ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បណ្ដាញ​​ផ្សាយ​សាធារណៈ​ពិភពលោក៖ ការ​ប្ដូរ​ប្រព័ន្ធ​​ផ្សព្វផ្សាយ​វិទ្យុ និង​ទូរទស្សន៍​ពី​អាណាឡូក​ទៅ​ឌីជីថល​នៅ​​យឺត


រូប​ឯកសារ៖ ស្លាកសញ្ញា​និង​ឈ្មោះ​ប៉ុស្តិ៍​របស់​បណ្តាញ​ផ្សាយ​រដ្ឋ​របស់​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង SABC នៅ​ទី​ក្រុង Johannesburg ប្រទេស​អាហ្វ្រិក​ខាង​ត្បូង កាល​ពី​ថ្ងៃ​ទី​១ ខែ​កញ្ញា ឆ្នាំ​២០២០។
រូប​ឯកសារ៖ ស្លាកសញ្ញា​និង​ឈ្មោះ​ប៉ុស្តិ៍​របស់​បណ្តាញ​ផ្សាយ​រដ្ឋ​របស់​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង SABC នៅ​ទី​ក្រុង Johannesburg ប្រទេស​អាហ្វ្រិក​ខាង​ត្បូង កាល​ពី​ថ្ងៃ​ទី​១ ខែ​កញ្ញា ឆ្នាំ​២០២០។

សមាជិក​សហភាព​វិទ្យុ​និង​ទូរទស្សន៍​អន្តរជាតិ​ មក​ពី​ប្រទេស​ប្រមាណ ៥០ បាន​បើក​កិច្ច​ប្រជុំ​មួយ​កាល​ពី​ដើម​ខែ​កញ្ញា​នេះ នៅ​រដ្ឋធានី​យុនដេ ​ប្រទេស​កាមេរូន។ ពួក​គេ​និយាយ​ថា កង្វះ​ហេដ្ឋារចនាសម្ព័ន្ធ ធនធាន​មនុស្ស​ និង​ហិរញ្ញវត្ថុ នៅ​តែ​ជា​ឧបសគ្គ​ចម្បង​ក្នុង​ការ​ប្ដូរ​ប្រព័ន្ធ​ផ្សាយ​ពី​អាណាឡូក ទៅ​ឌីជីថល សម្រាប់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​សាធារណៈ​ ជា​ពិសេស​នៅ​ទ្វីប​អាហ្វ្រិក។ ពួក​គេ​កំពុង​ស្នើ​ឲ្យ​រដ្ឋាភិបាល​ និង ទីភ្នាក់ងារ​ផ្ដល់​មូលនិធិ​នានា ជួយ​ទៅ​លើ​ការ​ប្រែ​ក្លាយ​ទៅ​ប្រព័ន្ធ​ឌីជីថល​ ដែល​ជា​ប្រព័ន្ធ​ចាំ​បាច់​មួយ​នៅ​ក្នុង​វិស័យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែល​កំពុង​ប្រែប្រួល។

រដ្ឋ​សមាជិក​ជាច្រើន​នៃ​សហភាព​វិទ្យុ​និង​ទូរទស្សន៍​អន្តរជាតិ ហៅ​កាត់​ថា​ URTIបាន​ថ្លែង​ថា ដើម​ទុន​ផ្នែក​ថវិកា និង​ធនធាន​មនុស្ស​ ដែល​ជា​ចំណុច​ស្នួល​នៃ​ការ​ផ្លាស់ប្តូរ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ពី​អាណាឡូក​ទៅ​ឌីជីថល នៅ​មាន​កម្រិត​យ៉ាង​ខ្លាំង​នៅ​ក្នុង​ប្រទេស​របស់​ពួក​គេ។ នៅ​ក្នុង​ជំនួប​កាល​ពី​ដើម​ខែ​កញ្ញា​នេះ នៅ​ទីក្រុង​យុនដេ ប្រទេស​កាមេរូន អ្នក​គ្រប់គ្រង​ប្រព័ន្ធ​ផ្សព្វផ្សាយ​សាធារណៈ បាន​លើក​ឡើង​ពី​ការ​ឆ្លង​រលក​នៃ​ការ​ផ្សាយ ជាមួយ​នឹង​សេវា​ផ្នែក​ទូរគមនាគមន៍ ដែល​បណ្ដាល​ឲ្យ​មាន​ពន្យារ​ការ​ផ្សាយ​ដោយសារ​តែ​តម្រូវ​ការ​ប្ដូរ​ប្រព័ន្ធ។

