ្លើយឆ្លង​ព័ត៌មាន​របស់​ខ្លួន​នឹង​ស្ថិត​នៅ​ក្នុង​ទីក្រុង​ហុងកុង​ដដែល​ដើម្បី​យក​ព័ត៌មាន​នៅ​ក្នុង​ទីក្រុង​នេះ និង​នៅ​ក្នុង​តំបន់ ហើយ​ក្រុម​ផលិតកម្ម​ផ្នែក​បោះពុម្ពផ្សាយ​សម្រាប់​ទ្វីប​អឺរ៉ុប និង​អាស៊ី ក៏​នឹង​ស្ថិត​នៅ​ក្នុង​ទីក្រុង​ហុងកុង​ដដែល​ផង​ដែរ។

កាសែត​នេះ​បាន​លើក​ឡើង​ថា ខ្លួន​ជ្រើស​យក​ទីក្រុង​សេអ៊ូល​ជា​ទីតាំង​សម្រាប់​ក្រុម​ព័ត៌មាន​តាម​អនឡាញ​របស់​ខ្លួន​ដោយសារតែ​ទីក្រុង​នេះ​មាន «ភាព​រាក់ទាក់​ចំពោះ​អាជីវកម្ម​បរទេស សារព័ត៌មាន​ឯករាជ្យ និង​តួនាទី​ចម្បង​នៅ​ក្នុង​រឿងរ៉ាវ​ព័ត៌មាន​សំខាន់ៗ​នៅ​ទ្វីប​អាស៊ី»៕

XS
SM
MD
LG