ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាមេរិក​ចាប់ផ្ដើម​ពង្រឹង​កំពង់ផែ​ពី​ការ​វាយ​ប្រហារ​តាម​អ៊ីនធឺណិត


រូបឯកសារ៖ ទិដ្ឋភាពនៃកំពង់ផែ​ Los Angeles នៅទីក្រុង Los Angeles រដ្ឋ California សហរដ្ឋអាមេរិក កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣។
រូបឯកសារ៖ ទិដ្ឋភាពនៃកំពង់ផែ​ Los Angeles នៅទីក្រុង Los Angeles រដ្ឋ California សហរដ្ឋអាមេរិក កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣។

សេតវិមាន​នឹង​ឈាន​ទៅ​ធ្វើការ​កែ​ទម្រង់​មួយ​ចំនួន​ក្នុង​គោល​បំណង​បង្កើន​សន្តិសុខ​តាម​អ៊ីនធឺណិត​នៅតាម​កំពង់ផែ​របស់​សហរដ្ឋ​អាមេរិក ដែល​កំពង់ផែ​មួយ​ចំនួន​ប្រហែលជា​ស្ថិត​ក្នុង​គ្រោះថ្នាក់​រួច​ទៅ​ហើយ​នៃ​ការ​ធ្លាក់ចូល​ទៅ​ក្រោម​ឥទ្ធិពល​របស់​ក្រុម​ចោរ​បច្ចេកវិទ្យា​ដែល​មាន​ទំនាក់ទំនង​ជាមួយ​នឹង​ប្រទេស​ចិន។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden នៅ​ថ្ងៃ​ពុធ​នេះ​គ្រោង​នឹង​ចេញ​បទបញ្ជា​មួយ​ប្រគល់​សិទ្ធិ​ទទួល​ខុសត្រូវ​ផ្នែក​សន្តិសុខ​តាម​អ៊ីនធឺណិត​នៅ​តាម​កំពង់ផែ​ទៅ​ឱ្យ​ឆ្មាំ​សមុទ្រ​អាមេរិក ក្នុង​គោល​បំណង​ធ្វើ​ឱ្យ​ច្បាស់​ថា​លក្ខខណ្ឌ​សន្តិសុខ​អប្បបរមា​ត្រូវ​បាន​បង្កើត​ឡើង​ឱ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើ​បាន។

បទបញ្ជា​នេះ​ក៏​នឹង​អនុញ្ញាត​ឱ្យ​ឆ្មាំ​សមុទ្រ​អាមេរិក​ធ្វើការ​ត្រួតពិនិត្យ​សុវត្ថិភាព​ដែន​អ៊ីនធឺណិត​របស់​កំពង់ផែ​និង​កប៉ាល់​នានា ក៏​ដូចជា​ដាក់​កំហិត​លើ​ចរាចរណ៍​របស់​កប៉ាល់​ណា​ដែល​គេ​សង្ស័យ​ថា​អាច​បង្ក​ជា​ការ​គំរាមកំហែង​តាម​អ៊ីនធឺណិត​ចំពោះ​កំពង់ផែ​របស់​សហរដ្ឋ​អាមេរិក​ផងដែរ។

ជាង​នេះ​ទៀត ការ​កែប្រែ​នេះ​ស្នើ​ឱ្យ​មាន​ការ​រាយការណ៍​ដែល​តម្រូវ​ឱ្យ​ធ្វើ​អំពី​ការ​វាយប្រហារ​តាម​អ៊ីនធឺណិត​លើ​កំពង់ផែ​នានា។

កំពង់ផែ​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​មាន​ចំនួន​ជាង ៣០០ និង​មាន​ពលរដ្ឋ​អាមេរិកាំង​ដែល​ធ្វើការ​នៅ​ទីនោះ​ប្រហែល ៣១ លាន​នាក់។ មន្ត្រី​សហរដ្ឋ​អាមេរិក​បាន​និយាយ​ថា កំពង់ផែ​ទាំងនោះ​រួម​ចំណែក​ប្រហែល ៥,៤ លាន​លាន​ដុល្លារ​ដល់​សេដ្ឋកិច្ច​របស់​សហរដ្ឋ​អាមេរិក និង​ដើរ​តួ​ជា​កំពង់ផែ​ចម្បង​សម្រាប់​ទំនិញ​មកពី​ជុំវិញ​ពិភពលោក។

