ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

៧០ឆ្នាំ​ក្រោយ​ការ​សម្រេច​របស់​តុលា​ការ សមាហរណកម្ម​សាលារៀន​នៅ​អាមេរិក​នៅតែ​មិនទាន់​មាន


រូបឯកសារ៖ សិស្សថ្នាក់ទី ៣ កំពុងអង្គុយក្នុងថ្នាក់រៀននៅសាលាបឋមសិក្សា Hanby ក្នុងទីក្រុង Mesquite រដ្ឋ Texas កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤។
រូបឯកសារ៖ សិស្សថ្នាក់ទី ៣ កំពុងអង្គុយក្នុងថ្នាក់រៀននៅសាលាបឋមសិក្សា Hanby ក្នុងទីក្រុង Mesquite រដ្ឋ Texas កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤។

កាលពី​ ៧០ ​ឆ្នាំ​មុន​ ក្នុង​ខែ​ឧសភា​ តុលាការ​កំពូល​របស់​សហរដ្ឋ​អាមេរិក​ បាន​សម្រេច​ថា​ ការ​បែងចែក​កុមារ​នៅ​ក្នុង​សាលារៀន​តាម​ពូជសាសន៍​ គឺ​មិន​ស្រប​តាម​រដ្ឋធម្មនុញ្ញ។ ​ការ​សម្រេច​ចិត្តនេះ​ដែល​កើត​ចេញ​ពី​រឿង​ក្តី​តុលាការ​ឈ្មោះ​ថា​ Brown v. Board of Education​ មាន​តែ​នៅ​លើ​ក្រដាស ឯ​ថ្នាក់រៀន​ភាគ​ច្រើន​នៅ​អាមេរិក​នៅ​តែ​បន្ត​បែងចែក​ពូជ​សាសន៍។​ នេះ​បើ​តាម​ ទីភ្នាក់ងារ​ព័ត៌មាន ​AP។​

សូម​បញ្ជាក់​ថា​ Brown v. Board of Education គឺ​ជា​ការ​សម្រេច​របស់​តុលាការ​កំពូល​អាមេរិក​នៅ​ឆ្នាំ​១៩៥៤ ​ឱ្យ​លោក​ Oliver Brown ជនជាតិ​ស្បែក​ខ្មៅ​ឈ្នះ​ក្រុមប្រឹក្សា​សិក្សាធិការ​ក្នុង​បណ្តឹង​ប្រឆាំង​ការ​បែង​ចែក​ពូជសាសន៍​ក្នុង​សាលារៀន។​

ប៉ុន្តែ​អស់​ជាច្រើន​ទសវត្សរ៍​មក​ហើយ ​សាលារៀន​នៅ​អាមេរិក​មាន​ការ​បែងចែក​តាម​ជាតិសាសន៍​ឡើង​វិញ។ សហរដ្ឋ​អាមេរិក​នៅ​ពេល​នេះ​កាន់​តែ​មាន​ប្រជាជន​ចម្រុះ​ជាតិ​សាសន៍​ ​ហើយ​នៅ​តាមសាលារៀន​ សិស្ស​បាន​ឃើញ​មុខ​មិត្ត​រួម​ថ្នាក់​ដែល​មក​ពី​ជាតិ​សាសន៍​កំណើតផ្សេងៗ​គ្នា។ ​ទោះ​ជាយ៉ាង​ណា​ក៏​ដោយ ​សិស្ស​ជនជាតិ​ស្បែក​ខ្មៅ ​និងជនជាតិ​ Hispanic ដែល​និយាយ​ភាសាអេស្ប៉ាញ​ប្រហែល ៤ នាក់​ក្នុង​ចំណោម ​១០ នាក់​បាន​ចូល​រៀន​នៅ​សាលា​ដែល​ស្ទើរតែ​គ្រប់​មិត្ត​រួម​ថ្នាក់​របស់​ពួកគេ​គឺ​ជា​សិស្ស​ជនជាតិ​ភាគ​តិច​ផ្សេង​ទៀត។​

