ផលនេសាទ ធ្លាក់ចុះជាបន្តបន្ទាប់ ហើយកម្រិតទឹកមិនទៀងទាត់។ នេះជាការអះអាងរបស់ប្រជានេសាទខ្មែរក្នុងភូមិសាស្រ្តទន្លេមេគង្គក្នុងស្រុកសំបូរ ខេត្តក្រចេះ។
ការព្រួយបារម្ភរបស់អ្នកនេសាទដែលពឹងផ្អែកលើការរកត្រីនៅក្នុងទន្លេមេគង្គ បន្ថែមពីការធ្វើស្រែ និងចិញ្ចឹមសត្វ ស្របគ្នាទៅនឹងរបាយការណ៍ថ្មីមួយដែលធ្វើឡើងដោយគណៈកម្មការទន្លេមេគង្គ (Mekong River Commission ឬ MRC) ដែលបានរំលេចពីផលប៉ះពាល់នៃសកម្មភាពរបស់មនុស្ស និងបញ្ហានៃការប្រែប្រួលអាកាសធាតុក្នុងអាងទន្លេមេគង្គក្រោម ដែល«កំពុងដាក់សម្ពាធ»លើជលផលក្នុងទឹក។
នៅក្នុងសេចក្តីប្រកាសព័ត៌មានស្តីពីរបាយការណ៍ចំនួនពីរដែលចេញផ្សាយកាលពីថ្ងៃអង្គារ គណៈកម្មការទន្លេមេគង្គដែលជាស្ថាប័នអន្តររដ្ឋាភិបាលមួយ ដែលមានប្រទេសកម្ពុជា ឡាវ ថៃ និងវៀតណាម ជាសមាជិកបានបង្ហាញថា ការនេសាទហួសកម្រិត និងការខូចខាតទីជម្រកបណ្តាលមកពីកំណើនប្រជាជន ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការប្រែប្រួលអាកាសធាតុ «កំពុងដាក់សម្ពាធយ៉ាងខ្លាំង»លើជលផលអាងទន្លេមេគង្គក្រោម។
របាយការណ៍ពីរនេះមានចំណងជើងថា «ស្ថានភាពនិងនិន្នាការនៃភាពសម្បូរបែបនិងភាពចម្រុះនៃមច្ឆាក្នុងអាងទន្លេមេគង្គក្រោម ចាប់ពីឆ្នាំ២០០៧ ដល់ឆ្នាំ២០១៨» និង«ការតាមដានផលប៉ះពាល់សង្គម និងការវាយតម្លៃភាពងាយរងគ្រោះឆ្នាំ២០១៨»។ របាយការណ៍ឲ្យដឹងថា ក្រុមគ្រួសាររស់នៅតាមដងទន្លេមេគង្គ នៅតែបន្តពឹងអាស្រ័យលើធនធានទឹក ដែលកំពុងរងសម្ពាធកាន់តែខ្លាំងឡើង។
លោក ស៊ឹម នឿន អាយុ ៤២ឆ្នាំ រស់នៅក្នុងភូមិកោះដំបង ឃុំបឹងចារ ស្រុកសំបូរ ខេត្តក្រចេះ បានប្រាប់វីអូអេថា ផលត្រីបានធ្លាក់ចុះពាក់កណ្តាល បើធៀបនឹងកាលពីពេលមុន ដោយសារមូលហេតុមួយចំនួន ដូចជាការស្ថាបនាទំនប់វារីអគ្គិសនីនៅទន្លេមេគង្គ ការប្រែប្រួលកម្រិតទឹក និងការនេសាទខុសច្បាប់ផងដែរ។ ដោយសារកម្រិតទឹកទន្លេឡើងចុះមិនទៀងទាត់ នាំឲ្យរំខានដល់ការពងត្រី។
លោកថ្លែងថា៖ «វាទាក់ទងនឹងទំនប់ផង ហើយទឹកឡើងចុះអត់កំណត់។ ពីមួយឆ្នាំទៅមួយឆ្នាំ អត់ទៀងទាត់»។
ប្រជានេសាទដែលមានកូន៣នាក់រូបនោះបានឲ្យដឹងទៀតថា លោករកត្រីបានត្រឹមតែ១គីឡូក្រាមទៅ៣គីឡូក្រាម ប្រែប្រួលទៅតាមថ្ងៃ ដែលវាថយចុះពាក់កណ្តាល បើធៀបនឹង៥ឆ្នាំមុន។ ក្រៅពីរកត្រីទុកធ្វើជាអាហារសម្រាប់គ្រួសារ លោកក៏យកត្រីទាំងនោះលក់ផងដែរ ដែលអាចរកប្រាក់ចន្លោះពី១ម៉ឺនរៀល ទៅ២ម៉ឺនរៀលក្នុងមួយថ្ងៃ។ ការធ្លាក់ចុះត្រីជាបន្តបន្ទាប់នេះ នាំឲ្យលោកបារម្ភអំពីជីវភាពរបស់លោកទៅថ្ងៃខាងមុខ ដែលពឹងផ្អែកលើការនេសាទ។
