ពួកមន្រ្តីសុខាភិបាលក្នុងទីក្រុងវូហានដែលជាទីកន្លែងផ្ទុះឡើងនូវជំងឺកូវីដ១៩ នៅក្នុងប្រទេសចិន បានពិនិត្យមើលឡើងវិញចំនួនស្លាប់ដោយវីរុសកូរ៉ូណាមានជាង៥០ភាគរយនៅថ្ងៃសុក្រនេះ។
ការស្លាប់ចំនួន ១,២៩០ នាក់ ត្រូវបានបន្ថែមដោយមជ្ឈមណ្ឌលរារាំង និងត្រួតត្រាជំងឺឆ្លងរបស់ក្រុង វូហាន ដោយធ្វើឲ្យមានចំនួនមនុស្សស្លាប់ទាំងអស់ទៅដល់៣,៨៦៩ នាក់។
ពួកមន្រ្តី ក៏បានបង្កើន៣២៥ករណីទៀតធ្វើឲ្យមានករណីមេរោគកូរ៉ូណាសរុប៥៣,០៣៣។
ពួកអាជ្ញាធរមូលដ្ឋានបាននិយាយនៅលើបណ្តាញព័ត៌មានសង្គមថា ករណីខ្លះត្រូវបានរាយការណ៍ច្រឡំឬបាត់តែម្តង។
កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយថា សុវត្ថិភាពនិងសុខភាពរបស់ពលរដ្ឋអាមេរិកាំង នឹងក្លាយជាអាទិភាពក្នុងចំណាត់ការរបស់រដ្ឋបាលលោកដើម្បីបើកប្រទេសឡើងវិញ។
លោកប្រធានាធិបតី ត្រាំ និងក្រុមការងារកូរ៉ូណារបស់លោក បានបញ្ចេញផែនការសម្រាប់ការបើកប្រទេសឡើងវិញជាបណ្តើរៗហើយនឹងការវិលត្រឡប់របស់ពលរដ្ឋអាមេរិកាំងទៅធ្វើការងារវិញ។ លោកប្រធានាធិបតី បានមានប្រសាសន៍ថា ផ្នែកខ្លះនៅក្នុងប្រទេស បានបើកឡើងវិញរួចហើយ ហើយរដ្ឋយ៉ាងហោចណាស់២៩ នឹងប្រុងប្រៀបបើកឡើងវិញនៅពេលឆាប់ៗនេះ។លោកប្រធានាធិបតី បាននិយាយទៀតថា ការបើកឡើងវិញ នឹងត្រូវទុកឲ្យអភិបាលនិងពួកមេដឹកនាំមូលដ្ឋានធ្វើការសម្រេច។
ការប្រកាសរបស់លោក បានធ្វើឡើងប៉ុន្មានម៉ោងបន្ទាប់ពីលោកស្រី Muriel Bowser អភិបាលរដ្ឋធានីវ៉ាស៊ីនតោន បានពន្យារពេលការបិទទីក្រុង២
សប្តាហ៍ទៀតរហូតដល់ថ្ងៃទី១៥ ខែឧសភា។ លោកស្រីអភិបាលក្រុង បានមានប្រសាសន៍ថា វិធានការនេះ នឹងស្ថិតនៅជាធរមានរហូតទាល់តែករណីថ្មីនៃមេរោគកូរ៉ូណាធ្លាក់ចុះក្នុង២សប្តាហ៍នេះ។
ការឆ្លងជំងឺកូវីដ១៩ មកពីមេរោគកូរ៉ូណា បន្តកើនឡើងនៅក្នុងសហរដ្ឋអាមេរិក ដោយមានចំនួនសរុបទាំងអស់៦៧៧,០០០ករណី កាលពីថ្ងៃព្រហស្បតិ៍ និងមនុស្សស្លាប់ជិត៣,៥នាក់៕