ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រជាជាតិ​ទាំង​អស់​មាន​កាតព្វកិច្ច​ធ្វើ​ឲ្យ​ជោគជ័យ​​ក្នុង​ជំនួប​កំពូល​ស្តីពី​បម្រែបម្រួល​អាកាសធាតុ


លោករដ្ឋមន្ត្រី​ការបរទេស​បារាំង​ Laurent Fabius មាន​ប្រសាសន៍​ក្នុង​កិច្ច​ពិភាក្សា​បឋមស្តី​អំពី​បញ្ហាអាកាសធាតុថា​ កិច្ច​ពិភាក្សានេះគឺ​ជាមូលដ្ឋាន​គ្រឹះ​ដ៏​រឹងមាំ​សម្រាប់​ជំនួបកំពូល​របស់​អង្គការ​សហប្រជាជាតិនៅ​ខែក្រោយនេះ។
លោករដ្ឋមន្ត្រី​ការបរទេស​បារាំង​ Laurent Fabius មាន​ប្រសាសន៍​ក្នុង​កិច្ច​ពិភាក្សា​បឋមស្តី​អំពី​បញ្ហាអាកាសធាតុថា​ កិច្ច​ពិភាក្សានេះគឺ​ជាមូលដ្ឋាន​គ្រឹះ​ដ៏​រឹងមាំ​សម្រាប់​ជំនួបកំពូល​របស់​អង្គការ​សហប្រជាជាតិនៅ​ខែក្រោយនេះ។

មន្ត្រី​ជាន់​ខ្ពស់​​បារាំង​និង​អ.ស.ប.​​ មាន​គំនិត​សុទិដ្ឋិ​និយម​អំពី​ឱកាស​ក្នុង​ការ​សម្រេច​បាន​កិច្ច​ព្រមព្រៀង​ដ៏​មាន​មហិច្ឆតា​មួយ​ស្តី​អំពី​បញ្ហា​បម្រែបម្រួល​អាកាសធាតុ​ ដែល​នឹង​ធ្វើ​ឡើង​នៅ​ខែ​ក្រោយនេះ។

មន្ត្រី​ជាន់​ខ្ពស់​បំផុត​របស់​ប្រទេស​បារាំង​និង​អង្គការ​សហប្រជាជាតិ​ មាន​គំនិត​សុទិដ្ឋិ​និយម​អំពី​ឱកាស​ក្នុង​ការ​សម្រេច​បាន​កិច្ច​ព្រមព្រៀង​ដ៏​មាន​មហិច្ឆតា​មួយ​ស្តី​អំពី​បញ្ហា​បម្រែបម្រួល​អាកាសធាតុ​ ដែល​នឹង​ធ្វើ​ឡើង​នៅ​ខែ​ក្រោយ​នេះ នៅ​ចំពេល​ដែល​រដ្ឋ​មន្ត្រី​ផ្នែក​ថាមពល​និង​បរិស្ថាន​មក​ពី​ប្រទេស​ប្រមាណ​៧០​ បាន​បូក​សរុបការ​ពិភាក្សា​សំខាន់ៗ​ជាច្រើន​ នៅ​ក្នុង​សប្តាហ៍​មុន​នៅ​ទីក្រុង​ប៉ារីស​ មុន​ពេល​ដែល​ជំនួប​កំពូល​អំពី​បញ្ហា​អាកាស​ធាតុ​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ក្នុង​ខែ​ធ្នូ​នេះ។

លោក​ Laurent Fabius រដ្ឋមន្ត្រី​ការ​បរទេស​បារាំង​បាន​ប្រាប់​សន្និសីទ​សារព័ត៌មាន​ថា៖ យើង​បាន​ឈាន​ដល់់​ជំហាន​សំខាន់​មួយ​ជាមួយ​នឹង​ការធ្វើ​សន្និសីទ​ភាគី​ពាក់ព័ន្ធ​លើក​ទី២១​ ឬ ​(Pre-Cop21)។ លោក​បាន​បន្ថែម​ថា៖ ប្រជាជាតិ​ទាំង​អស់​មាន​កាតព្វកិច្ច​ក្នុង​ការ​ធ្វើ​ឲ្យ​ជោគ​ជ័យ​នៅ​ក្នុង​សន្និសីទ​ស្តីពីអាកាសធាតុ​របស់​អង្គការ​សហប្រជាជាតិ​នាពេល​ខាងមុខ​ ដែល​កំណត់​ធ្វើ​ពី​ថ្ងៃទី​៣០ ខែវិច្ឆិកា ដល់​ថ្ងៃ​ទី១១ ខែ​ធ្នូ។