លោក​សាស្ត្រាចារ្យ ​Amin Alhassan គឺជា​អគ្គនាយក​សាជីវកម្ម​ផ្សាយ​នៅ​ប្រទេស​ហ្គាណា។ លោក​និយាយ​ថា ប្រព័ន្ធ​ផ្សព្វផ្សាយ​ភាគច្រើន​នៅ​ទ្វីប​អាហ្វ្រិក​មិន​បាន​បម្រើ​ដល់​អ្នក​ស្ដាប់​របស់​ពួកគេ​ទេ ហើយ​ក៏​មិន​មាន​ភាពបត់​បែន​ទៅ​តាម​ស្ថានភាព​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែល​ពួក​គេ​គួរ​តែ​មាន​នោះ​ដែរ​ ដោយសារតែ​ភាព​យឺត​យ៉ាវ​នៃ​ការ​ប្តូរ​ទៅ​កាន់​ឌីជីថល។

លោក​មាន​ប្រសាសន៍​ដូច្នេះ​ថា៖ «ស្ថានីយផ្សាយ​សាធារណៈ​នៅ​លើ​ពិភពលោក​ចាស់​ខ្លាំង​ណាស់។ ពួក​គេ​បាន​វិនិយោគ​យ៉ាង​ច្រើន​ទៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​តាម​អាណាឡូក និង​ទៅ​លើ​ឯកទេស​ប្រព័ន្ធ​ផ្សព្វផ្សាយ​តាម​អាណាឡូក។ បុគ្គលិក​របស់​យើង​ស៊ាំ​ទៅ​នឹង​ការ​ប្រើប្រាស់​ប្រព័ន្ធ​អាណាឡូក បើ​យើង​ប្ដូរ​វា​ឲ្យ​ទៅ​ជា​ឌីជីថល​វិញ​នោះ វា​ជា​បញ្ហា​ប្រឈម​សម្រាប់​ពួក​គេ។ ដូច្នេះ បញ្ហា​ប្រឈម​មួយ​របស់​យើង​គឺ​ធ្វើ​យ៉ាង​ម៉ិច​ឲ្យ​បុគ្គលិក​របស់​យើង​ប្ដូរ​ផ្នត់​គំនិត​ងាក​ទៅ​យល់​ដឹង​អំពី​ប្រតិបត្តិការ​នៅ​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយឌីជីថល»។

សហភាព​ទូរគមនាគមន៍​អន្តរជាតិ ឬ ITU (International Telecommunication Union) បាន​ថ្លែង​ថា ការ​ផ្សាយ​តាម​ប្រព័ន្ធ​ឌីជីថល ធ្វើ​ឲ្យ​ស្ថានីយនានា​អាច​បញ្ចេញ​រូបភាព​វីដេអូ​ក្នុង​កម្រិត​ច្បាស់​ល្អ និង​មាន​កម្រិត​សំឡេង​ប្រសើរ​ជាង​តាម​ប្រព័ន្ធ​អាណាឡូក។ ការ​ផ្សាយ​តាម​ឌីជីថល ក៏​ផ្ដល់​លទ្ធភាព​ឲ្យ​មាន​កម្មវិធី​ផ្សាយ​បាន​ច្រើន​នៅ​លើ​ហ្វ្រេកង់​ឬ​រលក​សំឡេង​តែ​មួយ។

កាល​ពី​ឆ្នាំ ២០០៦ សហភាព​ITU បាន​កំណត់​យក​ខែ​មិថុនា ឆ្នាំ២០១៥ ជា​ពេល​កំណត់​ចុង​ក្រោយ​សម្រាប់​ឲ្យ​ស្ថានីយផ្សាយ​ទាំង​អស់​ប្រែ​ក្លាយ​ពី​ប្រព័ន្ធ​អាណាឡូក​ទៅ​ឌីជីថល។ សម្រាប់​ស្ថានីយប្រើប្រាស់​ប្រព័ន្ធ VHF ពួកគេ​ទទួល​បាន​ការ​ពន្យារ​រយៈ​ពេល​ ៥​ឆ្នាំ ដើម្បី​ប្ដូរ​ទៅ​ឌីជីថល គឺ​រហូត​ដល់​ខែ​មិថុនា ឆ្នាំ២០២០។ ប្រព័ន្ធ​ VHF ត្រូវ​បាន​ប្រើប្រាស់​ភាគ​ច្រើន​នៅ​ក្នុង​ការ​ផ្សាយ​វិទ្យុ​ FM។

ប៉ុន្តែ សហភាព URTI ថ្លែង​ថា ប្រទេស​នៅ​អាហ្វ្រិក​ភាគ​ច្រើន​មិន​បាន​ធ្វើ​តាម​កាល​កំណត់​នេះ​ទេ ដោយ​ពួក​គេ​មិន​បាន​បិទ​រលក​សញ្ញា​ទូរទស្សន៍​អាណាឡូក ដែល​ការណ៍​នេះ​ធ្វើ​ឲ្យ​បាត់​បង់​ឱកាស​ក្នុងការ​ទទួល​បាន​ផល​ប្រយោជន៍​ជាច្រើន​ពី​ការ​ផ្សាយ​តាម​ប្រព័ន្ធ​ឌីជីថល។

ប្រទេស​ម៉ូរីស កេនយ៉ា តង់សានី និង អ៊ូហ្កង់ដា គឺជា​ប្រទេស​ដំបូង​នៅ​ទ្វីប​អាហ្វ្រិក​ដែល​ប្ដូរ​ទៅ​ប្រើ​ប្រព័ន្ធ​ឌីជីថល​បាន​សម្រេច​មុន​គេ។

ប្រទេស​អាហ្វ្រិក​ខាងត្បូង បាន​លើក​ឡើង​កាល​ពី​ឆ្នាំ​២០២២ ​ថា ខ្លួន​នឹង​ប្ដូរ​ទៅ​ប្រព័ន្ធ​ឌីជីថល​សម្រាប់​ការ​ផ្សាយ​ទូរទស្សន៍​ នៅ​ថ្ងៃ​ទី​៣១ ខែ​មីនា ឆ្នាំ​២០២៣។

អ្នកស្រី Jacqueline Hlongwane ​អ្នក​គ្រប់គ្រងស្ថានីយ​ SABC ដែល​ជា​ស្ថានីយផ្សាយ​សាធារណៈ​របស់​អាហ្វ្រិក​ខាង​ត្បូង បាន​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​កាល​ពីដើម​ខែ​កញ្ញា។ អ្នកស្រី​ថ្លែងថា ​ដំណើរ​ការ​ប្ដូរ​ប្រព័ន្ធ​នេះនៅ​តែ​កំពុង​ធ្វើ​ឡើង​បន្ទាប់​ពី​រយៈ​ពេល​កំណត់​បាន​ផុត​ទៅ​ហើយ។

អ្នកស្រី​ថ្លែង​ថា៖ «នៅ​មុន​ដំណាច់​ឆ្នាំ ២០២២ គឺ​ក្នុង​រយៈ​ពេល​ដ៏ខ្លី​មុន​ពេល​ការ​ប្រកួត​បាល់​ទាត់​ពិភពលោក យើង​បាន​ដាក់​ដំណើរការ​ប្រព័ន្ធOTT របស់​យើង​ផ្ទាល់។ យើង​ពិត​ជា​រីករាយ​នឹង​ប្រព័ន្ធ​នេះ​ខ្លាំង​ណាស់​ ព្រោះ​វា​ជា​អ្វី​ដែល​យើង​បាន​ព្យាយាម​បង្កើត​ឡើង​អស់​រយៈ​ពេល​ជា​យូរ​មក​ហើយ។ ឥឡូវ​នេះ ទស្សនិកជន​របស់​យើង​នៅ​អាហ្វ្រិក​ខាង​ត្បូង អាច​ទទួល​បាន​មាតិកា​របស់​យើង។ នេះ​មាន​ន័យ​ថា ពួក​យើង​ជា​ប្រព័ន្ធ​ផ្សព្វផ្សាយ​សាធារណៈ​ក៏​កំពុង​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​កាន់​ការ​ប្រើប្រាស់​ឌីជីថល​សម្រាប់​មាតិកា​របស់​យើង​ដែរ»។

អ្នកស្រី Hlongwane បញ្ជាក់​ថា ប្រព័ន្ធ​ OTT ផ្សព្វផ្សាយ​មាតិកា​ទូរទស្សន៍​តាមអ៊ីនធឺណិត ទៅ​តាម​ការ​ស្នើ​សុំ​របស់​អ្នក​ប្រើប្រាស់​ និង​អ្នក​ចូលទស្សនា។

បណ្ដាញ​ផ្សាយ​សាធារណៈ​ជាច្រើន​លើក​ឡើង​ថា រដ្ឋាភិបាល​ និង​ទីភ្នាក់ងារ​ផ្ដល់​មូលនិធិ​នានា គួរ​តែ​ជួយ​ពួកគេ​ទៅ​លើ​ហេដ្ឋារចនា​សម្ព័ន្ធ ធនធាន​មនុស្ស និង ហិរញ្ញវត្ថុ ដើម្បី​បង្កើន​ការ​ប្រើប្រាស់​ប្រព័ន្ធ​ឌីជីថល​នៅ​ទ្វីប​នេះ ដែល​ការ​ប្ដូរ​ទៅ​ប្រើ​ប្រព័ន្ធ​ឌីជីថល​សម្រេច​បាន​ត្រឹម​តែ​ចន្លោះ​ពី ៣០ ទៅ ៤៣ ភាគ​រយ គឺ​នៅ​ទាប​ជាង​កម្រិត​មធ្យម​ភាគ​សកល​ដែល​មានប្រមាណ ៧០ ភាគរយ៕

ប្រែ​សម្រួលដោយ នៀម ឆេង

XS
SM
MD
LG