ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចំនួន​ពលរដ្ឋ​ពិភព​លោកអាចចុះ​ថយ​ក្រោយ​ពាក់​កណ្តាល​សតវត្សរ៍​នេះ


រូបឯកសារ៖ គ្រួសារមួយកំពុងជិះម៉ូតូ អំឡុងពេលមានវិធានការរឹតត្បិតសេដ្ឋកិច្ច នៅតំបន់កាស្មៀគ្រប់គ្រងដោយឥណ្ឌា កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០។
រូបឯកសារ៖ គ្រួសារមួយកំពុងជិះម៉ូតូ អំឡុងពេលមានវិធានការរឹតត្បិតសេដ្ឋកិច្ច នៅតំបន់កាស្មៀគ្រប់គ្រងដោយឥណ្ឌា កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០។

នៅចុង​សតវត្សរ៍ទី២១ ​ចំនួន​ប្រជាពលរដ្ឋ​នៅលើ​ពិភព​លោកនឹង​ធ្លាក់ចុះ បើ​តាម​ការ​សិក្សា​ស្រាវ​ជ្រាវ​ថ្មី​មួយ។ ការណ៍​នេះ​នឹង​ធ្វើឲ្យមាន​ផលប៉ះពាល់ដល់​កំណើន​សេដ្ឋកិច្ច​សាកល​លោក ហើយ​ប្រទេស​នានា​នឹង​ត្រូវការ​កម្លាំង​ពលកម្ម​របស់​ជន​អន្តោប្រវេសន៍​ដើម្បី​ជួយជំរុញ​កំណើន​សេដ្ឋកិច្ច​របស់​ខ្លួន។

សករាជ​នៃ​ការកើនឡើង​នៃ​ប្រជាពលរដ្ឋប្រហែល​ជា​ជិត​ចប់​ហើយ បើ​តាម​ការសិក្សា​ថ្មី​មួយ។ ការណ៍​នេះ​នឹង​នាំ​ឲ្យ​មាន​ផល​ប៉ះ​ពាល់​យ៉ាងខ្លាំង​ដល់​សង្គម​ សេដ្ឋកិច្ច​និង​បរិស្ថាន។

ប្រជាពល​រដ្ឋ​របស់​ពិភព​លោកអាច​ឡើង​ទៅ​ដល់​៩​ពាន់​៧​រយ​លាន​នាក់​នៅឆ្នាំ​២០៦៤ ដោយ​កើនឡើង​ពី​ចំនួន​៧​ពាន់​៨​រយ​លាន​នាក់​នៅពេល​បច្ចុប្បន្ន​នេះ មុន​នឹង​ចុះ​ថយមក​នៅចំនួន​៨​ពាន់​៨​រយ​លាន​នាក់​នៅ​ចុង​សតវត្សរ៍​នេះ នេះ​បើ​តាម​សេចក្តីរាយ ការណ៍​មួយ​ដែល​បាន​ចេញផ្សាយ​ដោយ​ទស្សនាវដ្តី​ពេទ្យ The Lancet។

ការប៉ាន់ស្មាន​របស់​វិទ្យាស្ថាន​សុខភាព​និង​ការវាយតម្លៃ​នៅឯ​សាកល​វិទ្យាល័យ​វ៉ាស៊ីន តោន IHME ផ្ទុយ​ពី​ការទស្សន៍ទាយ​របស់ការិយាល័យ​ផ្នែក​ប្រជាពលរដ្ឋ​របស់​អង្គការ​សហ​ប្រជាជាតិ​ដែល​រំពឹង​ថា ប្រជា​ពលរដ្ឋ​នៅ​ឆ្នាំ២១០០នឹង​មាន​ចំនួន​១០​ពាន់​៩​រយ​លាន​នាក់​ ហើយ​ចំនួន​នេះ​នឹង​កើនឡើង​ជា​បន្ត​បន្ទាប់​។

លោក John Wilmoth ប្រធាន​ការិយាល័យ​នេះ​បាន​ហៅ ការព្យាករណ៍​នេះ​ថា «ជ្រុល​ពេក»។

ទោះ​ជា​យ៉ាងណា​ក៏ដោយ ប្រសិន​បើការទស្សន៍ទាយ​នោះ​ត្រូវ​ផលវិបាក​នៃ​ការចុះថយ​ចំនួន​ប្រជា​ពលរដ្ឋ​នេះនឹង​មាន​ទំហំ​ធំធេង​ណាស់។

ការសិក្សា​ដោយ​សហ​អ្នក​និពន្ធ Chris Murray នាយក​វិទ្យាស្ថាន​សុខភាព​និង​ការវាយ តម្លៃ​នៅឯ​សាកល​វិទ្យាល័យ​វ៉ាស៊ីនតោន បាន​និយាយ​ថា៖ «ខ្ញុំ​គិត​ថា នេះ​ជា​ការផ្លាស់​ប្តូរ​កាន់តែ​ខ្លាំង​ឡើង​ដែល​មនុស្ស​ជាតិ​ត្រូវ​ប្រឈម​មុខ»។

ការណ៍​នេះ​នឹង​ក្លាយជា​ព័ត៌មានដ៏​ល្អ​អស្ចារ្យសម្រាប់​បរិស្ថាន។ មនុស្ស​កាន់តែ​តិច​ទៅ​ នឹង​នាំ​ឲ្យ​មាន​ឧស្ម័ន​ផ្ទះ​កញ្ចក់​និង​សារធាតុ​កខ្វក់​ផ្សេងៗ​ទៀត​ក៏កាន់តែ​តិច​ដែរ។ សេចក្តី​ត្រូវការម្ហូបអាហារ​នឹង​ចុះ​ថយ ដែល​នឹង​នាំ​ឲ្យ​កាត់បន្ថយ​សេចក្តី​ត្រូវ​ការ​ដី​និង​ទឹក​ផង​ដែរ។ ក៏ប៉ុន្តែ​សេដ្ឋ​កិច្ច​នឹង​ចុះ​ថយ​ដែរ។​