ការ​បែងចែក​យ៉ាង​តឹងរ៉ឹង​តាម​ពូជសាសន៍​ត្រូវ​បាន​ផ្សារ​ភ្ជាប់​ទៅ​នឹង​លក្ខខណ្ឌ​សេដ្ឋកិច្ច​សង្គម៖​ សាលារៀន​ដែល​សិស្ស​ជនជាតិ​ភាគ​តិច​មាន​ច្រើន​ជាង ៩០%​ទំនង​ជា​មាន​លំនាំ​៥​ដង​ឋិត​នៅ​ក្នុង​តំបន់​ដែល​មាន​ចំណូល​ទាប ជា​ជាង​នៅ​តំបន់​ផ្សេង​ទៀត។ ​នោះ​ហើយ​ជា​លទ្ធផល​នាំ​ឱ្យ​មាន​ផលវិបាក​ក្នុង​ការ​សិក្សា៖​ សិស្ស​ដែល​ចូលរៀន​នៅ​សាលា​នៅ​តំបន់​ក្រីក្រ​ខ្លាំង​ ដោយ​មិន​គិត​ពី​ហិរញ្ញវត្ថុ​របស់​គ្រួសារ​ពួកគេ​ទទួល​បាន​លទ្ធផល​សិក្សា​អន់​ជាង។​

កិច្ច​ខិតខំ​ប្រឹងប្រែង​ដើម្បី​កាត់​បន្ថយ​ ឬ​កែប្រែ​ការ​បែងចែក​ពូជ​សាសន៍​ដែល​កំពុង​កើន​ឡើង​នៅ​សាលារៀន​នៅ​អាមេរិក​បាន​ជាប់​គាំង។ ​ការសម្រេច​របស់​តុលាការ​បាន​សាប​រលាប​បន្តិច​ម្តងៗ​ ទៅតាម​ក្តី​ស្រមៃ​ដូចក្នុង​ករណី​នៃ​ការ​សម្រេច​ក្តី​ Brown v. Board ​ដោយ​បន្សល់​ទុក​លទ្ធភាព​តិច​ទៅៗ​ឱ្យ​រដ្ឋបាល​តាម​មូលដ្ឋាន​ស្រុកនានាដើម្បី​អាច​ធ្វើ​សមាហរណកម្ម​សាលារៀន​ត្រឹម​ដើម​ទសវត្សរ៍ឆ្នាំ ​២០០០។​

និន្នាការសីលធម៌​សាកល​ ក្នុង​ករណី​នេះ​ ហាក់​ដូច​ជា​មិន​ងាក​ទៅ​រក​យុត្តិធម៌​ទេ។​

លោក ​Derek Black ​សាស្ត្រាចារ្យ​ច្បាប់​នៅ​សាកល​វិទ្យាល័យ​ Southern California ​បាន​និយាយ​ថា៖ ​«សមាហរណកម្ម​សាលារៀនបានស្ថិត​នៅ​ត្រឹម​តែជា​គំនិត​ប៉ុណ្ណោះ​នៅ​អាមេរិក​ឥឡូវ​នេះ ​គឺលើស​ពី​ការ​ចងចាំ​ប៉ុណ្ណោះ។​ តាម​ពិត​ទៅ​ វា​ជា​គំនិត​មួយ​ដែល​ប្រជាជន​អាមេរិក​ភាគ​ច្រើន​គិត​ថាជា​គំនិត​ដ៏​ល្អ ​តែ​ប៉ុណ្ណោះ»។​

រូបឯកសារ៖ កូនសិស្សស្បែកសនិងសិស្សដើម​កំណើតអាហ្វ្រិក​លេងជាមួយ​គ្នា អំឡុងពេល​សម្រាក​បរិភោគអាហារ នៅ​សាលារៀនមួយ ក្នុងទីក្រុង Topeka រដ្ឋ Kansas កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤។
រូបឯកសារ៖ កូនសិស្សស្បែកសនិងសិស្សដើម​កំណើតអាហ្វ្រិក​លេងជាមួយ​គ្នា អំឡុងពេល​សម្រាក​បរិភោគអាហារ នៅ​សាលារៀនមួយ ក្នុងទីក្រុង Topeka រដ្ឋ Kansas កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤។

