ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ​មូលនិធិ​សត្វ​ព្រៃ​ WWF​ បង្ហាញ​កី្ត​បារម្ភ​កាន់​តែ​ខ្លាំង​ចំពោះ​ការ​បាត់​បង់​សត្វ​ផ្សោត​ក្នុង​ទន្លេ​មេគង្គ


រូបថតផ្តល់ឲ្យដោយអង្គការមូលនិធី World Wide Fund បង្ហាញសាកសពរបស់សត្វផ្សោតមួយក្បាលនៅជ្រាំងទន្លេមេគង្គក្នុងភូមិកោះទ្រុង ខេត្តក្រចេះ កាលពីថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ ២០២២។ (Eam Sam Un/WWF via AP)
រូបថតផ្តល់ឲ្យដោយអង្គការមូលនិធី World Wide Fund បង្ហាញសាកសពរបស់សត្វផ្សោតមួយក្បាលនៅជ្រាំងទន្លេមេគង្គក្នុងភូមិកោះទ្រុង ខេត្តក្រចេះ កាលពីថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ ២០២២។ (Eam Sam Un/WWF via AP)

ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​ សត្វ​ផ្សោត​ចំនួន​ពីរ​ក្បាល​នៅ​ក្នុង​ទន្លេ​មេគង្គ​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ស្លាប់​ជា​បន្ត​បន្ទាប់​ បង្ក​ឲ្យ​មាន​ការ​បារម្ភ​នៃ​ការ​ខ្សត់​ធនធាន​ប្រភេទ​សត្វ​ដែល​ស្ទើរ​តែ​ផុត​ពូជ​មួយ​នេះ​ក្នុង​តំបន់​អាស៊ី​ភាគ​អាគ្នេយ៍។ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អង្គការ​មូលនិធិ​សកល​សម្រាប់​អភិរក្ស​សត្វ​ព្រៃ និង​ធម្មជាតិ ​ឬ​ហៅ​កាត់​ថា ​WWF ​កម្ពុជា។​

ក្នុង​សេចក្តី​ប្រកាស​ដែល​ចេញ​ផ្សាយ​កាលពី​ថ្ងៃទី​ ២៣​ ខែធ្នូ​ ឆ្នាំ​ ២០២២ អង្គការ​ WWF កម្ពុជា​បាន​ពណ៌នា​ថា ​រដ្ឋ​បាល​ជល​ផល​ និង​អង្គការ​ WWF​ កម្ពុជា ​មាន​ទុក្ខ​យ៉ាង​ក្រៀម​ក្រំ​បំផុត​ចំពោះ​ការ​បាត់​បង់​សត្វ​ផ្សោត​មួយ​ក្បាល​ដែល​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ស្លាប់​ក្នុង​កោះទ្រុង​ ក្រុង​ក្រចេះ​ ខេត្ត​ក្រចេះ។​

អង្គការ WWF កម្ពុជា ​បាន​រៀបរាប់​លម្អិត​អំពី​ការ​ស្លាប់​របស់​ផ្សោត​ញី​នោះ​ថា​ សត្វ​ផ្សោត​ដែល​បាន​ស្លាប់​នោះ​ ជា​សត្វ​ផ្សោត​ញី​ពេញ​វ័យ​ប្រវែង​ ១៩៣ ​សង់ទីម៉ែត្រ​ អាយុ​ចម្លោះ​ពី​ ៧ ​ទៅ​ ១០ ឆ្នាំ​ មាន​ទម្ងន់​ប្រហែល​ ៨៥ ​គីឡូក្រាម។​