ចំណែកលោក គង់ គីម អាយុ៦២ឆ្នាំ ជាប្រជានេសាទមួយរូបទៀត រស់នៅក្នុងភូមិដំរ៉ែ ស្រុកសំបូរ ខេត្តក្រចេះ ក៏បានថ្លែងថា ផលនេសាទបានធ្លាក់ចុះ ហើយថ្ងៃខ្លះ លោករកត្រីមិនបានសូម្បីតែមួយក្បាល។
លោកប្រាប់វីអូអេថា៖ «ពីដើមខ្ញុំរកបាន ត្រឹមមួយថ្ងៃអី រកបានម៉ាដោះស្រាយជីវភាព។ ដល់ឥឡូវនេះ ប្រហែលប៉ុន្មានឆ្នាំ ប្រហែលជាពីរឆ្នាំនេះ វាចេះតែចុះបណ្តើរៗ។ ក្នុងឆ្នាំនេះ អ្នកដាក់លបតាមកំពង់មិនបានហូបផង»។
លោកបន្ថែមថា កម្រិតទឹកទន្លេបានប្រែប្រួល សូម្បីតែខែប្រាំង ក៏ទឹកអាចឡើងដែរ ដោយសារការបញ្ចេញទឹកពីទំនប់វារីអគ្គិសនីនៅផ្នែកខាងលើ។
លោកថ្លែងថា៖ «ទឹកតាំងពីមានវារីអគ្គិសនីទំនប់ខាងលើ ទឹកខែប្រាំងវាអត់ដូចពីដើម។ ពីដើមខែប្រាំង វាស្រករីង ដល់ឥឡូវវាអត់មាន អាខែប្រាំង ក៏ឡើងស្រកៗ»។
នៅក្នុងរបាយការណ៍ថ្មីរបស់ខ្លួន គណៈកម្មការទន្លេមេគង្គ បានផ្តល់អនុសាសន៍ដោយជំរុញឲ្យរដ្ឋាភិបាលនៃប្រទេសជាសមាជិកទាំង៤ ពង្រឹងបទប្បញ្ញត្តិថ្នាក់ជាតិ និងអនុវត្តរួមគ្នានូវយុទ្ធសាស្ត្រគ្រប់គ្រង និងអភិវឌ្ឍជលផលសម្រាប់អាងទន្លេមេគង្គទាំងមូល។ គណៈកម្មការទន្លេមេគង្គបញ្ជាក់ថា ការសិក្សានេះ ក៏បានស្នើបន្ថែមទៀតឲ្យមានផែនការគ្រប់គ្រងទន្លេបែបចម្រុះនានា ដើម្បីដោះស្រាយរាល់ហានិភ័យពីការអភិវឌ្ឍទំនប់វារីអគ្គិសនីដែលកំពុងកើនឡើង។
លោក អាន ពេជ្រហត្ថដា នាយកប្រតិបត្តិនៃលេខាធិការដ្ឋាន MRC មានប្រសាសន៍នៅក្នុងសេចក្តីប្រកាសព័ត៌មានថា៖ «ការសិក្សាស្រាវជ្រាវទាំងនេះ រំលេចបន្ថែមពីសារៈសំខាន់នៃការអភិវឌ្ឍប្រកបដោយទំនួលខុសត្រូវ ផលប្រយោជន៍ថ្នាក់ជាតិ និងតំបន់ដែលមានតុល្យភាព និងកិច្ចសហប្រតិបត្តិការតំបន់កាន់តែរឹងមាំបន្ថែមទៀត ដើម្បីរក្សាការពារធនធានទឹក និងធនធានពាក់ព័ន្ធនៃទន្លេមេគង្គ»។
លោក គល់ វឌ្ឍនា អគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានថ្លែងក្នុងនាមលោកជាមន្រ្តីទទួលបន្ទុកកិច្ចការទន្លេមេគង្គ និងជាអ្នកបច្ចេកទេសមួយរូបថារបាយការណ៍របស់គណៈកម្មការទន្លេមេគង្គជា«សំឡេងរួម»របស់ប្រទេសជាសមាជិកដែលមាន៤ប្រទេស។
លោកប្រាប់វីអូអេបន្ថែមថា៖ «យើងសង្កត់ទៅឡាវមួយក៏អត់កើត ដោយសារទំនប់ពិតប្រាកដ វាមិនមែនតែឡាវ ឃើញទេវារួមចំណែក។ វាមានទំនប់ពីចិន វាមានទំនប់ពីឡាវ» ។
