ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ស៊ី និង​លោក​អូបាម៉ា​សន្យា​ធ្វើ​សហប្រតិបត្តិការ​ដើម្បី​អនុវត្ត​អនុសញ្ញា​ទីក្រុង​ប៉ារីស​ស្តី​ពី​អាកាសធាតុ


ប្រធានាធិបតី​អាមេរិក​លោក​បារ៉ាក់ អូបាម៉ា (ខាងឆ្វេង) ចាប់ដៃ​ជាមួយនឹង​ប្រធានាធិបតី​ចិន​លោក​ស៊ី ជីនពីង​នៅ​អំឡុងពេល​កិច្ចប្រជុំ​ស្តីពី​អាកាសធាតុ​នៅ​ក្រុង Le Bourget ប្រទេស​បារាំង។
ប្រធានាធិបតី​អាមេរិក​លោក​បារ៉ាក់ អូបាម៉ា (ខាងឆ្វេង) ចាប់ដៃ​ជាមួយនឹង​ប្រធានាធិបតី​ចិន​លោក​ស៊ី ជីនពីង​នៅ​អំឡុងពេល​កិច្ចប្រជុំ​ស្តីពី​អាកាសធាតុ​នៅ​ក្រុង Le Bourget ប្រទេស​បារាំង។

លោក​ប្រធានាធិបតី​ចិនស៊ី ជីនពីង (Xi Jinping) និង​លោក​ប្រធានាធិបតី​សហរដ្ឋអាមេរិកបារ៉ាក់ អូបាម៉ា (Barack Obama) ​ដែល​ជា​មេដឹកនាំ​កំពូល​នៃ​ប្រទេស​ដែល​បំពុល​បរិស្ថាន​ធំ​បំផុត​ក្នុង​ពិភពលោក​បាន​សន្យា​កាល​ពី​ថ្ងៃ​ច័ន្ទ​ថា នឹង​សហការ​គ្នា​ក្នុង​ការអនុវត្ត​អនុសញ្ញា​ស្តី​ពី​ការប្រែប្រួល​អាកាសធាតុ​ ដែល​មាន​លក្ខណៈ​ប្រវត្តិសាស្រ្ត​ដែល​បាន​សម្រេច​ឡើង​នៅ​ក្នុង​ទីក្រុង​ប៉ារីស។

នៅ​ក្នុង​កិច្ចសន្ទនា​តាម​ទូរស័ព្ទ​មួយ លោក ស៊ី​ បាន​ប្រាប់​ដល់​លោក​អូបាម៉ា​អំពី​កិច្ច​ព្រមព្រៀង​ដែល​ត្រូវ​បាន​សម្រេច​កាល​ពី​ថ្ងៃ​សៅរ៍ គឺ​ជា​លទ្ធផល​នៃ​សហប្រតិបត្តិការ​ជា​សាកល និង​បាន​កំណត់​នូវ​មាគ៌ា​ដ៏​ច្បាស់លាស់​មួយ​សម្រាប់​កិច្ចខិតខំ​ប្រឹងប្រែង​អន្តរជាតិ​នានា​នៅ​ពេល​អនាគត។ នេះ​បើ​យោង​តាម​គណនី​របស់​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​ប៉េកាំង។ លោក ស៊ី​បាន​មាន​ប្រសាសន៍​ថា ចិន​មាន​ឆន្ទៈ​ក្នុង​ការសហការ​ជាមួយ​នឹង​សហរដ្ឋ​អាមេរិក ​និង​ភាគី​ពាក់ព័ន្ធ​ផ្សេងៗ​ទៀត​ក្នុង​ការធ្វើ​ឲ្យ​ប្រាកដ​នូវ ការអនុវត្ត​កិច្ចព្រមព្រៀង​នៅ​ទីក្រុង​ប៉ារីស ហើយ​ក៏​ដើម្បី​ព្រមព្រៀង​ទៅ​លើ​អនុសញ្ញា​ទ្វេភាគី​ថ្មី​ៗ​ផង​ដែរ។ ​

លោក​ ស៊ី បាន​និយាយ​ថា ចិន​មាន​បំណង​ចង់​រក្សា​ការសម្របសម្រួល ​និង​សហប្រតិបត្តិការ​ជាមួយ​នឹង​សហរដ្ឋអាមេរិក​ទៅ​លើ​បញ្ហា​អន្តរជាតិ​ដទៃទៀត។ ​
សេតវិមាន​បាន​ឲ្យដឹង​ថា លោក​អូបាម៉ា​បាន​ស្ងើចសរសើរ​ទៅ​លើ​អនុសញ្ញា​នៅ​ទីក្រុង​ប៉ារីស ដែល​នឹង​អាច​ជួយ​ដោះស្រាយ​បញ្ហា​ការបញ្ចេញ​ផ្សែងពុល​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​នេះ។ លោក​អូបាម៉ា​បាន​មាន​ប្រសាសន៍​ថា មាន​ការសម្របសម្រួលដ៏​ជិត​ស្និទ្ធ​រវាង​ក្រុម​ចរចា​របស់​ចិន ​និង​សហរដ្ឋអាមេរិក​នៅ​ទីក្រុង​ប៉ារីស​ដើម្បី​ធ្វើ​ឲ្យ​ប្រាកដ​ថា កិច្ចព្រមព្រៀង​ស្តី​ពី​អាកាសធាតុ​នេះ​នឹង​ត្រូវ​បាន​គេ​អនុម័ត៕

XS
SM
MD
LG