សេចក្តី​ប្រកាស​របស់​អង្គការ WWF កម្ពុជា​បាន​លើក​ឡើង​ក្នុង​ន័យ​ដើម​ថា៖​ «បន្ទាប់ពី​បាន​ពិនិត្យ​សាកសព​សត្វ​ផ្សោត​យ៉ាង​ល្អិត​ល្អន់​ ក្រុម​អ្នក​ជំនាញ​ស្រាវជ្រាវ​នៃ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត​ក្រចេះ​ និង​អង្គការ​ WWF​ បាន​សន្និដ្ឋាន​ជា​បឋម​ថា​ សត្វ​ផ្សោត​បាន​ស្លាប់​ក្រោយ​ពី​បាន​ជាប់​នឹង​មង​នេសាទ​ ដោយសារ​ក្រុម​ស្រាវជ្រាវ​បាន​រក​ឃើញ​ស្លាក​ស្នាម​នៃ​សរសៃ​មង​នៅ​ផ្នែក​កន្ទុយ​របស់​វា»។​

បើ​តាម​អង្គការ ​ WWF​ កម្ពុជា​ វា​ជា​សត្វ​ទី​ ១០​ ហើយ​ដែល​បាន​ស្លាប់​ក្នុង​ឆ្នាំ​ ២០២២​ និង​ជា​សត្វ​ផ្សោត​ទី​ ២៨ ​ដែល​បាន​បាត់​បង់​ជីវិត​ក្នុង​រយៈពេល​ ៣​ ឆ្នាំ​ចុង​ក្រោយ​នេះ។ ​ អង្គការ​ការពារ​សត្វព្រៃ​នេះ​ឲ្យ​ដឹង​ទៀត​ថា​ ទើប​តែ​កាល​ពី​ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅ​នេះ​ សត្វ​ផ្សោត​ឈ្មោល​សុខភាព​ល្អ​មួយ​ក្បាល​ ក៏​ត្រូវ​បាន​ប្រទះ​ឃើញ​ស្លាប់​ក្នុង​ទន្លេ​មេគង្គ​ ហើយ​ស្ថានភាព​បែប​នេះ​ កាន់​តែ​បង្កើន​ការ​ព្រួយ​បារម្ភ​ខ្លាំង​ឡើង​ចំពោះ​ការ​រស់​រាន​របស់​សត្វ​ផ្សោត​ ដែល​ចាំ​បាច់​ទាម​ទារ​ឲ្យ​មាន​វិធានការ​ដើម្បី​ការពារ​ជា​បន្ទាន់​ក្នុង​គោល​បំណង​បញ្ចៀស​ឲ្យ​បាន​នូវ​ការ​បាត់​បង់​សត្វ​ផ្សោត​ទន្លេ​មេគង្គ​របស់​កម្ពុជា។​

អង្គការ​ WWF​ កម្ពុជា ​បាន​សង្កត់​ធ្ងន់​ថា៖​ «ការ​ដែល​សោក​ស្តាយ​ខ្លាំង​បំផុត​ គឺ​នៅ​ពេល​សត្វ​ផ្សោត​ញី​ពេញ​វ័យ​ ដែល​មាន​សុខ​ភាព​ល្អ​ដូច​សត្វ​ផ្សោត​ញី​មួយ​ក្បាល​នាពេល​នេះ​ បាន​បាត់​បង់​ជីវិត​ ព្រោះ​វា​ប៉ះ​ពាល់​ធ្ងន់​ធ្ងរ​ដល់​លទ្ធភាព​នៃ​ការ​បន្ត​ពូជ​របស់​សត្វ​ផ្សោត​ទន្លេ​មេគង្គ»។​

នាយក​អង្គការ​ WWF​ កម្ពុជា​លោក​ សេង ទៀក​ ប្រាប់​វីអូអេ​តាម​ប្រព័ន្ធ​តេឡេក្រាម​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា​ នៅ​ក្នុង​រដូវ​កាល​ទឹក​ស្រក​នេះ​ ក្តី​បារម្ភ​នៅតែ​មាន​ចំពោះ​គ្រោះ​ថ្នាក់​ដែល​អាច​កើត​ឡើង​ចំពោះ​សត្វ​ផ្សោត​ ដែល​តម្រូវ​ឲ្យ​អាជ្ញាធរ​ពាក់​ព័ន្ធ​ទាំង​អស់​ត្រូវ​បង្កើន​សកម្មភាព​ការងារ​ទប់​ស្កាត់​បទ​ល្មើស​នេសាទ​ខុស​ច្បាប់​ ដូច​ជា​ការ​រាយ​មង​ ឬ​ការ​ប្រើ​ប្រាស់​ឧបករណ៍​ឆក់។​

