ការប្រកួតប្រជែងដ៏ស្រួចស្រាវរវាងបេក្ខជនប្រធានាធិបតីស.រ.អា.នៃគណបក្សប្រជាធិបតេយ្យ និងគណបក្សសាធារណរដ្ឋកំពុងបន្តដំណើរការតាមរដ្ឋនានាពាសពេញស.រ.អា.។ ពលរដ្ឋខ្មែរអាមេរិកាំងកំពុងសម្លឹងមើលបេក្ខជនដែលពួកគេត្រូវបោះឆ្នោតជូន នាពេលខាងមុខ។ ក្រុមអ្នកបោះឆ្នោតខ្លះនៅមិនទាន់អាចកំណត់បានថា តើបេក្ខជនណាដែលពួកគេអាចផ្ញើរវាសនាសម្រាប់អនាគតនោះទេ តែអ្នកខ្លះក៏បាននិយាយដែរថា គណបក្សណាមួយឈ្នះឆ្នោតក៏មិនមានចំណោទសម្រាប់ប្រទេសកម្ពុជាដែលជាប្រទេសកំណើតរបស់គេដែរ ដោយសារទាំងគណបក្សសាធារណរដ្ឋ និងគណបក្សប្រជាធិបតេយ្យមានការយកចិត្តទុកដាក់សម្រាប់បញ្ហាកម្ពុជាច្រើនជាងមុន។
បេក្ខជននាំមុខគេនៃគណបក្សប្រជាធិបតេយ្យ និងបេក្ខជនខាងគណបក្សសាធារណរដ្ឋកំពុងឃោសនាជាបន្តបន្ទាប់នៅតាមបណ្តារដ្ឋផ្សេងៗក្នុងស.រ.អា.។ បេក្ខជននីមួយៗបានបង្ហាញគោលនយោបាយការបរទេស សន្តិសុខជាតិ បញ្ហាពង្រឹកសេដ្ឋកិច្ច និងសង្គមនានាដើម្បីទាក់ទាញក្រុមអ្នកបោះឆ្នោតអាមេរិកាំងចម្រុះជាតិសាសន៍។ រីឯក្រុមអ្នកតាមដាន និងអ្នកបោះឆ្នោតកំពុងផ្ទៀងផ្ទាត់ទៅលើគោលនយោបាយទាំងនោះផង ទៅលើបទពិសោធន៍សមត្ថភាព សវតា និងគំនិតកសាងប្រទេសរបស់បេក្ខជនទាំងពីរគណបក្សផងដែរ។ ពលរដ្ឋខ្មែរអាមេរិកាំងនៅតាមរដ្ឋនានាក៏មិនខុសពីពលរដ្ឋដទៃទៀតដែរ គឺមានការពិចារណាច្រើនទៅប្រវត្តិរបស់បេក្ខជនម្នាក់ៗមុននឹងសម្រេចចិត្តបោះឆ្នោតជូនបេក្ខជនណាមួយធ្វើជាប្រធានាធិបតីនៅខែវិច្ឆិកាឆ្នាំ២០១៦នេះ។
លោកគុជ ច័ន្ទលី ពលរដ្ឋខ្មែរអាមេរិកាំងនៅរដ្ឋ Maryland (ម៉ារីឡែន) បានថ្លែងថា លោកបានតាមដានយ៉ាងល្អិតល្អន់ចំពោះការប្រកួតប្រជែងរកសំឡេងឆ្នោត។
«ចំពោះបុគ្គលិកលក្ខណៈរបស់បេក្ខជននីមួយៗហ្នឹងបានសម្តែងឲ្យប្រជាពលរដ្ឋអាមេរិកាំងឃើញរាប់ខែមកហើយ រាប់ទាំងពីកំណើតដែលខ្លួនកើតមក ហើយមានអាជីវកម្មធ្វើអ្វីខ្លះ កម្រិតការសិក្សា និងនិន្នាការនយោបាយ បទពិសោធន៍ផ្សេងៗក្នុងរឿងដឹកនាំប្រទេស ឥទ្ធិពលលើនយោបាយការបរទេស បច្ចេកទេស ក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម ត្រូវបានបកស្រាយជូនម្ចាស់សន្លឹកឆ្នោតឲ្យគេបានដឹកជំហរនិងបន្ទាត់នយោបាយរបស់ខ្លួនរៀងៗខ្លួន»។
