សហគមន៍សេដ្ឋកិច្ចបណ្ដាប្រទេសអាហ្វ្រិកខាងលិច (ECOWAS) កំពុងជួបការលំបាកក្នុងការដោះស្រាយបញ្ហាពាក់ព័ន្ធនឹងរបបយោធានៅក្នុងប្រទេសនីហ្សេ ដែលបានឡើងកាន់អំណាចអស់រយៈពេលជាងមួយខែមកនេះ។
កាលពីថ្ងៃទី ២៦ ខែកក្កដា ពួកទាហានបានឃុំខ្លួនប្រធានាធិបតីនីហ្សេលោក Mohamed Bazoum នៅក្នុងផ្ទះរបស់លោក ដោយបានចោទប្រកាន់រដ្ឋបាលរបស់លោកថាបានគ្រប់គ្រងមិនត្រឹមត្រូវលើធនធានក្នុងប្រទេសនិងធ្វើឱ្យស្ថានភាពសន្តិសុខកាន់តែដុនដាប។
ជាការឆ្លើយតប សហគមន៍ ECOWAS បានដាក់ទណ្ឌកម្មផ្នែកពាណិជ្ជកម្មលើប្រទេសនីហ្សេ និងថែមទាំងបានគំរាមធ្វើអន្តរាគមន៍ផ្នែកយោធាទៀតផង។ ប៉ុន្តែវិបត្តិនយោបាយនិងសន្តិសុខដែលកើតមានឡើងជាបន្តនៅក្នុងប្រទេសនីហ្សេ បួគីណាហ្វាសូ ហ្គីណេ និងម៉ាលី កំពុងធ្វើឱ្យស្ថានភាពកាន់តែលំបាកឡើងសម្រាប់ប្រទេសជាសមាជិកចំនួន ១១ ផ្សេងទៀតនៃសហគមន៍ ECOWAS នេះ។
លោក Paul Melly អ្នកប្រឹក្សាយោបល់នៃកម្មវិធីអាហ្វ្រិកប្រចាំវិទ្យាស្ថានសិក្សាគោលនយោយ Chatham House បាននិយាយថា ក្រុមមេដឹកនាំរដ្ឋប្រហារមិនគោរពតាមក្បួនច្បាប់និងគោលការណ៍របស់សហគមន៍ ECOWAS។
លោក Melly បានថ្លែងដូច្នេះថា៖ «រដ្ឋប្រហារជាបន្តបន្ទាប់ពិតជាប៉ះពាល់ធ្ងន់ធ្ងរដល់អ្វីដែលធ្លាប់ជាភាពខ្លាំងរបស់សហគមន៍ ECOWAS។ របបយោធាកំពុងប្រឆាំងនឹងគោលការណ៍សហប្រតិបត្តិការរបស់សហគមន៍ ECOWAS ដែលមានជាយូរមកហើយនៅក្នុងការរៀបចំជាក្បួនច្បាប់អភិបាលកិច្ច និងការគ្រប់គ្រងវិបត្តិ។ នេះគឺជាការគំរាមកំហែងនិងជាបញ្ហាប្រឈមពិតប្រាកដមួយចំពោះសាមគ្គីភាពនៅក្នុងតំបន់»។
កាលពីឆ្នាំ ២០១៧ សហគមន៍ ECOWAS ទទួលបានការកោតសរសើរចំពោះចំណាត់ការយោធាជារួមប្រឆាំងនឹងប្រធានាធិបតីហ្គំប៊ីលោក Yahya Jammeh ដោយជំរុញឱ្យលោកចុះចេញពីតំណែង បន្ទាប់ពីលោកបានចាញ់ប្រធានាធិបតីនាពេលបច្ចុប្បន្នលោក Adama Barrow នៅក្នុងការបោះឆ្នោត។
លោក Francis Mangeni អ្នកជំនាញផ្នែកសមាហរណកម្មក្នុងតំបន់ បានកត់សម្គាល់ថា ស្ថានភាពនាពេលបច្ចុប្បន្នមានសភាពខុសប្លែកពីមុន ដោយរដ្ឋប្រហារខ្លះហាក់ដូចជាទទួលបានការគាំទ្រពីប្រជាពលរដ្ឋ។
លោក Mangeni ថ្លែងដូច្នេះថា៖ «ឥឡូវនេះ យើងស្ថិតក្នុងស្ថានភាពដែលមិនទាន់ច្បាស់ ដែលយើងឃើញប្រជាពលរដ្ឋហាក់ដូចជាគាំទ្ររដ្ឋប្រហារ។ នេះបង្កជាភាពស្មុគស្មាញក្នុងកម្រិតមួយ។ ដូច្នេះ យើងអាចនិយាយបានថា ភាពស្របច្បាប់របស់រដ្ឋាភិបាលជាប់ឆ្នោតតាមរដ្ឋធម្មនុញ្ញហាក់ដូចជានៅមិនច្បាស់។ ហើយនេះជាអ្វីដែលពិតជាគួរឱ្យចាប់អារម្មណ៍ ពីព្រោះប្រសិនបើស្របតាមរដ្ឋធម្មនុញ្ញ ពួកគេគួរត្រូវបានចាត់ទុកថាស្របច្បាប់ ប៉ុន្តែប្រជាពលរដ្ឋហាក់ដូចជាមិនគិតដូច្នេះនោះទេ»។
ក្រុមមេដឹកនាំសហភាពអាហ្វ្រិកមានភាពយឺតយ៉ាវក្នុងការថ្កោលទោសប្រមុខរដ្ឋដែលកែប្រែរដ្ឋធម្មនុញ្ញដើម្បីពន្យារអាណត្តិដឹកនាំរបស់ខ្លួននិងកែប្រែការកំណត់អាយុដើម្បីកាន់អំណាចបន្ត។
បើយោងតាមក្រុមអ្នកជំនាញ ករណីកើតឡើងនៃការដណ្ដើមកាន់អំណាចដោយយោធានៅទ្វីបអាហ្វ្រិកគឺដោយសារមេដឹកនាំកាន់អំណាចលើសពេលកំណត់ ការអនុវត្តមិនត្រឹមត្រូវនៅក្នុងការបោះឆ្នោត និងការខកខានរបស់មេដឹកនាំជាប់ឆ្នោតក្នុងការធ្វើឱ្យមានភាពប្រសើរជាងមុនសម្រាប់ប្រជាពលរដ្ឋ។
ដោយយល់ដឹងអំពីបញ្ហាប្រឈម ព្រឹទ្ធសភានៃប្រទេសនីហ្សេរីយ៉ាបានណែនាំលោកប្រធានាធិបតី Bola Tinubu ដែលជាប្រធានសហគមន៍ ECOWAS ផងដែរ ឱ្យស្វះស្វែងរកជម្រើសផ្សេងដើម្បីដោះស្រាយវិបត្តិនៅក្នុងប្រទេសនីហ្សេ។
លោក Melly បាននិយាយថា បណ្តាប្រទេសដែលរងគ្រោះដោយសារការធ្វើរដ្ឋប្រហារឥឡូវនេះចាត់ទុកវិបត្តិនេះថាជារឿងផ្ទៃក្នុង។
លោក Melly បញ្ជាក់ដូច្នេះថា៖ «វប្បធម៌សហប្រតិបត្តិការរបស់សហគមន៍ ECOWAS នេះគឺថាប្រទេសជាសមាជិកទាំងអស់របស់សហគមន៍នេះទទួលស្គាល់ថាបញ្ហាផ្ទៃក្នុងរបស់ប្រទេសជាសមាជិកណាមួយក៏ជាបញ្ហារបស់សហគមន៍ទាំងមូលផងដែរ។ វប្បធម៌នេះត្រូវបានសឹករេចរឹល ដោយសារតែពួកគេមិនទទួលយកគំនិតដែលថាសហគមន៍ ECOWAS ទាំងមូលមានសិទ្ធិប្រឡូកនៅក្នុងការដោះស្រាយវិបត្តិរបស់ប្រទេសជាសមាជិកនិងធ្វើឱ្យប្រទេសនោះវិលត្រឡប់ទៅរកការដឹកនាំបែបរដ្ឋធម្មនុញ្ញឡើងវិញ។ ហើយនេះគឺជាការផ្លាស់ប្តូរយ៉ាងធំមួយ»។
លោក Mangeni បាននិយាយថា តំបន់នេះត្រូវការការគាំទ្រពីបណ្តាប្រទេសអាហ្វ្រិកដទៃទៀតនៅក្នុងការដោះស្រាយបញ្ហារដ្ឋប្រហារនិងការប៉ុនប៉ងធ្វើរដ្ឋប្រហារជាញឹកញយ។
លោក Mangeni ថ្លែងដូច្នេះថា៖ «យើងត្រូវការចំណាត់ការពីសំណាក់អង្គភាពនយោបាយកម្រិតខ្ពស់បំផុតរបស់សហភាពអាហ្រ្វិក ជាមួយនឹងគំនិតផ្សេងៗពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់។ យើងត្រូវការចំណាត់ការប្រាកដប្រជាដើម្បីដោះស្រាយបញ្ហានេះ។ ចំណាត់ការនេះ ដូចដែលខ្ញុំបានលើកឡើង គួរកើតចេញពីដំណើរការពិគ្រោះយោបល់បែបបរិយាប័ន្នមួយ។ ហើយបន្ទាប់មក យើងត្រូវការឆន្ទៈពីសហគមន៍អន្តរជាតិនិងដៃគូទាំងអស់។ នេះគឺដោយសារតែបញ្ហាខ្លះត្រូវបានបង្កឡើងដោយការធ្វើអន្តរាគមន៍ពីសំណាក់ដៃគូខ្លះរបស់យើងដែលចង់សម្រេចផលប្រយោជន៍របស់ខ្លួន»។
សហភាពអាហ្វ្រិកបានព្យួរសមាជិកភាពរបស់ប្រទេសចំនួន ៦ រួចហើយ ដែលនៅក្នុងប្រទេសទាំងនោះ កងកម្លាំងយោធាបានដណ្ដើមកាន់អំណាចពីរដ្ឋាភិបាលស៊ីវិល ដែលក្នុងនោះរួមមានទាំងប្រទេសជាសមាជិកសហគមន៍ ECOWAS ចំនួន ៤ ខាងលើ ក៏ដូចជាប្រទេសហ្គាបុង និងប្រទេសស៊ូដង់ផងដែរ៕
ប្រែសម្រួលដោយលោក ណឹម សុភ័ក្រ្តបញ្ញា
សាមគ្គីភាពរបស់សហគមន៍ ECOWAS រងការប្រឈម នៅពេលវិបត្តិរដ្ឋប្រហារនៅអាហ្វ្រិកខាងលិចកាន់តែដុនដាប
ទីក្រុងណៃរ៉ូប៊ី ប្រទេសកេនយ៉ា —