​នៅ​ក្នុង​ការវិវត្ត​មួយ​ទៀត​ ប្រតិបត្តិការ​អន្តរជាតិ​មួយ​ដែល​ដឹកនាំ​ដោយ​អាជ្ញាធរ​មាន​សមត្ថកិច្ចរបស់​ចក្រភព​អង់គ្លេស​និង​សហរដ្ឋ​អាមេរិក​បាន​បង្អាក់​ធ្ងន់ធ្ងរ​ដល់​ក្រុម LockBit ​ដែល​ជា «ក្រុម​ឧក្រិដ្ឋកម្ម​តាម​អ៊ីនធឺណិត​ដ៏​មហន្តរាយ​បំផុត​នៅ​លើ​ពិភពលោក»​ ជំនាញ​ខាង​ជំរិត​ទារ​ប្រាក់​តាម​អ៊ីនធឺណិត​ដែល​មាន​ទំនាក់ទំនង​ជាមួយ​នឹង​រុស្ស៊ី។ នេះ​បើ​យោង​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន AFP។

ក្រុម LockBit នេះ​នឹង​ក្រុម​ពាក់ព័ន្ធ​ផ្សេង​ទៀត​របស់​ក្រុម​នេះ​បាន​ដៅ​គោលដៅ​វាយ​ប្រហារ​លើ​រដ្ឋាភិបាល ក្រុមហ៊ុន​ធំៗ សាលារៀន និង​មន្ទីរពេទ្យ ដោយ​បង្ក​ការ​ខូចខាត​អស់​រាប់​ពាន់​លាន​ដុល្លារ​និង​ជំរិត​ទារ​ប្រាក់​បាន​រាប់​សិប​លាន​ដុល្លារ​ពី​ជនរងគ្រោះ។

ទីភ្នាក់ងារ​ឧក្រិដ្ឋកម្ម​ជាតិ (NCA) ​របស់​ចក្រភព​អង់គ្លេស ​ដែល​ធ្វើការ​ជាមួយ​នឹង​ការិយាល័យ​សហព័ន្ធ​ស៊ើបអង្កេត (FBI) ​របស់​សហរដ្ឋ​អាមេរិក ទីភ្នាក់ងារ​កិច្ច​សហ​ប្រតិបត្តិការ​អនុវត្ត​ច្បាប់​របស់​សហភាព​អឺរ៉ុប (Europol) និង​ទីភ្នាក់ងារ​ផ្សេងៗ​មកពី​ប្រទេស​ ៩ ​ទៀត​នៅ​ក្នុង​ក្រុម​ប្រតិបត្តិការ​អនុវត្ត​ច្បាប់​សាកល Operation Cronos បាន​បញ្ជាក់​ថា ខ្លួន​បាន​ជ្រៀត​ចូល​បណ្ដាញ​របស់​ក្រុម LockBit និង​ត្រួតត្រា​លើ​សេវា​របស់​បណ្ដាញ​នេះ។

វេបសាយ​របស់​ក្រុម LockBit ដែល​លក់​សេវា​អនុញ្ញាត​ឱ្យ​មនុស្ស​អាច​រៀបចំ​ការ​វាយ​ប្រហារ​តាម​អ៊ីនធឺណិត​និង​ផ្អឹបទុក​ទិន្នន័យ​រហូត​ទាល់តែ​មាន​ការ​បង់ប្រាក់​ឱ្យ ត្រូវ​បាន​ក្រុម​ប្រតិបត្តិការ Operation Cronos ជ្រៀត​ចូល​ត្រួតត្រា​កាលពី​ល្ងាច​ថ្ងៃ​ចន្ទ៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG