មហាសមុទ្រនានានៅលើពិភពលោកបានបំបែកកំណត់ត្រាសីតុណ្ហភាពថ្មីមួយទៀតកាលពីចុងខែកក្កដា ឆ្នាំ២០២៣ កន្លងទៅនេះ ដែលបង្កឱ្យមានក្ដីបារម្ភកាន់តែខ្លាំងអំពីឥទ្ធិពលរបស់វាដែលអាចកើតមានទៅលើអាកាសធាតុនៅលើភពផែនដី ជីវិតសត្វនៅក្នុងសមុទ្រ និងសហគមន៍នានានៅតាមតំបន់ឆ្នេរ។
សីតុណ្ហភាពនៅលើផ្ទៃមហាសមុទ្របានកើនឡើងរហូតដល់ ២០.៩៦ អង្សាសេ នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣។ នេះបើយោងតាមទិន្នន័យអង្កេតអំពីអាកាសធាតុរបស់សហភាពអឺរ៉ុប។
អ្នកនាំពាក្យនៃសេវាកម្មទទួលបន្ទុកផ្នែកបម្រែបម្រួលអាកាសធាតុ Copernicus របស់សហភាពអឺរ៉ុប បានថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP កាលពីថ្ងៃសុក្រទី៤ ខែសីហា ឆ្នាំ២០២៣ ថា កំណត់ត្រាលើកមុនដែលបានធ្វើឡើងកាលពីខែមីនា ឆ្នាំ ២០១៦ មានកម្រិត ២០.៩៥ អង្សាសេ។ ការធ្វើតេស្ហនេះ មិនរួមបញ្ជូលមហាសមុទ្រនៅក្នុងតំបន់ប៉ូលនោះទេ។
រដ្ឋបាលជាតិមហាសមុទ្រនិងបរិយាកាសរបស់សហរដ្ឋអាមេរិក (The U.S. National Oceanic and Atmospheric Administration) ក៏បានកត់ត្រានិន្នាការប្រហាក់ប្រហែលគ្នានេះដែរ នៅក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ដោយប្រើទិន្នន័យផ្សេងពីសហភាពអឺរ៉ុប។
រដ្ឋបាលនេះលើកឡើងថា សីតុណ្ហភាពមធ្យមនៅលើផ្ទៃមហាសមុទ្របានឈានដល់កម្រិតខ្ពស់បំផុត កាលពីថ្ងៃទី៤ ខែមេសា ឆ្នាំនេះ ក្នុងកម្រិត ២១.០៦ អង្សាសេ ខ្ពស់ជាងកម្រិតមុន ដែលមានត្រឹមតែ ២១.០១ អង្សាសេ កាលពីខែមីនា ឆ្នាំ២០១៦។ កាលពីថ្ងៃទី១ ខែសីហាកន្លងទៅនេះ សីតុណ្ហភាពមធ្យមមានកម្រិត ២១.០៣ អង្សាសេ។
អ្នកវិទ្យាសាស្ត្របានលើកឡើងថា មហាសមុទ្របានស្រូបយកកម្ដៅ ៩០ ភាគរយដែលបង្កើតដោយសកម្មភាពនានារបស់មនុស្ស ចាប់តាំងពីការចាប់ផ្ដើមយុគសម័យឧស្សាហកម្ម។
កម្ដៅដែលកើនឡើងនេះ បន្តកើតមានដោយសារតែឧស្ម័នផ្ទះកញ្ចក់ ដែលភាគច្រើនកើតចេញពីចំហេះប្រេងឥន្ធនៈ ឧស្ម័ន និងធ្យូងថ្ម ដែលកើនឡើងនៅក្នុងបរិយាកាសនៃភពផែនដី។
នៅទូទាំងសាកលលោក សីតុណ្ហភាពមធ្យមនៃមហាសមុទ្រ បានកើនលើសពីកំណត់ត្រាកម្ដៅប្រចាំរដូវកាល ចាប់តាំងពីខែមេសា ឆ្នាំ២០២៣ នេះ៕
ប្រែសម្រួលដោយលោក នៀម ឆេង
ក្រុងប៉ារីស ប្រទេសបារាំង —