គំនិត​នោះ​មិន​មែន​គ្រាន់​តែ​ចង់​ឱ្យ​សាលា​រៀន​មាន​ភាព​ចម្រុះ​ទេ

ក្តី​ស្រមៃ​របស់​លោក​ Oliver Brown​ ដែល​ប្តឹង​ក្រុម​ប្រឹក្សា​សិក្សាធិការគឺ​មិន​មែន​សាមញ្ញ​ត្រឹម​តែ​ឱ្យ​មានចម្រុះ​ជាតិសាសន៍​នោះ​ទេ​ គឺ​ចង់​ឱ្យ​មាន​សមភាព​ និង​ឱកាស​ផង​ដែរនៅ​ក្នុង​នោះ។​

តាំងពី​ដើម​មក ​ការ​ផ្តល់​មូលនិធិ ​និង​ការ​ធ្វើ​សមាហរណកម្ម​មិន​អាច​បែងចែក​គ្នាបាន​ទេ។​

អ្នកស្រី ​Ary Amerikaner ​អតីត​មន្ត្រី​រដ្ឋបាល​លោក​ បារ៉ាក់ ​អូបាម៉ា​ និង​ជា​ស្ថាបនិក​គំនិត​ផ្តួចផ្តើម​ Brown's Promise ​មានន័យថា​ពាក្យ​សន្យា​របស់​លោក​ Brown​ បាន​និយាយ​ថា៖ ​«ការ​បែងចែក​ឱ្យ​សាលារៀន​ និង​តំបន់​របស់​ជនជាតិ​ស្បែក​ស​បាន​ធន​ធាន​ច្រើន​ជាង ​គឺ​វា​ជា​រឿង​មិន​ត្រឹមត្រូវ។ ​ប៉ុន្តែ​វា​ជា​ការណ៍​ពិត។ ​ហើយ​វា​ធ្វើ​ឱ្យ​ខូច​ឱកាស​សម្រាប់​និស្សិត​ជនជាតិ​ភាគ​តិច​មិនមែន​ស្បែក​ស​ ហើយ​វា​ធ្វើ​ឱ្យ​ខូច​ដល់​លទ្ធិ​ប្រជាធិបតេយ្យ​នា​ពេល​អនាគត​របស់​យើង»។​

យើង​ចង​ចាំ​ថា ​ការសម្រេចក្តី​ Brown v. Board​ គឺ​ជា​ចុង​បញ្ចប់​នៃ​ការ​បែង​ចែក​ពូជសាសន៍​នៅ​សាលារៀន​ក្នុង​សហរដ្ឋ​អាមេរិក។ ​ប៉ុន្តែ​ការ​និយាយ​តែ​ពី​គុណតម្លៃមិន​ផ្លាស់​ប្តូរ​ការ​ពិត​បាន​នោះ​ទេ។​ ទោះបី​ជា​ការសម្រេច​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​តាំង​ឆ្នាំ ​១៩៥៤ ​ក៏​ដោយ​ ក៏​ការ​អនុវត្ត​ត្រូវ​បាន​ពន្យារ​ពេល ​និង​ការ​គេច​វេស​ជាង​មួយ​ទសវត្សរ៍​ មុន​ពេល​សាលារៀន​ចាប់​ផ្តើម​អនុញ្ញាត​ឱ្យ​សិស្ស​ស្បែក​ខ្មៅ​ចូល​រៀន​នៅ​សាលា​ស្បែក​ស។​

ស្រុក​មួយ​ជា​ឧទាហរណ៍​តំណាង​ឱ្យ​សង្គម​ទាំង​មូល​

និន្នាការនៃ​ប្រវត្តិសាស្ត្រ​នេះ​បង្ហាញ​ច្បាស់​នៅ​ក្នុង​ទីក្រុង​ដែល​តុលាការ​បាន​សម្រេច​ប្រឆាំង​សេវា​ឡាន​ក្រុង​សាលាបែង​ចែក​ពូជ​សាសន៍​ឱ្យ​សិស្ស​ ​ឈ្នះ ក្រុម​ប្រឹក្សា​សិក្សាធិការ ​គឺ​ការ​សម្រច​ក្តី​ឈ្មោះ Swann v. Charlotte-Mecklenburg Board of Education