រូបថតផ្តល់ឲ្យដោយអង្គការមូលនិធី World Wide Fund បង្ហាញសាកសពរបស់សត្វផ្សោតមួយក្បាលនៅជ្រាំងទន្លេមេគង្គក្នុងភូមិកោះទ្រុង ខេត្តក្រចេះ កាលពីថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ ២០២២។ (Eam Sam Un/WWF via AP)
រូបថតផ្តល់ឲ្យដោយអង្គការមូលនិធី World Wide Fund បង្ហាញសាកសពរបស់សត្វផ្សោតមួយក្បាលនៅជ្រាំងទន្លេមេគង្គក្នុងភូមិកោះទ្រុង ខេត្តក្រចេះ កាលពីថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ ២០២២។ (Eam Sam Un/WWF via AP)

លោក​ថ្លែង​ថា៖​ «រដូវ​នេះ​ គឺ​ជា​រដូវ​ទឹក​ស្រក​ ចាប់​ពី​ខែ​ ១២​ រហូត​ទៅ​ដល់​ខែ​ ៤​ ឆ្នាំ​ក្រោយ។ សត្វ​ផ្សោត​ភាគ​ច្រើន​ គឺ​មក​ផ្តុំ​គ្នា​នៅ​អន្លង់​ទឹក​ជ្រៅ​មួយ​ចំនួន ដូច​ជា​អន្លង់​កាំពី​ និង​អន្លង់​កោះផ្តៅ​ ដែល​បញ្ហា​នេះ​គឺ​តម្រូវ​ឲ្យ​មន្ត្រី​មាន​សមត្ថកិច្ច​អនុវត្ត​ច្បាប់ទាំង​អស់​មេត្តា​បង្កើន​កិច្ច​ខិតខំ​ប្រឹង​ប្រែង​ ដើម្បី​ទប់​ស្កាត់​បទ​ល្មើស​ខុស​ច្បាប់​នៅ​តាម​អន្លង់​ដែល​ផ្សោត​រស់​នៅ។ ការ​អនុវត្ត​ច្បាប់​ត្រូវ​ធ្វើ​ ២៤ ​ម៉ោង​លើ​ ៧ នៅ​ពេល​យប់​ និង​ពេល​ថ្ងៃ​ [មួយ​ថ្ងៃ​ ២៤​ ម៉ោង​ មួយ​អាទិត្យ​ ៧ ​គ្មាន​ថ្ងៃ​សម្រាក​ចុង​សប្តាហ៍] ​ដើម្បី​កាត់​បន្ថយ​អត្រា​ស្លាប់​របស់​ផ្សោត​នៅ​ក្នុង​តំបន់​ទាំង​នេះ​ ជាពិសេស​នៅ​ក្នុង​រដូវ​ទឹក​ស្រក​នេះ»។​

លោក​បន្ថែម​ថា​ កម្ពុជា​ជា​ប្រទេស​ដែល​មាន​ផ្សោត​ច្រើន​ជាង​គេ​ក្នុង​ទន្លេ​មេគង្គ​ ធៀប​នឹង​ទន្លេ​ពីរ​ទៀត​គឺ​ទន្លេ ​Mahakam​ នៅឥណ្ឌូណេស៊ី​ និង​ទន្លេ​ Irrawaddy ​នៅ​ប្រទេស​មីយ៉ាន់ម៉ា ប៉ុន្តែ​ស្ថានភាព​ប្រឈម​ និង​សម្ពាធ​គឺ​ស្រដៀង​គ្នា​ ពាក់​ព័ន្ធ​នឹង​បទ​ល្មើស​នេសាទ។​

