ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អតីត​នាយករដ្ឋមន្រ្តី​ថៃ​រត់គេច​ខ្លួន​មុន​ពេល​តុលាការ​ប្រកាស​សាលក្រម


អ្ន​ក​គាំទ្រ​អ្នកស្រី​ Yingluck Shinawatra អតីត​ប្រធានាធិបតី​ប្រទេស​ថៃ​កំពុង​រាំរែក​នៅ​ខាងក្រៅ​តុលាការ​កំពូល​បន្ទាប់​ពី អ្នកស្រី​មិន​បង្ហាញ​ខ្លួន​ក្នុង​ការ​ប្រកាស​សាលក្រម​នៅ​ទីក្រុង​បាងកក​ប្រទេស​ថៃ​កាល​ពីថ្ងៃទី​២៥ សីហា ២០១៧។
អ្ន​ក​គាំទ្រ​អ្នកស្រី​ Yingluck Shinawatra អតីត​ប្រធានាធិបតី​ប្រទេស​ថៃ​កំពុង​រាំរែក​នៅ​ខាងក្រៅ​តុលាការ​កំពូល​បន្ទាប់​ពី អ្នកស្រី​មិន​បង្ហាញ​ខ្លួន​ក្នុង​ការ​ប្រកាស​សាលក្រម​នៅ​ទីក្រុង​បាងកក​ប្រទេស​ថៃ​កាល​ពីថ្ងៃទី​២៥ សីហា ២០១៧។

គេ​រាយការណ៍​ថា​លោកស្រី​អតីត​នាយករដ្ឋមន្ត្រី​ថៃ​ Yingluck Shinawatra បាន​រត់គេច​ខ្លួន​ទៅ​កាន់ក្រុង Dubai ហើយ​នៅ​មុន​ពេល​តុលាការ​កំពូល​នៃប្រទេស​ថៃ​ប្រកាស​សាលក្រម​អំពី​ករណី​ធ្វេស​ប្រហែស​មួយ​ប្រឆាំង​នឹង​លោកស្រី។​

ទី​សំចត​របស់លោកស្រី Yingluck មិនបាន​ត្រូវ​បញ្ជាក់​ជា​ផ្លូវការទេ ក៏ប៉ុន្តែ​បណ្តាញ​ផ្សាយ​ព័ត៌មាន​ក្នុងមូលដ្ឋាន​បានរាយការណ៍​ថា​សមាជិកនៃគណបក្ស​ Pheu Thai របស់​លោកស្រី​បាន​និយាយ​ថា​លោកស្រី​បាន​ធ្វើដំណើរ​តាមផ្លូវ​គោកទៅ​កាន់​ប្រទេស​កម្ពុជា​ហើយ​បន្ទាប់​មក​បានធ្វើ​ដំណើរ​តាម​យន្តហោះ​ទៅ​កាន់ក្រុង​ Dubai ដើម្បី​ទៅ​ជួប​បងប្រុស​លោកស្រីគឺ​លោក Thaksin Shinawatra អតីត​នាយករដ្ឋមន្ត្រី​និរទេស​ខ្លួនម្នាក់​ទៀតដែល​រដ្ឋាភិបាល​លោកក៏​បាន​ត្រូវទម្លាក់​ដោយ​រដ្ឋប្រហារ​យោធា​មួយដែរ។​

លោកស្រី​ Yingluck បានត្រូវ​ចោទប្រកាន់អំពី​ការធ្វេស​ប្រហែសនៅ​ក្នុង​គម្រោង​ការណ៍​ផ្តល់ប្រាក់​ជំនួយ​បំពេញ​ខាត​ខាងអង្ករ​សម្រាប់​ក្រុម​កសិករ​ដែល​បានឱ្យ​រដ្ឋ​បង់សោហ៊ុយ​រាប់​ពាន់​លាន​ដុល្លារ។ លោកស្រី​បានបដិសេធ​ការចោទ​ប្រកាន់នេះ​ហើយ។​

