ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ​សហប្រជាជាតិ​ផ្តល់​ថវិកា​សម្រាប់​ជំនួយសង្គ្រោះ​ដល់​ប្រទេស​យេម៉ែន


រូបឯកសារ៖ ក្មេង​ស្រី​ម្នាក់​ដែល​បាត់​បង់​ទី​ជម្រក​ដោយសារ​សង្គ្រាម​នៅ​តំបន់​ភាគពាយព្យ​នៃ​​ប្រទេស​យេម៉ែនកំពុង​ញ៉ាំ​អាហារ​នៅ​ខាង​ក្រៅ​ខ្ទម​​បណ្ដោះ​អាសន្ន​ក្នុង​ក្រុង Hodeida ប្រទេស​យេម៉ែន។
រូបឯកសារ៖ ក្មេង​ស្រី​ម្នាក់​ដែល​បាត់​បង់​ទី​ជម្រក​ដោយសារ​សង្គ្រាម​នៅ​តំបន់​ភាគពាយព្យ​នៃ​​ប្រទេស​យេម៉ែនកំពុង​ញ៉ាំ​អាហារ​នៅ​ខាង​ក្រៅ​ខ្ទម​​បណ្ដោះ​អាសន្ន​ក្នុង​ក្រុង Hodeida ប្រទេស​យេម៉ែន។

អង្គការ​សហប្រជាជាតិ​បាន​ប្រាប់​ឲ្យ​ដឹងថា ​ខ្លួននឹង​ផ្តល់​ជំនួយ​សង្គ្រោះ​ក្នុង​គ្រា​អាសន្ន​ដ៏​ធំ​បំផុតដែល​មិន​ធ្លាប់​មាន​កាល​ពី​ពេលមុន​ដាច់​ដោយ​ឡែក​ដែល​មាន​ទឹក​ប្រាក់​ចំនួន​៥០​លាន​ដុល្លារ​ទៅឲ្យ​ប្រទេស​យេម៉ែន​ ដើម្បី​ជួយ​មនុស្ស​ជាង​២២​លាន​នាក់​ដែល​ត្រូវ​ការ​ជំនួយ​មនុស្ស​ធម៌​ជា​បន្ទាន់។

លោក Mark Lowcock​ អគ្គលេខា​ធិការ​រង​ទទួល​បន្ទុក​កិច្ច​ការ​ជំនួយ​មនុស្ស​ធម៌​និង​គ្រា​អាសន្ន​បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​កាល​ពី​ថ្ងៃ​សុក្រ​ថា លោក​នៅ​តែ​មាន​ការ​ព្រួយ​កង្វល់​យ៉ាង​ខ្លាំង​ពី​ភាព​កាន់​តែ​យ៉ាប់​យ៉ឺន​ឡើងក្នុង​ស្ថានភាព​ខាង​មនុស្ស​ធម៌​នៅ​ក្នុង​ប្រទេស​យេម៉ែន។ លោក​បាន​និយាយ​ទៀត​ថា ​ស្ថាន​ភាព​នេះ​កាន់​តែ​អាក្រក់​ឡើង​ដោយ​ការ​កើន​ឡើង​នូវ​ការ​ប្រយុទ្ធ​គ្នា​និង​ការ​វាយ​ប្រហារ​តាម​អាកាស​កាល​ពី​ពេល​ថ្មីៗ​នេះ។

លោក ​Lowcock​ បាន​និយាយ​ទៀត​ថា៖ «មហន្តរាយ​ដែល​រាល​ដាល​ធំ​ឡើង‍»​ត្រូវ​តែ​បញ្ឈប់ បញ្ហា​៣​ត្រូវ​កើត​ឡើង​គឺ​ ត្រូវ​តែ​មាន​ការ​កាត់​បន្ថយ​នៅ​ក្នុង​ការ​ប្រយុទ្ធ​ទាំង​នៅ​លើដី​ និង​ការវាយ​ប្រហារ​តាម​អាកាស ​កំពង់​ផែ​ត្រូវ​នៅ​តែ​បើក​ឲ្យ​មាន​ការ​ដឹក​ជញ្ជូន​ជំនួយ​មនុស្ស​ធម៌ ​ហើយ​ការ​ផ្តល់​ហិរញ្ញ​វត្ថុ​របស់​ម្ចាស់​ជំនួយ​ត្រូវ​ធ្វើ​ឲ្យ​បាន​ឆាប់​រហ័ស​ឡើង​និង​ក្នុង​ទំហំ​កាន់​តែ​ធំឡើង។

លោក​បាន​និយាយ​ទៀត​ថា ​មនុស្ស​ជាច្រើន​នៅ​ក្នុង​ប្រទេស​យ៉េម៉ែន​ឥឡូវ​នេះ​បាន​ពឹង​ផ្អែក​ទាំង​ស្រុងទៅ​លើ​ជំនួយ​មនុស្ស​ធម៌​ដើម្បី​រស់​រាន​មាន​ជីវិត។លោក​និ​យាយ​ទៀត​ថា ការ​ផ្តល់​ហិរញ្ញវត្ថុ​ថ្មី​ត្រូវ​បញ្ជូន​ទៅ​កាន់​មនុស្ស​ដែល​ងាយ​ទទួល​គ្រោះ​ថ្នាក់​នៅ​ក្នុង​ស្រុក​ចំនួន​២៧​ដែល​កំពុង​ប្រឈម​ភាព​អត់​ឃ្លាន ​ហើយ​និង​តំបន់​ផ្សេងៗ​ទៀត​ដែល​នៅ​ទី​នោះ​ជម្លោះ​បាន​រាល​ដាល​កាន់​តែ​ធំ​ឡើង​កាល​ពី​ពេល​ថ្មីៗ​នេះ។​

នៅ​ទី​បញ្ចប់​លោក ​លោក ​Lowcock បាន​អំពាវនាវ​ឲ្យ​បញ្ចប់​ការ​ប្រយុទ្ធ​គ្នា​នៅ​ក្នុង​ប្រទេស​យេម៉ែន សម្រប​សម្រួល​ឲ្យ​មាន​ការ​ឈប់​បាញ់​គ្នា​ហើយ​មាន​ការ​ចូល​រួម​ពី​អង្គការ​សហប្រជាជាតិ​ដើម្បី​ធ្វើ​ឲ្យបាន​សម្រេចនូវ​ដំណោះ​ស្រាយ​ខាង​នយោ​បាយ​ដ៏​យូរអង្វែង​មួយ៕

XS
SM
MD
LG