លោកគុជ ច័ន្ទលីបានបន្តថា ទោះជាលោក Bernie Sanders ទំនងជាមិនអាចប្រកួតឈ្នះលោកស្រី ហ៊ីលឡារីគ្លីនតុន (Hillary Clinton)ក៏ដោយ ក៏លោកមានការពេញចិត្តចំពោះលោក Bernie Sanders (ប៊ែនី ស៊ែនឌ័រ) ដោយសារលោកជាសមាជិកព្រឹទ្ធសភាស្អាតស្អំ សម្តែងការស្មោះត្រង់ចំពោះប្រជាពលរដ្ឋជាងគេ ក្នុងចំណោមបេក្ខជនទាំងអស់គ្នា។ ដោយឡែក លោកគុជ ច័ន្ទលីថ្លែងថា លោកស្រីគ្លីនតុនមានបទពិសោធន៍ច្រើនក៏ពិតមែន តែមានរឿងអាស្រូវខ្លះកាលពីអតីតកាល ដូចជាការប្រើសារអេឡិចត្រូនិចផ្ទាល់ខ្លួនបែបអាថ៌កំបាំង និងការដែលលោកស្រីក្នុងនាមជារដ្ឋមន្ត្រីការបរទេស បានអន្តរាគមន៍យឺត ពេលដែលមន្ត្រីទូត និងឯកអគ្គរដ្ឋទូតអាមេរិកាំងស្លាប់ដោយការវាយប្រហារភេរកម្មនៅ Benghazi (បិនហ្កាស៊ី) ប្រទេស Libya (លីប៊ី) ជាដើម។
«ទោះជាយ៉ាងណាក្តី ខ្ញុំឃើញថា លោកស្រី Hillary (ហ៊ីលឡារី) មានជំហរបម្រើផលប្រយោជន៍អាមេរិកាំងច្រើនជាងបម្រើផលប្រយោជន៍ប្រទេសតូចតាចដែលកំពុងត្រូវការជំនួយពីស.រ.អា. ដូចជាប្រទេសខ្មែរជាដើម។ លោក Bernie Sanders (ប៊ែនី ស៊ែនឌ័រ) គាត់មានយុទ្ធវិធីដើម្បីទប់ទល់ជាមួយនឹងភេរវជនក្រុម ISIS (រដ្ឋឥស្លាម)ជាដើម ហើយនឹងជនផ្តាច់ការនិយម នៅក្នុងពិភពលោកនេះដែរ»។
ចំពោះបេក្ខជនគណបក្សសាធារណរដ្ឋ ដូចជាលោកឌូណាល់ ត្រាំ (Donald Trump) វិញ លោកគុជ ច័ន្ទលីបានអះអាងថា បេក្ខជនរូបនេះបានធ្វើការឃោសនាយ៉ាងសាហាវប្រឆាំងជនផ្តាច់ការនិយម និងភេរវករជាដើម។
«Donald Trump (ដូណាល់ ត្រាំ) ដែលគាត់នាំមុខគេគឺត្រង់ថា គាត់មិនខ្លាចនឹងនិយាយអ្វីដែលគាត់ចង់និយាយ ហើយគាត់ប្រឈមមុខជាមួយនឹងជនដែលធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៍អាមេរិកាំងដោយចំហតែម្តង។ កន្លែងហ្នឹងហើយដែលប្រជាពលរដ្ឋអាមេរិកាំងគាំទ្រគាត់។ ចំណែកខាងលោកថិត គ្រូហ្ស (Ted Cruz) ហ្នឹងគាត់មានស្នៀតមិនល្អច្រើនធៀបនឹងក្រុមផ្តាច់ការនិយមនៅក្នុងប្រទេសតូចតាចមួយចំនួនគឺថា សូម្បីតែក្នុងការឃោសនាក្តី