លោក​ថ្លែង​ថា៖ «ហ្នឹង​គឺ​ជា​មោទនភាព​របស់​យើង​ហើយ​ ដែល​យើង​មាន​សត្វផ្សោត​ទន្លេ​ច្រើន​ជាង​គេ​នៅ​ក្នុង​តំបន់​អាស៊ី​ភាគ​អាគ្នេយ៍​យើង​នេះ​ បាទ។ ក៏ប៉ុន្តែ​ពិនិត្យ​មើល​សម្ពាធ​ទៅ​លើ​ការ​នេសាទ​ នៅ​ក្នុង​តំបន់​ដែល​ផ្សោត​រស់​នៅ​នៃ​ទន្លេ​ទាំង​បី​ហ្នឹង​ គឺ​មាន​សម្ពាធ​ប្រហាក់​ប្រហែល​គ្នា បញ្ហា​ប្រឈម​ស្រដៀង​គ្នា​តែ​ម្តង។ ការ​នេសាទ​ខុស​ច្បាប់​ ដោយ​ប្រើ​មង​ ដោយ​ប្រើ​ឧបករណ៍​ឆក់​ និង​ការ​បំពុល​ គឺ​មាន​នៅ​ក្នុង​តំបន់​ផ្សោត​រស់​នៅ​នៃ​ទន្លេ​ទាំងបី​ហ្នឹង​តែ​ម្តង»។​

លោក​បន្ថែម​ថា៖​ «ខ្ញុំ​សូម​ឆ្លៀត​យក​ឱកាស​នេះ​ សូម​ធ្វើ​ការ​អំពាវនាវ​ដល់​អាជ្ញាធរ​មាន​សមត្ថកិច្ច​គ្រប់​លំដាប់​ថ្នាក់​ មេត្តា​បង្កើន​ការ​អនុវត្ត​ច្បាប់​ឲ្យ​បាន​តឹងរ៉ឹង​បំផុត​ នៅ​ក្នុង​តំបន់​ដែល​ផ្សោត​រស់​នៅ។ ហើយ​និង​សូម​អំពាវ​នាវ​ដល់​ប្រជា​ពលរដ្ឋ​ ពិសេស​អ្នក​នេសាទ​គ្រប់​រូប​ មេត្តា​បញ្ឈប់​ជា​បន្ទាន់​នូវ​ការ​ប្រើប្រាស់​ឧបករណ៍​ខុស​ច្បាប់​ នៅ​ក្នុង​តំបន់​ដែល​ផ្សោត​រស់​នៅ​ ហើយ​ចូលរួម​ទាំង​អស់​គ្នា​ដើម្បី​ការពារ​បេតិភណ្ឌ​មាន​ជីវិត​របស់​យើង​ក្នុង​គោល​ដៅ​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​ ដែល​មាន​សក្តានុពល​ទៅ​ថ្ងៃ​អនាគត»។​

បើ​តាម​លោក​ សេង​ ទៀក សត្វ​ផ្សោត​រស់​នៅ​ក្នុង​ទន្លេ​ទាំង​បី​នៃ​ប្រទេស​កម្ពុជា​ ឥណ្ឌូណេស៊ី​ និង​មីយ៉ាន់ម៉ា​ គឺ​មាន​ចំនួន​តិច​ជាង​ ១០០ ​ក្បាល។ លោក​ឲ្យ​ដឹង​ទៀត​ថា​ វត្តមាន​របស់​សត្វ​ផ្សោត​ក្នុង​ទន្លេ​បញ្ជាក់​ថា បរិស្ថាន​ជុំវិញ​ទន្លេ​ល្អ​ ទឹក​ក៏​មាន​គុណ​ភាព​ល្អ​ ហើយ​សម្បូរ​ទៅ​ដោយ​ត្រី​ដែល​ជា​អាហារ​សំខាន់​របស់​សត្វ​ផ្សោត។​