ក្នុង​ចំណោម​កិច្ច​ការ​ដែល​វិវត្ត​ទៅ​មុខ​លើ​បញ្ហា​នេះ​ ប្រទេស​អេហ្ស៊ីប អារ៉ាប៊ីសាអូឌីត​ និង​ស៊ូដង់​ បាន​ប្រកាស​ថា​ ពួក​គេ​បាន​ដាក់​បញ្ជូន​ផែនការ​អាកាសធាតុ​របស់​ពួក​គេ​រួចរាល់ហើយ​ ដែល​ធ្វើ​ឲ្យ​ចំនួន​ប្រទេស​ដែល​បាន​ផ្តល់​ផែន​ការ​ជាតិ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ឥទ្ធិពល​នៃ​ការ​ឡើង​កម្ដៅ​ភព​ផែន​ដី​ដ៏​ឆាប់​រហ័ស​នេះ​ កើន​ដល់​១៥៨​ប្រទេស។

លោក​ Fabius​ ដែល​ប្រទេស​របស់​លោក​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀបចំ​សន្និសីទ​ស្តីពី​អាកាសធាតុ​ ដែល​គេ​ហៅ​ជា​ផ្លូវការ​ថា​ សន្និសីទ​នៃ​ភាគីពាក់ព័ន្ធ​លើក​ទី២១ (COP21) ក៏​បាន​អះអាង​ដែរ​ថា​ ក្រុម​រដ្ឋ​មន្ត្រី​ដែល​បាន​ចូល​រួម​ទាំង​នោះ​ បាន​ធ្វើ​ឲ្យ​ប្រសើរ​លើ​ផ្នែក​ផ្សេងៗ​ចំនួន​ប្រាំ​ រួម​មាន​ការ​វាយ​តម្លៃ​អំពី​ការ​រីកចម្រើន​ក្នុង​ការ​កាត់​បន្ថយ​ឧស្ម័ន​កាបូនិច​ រៀងរាល់​៥ឆ្នាំ​ម្តង។

លោក​ស្រី​ Christiana Figueres ​ប្រធាន​ផ្នែក​អាកាស​ធាតុ​នៃ​អង្គការ​សហប្រជាជាតិ​ថ្លែង​ប្រាប់​អ្នក​សារព័ត៌មានថា៖ «ដំណឹង​ល្អ​នោះ​គឺ​ គ្មាន​អ្នកណា​ម្នាក់​រង់​ចាំ​កិច្ច​ព្រម​ព្រៀង​ដែល​នឹង​ធ្វើ​ឡើង​នៅ​ទីក្រុង​ប៉ារីស​ ឬ​រង់​ចាំ​រហូត​ដល់​ឆ្នាំ​២០២០​ នៅ​ពេល​ដែល​កិច្ច​ព្រម​ព្រៀង​ទីក្រុង​ប៉ារីស​ចូល​ជា​ធរមាន​ដើម្បី​អនុវត្ត​កិច្ច​ការ​នេះ​ នោះ​ទេ​ ។ អ្នកស្រី​បាន​បន្ថែម​ថា ​កិច្ច​ព្រម​ព្រៀង​អាកាស​ធាតុ​ដ៏​រឹងមាំ​មួយ​ ពិត​ជា​អាច​សម្រេច​បាន​នៅ​ទីក្រុង​ប៉ារីស​ នៅ​ខែ​ក្រោយ​នេះ»។

ការ​ព្រួយបារម្ភ​មាន​ការ​កើន​ឡើង

ការ​ប្រជុំ​ត្រៀមទុក​មាន​រយៈកាល​ពេល​បី​ថ្ងៃ​ដែល​ធ្វើឡើង​កាល​ពី​សប្តាហ៍​មុន​នេះ​ កើត​មាន​ឡើង​នៅ​ចំពេល​ដែល​មានភស្តុតាង​ថ្មី​ពី​ការ​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​កាន់​តែ​ច្រើន​ឡើង​ និង​ផល​ប៉ះពាល់ដ៏​អាក្រក់​របស់​ឧស្ម័ន​នោះ​ នៅ​ក្នុង​ពេល​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​នេះ។