គាត់ប្រើការឃោសនាដោយស្នៀតមិនល្អ ដោយមានលក្ខណៈជាការបន្លំ ការឃោសនាដោយមិនថ្លៃថ្នូរ។ ចំណែកលោកចន កាស៊ីក (John Kasich) វិញ ខ្ញុំជឿថា គ្មានវាសនាអាចក្លាយជាបេក្ខជនតំណាងគណបក្សសាធារណរដ្ឋទេ តែគាត់ធ្វើការតស៊ូក្នុងការសន្សំចំនួនពួកគណៈប្រតិភូហ្នឹងបានមួយចំនួនដើម្បីកសាងឈ្មោះរបស់គាត់ឲ្យកាន់តែល្បី ហើយនឹងទៅជាអ្នកនយោបាយមួយនៅជំនាន់ក្រោយៗទៀត»។
លោកគុជ ច័ន្ទលីបានបន្តថា ពលរដ្ឋអាមេរិកាំងដើមកំណើតខ្មែរជាច្រើនអាចចូលចិត្តសាររបស់លោកត្រាំពាក់ព័ន្ធនឹងការប្តេជ្ញារបស់គាត់ប្រឆាំងនឹងមេដឹកនាំផ្តាច់ការលើពិភពលោក និងការប្រយុទ្ធនឹងអំពើភេរវកម្ម។
«ប្រជាពលរដ្ឋអាមេរិកាំងដែលមានដើមកំណើតខ្មែរដែលអាចបោះឆ្នោតបាន ហ្នឹងយល់ឃើញថា ប្រទេសជាតិរបស់ខ្លួន ប្រទេសខ្មែរសព្វថ្ងៃហ្នឹងកំពុងតែត្រូវការការចាប់អារម្មណ៍ពីស.រ.អា.ខ្លាំង ហើយគេបានរៀនសូត្រថា ប្រធានាធិបតីនៅក្នុងគណបក្សសាធារណរដ្ឋច្រើនតែយកចិត្តទុកដាក់ជួយប្រទេសតូចតាច រើបម្រះពីរបបផ្តាច់ការនិយម ហើយនឹងទប់ទល់ជាមួយនឹងជនខិលខូច ពុករលួយ អ្វីផ្សេងៗហ្នឹងច្រើនជាងគណបក្សប្រជាធិបតេយ្យ។ ដូច្នេះខ្មែរយើងហ្នឹងនាំគ្នាភ្លូកទឹក ភ្លូកដីចង់គាំទ្រគណបក្សសាធារណរដ្ឋ ជាពិសេស Donald Trump (ដូណាល់ ត្រាំ)ហ្នឹងតែម្តង។ តែវាជាការមួយពិបាកសន្និដ្ឋាន ពីព្រោះបេក្ខជនគណបក្សសាធារណរដ្ឋទាំងបីរូបហ្នឹងដូចជាពុំមានលក្ខណៈសម្បត្តិខ្ពង់ខ្ពស់គ្រប់គ្រាន់អាចទៅឈ្នះឆ្នោតទីផ្តាច់ព្រ័ត្របានទេ សូម្បី Donald Trump (ដូណាល់ ត្រាំ)ប្រកួតជាមួយលោកស្រីហ៊ីឡារី គ្លីនតុន ក៏ដោយ»។
តែលោកថា ខ្មែរមួយចំនួនទៀតក៏ចង់រក្សាគណបក្សប្រជាធិបតេយ្យដែរ ដោយសារតែបទពិសោធន៍លោកស្រីគ្លីនតុន ការគិតគូរពីផលប្រយោជន៍ស.រ.អា.។
លោកមាស ជា ពលរដ្ឋខ្មែរអាមេរិកាំងមកពីរដ្ឋ Pennsylvania (ភិនស៊ីលវីនៀ) បានថ្លែងថា បេក្ខជនប្រធានាធិបតីឆ្នាំនេះពិបាកជ្រើសរើស។
«ទី១លោក Donald Trump (ដូណាល់ ត្រាំ) ដែលរត់មុខគេក្នុងគណបក្សសាធារណរដ្ឋនោះ ជាបុគ្គលឈ្លើយបន្តិច ក្អេងក្អាង រីឯអ្នកស្រី Hillary Clinton (ហ៊ីលឡារី គ្លីតុន) គាត់មិនដែលធ្វើទាហាន។ កិច្ចការបរទេស គាត់ដូចគាត់ក្នុងអាណត្តិរបស់គាត់ជារដ្ឋមន្ត្រីការបរទេសរបស់គាត់ គាត់បណ្តោយឲ្យឯកអគ្គរដ្ឋទូតមួយស្លាប់ដោយពួកភេរវករ ហើយអញ្ចឹងអាមេរិកាំង ទាំងខ្ញុំ អត់មានការទុកចិត្តគាត់ទេ បើគាត់ជាបុគ្គលរត់មុខក្នុងគណបក្សប្រជាធិបតេយ្យ។ បុគ្គលទាំងពីរហ្នឹង ខ្ញុំពិបាកមែនទែន។ ឥឡូវហ្នឹង កំពុងគិតបន្តទៅទៀតថា ត្រូវបោះឆ្នោតឲ្យបេក្ខជនណាមួយនៅពេលខាងមុខ ខែ១១ហ្នឹងបាទ»។
លោកមានការរារែក ដោយសារថា ក្រុមគណបក្សសាធារណរដ្ឋមានអ្នកមាន ហើយច្រើនជាអ្នកគិតគូរដល់ប្រទេសក្រៅ ដូចជាកម្ពុជា។ លោកថា លោកកំពុងរកបេក្ខជនណាដែលគិតពីប្រទេសកំណើតខ្លួនខ្លះដែរ។
«អញ្ចឹងយើងភាគច្រើន យើងយកចិត្តទុកដាក់ទាំងពីរ ទាំងខាងគណបក្សប្រជាធិបតេយ្យ ទាំងខាងគណបក្សសាធារណរដ្ឋ។ រហូតមកដល់ពេលនេះ វាស្ថិតនៅក្នុងការប្រជែងគ្នាដើម្បីយកបេក្ខជនទី១។ ខាងគណបក្សសាធារណរដ្ឋរកបេក្ខជនទី១ខាងសាធារណៈរដ្ឋ។ ខាងគណបក្សប្រជាធិបតេយ្យរកបេក្ខជនទី១ខាងប្រជាធិបតេយ្យ ដែលគេកំពុងតែលក់គំនិតដូចគ្នា។ សព្វថ្ងៃនេះយើងកំពុងតែតាមដាន»។
លោកអះអាងថា ទោះជាយ៉ាងណាក៏ដោយ លោកនៅមានពេលរហូតដល់ខែមិថុនាដើម្បីសម្រេចចិត្ត។
លោកអ៊ិន សួន ពលរដ្ឋខ្មែរអាមេរិកាំងនៅក្រុង Oakland (អូកឡែន) រដ្ឋ California (កាលីហ្វ័រញ៉ា) បានថ្លែងថា៖
«ខ្ញុំ ខ្លួនខ្ញុំផ្ទាល់ធ្លាប់គាំទ្រគណបក្សសាធារណរដ្ឋតាំងពីដើមមក។ ខ្ញុំជម្រាបដោយត្រង់ទៅចុះ មិនដឹងយ៉ាងម៉េច ខ្ញុំស្រឡាញ់គណបក្សនេះ ហើយនឹងបុគ្គលិកលក្ខណៈ ហើយនឹងកិច្ចការអីទាំងអស់ហ្នឹង។ ខ្ញុំបានធ្លាប់តាមដានមក មកដល់ពេលឥឡូវហ្នឹង ខ្ញុំហាក់ដូចមានការស្រងាកចិត្តបន្តិចពីរឿងការផ្សព្វផ្សាយគណបក្សខ្លះៗ ដែលបាននិយាយប៉ះទង្គិចទៅលើប្រជាពលរដ្ឋភាគតិចនៅក្នុងស.រ.អា.នេះ។ ម្ល៉ោះហើយមានការស្រងាកចិត្ត ហើយខ្ញុំមិនដឹងថា ខ្ញុំបែរផ្លូវទិសទៅខាងណា បោះឆ្នោតជូនគណបក្សណានៅឡើយទេ»។
ក្រុមពលរដ្ឋខ្មែរអាមេរិកាំងខ្លះបានអះអាងថា ក្នុងចំណោមពលរដ្ឋអាមេរិកាំងដើមកំណើតខ្មែរជិតកន្លះលាននាក់នោះ មានមួយចំនួនធំមិនសូវបានចេញទៅបោះឆ្នោតទេ ដោយសារបញ្ហាផ្សេងៗ រួមទាំងការដែលមិនបានចូលសញ្ជាតិ ការមិនអើពើ ការមិនចេះអក្សរអង់គ្លេស ជាដើម។
