ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សាលដីកា​ត្រូវ​បាន​ពន្យារពេល ដោយ​សារ​តែ​អតីត​នាយក​រដ្ឋ​មន្ត្រី​មាន​ជំងឺ​មិន​អាច​ចូលរួម​បាន


អ្នក​គាំទ្រ​លោកស្រី Yingluck Shinawatra រង់ចាំ​លោកស្រី​នៅ​តុលាការ​កំពូល​នៅ​ក្នុង​ក្រុង​បាងកក ប្រទេស​ថៃ កាលពី​ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៧។
អ្នក​គាំទ្រ​លោកស្រី Yingluck Shinawatra រង់ចាំ​លោកស្រី​នៅ​តុលាការ​កំពូល​នៅ​ក្នុង​ក្រុង​បាងកក ប្រទេស​ថៃ កាលពី​ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៧។

នៅ​ថ្ងៃ​សុក្រ​នេះ​តុលាការ​កំពូល​នៃ​ប្រទេស​ថៃ​បាន​និយាយ​ថា​ខ្លួន​បាន​ចេញ​ដីកា​ចាប់​ខ្លួន​មួយ​សម្រាប់​លោកស្រី​ Yingluck Shinawatra អតីត​នាយក​រដ្ឋមន្ត្រីនៅ​ក្រោយ​លោកស្រី​មិន​បានបង្ហាញ​ខ្លួន​ក្នុង​តុលាការ​ដើម្បី​ស្តាប់​សេចក្តី​វិនិច្ឆ័យ​នៅ​ក្នុង​ករណីយ​ធ្វេស​ប្រហែស​មួយ​ប្រឆាំង​នឹង​លោកស្រី។​

ពួក​មេធាវី​លោកស្រី​បាន​និយាយ​ថា ​លោកស្រី​មាន​ជំងឺ​មិន​អាច​មក​បង្ហាញ​ខ្លួន​បាន​ទេ។​

តុលាការ​បាន​កំណត់​យក​ថ្ងៃ​ទី​២៧ខែ​កញ្ញា​ជា​ថ្ងៃ​ប្រជុំ​លើក​ក្រោយ​ដើម្បី​ចេញ​សាលដីកា។​ សេចក្តី​ថ្លែងការណ៍​មួយ​របស់​តុលាការ​កំពូល​នៃ​ប្រទេស​ថៃចែង​ថា​ «យើង​យល់​ថា​ជន​ចាប់​ចោទ​កំពុង​លាក់ខ្លួន​ ឬ​គេច​ខ្លួន​ហើយ»។

លោកស្រី​ Yingluck បាន​និយាយ​ថា ​លោកស្រី​គ្មាន​ទោសពៃរ៍​អ្វី​ទេ​ចំពោះ​ការ​ចោទ​ប្រកាន់​ទាក់ទិន​ជាមួយ​គ្រោងការណ៍​ផ្តល់​ប្រាក់​ជំនួយ​បំពេញ​ខាត​អង្ករ​សម្រាប់​ក្រុម​កសិករ​ដែល​បានឱ្យ​រដ្ឋ​បង់​សោហ៊ុយ​រាប់​ពាន់​លាន​ដុល្លារ។​

ថ្លែង​នៅ​ក្នុង​ក្រុង​បាងកក លោកនាយក​រដ្ឋមន្ត្រី​ Prayuth Chan-ocha អ្នក​គ្រប់គ្រង​យោធា​ដែល​បាន​បណ្តេញ​រដ្ឋាភិបាល​លោកស្រី Yingluck ចេញ​ពី​តំណែង​នៅ​ក្នុង​រដ្ឋប្រហារ​យោធា​មួយ​កាល​ពី​ឆ្នាំ២០១៤​ បាន​មាន​ប្រសាសន៍​ថា លោក​មិន​បាន​ដឹង​ថា​ លោកស្រី​នៅទី​ណា​ទេ ក៏​ប៉ុន្តែ​រដ្ឋាភិបាល «កំពុង​រក​លោកស្រី»។

លោកស្រី​ Yingluck ប្រឈម​នឹង​ទោស​ជាប់​គុក​១០ឆ្នាំ​ប្រសិន​បើ​តុលាការ​រក​ឃើញ​ថា​ លោកស្រី​មាន​ទោស។​ ក៏​ប៉ុន្តែ​ទោះជា​យ៉ាង​ណា​ក៏​ដោយ ប្រសិន​បើ​មានទោស​ លោកស្រី​មាន​សិទ្ធិ​តវ៉ា​ឡើង​ឧទ្ធរណ៍។​

នៅ​ថ្ងៃ​សុក្រ​នេះ​ដែរ តុលាការ​មួយ​ក្នុង​ក្រុង​បាង​កក​បាន​កាត់​ទោស​លោក Boonsong Teriyapirom អតីត​រដ្ឋ​មន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ឱ្យ​ជាប់គុក​៤២ឆ្នាំ​នៅ​ក្នុង​ការ​ទាក់ទិន​ជាមួយ​រឿង​អាស្រូវ​នៃ​ការ​ផ្តល់​ប្រាក់​ជំនួយ​បំពេញ​ខាត​អង្ករ។ លោក Phum Saraphon ដែល​ជា​អនុ​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​បាន​ត្រូវ​កាត់​ទោស​ឱ្យ​ជាប់ពន្ធនាគារ​៣៦ឆ្នាំ​ដោយសារ​មុខ​នាទី​របស់​លោក​ក្នុង​ការ​កែបំភ្លៃ​កិច្ចព្រមព្រៀង​ខាង​អង្ករ​រវាង​រដ្ឋាភិបាល​ជាមួយ​ប្រទេស​ចិន។​

​ការ​ផ្តល់​ប្រាក់​ជំនួយ​បំពេញ​ខាត​អង្ករ​ដែល​បាន​ត្រូវ​សន្យា​ដល់​ក្រុម​កសិករ​នៅ​ក្នុង​ការ​បោះឆ្នោត​កាលពី​ឆ្នាំ​២០១១​បាន​ជួយ​ឱ្យ​គណបក្ស​របស់​លោកស្រី Yingluck មាន​ជ័យជម្នះ​នៅ​ក្នុង​ការ​បោះឆ្នោត​នោះ។​

ពួក​អ្នក​ប្រឆាំង​បាន​និយាយ​ថា​ កម្មវិធី​នេះ​ជា​វិធី​មាន​ប្រសិទ្ធិភាព​ក្នុង​ការ​ទិញ​សន្លឹក​ឆ្នោត ចំណែក​ឯ​ពួក​អ្នក​គាំទ្រ​លោក​ស្រី​ Yingluck វិញ​បាន​ស្វាគមន៍​ការ​ផ្តល់​ប្រាក់​ជំនួយ​បំពេញ​ខាត​អង្ករ ហើយ​បាន​និយាយ​ថា​ករណី​ក្តីក្តាំ​ប្រឆាំង​នឹង​លោកស្រី​មាន​ទាក់ទិន​នឹង​រឿង​នយោបាយ៕

XS
SM
MD
LG