កាល​ពី​ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា​ អង្គការ​ឧតុនិយម​ពិភព​លោក​ បាន​រាយការណ៍​ថា​ កម្រិត​នៃ​ឧស្ម័ន​ផ្ទះ​កញ្ចក់​បាន​ឈាន​ដល់​កំណត់​ត្រា​ខ្ពស់​មួយ​ទៀត។ ការិយាល័យ​ទទួល​បន្ទុក​ផ្នែក​ធាតុ​អាកាស​របស់​ប្រទេស​អង់គ្លេស​ក៏​បាន​និយាយ​ផង​ដែរ​ថា​ ភព​ផែន​ដី​បាន​បាន​ឡើង​កម្តៅ​ ១អង្សាសេ រួច​ទៅ​ហើយ តាំង​ពី​កម្រិតមុន​សម័យ​ឧស្សាហកម្ម។ ប្រទេស​ចំនួន​ពាក់​កណ្តាល​ដែល​ត្រូវ​បាន​គេ​កំណត់​ថា​ឡើង​ដឺក្រេ​កម្តៅ ​២អង្សាសេ កំពុង​ធ្វើ​ការ​ឆ្ពោះ​ទៅ​រក​ជំនួប​កំពូល​នៅ​ទីក្រុង​ប៉ារីស។ លើស​ពី​ចំណុច​ចាប់​ផ្តើម​ទាំង​នេះ​ ក្រុម​អ្នក​វិទ្យាសាស្ត្រ បាន​ព្រមាន​អំពី​ផលប៉ះពាល់​នៃ​បម្រែ​បម្រួល​អាសធាតុ​ថា​ នឹង​អាច​មាន​គ្រោះ​ថ្នាក់​ដ៏​ធ្ងន់​ធ្ងរ​ ហើយ​មិន​អាច​វិល​ត្រឡប់​ថយ​ក្រោយ​បាន​ឡើយ។

របាយការណ៍​ដាច់​ដោយ​ឡែក​ពីរ​ទៀត​ក៏​បាន​អធិប្បាយ​អំពី​ទីក្រុង​ធំៗ​ដែល​នៅ​ទាប​ជាង​ទឹកសមុទ្រ​ នៅ​ពេល​ដែល​ភពផែនដី​ឡើង​កម្តៅ​ វា​នឹង​ធ្វើ​ឲ្យ​កម្រិត​ទឹក​សមុទ្រ​កើន​ជាងមុន​ ហើយ​បាន​ទាញ​មនុស្ស​រាប់​លាន​អ្នក​បន្ថែម​ទៀត​ឲ្យ​ធ្លាក់ចូល​ទៅ​ក្នុង​ភាព​ក្រីក្រ។

មនុស្ស​ម្នា​ដើរ​នៅ​លើ​វិថី Champs Elysees ក្នុង​អំឡុង​ «ថ្ងៃដែល​គ្មាន​ឡាន»​ នៅ​ទីក្រុង​ប៉ារីស​ ប្រទេស​បារាំង​ កាល​ពី​ខែ​កញ្ញា។
មនុស្ស​ម្នា​ដើរ​នៅ​លើ​វិថី Champs Elysees ក្នុង​អំឡុង​ «ថ្ងៃដែល​គ្មាន​ឡាន»​ នៅ​ទីក្រុង​ប៉ារីស​ ប្រទេស​បារាំង​ កាល​ពី​ខែ​កញ្ញា។

អ្នក​ស្រី​ Figueres និយាយ​ថា៖ «យើង​កំពុង​ឈាន​ដល់​លទ្ធភាព​ចុងក្រោយ​ក្នុង​ការ​ប្តូរ​ទិសដៅ​នៃ​ការ​បញ្ចេញ​ឧស្ម័ន​ ដែល​នៅ​តែ​បន្ត​កើន​ឡើង​ជា​រៀង​រាល់​ថ្ងៃ​ នា​ពេល​បច្ចុប្បន្ន​នេះ។ យើង​ត្រូវ​តែ​ធ្វើ​វាឲ្យ​ទៅ​ដល់​ចំណុច​មួយដែលមាន​ភាព​ប្រសើរ​ឡើង​វិញ​ ហើយ​ការ​បញ្ចេញ​ឧស្ម័ន​ទាំង​នោះ​ចាប់​ផ្តើម​ធ្លាក់​ចុះ»។

កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​នេះ​ ប្រធានាធិតី​បារាំង​ Francois Hollande​ បាន​ជួប​ជាមួយ​សមភាគី​មក​ពីបណ្តាប្រទេស​អាហ្វ្រិក​ជា​ច្រើន​ ដែល​ត្រូវ​បាន​ចាត់​ទុកជា​ប្រទេស​ដែល​ងាយ​រង​គ្រោះ​បំផុត​ពី​បម្រែ​បម្រួល​អាកាស​ធាតុ​និង​ឥទ្ធិពល​របស់​វា។

លោក​ Haile Mariam Dessalegn​ នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​អេត្យូពី​បាន​និយាយ​ថា៖ ទ្វីប​អាហ្វ្រិក​កំពុង​ទន្ទឹង​រង់ចាំ​លទ្ធផល​ល្អ​ពី​សន្និសីទ​នៃ​ភាគី​ពាក់​ពន្ធ​លើក​ទី​២១ នេះ។ វា​ជា​បញ្ហា​ដ៏​មាន​សារៈ​សំខាន់​សម្រាប់​យើង»។ លោក​បាន​មាន​ប្រសាសន៍​ដូច្នេះ ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ ក្នុង​អំឡុង​ពេល​ដែល​មេដឹកនាំ​នៃ​បណ្តា​ប្រទេស​អាហ្វ្រិក​បាន​អំពាវនាវ​រក​ការ​គាំ​ទ្រ​លើ​ការ​ផ្គត់ផ្គង់​អគ្គិសនី​ដល់​ទ្វីប​នេះ​ និង​បាន​ភ្ជាប់រ​វាង​បម្រែ​បម្រួល​អាកាសធាតុ​ជាមួយ​នឹង​រលក​នៃ​ជន​ភៀស​ខ្លួន​ដែល​បាន​រត់​គេច​ចេញ​ពី​ទ្វីប​រួច​ទៅ​ហើយ។

ការ​ផ្តល់​ហិរញ្ញប្បទាន​សម្រាប់អាកាសធាតុ​នៅ​ក្នុង​បណ្តា​ប្រទេស​ក្រីក្រ​ នៅ​តែ​ជា​ចំណុច​រាំង​ស្ទះ​ដ៏​ធំមួយ​ បើ​ទោះ​ជា​ការ​ចន្លោះ​ប្រហោង​នេះ​បាន​រួម​តូច​ដោយ​នៅ​សល់​តែ​១០០​ពាន់​លាន​ដុល្លារ​ប៉ុណ្ណោះ​ក្នុង​មួយ​ឆ្នាំ​ក៏​ដោយ​ ក្នុង​ការ​ផ្តល់​ហិរញ្ញប្បទាន​ផ្តោត​លើ​ការ​ជួយ​ប្រទេស​ទាំង​នោះ​ដើម្បី​កាត់​បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ និង​ប្រឈម​មុខ​ដោះ​ស្រាយ​បញ្ហា​ឥត​ព្រៀង​ទុក​កើត​ចេញ​ពី​ការ​ឡើង​កម្តៅ​សកលលោក។ សេចក្ដី​ព្រាង​នៃ​សន្ធិសញ្ញា​ទីក្រុង​ប៉ារីស​ស្តី​អំពី​បម្រែបម្រួល​អាកាស​ធាតុ​ត្រូវ​បានគេ​សម្រិត​សម្រាំង​ ហើយ​ត្រូវ​បាន​ពង្រួម​កាល​ពី​ប៉ុន្មាន​សប្តាហ៍​កន្លង​ទៅ។ ទោះ​យ៉ាង​ណា​ នៅ​មាន​ចំណុច​ក្នុង​វង់ក្រចក​ជា​ច្រើន ​ដែល​តាម​សេចក្ដី​រាយការណ៍​មក​ថា​ នៅ​មាន​បញ្ហា​នៅ​ឡើយ​ ទាក់ទិន​នឹង​ការ​ប្រើ​ភាសា​ ដែល​នេះ​បង្ហាញ​ឲ្យ​ឃើញ​ពី​ចំណុច​ជា​ច្រើន​ដែល​មិន​ទាន់​បាន​ដោះស្រាយ។