នៅ​ដំណាក់​កាល​កំពូល​របស់​ខ្លួន ​សាលា​ Charlotte-Mecklenburg​ ត្រូវ​បាន​ចាត់​ទុក​ថា​ ជា​សាលា​គំរូ​ខាង​ការ​ធ្វើ​សមាហរណកម្ម​ថ្នាក់​រៀន​ និង​បិទ​គម្លាត​រវាង​សិស្ស​ស្បែក​ខ្មៅ ​និង​ស្បែក​ស​ ដែល​មន្ត្រី​អប់រំ​ទូទាំង​ប្រទេស​បាន​មក​ទស្សនា​សង្កាត់​នោះ។​ ប៉ុន្តែ​សព្វថ្ងៃ​នេះ​ជាង​២០​ឆ្នាំ​បន្ទាប់​ពី​សេចក្តី​សម្រេច​របស់​តុលាការ​លុប​បំបាត់​ការ​បែង​ចែក​ពូជសាសន៍​ក្នុង​សេវា​ឡាន​ក្រុង​ដឹក​សិស្ស​នោះ​ Charlotte-Mecklenburg ​គឺ​ជា​សង្កាត់សាលា​ដែល​មាន​ការ​បែកចែក​ជាតិ​សាសន៍បំផុត​នៅ​ក្នុង​រដ្ឋ North Carolina។​

ខណៈ​ពេល​ដែល​មិន​មាន​ច្បាប់​បែងចែក​ជាតិ​សាសន៍ ​និង​ប្រាក់​ចំណូល​ក៏​ដោយ ​ក៏​ការ​បែងចែក​ជាតិ​សាសន៍​នៅ​ក្នុង​សាលា​ជាច្រើន​ដែល​ជា​ការ​ពិត​ជាក់ស្តែង។​

ផែន​ការ​រថយន្ត​ក្រុង​ទូលំទូលាយ ​និង​ស្មុគ​ស្មាញ​ដឹក​សិស្ស​របស់​ក្រុង​ Charlotte ​បាន​ដឹក​សិស្ស​ស្បែក​ខ្មៅ និង​ស្បែង​ស​ចូល​ទៅ​ក្នុង​សាលា​ដូច​គ្នា​នោះ​ បាន​ធ្វើ​ឱ្យ​ធនធាន​សម្រាប់​កុមារ​ស្បែក​ស​បាន​ដល់​សិស្ស​ស្បែក​ខ្មៅ​ជា​លើក​ដំបូង។​ កម្មវិធី​សមាហរណកម្ម​របស់​សង្កាត់​នេះ​បាន​បញ្ចប់​នៅ​ពេល​ដែល​គ្រួសារសិស្ស​ស្បែក​ស​ប្តឹង​ បន្ទាប់​ពី​កូន​របស់​ពួកគេ​មិន​ទទួល​បាន​ជម្រើស​កំពូល​ក្នុង​ការ​ដាក់​ពាក្យ​ចូលសាលារៀនដែល​ផ្អែក​លើ​ប្រព័ន្ធ​ចាប់ឆ្នោត​មួយ​ដែល​គិត​ពី​កត្តា​ជាតិ​សាសន៍។​

