លោកប្រធានាធិបតីស.រ.អា. បារ៉ាក់ អូបាម៉ាបានមានប្រសាសន៍ថា កំហុសអាក្រក់បំផុតនៃការកាន់តំណែងប្រធានាធិបតីរបស់លោកគឺការគ្មានជោគជ័យក្នុងការប្រុងប្រៀបសម្រាប់រយៈពេលបន្ទាប់នៅក្នុងប្រទេសលីប៊ីនៅក្រោយអន្តរាគមន៍ដឹកនាំដោយអង្គការអូតង់ដែលបានទម្លាក់មេដឹកនាំលីប៊ីឈ្មោះ មូម៉ា ហ្កាដាហ្វី (Moammar Gadhafi) ពីអំណាចកាលពីឆ្នាំ២០១១ដែលបានបន្សល់ទុកប្រទេសនេះឱ្យស្ថិតក្នុងភាពចលាចល។
លោកអូបាម៉ាបានត្រិះរិះពិចារណាអំពីសមិទ្ធផលសំខាន់ៗ និងពេលដ៏ពិបាកនៅក្នុងអណត្តិទាំងពីររបស់លោកនៅក្នុងសេតវិមាននៅក្នុងសេចក្តីសម្ភាសន៍មួយជាមួយបណ្តាញទូរទស្សន៍ Fox News ដោយលោកបានមានប្រសាសន៍ប្រាប់លោក Chris Wallace ដែលជាអ្នកសម្ភាសថា ការធ្វើអន្តរាគមន៍ក្នុងប្រទេសលីប៊ីដើម្បីការពារពួកជនស៊ីវិលពីរបបគ្រប់គ្រង ហ្កាដាហ្វី ជា«ការធ្វើត្រូវ»។ នៅក្រោយពេលបុរសខ្លាំងនៃប្រទេសលីប៊ីរូបនេះបានត្រូវសម្លាប់ជាច្រើនខែនៅពេល ស.រ.អា. និងប្រទេសជាតិនានាក្នុងទ្វីបអឺរ៉ុបបានបើកការវាយប្រហារតាមអាកាសលើប្រទេសនេះមក ប្រទេសដែលស្ថិតនៅក្នុងភូមិភាគមជ្ឈឹមបូព៌ាមួយនេះ ត្រូវបានបន្សល់ទុកឲ្យស្ថិតក្នុងភាពចលាចលដែលបន្តរហូតមកដល់ពេលនេះ។
ពួកជីវពលបានគ្រប់គ្រងប្រទេសលីប៊ីដោយមានការបង្កើតសភាពីរនិងរដ្ឋាភិបាលពីរដែលជាគូបដិបក្ខនឹងគ្នា ហើយប្រទេសនេះបានក្លាយទៅជាកន្លែងចេញដំណើរធំមួយសម្រាប់ពួកជនចំណាកស្រុកដែលខិតខំព្យាយាមធ្វើដំណើរទៅកាន់ទ្វីបអឺរ៉ុបហើយការណ៍នេះបានបង្កើនវិបត្តិជនអន្តោប្រវេសន៍នៅក្នុងទ្វីបនោះថែមទៀតផង។ រដ្ឋាភិបាលឯកភាពជាតិមួយដែលគាំទ្រដោយអ.ស.ប. បានទៅដល់រដ្ឋធានី Tripoli ហើយ ក៏ប៉ុន្តែរហូតមកដល់ពេលនេះគ្មានសភាជាគូបដិបក្ខនឹងគ្នាណាមួយគាំទ្រជាផ្លូវការដល់កិច្ចព្រមព្រៀងដែលបានរៀបចំឱ្យមានឡើងដោយអ.ស.ប. ទេ។
លោក អូបាម៉ា បានមានប្រសាសន៍ថា សមិទ្ធិធំបំផុតរបស់លោកក្នុងរយៈពេលជាង៧ឆ្នាំដែលលោកកាន់តំណែងគឺ «ស្រោចស្រង់សេដ្ឋកិច្ចពីវិបត្តិធំមួយ» ដែលនៅក្នុងឆ្នាំ២០០៨និងឆ្នាំ២០០៩ សេដ្ឋកិច្ចប្រទេសអាមេរិកបានធ្លាក់ចុះយ៉ាងខ្លាំងហើយជាវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរបំផុតរបស់ប្រទេសចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៣០មក៕