នយោបាយ​លើ​កិច្ច​ព្រម​ព្រៀង

លើស​ពី​ក្តី​បារម្ភ​ផ្នែក​បរិស្ថាន​ ការ​សម្រេច​បាន​កិច្ច​ព្រមព្រៀង​ដ៏​មាន​មហិច្ឆតា​មួយស្តី​អំពី​បម្រែបម្រួល​អាកាសធាតុ​ ក៏អាច​បង្កើន​ជោគរាសី​នយោបាយ​របស់​លោក​ ប្រធានាធិតី Hollande​ ដែល​កំពុង​ប្រឹង​ប្រែង​ធ្វើ​ឲ្យ​កម្រិត​ប្រជាប្រិយភាព​ដែល​ធ្លាក់ចុះរបស់​លោក ​វិល​ត្រលប់​ទៅ​រក​ភាព​ល្អ​ប្រសើរ​វិញ។ អ្នកវិភាគ​នយោបាយ​ម្នាក់​បាន​ទស្សទាយថា​ គណៈបក្ស​សង្គមនិយម​របស់​គាត់​នឹង​ទទួល​ជ័យ​ជម្នះ​ក្នុង​អំឡុង​ពេល​បោះឆ្នោត​តាម​តំបន់​របស់​ប្រទេស​បារាំង​ក្នុង​ខែ​ធ្នូ។​

ប្រធានាធិតី​បារាំង​ Francois Hollande​ ដើរ​នៅ​លើ​ផ្ទាំង​ទឹកកក​ក្នុង​ប្រទេស ​អ៊ីស្លង់ (Iceland)​ កាល​ពីថ្ងៃទី១៦ ខែ​តុលា ឆ្នាំ២០១៥។ លោក​ពិនិត្យ​មើល​ការ​ខូចខាត​បង្កឡើង​ដោយ​ការ​ឡើង​កម្តៅ​សកលលោក​ នៅ​មុន​ពេល​កិច្ច​ប្រជុំកំពូល​របស់​អ.ស.ប.​មក​ដល់។
ប្រធានាធិតី​បារាំង​ Francois Hollande​ ដើរ​នៅ​លើ​ផ្ទាំង​ទឹកកក​ក្នុង​ប្រទេស ​អ៊ីស្លង់ (Iceland)​ កាល​ពីថ្ងៃទី១៦ ខែ​តុលា ឆ្នាំ២០១៥។ លោក​ពិនិត្យ​មើល​ការ​ខូចខាត​បង្កឡើង​ដោយ​ការ​ឡើង​កម្តៅ​សកលលោក​ នៅ​មុន​ពេល​កិច្ច​ប្រជុំកំពូល​របស់​អ.ស.ប.​មក​ដល់។

ជំនួយ​ការ​ដ៏ស្និទ្ធ​ស្នាល​ម្នាក់​របស់​លោក​ Hollande​ បាន​ប្រាប់​កាសែត​បារាំង​ផ្សាយ​ប្រចាំ​សប្តាហ៍​ Journal du Dimanche​ ថា៖ «គោល​បំណង​នៃ​សន្និសីទ​អាកាស​ធាតុ​នេះ​ គឺ​មិន​មែន​ដើម្បី​ការ​បោះឆ្នោត​នោះ​ទេ។ ក៏ប៉ុន្តែ​ បើ​សិន​ជា​សន្និសីទ​ទីក្រុង​ប៉ារីស​ទទួល​បាន​ជោគជ័យ​ ​មនុស្ស​ម្នា​នឹង​និយាយ​ថា​លោក​ (Hollande) ទទួល​បាន​ជោគ​ជ័យ​លើ​រឿង​ជា​ច្រើន»។

ទោះ​បី​ជា​យ៉ាង​ណា ឱកាស​ក្នុង​ការ​សម្រេច​បាន​កិច្ច​ព្រម​ព្រៀង​ដ៏​ទូលំ​ទូលាយ​មួយ​ នៅ​តែ​មិន​ទាន់​មាន​ភាព​ច្បាស់​លាស់​នៅ​ឡើយ។ លោក​ Nicolas Hulot បេសកជន​ពិសេស​របស់​លោក ​Hollande​ បាន​និយាយ​កាល​ពី​ខែ​តុលា​ថា​ «ភាពបរាជ័យ​អាច​នឹង​កើត​មាន​ឡើង»៕

ប្រែ​សម្រួលដោយ​ នៀម ឆេង

XS
SM
MD
LG