ផ្ទុយ​ទៅវិ​ញ ​សង្កាត់​នេះ​បាន​បង្កើត​ដំណើរ​ការ​ថ្មី​របស់​សាលា​ដែល​ចែង​ថា​ ភាព​ចម្រុះ​«នឹង​ផ្អែក​លើ​ការ​សម្រេច​ចិត្ត​របស់​គ្រួសារ»។ ​វា​បាន​ធ្វើ​ឱ្យ​ក្រុម​គ្រួសារ​នៃ​នៅ​សង្កាត់​ Mecklenburg​ ដែល​អ្នក​ខ្លះ​តែងតែ​មាន​ជម្រើស​ល្អ​ជាង​អ្នក​ផ្សេង​ទៀត​នោះ ​ត្រូវ​ពឹង​លើ​ខ្លួន​ឯង។ ​នៅ​ក្នុង​ឆ្នាំ​ដំបូង​នៃ​កម្មវិធី​ជម្រើស​របស់​សង្កាត់​នេះ​ គ្រួសារ​ជន​ជាតិ​ស្បែក​ខ្មៅ​ទំនង​ជា​ព្យាយាម​រកជម្រើស​ផ្សេង​ទៀត ដើម្បី​ជ្រើសរើស​សាលារៀន។​ ពួកគេ​ក៏​ទំនង​ជា​មិន​ទទួល​បាន​សាលា​រដ្ឋ​មាន​កម្មវិធី​ពិសេស​ដែល​ពួកគេ​ចង់​បាន​នោះ​ដែរ។​

ច្រើន​ទសវត្សរ៍​បន្ទាប់​មក ​សង្កាត់​នេះ​បាន​បែងចែក​តាម​ជាតិ​សាសន៍​ឡើង​វិញ។​ ការ​ជិះ​ឡាន​ក្រុង​ចម្រុះ​សាសន៍ជាច្រើន​ឆ្នាំ​បាន​ធ្វើ​ឱ្យបំបែក​ការ​បែងចែក​ជាតិ​សាសន៍​ក្នុង​សាលារៀន ​ប៉ុន្តែ​ភាព​ខុស​គ្នា​ជា​មូលដ្ឋាន​ និង​ការ​បែកចែកលំនៅឋានគឺ​នៅ​មាន​ដដែល។​

ទីក្រុង​ Charlotte​ គឺ​ជា​កន្លែង​មួយ​ដែល​មាន​ការ​បែងចែក​រវាង​ភាព​ធូរធារ​ និង​ភាព​ក្រីក្រ​ ហើយ​បន្ទាត់​ពូជ​សាសន៍​បង្ហាញ​យ៉ាង​ច្បាស់ ​ហើយ​មនុស្ស​ដែល​រស់​នៅ​ទីនោះ​និយាយ​ថា ទីក្រុង​មាន​ពីរ​ផ្នែក​គឺ ​«តំបន់​អ្នក​មាន​និង​តំបន់​អ្នក​ក្រីក្រ»។ តើ​មាន​អ្វី​ ក្រៅពី​ការ​ពិចារណា​ច្បាស់​លាស់​អំពី​លក្ខខណ្ឌ​ទាំង​នោះ​ ដែល​អាច​ផ្តល់​ក្តី​សង្ឃឹម​ថា​ នឹង​បន្ធូរ​បន្ថយ​បញ្ហា​នេះ​បាន?

ដំណោះស្រាយ​ចំពោះ​សាលារៀន​ដែល​មាន​ការ​បែងចែក​ក្នុង​បរិបទ​នេះ​ ជា​រឿយៗ​ពឹង​ផ្អែក​លើ​គ្រួសារ​នីមួយៗ​ដើម្បី​ធ្វើ​ការ​ជ្រើស​រើស​ ដែល​កំណត់​ដោយ​កាលៈទេសៈ​របស់​ពួកគេ។​ សាលារៀន​រដ្ឋ​ពិសេស​ និង​ការ​ផ្ទេរ​សិស្សរវាង​សង្កាត់​នានា​ ដែលជា​គោល​នយោបាយ​ទូទៅ​ពីរ​ដែល​អាច​បង្កើត​ឱកាស​ផ្ទាល់​ខ្លួន​ដ៏​ល្អ​ប្រសើរនោះ មាន​កំណត់ ​ហើយ​នឹង​តែងតែ​ចោល​សិស្ស​ខ្លះ។​