បើតាមមន្រ្តីរូបនោះ ប្រទេសជាសមាជិកបានអនុវត្តនីតិវិធីមួយ ហៅថា«ការសម្របសម្រួលទៅលើរបៀបរបបនៃការធ្វើប្រតិបត្តិការ»របស់បណ្តាគម្រោងទំនប់អគ្គិសនីនៅលើទន្លេមេគង្គ ក្នុងគោលដៅកាត់បន្ថយផលប៉ះពាល់។ លោកបន្ថែមថា ប្រទេសជាសមាជិកមិនមានសិទ្ធិទៅហាមឃាត់ប្រទេសណាមួយដែលចង់អភិវឌ្ឍទំនប់លើដងទន្លេមេគង្គបានទេ ដូចមានចែងក្នុងច្បាប់របស់គណៈកម្មការទន្លេមេគង្គ ក្នុងឆ្នាំ១៩៩៥។ ប៉ុន្តែប្រទេសជាសមាជិកត្រូវគោរពតាមនីតិវិធីនៃការជូនដំណឹង ការពិគ្រោះយោបល់ជាមុន និងការព្រមព្រៀង។
លោក ឱម សាវ៉ាត នាយកប្រតិបត្តិសម្ព័ន្ធភាពដើម្បីអភិរក្សធនធានជលផល (FACT) មានការព្រួយបារម្ភខ្លាំងលើគម្រោងអភិវឌ្ឍទំនប់វារីអគ្គិសនីនៅលើអាងទន្លេមេគង្គ ដែលទាមទារឲ្យមានការវាយតម្លៃខ្ពស់នៃផលប៉ះពាល់។
លោកប្រាប់វីអូអេថា៖ «បីឆ្នាំកន្លងមកនេះ ២០១៩ ២០២០ ២០២១នេះ យើងឃើញថាឥទ្ធិពលនៃផលប៉ះពាល់ហ្នឹង វាកើតមានបណ្តើរៗមែន ហើយពិសេសគឺលំហូរទឹកពីមេគង្គចូលទៅបឹងទន្លេសាបហ្នឹង វាមានការប្រែប្រួលច្រើនដែលនេះជាផ្នែកមួយដែលធ្វើឲ្យប៉ះពាល់ដល់ផលនេសាទរបស់បងប្អូនអ្នកនេសាទយើងនៅតាមបណ្តោយដងទន្លេមេគង្គ ក៏ដូចជានៅបឹងទន្លេសាបយើងដែរ»។
លោកបន្ថែមថារបាយការណ៍របស់គណៈកម្មការទន្លេមេគង្គ ស្របនឹងក្តីព្រួយបារម្ភរបស់លោកផងដែរ ដែលបានលើកឡើងតាំងពី៥ឆ្នាំឬ១០ឆ្នាំមុន។ លោកសង្ឃឹមថារដ្ឋាភិបាលនឹងយករបាយការណ៍នេះ មកពិចារណា ហើយរកវិធីកុំឲ្យប៉ះពាល់ដល់ផលនេសាទរបស់ប្រជាពលរដ្ឋ។
លោក អ៊ឹង ទ្រី អនុប្រធានរដ្ឋបាលជលផលនៃក្រសួងកសិកម្ម ប្រាប់វីអូអេនៅថ្ងៃពុធថាបម្រែបម្រួលអាកាសធាតុ ទាក់ទងនឹងកម្ពស់ទឹក បានប៉ះពាល់ដល់ផលនេសាទ ហើយវាជាហានិភ័យមួយសម្រាប់សត្វដែលជិតផុតពូជ។
លោកថ្លែងថា៖ «បើសិនណាជាមានការប្រែប្រួលអាកាសធាតុនៅតំបន់ខាងលើទន្លេមេគង្គ អញ្ចឹងវាទាក់ទងទៅនឹងទំនប់ អញ្ចឹងវាអាចនឹងធ្វើឲ្យមានការប្រែប្រួលយ៉ាងខ្លាំងទៅនឹងធនធានជលផលរបស់យើង ជាពិសេសគឺសត្វដែលជិតផុតពូជនិងផ្សោត»។
លោកបន្ថែមថា៖ «ត្រីច្រើនឬតិច គឺទាក់ទងនឹងកម្ពស់ទឹក ហើយកម្ពស់ទឹកប្រែប្រួលដែលមិនអាចគ្រប់គ្រងបាន»។
លោក អ៊ឹង ទ្រី បញ្ជាក់ថាដើម្បីដោះស្រាយបញ្ហាជលផលនេះ ភាគីទាំងអស់ត្រូវសហការគ្នា ធ្វើយ៉ាងម៉េចជំរុញឲ្យប្រទេសឡាវយកចិត្តទុកដាក់លើការស្ថាបនាទំនប់វារីអគ្គិសនី និងធានាទុកច្រកឲ្យត្រីអាចហែលចេញមកបាន។
កាលពីកន្លងទៅ ភាគីឡាវបានឲ្យដឹងថាការស្ថាបនាទំនប់វារីអគ្គិសនីនៅប្រទេសឡាវ ក្រុមហ៊ុនបានបង្កើតច្រកសម្រាប់ត្រីអាចហែលចេញបាន។
គួរបញ្ជាក់ថាទន្លេមេគង្គដែលមានប្រភពទឹកពីប្រទេសចិន ហូរកាត់ប្រទេសមីយ៉ាន់ម៉ា ឡាវ ថៃ កម្ពុជា និងវៀតណាម។ ទន្លេនេះបានជួយទ្រទ្រង់ជីវភាពរស់នៅរបស់មនុស្សជាង៦០លាននាក់ ដែលរស់នៅតាមបណ្តោយផ្លូវទឹកមួយនេះ៕