ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រទេស​មហា​អំណាច​គាំទ្រ​ការ​ដក​ទណ្ឌកម្ម​អាវុធ​ពី​ប្រទេស​លីប៊ី


​រដ្ឋមន្ត្រី​ការបរទេស​ស.រ.អា. ​John Kerry​​ (កណ្តាល) លោក​ Paolo Gentiloni រដ្ឋ​មន្ត្រី​ការបរទេស​អ៊ីតាលី​ និង​លោក​ Martin Kobler ប្រេសិត​អង្គការ​សហប្រជាជាតិ នៅ​ក្នុង​កិច្ច​ប្រជុំ​អំពី​ប្រទេស​លីប៊ី​ នៅ​ប្រទេស​អូទ្រីស​កាល​ពី​ថ្ងៃទី​១៦ ខែ​ឧសភា ឆ្នាំ២០១៦។
​រដ្ឋមន្ត្រី​ការបរទេស​ស.រ.អា. ​John Kerry​​ (កណ្តាល) លោក​ Paolo Gentiloni រដ្ឋ​មន្ត្រី​ការបរទេស​អ៊ីតាលី​ និង​លោក​ Martin Kobler ប្រេសិត​អង្គការ​សហប្រជាជាតិ នៅ​ក្នុង​កិច្ច​ប្រជុំ​អំពី​ប្រទេស​លីប៊ី​ នៅ​ប្រទេស​អូទ្រីស​កាល​ពី​ថ្ងៃទី​១៦ ខែ​ឧសភា ឆ្នាំ២០១៦។

ប្រទេស​មហា​អំណាច​ពិភព​លោក​និយាយ​ថា ​ពួក​គេ​នឹង​គាំទ្រ​រដ្ឋាភិបាល​ថ្មី​នៃ​ប្រទេស​លីប៊ី​នៅ​ក្នុង​ការ​ខិត​ខំប្រឹង​ប្រែង​របស់​ខ្លួន​ដើម្បី​ឱ្យ​មាន​ការ​លប់​ចោល​ការ​ដាក់​ទណ្ឌកម្ម​ខាង​អាវុធរបស់​អ.ស.ប.​ ដែល​ជា​វិធានការ​មួយ​ដែល​អាច​ជួយ​ឱ្យ​រដ្ឋាភិបាល​នេះ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​គំរាម​កំហែង​ខាង​សន្តិសុខ​ក្នុង​ប្រទេស​និង​ប្រយុទ្ធ​ប្រឆាំង​នឹង​ពួក​រដ្ឋ​ឥស្លាម​ផងដែរ។​

លោក​រដ្ឋមន្ត្រី​ការបរទេស​ស.រ.អា. ​John Kerry​ បាន​ប្រកាសអំពី​សេចក្តី​សម្រេច​ចិត្ត​នេះ​នៅ​ក្រោយ​ការ​ប្រជុំ​ពហុជាតិ​មួយ​ដែល​មាន​ប្រទេស​អាមេរិក​និង​ប្រទេស​អ៊ីតាលី​ធ្វើជា​ប្រធាន។

លោក ​Kerry ​បាន​មាន​ប្រសាសន៍ថា​ ស.រ.អា.​ និង​សហគមន៍​អន្តរជាតិ​«ប្រុង​ប្រៀប​រួច​ស្រេច​ហើយ​ដើម្បី​ផ្តល់​ការគាំទ្រ​ខាង​មនុស្សធម៌ ​ខាង​សេដ្ឋកិច្ច​ និង​ខាង​សន្តិសុខ​ដល់រដ្ឋាភិបាល​ថ្មី​នៃ​ប្រទេស​លីប៊ី»។ ក៏​ប៉ុន្តែ​ លោក​បាន​និយាយ​ដែរ​ថា​បណ្តា​ប្រទេស​មហា​អំណាច​ពិភព​លោក​មិន​បាន​និយាយ​អំពី​ទាហាន​ឬ​ «ការ​បញ្ជូន​ពួក​ទាហាន»​ទៅ​កាន់​ប្រទេស​លីប៊ីទេ។

រដ្ឋាភិបាលនៃ​កិច្ច​ព្រម​ព្រៀង​ជាតិ​ដែល​ភាសា​អង់គ្លេស​ហៅ​ថា Government of National Accord ​កំពុង​ប្រឈម​មុខ​នឹង​ឧបសគ្គ​ពី​ក្រុម​ប្រជែង​គ្នា​និង​ពួក​ជន​សកម្ម​ប្រយុទ្ធមាន​ចំណង​ទាក់ទង​ជា​មួយ​ពួក​រដ្ឋ​ឥស្លាម​ ដែល​បាន​បង្កើត​មូលដ្ឋាន​មួយ​នៅ​ក្នុង​ក្រុង​ Sirte ​នា​ប៉ែក​កណ្តាល​ប្រទេស​ ហើយ​បាន​ប្រើ​ប្រាស់​មូលដ្ឋាន​នេះ​ដើម្បី​បើក​ធ្វើការ​វាយ​ប្រហារ​នៅ​ក្នុង​ប្រទេស​ទុយនីស៊ី​ នៅ​ជិតខាង។

នៅ​ក្នុង​សន្និសីទ​កាសែត​រួម​គ្នា​មួយ​កាលពី​ថ្ងៃ​សុក្រ​ លោក​នាយក​រដ្ឋមន្ត្រី​លីប៊ី Fayez al-Sarraj​ បាន​ពណ៌នា​ស្ថានភាព​នៅ​ក្នុង​ប្រទេស​លោក​ថា​ «អាក្រក់»​ក្នុង​វិស័យ​សេដ្ឋកិច្ច​និង​ខាង​សន្តិសុខ។

លោក​បាន​សុំ​ដល់​ប្រទេស​មហា​អំណាច​ពិភពលោក​ឱ្យ​ផ្តល់​ការ​ហ្វឹកហ្វឺន​បន្ថែម​និង​គ្រឿង​ឧបករណ៍​ឱ្យ​ដល់​កង​កម្លាំង​រដ្ឋាភិបាល​លី​ប៊ី ដោយ​លោក​បាន​និយាយ​ថា​ ​ប្រទេស​នៅ​ជិត​ខាង​ប្រទេស​លីប៊ី​នឹងមិន​«រួច​ខ្លួនទេ»​ប្រសិន​បើ​ភេរវកម្ម​កើន​ឡើង​ខ្លាំង​នៅ​ក្នុង​ប្រទេស​លោក​នោះ៕

XS
SM
MD
LG