រូបឯកសារ៖ មនុស្សដើរ​ឆ្ពោះទៅកាន់សាលារៀន Monroe ដែល​ជា​ទីកន្លែងប្រវត្តិសាស្ត្រមួយ​នៅ​ក្រុង Topeka រដ្ឋ Kansas កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤។
រូបឯកសារ៖ មនុស្សដើរ​ឆ្ពោះទៅកាន់សាលារៀន Monroe ដែល​ជា​ទីកន្លែងប្រវត្តិសាស្ត្រមួយ​នៅ​ក្រុង Topeka រដ្ឋ Kansas កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤។

តើ​ធ្វើ​ដូច​ម្តេច​ដើម្បី​ឆ្ពោះ​ទៅ​មុខ​ក្នុង​ប្រព័ន្ធ​ដែលប្រឆាំង​ការ​ផ្លាស់ប្តូរ?

អ្នកស្រី​ Amerikaner ​និង ​អ្នកស្រី​ Saba Bireda ​បាន​បង្កើត​គំនិត​ផ្ដួចផ្ដើម​ Brown's Promise ​ការ​សន្យា​របស់ Brown ​ក្នុង​គោល​បំណង​ បំបិទ​គម្លាត​រវាង​ ការ​ផ្តល់​មូលនិធិ​ និង​ការ​ធ្វើ​សមាហរណកម្ម​ ដោយ​ប្រើប្រាស់ប្រព័ន្ធ​តុលាការ​រដ្ឋដើម្បី​ទទួល​បាន​ឧបករណ៍​ដែល​តុលាការ​កំពូល​បាន​ដកហូត​ពី​សង្កាត់​នានា។​

យុទ្ធសាស្ត្រ​របស់​ពួកគេ​មានធ្វើមួយ​ចំនួន​កន្លង​មក​ហើយ។ ​នៅ​រដ្ឋ ​Connecticut​ បណ្ដឹង​ឆ្នាំ ​១៩៨៩​ នៅ​ក្នុង​តុលាការ​រដ្ឋនេះ បាន​បណ្តាល​ឱ្យ​មាន​ការ​បង្កើត​កម្មវិធី​ផ្ទេរសិស្ស​រវាង​សាលា​ក្នុង​ស្រុក​ ដែល​អនុញ្ញាត​ឱ្យ​សិស្ស​នៅ​ក្រុង​ ​Hartfordអាចផ្ទេរ​ទៅ​សាលា​រៀនផ្សេង​នៅ​ជាយក្រុង​ និង​សាសាសិក្សា​ពិសេស​ ដោយនេះ​បំបែក​ការ​ប្រមូល​ផ្តុំ​ភាព​ក្រីក្រ​ និង​សាលារៀន​បែងចែក​ជាតិ​សាសន៍។​

អ្នកស្រី ​Bireda ​បាន​និយាយ​ថា៖ ​«ប្រទេស​នេះ​ត្រូវបង្ខំ​ឱ្យទៅ​រក​សមាហរណកម្ម ។ ​ហើយ​ជា​អកុសល​ ៧០​ ឆ្នាំ​ក្រោយ​មក​ យើង​មាន​អារម្មណ៍​ថា​ យើង​នៅ​តែត្រូវ​ការ​ផ្លូវច្បាប់។ ​យើង​ត្រូវការ​ការ​ជំរុញ​ពី​តុលាការ»។​

បណ្ដឹង​ថ្មីៗ​បន្ថែម​ទៀត​បាន​កើត​ឡើង​នៅ​រដ្ឋ​ New Jersey ​និង​ក្នុង​រដ្ឋ​ Minnesota។ ​ក្នុង​ឆ្នាំ ​២០១៥​ លោក​ Alex Cruz-Guzman ​បាន​ក្លាយ​ជា​ដើម​បណ្តឹង​ក្នុង​បណ្តឹង​ដែល​ប្រឈម​នឹង​ការ​បែង​ចែក​ជាតិសាសន៍នៅ​សាលា​រដ្ឋនៅ​ក្រុង​ Minneapolis ​និង​ក្រុង​ St. Paul នៃ​

