ប្រធានាធិបតីចិនលោកស៊ី ជីនពីង បានធ្វើដំណើរនៅថ្ងៃអង្គារនេះទៅកាន់ទីក្រុងវូហានដែលជាដំណើរបំពេញទស្សនកិច្ចលើកទី១ចាប់តាំងពីតំបន់នោះបានក្លាយជាទីកន្លែងនៃការផ្ទុះឡើងនូវមេរោគកូរ៉ូណាវីរុសដែលបានឆ្លងមនុស្សជាង៨ម៉ឺននាក់ហើយបានសម្លាប់មនុស្ស៣ពាន់១រយនាក់នៅក្នុងប្រទេសចិន។
បណ្តាញព័ត៌មានចិន បានរាយការណ៍ថា លោកប្រធានាធិបតីស៊ី នឹងទៅសួរសុខទុកបុគ្គលិកសុខាភិបាល និងអ្នកជំងឺនិងពិនិត្យមើលការខំប្រឹងប្រែងដើម្បីត្រួតត្រាការផ្ទុះឡើងនូវជំងឺនេះ។
ដំណើរទស្សនកិច្ចរបស់លោកបានកើតមានឡើងនៅពេលដែលក្រុមមន្រ្តីសុខាភិបាល បានរាយការណ៍ពីករណីថ្មីចំនួន១៩នៅថ្ងៃអង្គារនេះ ដែលជាផ្នែកមួយនៃនិន្នាការមួយមានការឆ្លងតិចតួចនៅក្នុងប្រទេសចិននៅពេលដែលវីរុសនេះ រាលដាលយ៉ាងរហ័សនៅក្នុងប្រទេសផ្សេងៗទៀត។ ករណីប្រហែល៧០ភាគរយនៅក្នុងប្រទេសចិន បានជាសះស្បើយរួចហើយ។
ការឆ្លើយតបមួយផ្នែករបស់ចិនគឺបិទតំបន់ធំៗព្យាយាមរារាំងវីរុសនោះកុំឲ្យរាល ដាលទៅកន្លែងដែលមានមនុស្សច្រើនឬក្នុងចំណោមអ្នកធ្វើដំណើរដែលធ្វើដំណើរទៅកាន់តំបន់ផ្សេងទៀតនៅក្នុងប្រទេស។
ប្រទេសអ៊ីតាលី ឥឡូវនេះ កំពុងអនុវត្តយុត្តិសាស្រ្តដូចគ្នាបន្ទាប់ពីក្លាយជាទី កន្លែងផ្ទុះដ៏ខ្លាំងមួយនៅក្រៅប្រទេសចិនដោយមានករណីមេរោគកូរ៉ូណាវីរុស៩ពាន់ករណីនិងមនុស្សស្លាប់៤៦០នាក់។
រដ្ឋាភិបាលអ៊ីតាលី កាលពីដំបូង បានដាក់រឹតត្បិតនៅផ្នែកខាងជើង ក៏ប៉ុន្តែ នៅថ្ងៃអង្គារនេះ បានចាប់ផ្តើមការរឹតត្បិតការធ្វើដំណើរដល់ប្រទេសទាំងមូលដែលមានប្រជាពលរដ្ឋចំនួន៦០លាននាក់។
នាយករដ្ឋមន្រ្តីអ៊ីតាលីលោក Giuseppe Conte បាននិយាយនៅក្នុងសុន្ទរកថាតាមទូរទស្សន៍កាលពីល្ងាចថ្ងៃចន្ទថា វិធានការដាក់ឲ្យពលរដ្ឋនៅក្នុងផ្ទះនេះហៅថា «ខ្ញុំកំពុងស្នាក់នៅផ្ទះ»៕