លោកព្រហ្ម សៅរ៍នរា ពលរដ្ឋខ្មែរអាមេរិកាំងនៅរដ្ឋ Virginia (វីជីនៀ) បាន ថ្លែងថា ទាំងខាងគណបក្សសាធារណរដ្ឋ និងគណបក្សប្រជាធិបតេយ្យមានកិច្ចសហប្រតិបត្តិការល្អជាមួយសហគមន៍ខ្មែរអាមេរិកាំង។ សភា និងព្រឹទ្ធសភាស.រ.អា.មានទំនាក់ទំនងល្អជាមួយពលរដ្ឋអាមេរិកាំងដើមកំណើតខ្មែរ ហើយទាំងសមាជិកសភា និងព្រឹទ្ធសភាបានជួយជ្រោមជ្រែងកិច្ចការខ្មែរព្រមគ្នា។
«ដូច្នេះចំពោះខ្មែរអាមេរិកាំង ខាងណាជាប់ក៏មិនមានចំណោទទេ។ យើងទទួលបានទាំងសងខាង ហើយអ្នកទាំងអស់គ្នាក៏គេខំប្រឹងប្រែងជួយខ្មែរទាំងសងខាង ហើយយើងក៏យល់ថា ប្រយោជន៍យើងជាមួយស.រ.អា. ទោះបីជាខាងគណបក្សណាឈ្នះ ក៏យើងនឹងធ្វើការសហការជាមួយគេដោយគ្មានការរើសអើងដែរ»។
លោកថា បេក្ខជនខាងគណបក្សប្រជាធិបតេយ្យនឹងអាចជាលោកស្រីគ្លីនតុន ហើយខាងគណបក្សសាធារណរដ្ឋគឺលោក Donald Trump (ដូណាល់ ត្រាំ)។ លោកថ្លែងយ៉ាងដូច្នេះដោយសារគ្មានបេក្ខជនណាទំនងជាអាចយកឈ្នះបេក្ខជននាំមុខគេទាំងពីរនៃគណបក្សទាំងពីរទេ ទោះជាមានបេក្ខជនខ្លះបានឈ្នះនៅរដ្ឋមួយចំនួនពិតមែនក្តី។
លោកបានអំពាវនាវឲ្យពលរដ្ឋខ្មែរចូលរួមក្នុងនយោបាយឲ្យបានច្រើន និងទៅបោះឆ្នោត ទោះជាបោះជូនគណបក្សណាក្តី។
«ការណ៍ពិតទៅខ្ញុំចង់ជម្រាបបងប្អូនខ្មែរអាមេរិកាំងយើង ដោយសារយើងជាសម្ព័ន្ធមិត្តខ្មែរអាមេរិកាំង យើងគួរតែនាំគ្នាទៅជួយឲ្យបានសស្រាក់សស្រាំចំពោះការបោះឆ្នោតនេះ ដើម្បីឲ្យបេក្ខជនទៅអនាគតដែលនឹងជាប់ឆ្នោតហ្នឹងគឺថា គេនឹងគិតពីប្រយោជន៍របស់យើង។ បើថា យើងមិនទៅធ្វើអញ្ចឹងទេ ដល់ពេលគេជាប់ឆ្នោតទៅ គេក៏មិនគិតរវីរវល់អីនឹងយើងទេ»។
ទោះជាស.រ.អា.ហាក់ដូចជាមានការមិនពេញចិត្តនឹងកំណត់ត្រានៃការរំលោភសិទ្ធិមនុស្សក្តី តែស.រ.អា.និងប្រទេសកម្ពុជាមានទំនាក់ទំនងប្រសើរឡើងវិញក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅថ្មីៗនេះ ក្រោយពេលរដ្ឋបាលលោកប្រធានាធិបតីស.រ.អា.បារ៉ាក់ អូបាម៉ាងាកបែរគោលនយោបាយមកកាន់តំបន់អាស៊ីវិញនោះ៕