រដ្ឋMinnesota។ ​លោក​ Cruz-Guzman​ បាន​ធ្វើ​អន្តោ​ប្រវេសន៍​ពីប្រទេស​ម៉ិកស៊ិក​មក​សហរដ្ឋ​អាមេរិក​ កាល​ពី​នៅ​ជាក្មេង​ជំទង់។ ​ក្នុង​នាម​ជា​ឪពុក​ម្តាយ​ម្នាក់ គាត់​បាន​កត់​សម្គាល់​ឃើញ​ថា​ សាលារៀន​របស់​កូនៗ​របស់​គាត់​មាន​សិស្ស​ជាតិ​សាសន៍ ​Latino និយាយ​ភាសា​អេស្ប៉ាញ​ ស្ទើរតែ​ទាំង​ស្រុង។​ នៅ​ពេល​ដែល​គាត់​ព្យាយាម​ដាក់​ពួក​គេ​នៅ​ក្នុង​សាលា​ចម្រុះ​ជាតិ​សាសន៍​ជាង​នោះ ​ពួកគេ​ត្រូវ​រង់​ចាំ​យូរ។​

សំណុំ​រឿង​នេះ​បាន​ឡើង​តុលាការ​អស់​រយៈ​ពេល​ជិត​មួយ​ទស​វត្សរ៍​ ដែល​ហៀប​នឹង​សម្រេច​បាន​ដំណោះស្រាយ ​នៅ​ក្នុង​សភា​ទៅ​ហើយ​ ​មុន​ពេល​ច្បាប់​នោះ​ខកខាន​មិន​បាន​សម្រេច។​

លោក​ Cruz-Guzman​ រំលឹក​ថា ​មាន​គេ​សួរ​លោកថា​ ហេតុ​អ្វី​បាន​ជា​គាត់ចូល​រួម​ក្នុង​រឿង​ក្តី​ដែល​ទំនង​ជា​នឹង​មិន​ដោះស្រាយ​ទាន់​ពេល​វេលា​ដើម្បី​ផល​ប្រយោជន៍​ដល់​កូន​របស់​គាត់​ដែល​បានជួប​ការ​លំបាក​រៀន​ភាសា​អង់គ្លេស​អស់​រយៈ​ពេល​ជា​យូរ​នៅ​ក្នុង​សាលា ​មាន​សិស្ស ​Latino​ និយាយ​ភាសា​អេស្ប៉ាញ​ភាគច្រើន។ ​សម្រាប់លោក Cruz-Guzman ចំណុច​សំខាន់​នៃរឿង​ក្តី​នេះ​គឺ​ដើម្បី​កុមារ​ដែល​ជីវិត​របស់​ពួកគេ​អាច​ផ្លាស់​ប្តូរ​នា​ពេល​អនាគត។​

គាត់​និយាយ​ថា៖​ «វា​មិន​មែន​តែ​សម្រាប់​កូនៗ​របស់​ខ្ញុំទេ។ ចៅៗ​របស់​ខ្ញុំ​នឹង​ទទួល​បាន​អត្ថប្រយោជន៍​នេះ។​ មនុស្ស​ច្រើន​ជំនាន់​ក្រោយ​នឹង​ទទួល​បាន​អត្ថ​ប្រយោជន៍​នេះ»។​គេ​នៅ​ត្រូវ​ចាំ​មើល​សិន​ថា ​តើ​សំណុំ​រឿង​ផ្លូវ​ច្បាប់​ទាំង​នោះ​អាច​ឈាន​ដល់​កម្រិត​ណា។​ ដំណោះស្រាយ​ជាក់ស្តែង​គឺ​មិន​ល្អ​ឥត​ខ្ចោះទេ។ ​ប៉ុន្តែ​ការ​ធ្វើ​សមាហរណកម្ម​សាលារៀន​គឺ​ជា​អ្វី​ដែលសហរដ្ឋ​អាមេរិក​បាន​សាកល្បង​ពី​មុនមក​ ហើយ​ក្នុង​អំឡុង​ដែល​គេ​បាន​សាកល្បង​នេះ​ វិធានការពិត​ជា​បាន​ដំណើរការ៕

ប្រែសម្រួល​ដោយ​ ពិន ស៊ីសុវណ្ណ

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG