ប្រទេសអ៊ីរ៉ង់និងប្រទេសមហាអំណាចពិភពលោកមួយចំនួន បានជួបពិភាក្សាគ្នានៅក្នុងកិច្ចប្រជុំមួយដែលពួកគេហៅថាជាការចរចា «ប្រកបដោយផ្លែផ្កា» កាលពីថ្ងៃអង្គារម្សិលមិញ និងបានឯកភាពគ្នាបង្កើតក្រុមការងារដើម្បីពិភាក្សាអំពីការស្តារកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ ២០១៥ ឡើងវិញ។
អតីតប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានដកសហរដ្ឋអាមេរិកចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់នេះកាលពីឆ្នាំ ២០១៨ ដោយធ្វើឲ្យអ៊ីរ៉ង់រំលោភលើលក្ខខណ្ឌកំហិតអំពីកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនដែលមានចែងនៅក្នុងកិច្ចព្រមព្រៀងនេះ។
ការចរចាកាលពីថ្ងៃអង្គារម្សិលមិញនេះ រួមមានទាំងជំនួបរបស់ភាគីដែលនៅសេសសល់នានានៃកិច្ចព្រមព្រៀងនេះផងដែរ ដែលក្នុងនោះមានដូចជាប្រទេសអ៊ីរ៉ង់ ចក្រភពអង់គ្លេស ចិន បារាំង អាល្លឺម៉ង់ និងរុស្ស៊ី នៅក្នុងក្រុមមួយដែលគេហៅថា «គណៈកម្មការរួម» ដែលមានសហភាពអឺរ៉ុបជាប្រធាន។ សហរដ្ឋអាមេរិកមិនបានចូលរួមនៅក្នុងជំនួបនោះទេ។
ទោះបីជារដ្ឋាភិបាលក្រុងវ៉ាស៊ីនតោននិងរដ្ឋាភិបាលក្រុងតេហេរ៉ង់មិនបានបញ្ជាក់ថា ពួកគេរំពឹងថានឹងមានដំណោះស្រាយណាមួយឆាប់ៗដែលកើតឡើងពីកិច្ចពិភាក្សាដោយប្រយោលនេះក៏ដោយ ក៏ភាគីទាំងពីរនិងសហភាពអឺរ៉ុបបានហៅការពិភាក្សាដំបូងៗនេះថាមានលក្ខណៈវិជ្ជមាន។
លោក Enrique Mora អ្នកសម្របសម្រួលរបស់សហភាពអឺរ៉ុប បានបញ្ជាក់នៅលើ Twitter ថា៖ «នេះគឺជាកិច្ចប្រជុំប្រកបដោយផ្លែផ្ការបស់គណៈកម្មការរួម។ យើងឃើញមានការយល់ស្របជារួមនិងមហិច្ឆតានៅក្នុងការមានដំណើរការការទូតរួមមួយ ដោយមានក្រុមអ្នកជំនាញពីរក្រុមដែលមួយក្រុមធ្វើការលើរឿងអនុវត្តនុយក្លេអ៊ែរ និងមួយក្រុមទៀតធ្វើការលើរឿងដកទណ្ឌកម្ម»៕