វីអូអេ​មិន​ទាន់​អាច​សុំការ​អត្ថាធិប្បាយ​ពី​ប្រធាន​នាយកដ្ឋាន​អភិរក្ស​ជលផល​នៃ​រដ្ឋបាល​ជលផល​នៅ​ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​ លោក​ អ៊ុក វិបុល ​ដោយ​សារ​ពិបាក​ក្នុង​ការ​ទំនាក់​ទំនង​តាម​ទូរសព្ទ​ ខណៈ​លោក​កំពុង​ស្ថិត​នៅ​កណ្តាល​ផ្ទៃទន្លេសាប​នៅ​ថ្ងៃ​ចន្ទ​នេះ។​

ក្នុង​ចំណោម​ចំនួន​សត្វ​ផ្សោត​នៅ​សេស​សល់​ដែល​កំពុង​រស់​នៅ​ក្នុង​ទន្លេ​មេគង្គ​ សត្វ​ផ្សោត​ប្រមាណ​ ៧០​ ភាគ​រយ​ មាន​អាយុ​លើស​ពី​ ២០​ ឆ្នាំ​ ដែល​ជា​វ័យ​មួយ​ផុត​កំណត់​អាយុ​ដែល​មាន​លទ្ធភាព​បង្កាត់​ពូជ។ ជា​ទូទៅ​សត្វ​ផ្សោត​អ៊ីរ៉ាវ៉ាឌី ​អាច​រស់​នៅ​បាន​ដល់​អាយុ​ចន្លោះ​ពី​ ២៧ ឆ្នាំ​ទៅ​ ៣០​ ឆ្នាំ។​ នេះ​បើ​តាម​អង្គការ​ WWF ​កម្ពុជា។​

អង្គការ​ការពារ​សត្វព្រៃ​ដដែល​ឲ្យ​ដឹង​ទៀត​ថា អត្រា​ស្លាប់​របស់​កូន​សត្វ​ផ្សោត ​មាន​កម្រិត​ខ្ពស់ ​ប្រមាណ ​៦២​ ភាគ​រយ​ក្នុង​រយៈពេល​បី​ឆ្នាំ​ចុង​ក្រោយ​នេះ​ ដែល​ជា​មូលហេតុ​ធ្វើ​ឲ្យ​អត្រា​រស់​រាន​របស់​កូន​សត្វ​ផ្សោត​រហូត​ដល់​ពេញ​វ័យ​មាន​កម្រិត​ទាប។ នេះ​ជា​កត្តា​ដែល​ធ្វើ​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ ព្រោះ​មិន​មាន​ចំនួន​សត្វ​ផ្សោត​កើត​ថ្មី​គ្រប់​គ្រាន់​ដើម្បី​បន្ត​វេន​ជំនួស​ផ្សោត​ចាស់។​

ដើម្បី​ទប់ស្កាត់​មិន​ឲ្យ​មាន​ការ​ស្លាប់​សត្វ​ផ្សោត​ដោយ​សារ​តែ​សកម្ម​ភាព​ដាក់​មង​ក្នុង​ទន្លេ​មេគង្គ​នោះ​ អង្គការ​ WWF ​កម្ពុជា​បាន​អំពាវនាវ​ដល់​អាជ្ញាធរ​ពាក់​ព័ន្ធ​ទាំង​អស់​មេតា្ត​រៀប​ចំ​ដាក់​ចេញ​នូវ​វិធាន​ការ​សម​ស្រប​បន្ទាន់​ ដើម្បី​បញ្ឈប់​កុំ​ឲ្យ​សត្វ​ផ្សោត​រង​គ្រោះ​ថ្នាក់​ស្លាប់​បន្ត​ទៀត​ ដោយ​សារ​ការ​នេសាទ​ខុស​ច្បាប់​ដោយ​ការ​ប្រើ​មង​នេសាទ ​និង​ឧបករណ៍​ឆក់​ ដែល​កំពុង​ត្រូវ​បាន​ប្រព្រឹត្ត​នៅ​ក្នុង​តំបន់​អភិរក្ស​ផ្សោត៕

XS
SM
MD
LG