តុលាការ​កំពូល​នៃប្រទេសថៃ​បានចេញ​ដីកាចាប់ខ្លួនលោកស្រី​ Yingluck នៅ​ក្រោយ​លោកស្រី​មិន​បានទៅបង្ហាញ​ខ្លួន​ដើម្បីស្តាប់សេចក្តី​សម្រេច​របស់​តុលាការ។​ ពួកមេធាវី​លោកស្រី​បាននិយាយ​ថា​លោកស្រី​មានជំងឺ​មិនអាច​មក​បង្ហាញ​ខ្លួនបានទេ។​

តុលាការ​បានកំណត់​យក​ថ្ងៃ​ទី​២៧ខែ​កញ្ញា​ជាថ្ងៃ​ប្រជុំ​លើក​ក្រោយ​ដើម្បី​ចេញ

សាលក្រម។​

ថ្លែង​នៅ​ក្នុង​ក្រុង​បាងកក លោក​នាយក​រដ្ឋមន្ត្រី​ Prayuth Chan-ocha អ្នកគ្រប់គ្រង​យោធា​ដែល​បានបណ្តេញ​រដ្ឋាភិបាល​លោកស្រី Yingluck ចេញ​ពី​តំណែង​នៅ​ក្នុងរដ្ឋប្រហារ​យោធា​មួយ​កាល​ពី​ឆ្នាំ២០១៤​ បាន​មាន​ប្រសាសន៍​ថាលោក​មិនបានដឹងថា​លោកស្រី​នៅទី​ណា​ទេ ក៏ប៉ុន្តែ​រដ្ឋាភិបាល «កំពុង​រក​លោកស្រី។»

កាលពី​ថ្ងៃសុក្រ​ម្សិលមិញ​ តុលាការ​មួយ​ក្នុង​ក្រុង​បាង​កក​បានកាត់ទោស​លោក Boonsong Teriyapirom អតីត​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្មឱ្យ​ជាប់គុក​៤២ឆ្នាំ​នៅ​ក្នុងការ​ទាក់ទិន​ជាមួយ​រឿង​អាស្រូវនៃការ​ផ្តល់ប្រាក់​ជំនួយ​បំពេញ​ខាតខាង​អង្ករ។ លោក Phum Saraphon ដែល​ជា​អនុរដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម​បានត្រូវ​កាត់ទោស​ឱ្យ​ជាប់គុក៣៦ឆ្នាំដោយសារ​មុខ​នាទី​របស់លោក​ក្នុងការ​កែបំភ្លៃ​កិច្ចព្រមព្រៀងខាង​អង្កររវាង​រដ្ឋាភិបាលជាមួយ​ប្រទេស​ចិន។​

​ការ​ផ្តល់ប្រាក់ជំនួយ​បំពេញ​ខាត​ខាង​អង្ករ​ដែល​បានត្រូវ​សន្យា​ដល់ក្រុម​កសិករនៅ​ក្នុង​ការបោះឆ្នោត​កាលពី​ឆ្នាំ​២០១១បាន​ជួយ​ឱ្យគណបក្សរបស់​លោកស្រី Yingluck មានជ័យជម្នះ​នៅ​ក្នុងការ​បោះឆ្នោតនោះ។​

ក្រុម​អ្នកប្រឆាំង​បាននិយាយ​ថា​កម្មវិធី​នេះ​ជា​វិធី​មានប្រសិទ្ធិភាព​ក្នុង​ការ​ទិញ​សន្លឹក​ឆ្នោត ចំណែកឯពួក​អ្នកគាំទ្រ​លោក​ស្រី​ Yingluck វិញ​បានស្វាគមន៍ការ​ផ្តល់​ប្រាក់​ជំនួយបំពេញ​ខាតខាង​អង្ករហើយ​បាននិយាយ​ថា​ករណីយ​ក្តីក្តាំ​ប្រឆាំងនឹង​លោកស្រី​មាន​ទាក់ទិន​នឹង​រឿង​នយោបាយ៕

XS
SM
MD
LG