ការធ្លាក់ចុះ​ចំនួន​ប្រជា​ពលរដ្ឋ​មាន​ន័យ​ថា មាន​កម្មករ​តិច​ដែល​មាន​ន័យថា​ ផលិត ផល​សរុប​ក្នុង​ស្រុក​ ឬ GDP ចុះ​ទាប។ ការណ៍​នេះ​ក៏​មាន​ន័យ​ដែរ​ថា ពួក​អ្នក​ប្រើប្រាស់​ ទំនិញ​តិច​ដែល​ជា​គ្រឹះ​នៃ​សេដ្ឋកិច្ចសាកល។

លោក Darrell Bricker ជា​សហ​និពន្ធ​នៃ​សៀវភៅ​ដែល​មាន​ចំណង​ជើង​ថា «ផែនដី​គ្មាន​មនុស្ស​នៅ៖ ភាពតក់ស្លុត​នៃ​ការចុះ​ថយ​ចំនួន​ប្រជា​ពលរដ្ឋ​សាកល​លោក»។ លោក​បាន​និយាយ​ថា៖ «អ្វី​ដែល​កើតឡើង​នៅពេល​ដែល​លោកអ្នកមិន​មាន​មនុស្ស​ក្មេង​ៗ​ដើម្បី​ទិញ​ផ្ទះ​ ទិញ​ទូរទឹកកក​ និង​រថយន្ត​មុន​ដំបូង​របស់​ខ្លួន​នោះ»។ លោក Bricker មិន​បាន​ទាក់ទិន​ក្នុង​ការសិក្សា​នោះ​ទេ។

ហើយ​ចំនួន​មនុស្ស​ចាស់​នឹង​កាន់​តែ​កើន​ឡើង​ ខណៈ​ដែលអត្រា​បន្ត​កំណើត​ចុះ​ថយ។

លោក Zhenchao Qian ជា​សាស្ត្រាចារ្យ​សង្គម​វិទ្យា​នៅ​សាកល​វិទ្យាល័យ Brown ដែល​មិន​ទាក់ទិន​ជាមួយ​ការស្រាវជ្រាវ​នោះ​និយាយ​ថា៖ «ការណ៍​នេះ​ប្រាកដ​ជានាំ​ឲ្យ​មាន​គ្រោះថ្នាក់​ជាង​ការធ្លាក់ចុះ​នៃ​ចំនួន​ប្រជាពលរដ្ឋ​ទៀត»។

លោក Qian និយាយ​បន្ត​ទៀត​ថា កម្លាំង​ការងារ​កាន់តែ​តិច​ទៅ នឹង​ត្រូវ​ជួយ​ពលរដ្ឋ​ចាស់​ៗកាន់តែ​ច្រើន​ឡើង​ បង្កើន​បញ្ហា​នយោបាយ​ និង​សាពើ​ពន្ធ​អំពី​ថា​តើ​ត្រូវ​បង់​ប្រាក់​ការថែទាំ​សុខភាព​និង​ប្រព័ន្ធ​សន្តិសុខ​សង្គម​យ៉ាង​ដូច​ម្តេច។

លោក Murray បាន​និយាយ​ទៀត​ថា ការធ្លាក់ចុះ​នៃ​ចំនួន​ប្រជា​ពលរដ្ឋ​ ក៏​អាច​មាន​ផលវិបាក​ខាង​នយោបាយ​ប្រជា​សាស្ត្រ​ដែរ។ មាន​កម្មករ​តិចតួច​មាន​ន័យ​ថា មាន​ទាហាន​កាន់តែ​តិចតួច​ដែរ។

លោក បាន​និយាយ​ទៀត​ថា «តុល្យភាព​នៃ​អំណាច​រវាង​ប្រទេស​ជាតិ​ ជា​និច្ចកាល​ទាក់ ទិន​នឹង​ទំហំ​នៃ​ពលរដ្ឋ​ដែល​ធ្វើការ»។

ការផ្តល់អំណាចដល់ស្ត្រី

អត្រា​បង្កើត​កូនបាន​ធ្លាក់ចុះ​ទូទាំង​សាកល​លោក​ ពីព្រោះតែ​ ស្ត្រី​កំពុង​ទទួល​បាន​ការ សិក្សា​អប់រំ​កាន់តែ​ច្រើន​ឡើង​និង​មាន​វិធី​ពន្យារ​កំណើត​ច្រើន​ជាង​មុន។

លោក Bricker ដែល​ជា​អ្នក​និពន្ធ​សៀវភៅ​ដែល​មាន​ចំណង​ជើង​ថា «ផែនដី​គ្មាន​មនុស្ស​នៅ​ឬ Empty Planet» បាន​និយាយ​ថា៖ «​នេះ​ជា​ការផ្តល់​អំណាច​ដល់​ស្ត្រី»។

ភាព​ខុសគ្នា​សំខាន់​រវាង​ការទស្សន៍​ទាយ​ថ្មី​និង​ការទស្សន៍ទាយ​ពី​មុន​របស់​អង្គការ​សហ​ប្រជាជាតិ​គឺ រឿង​ដែល​គេ​រំពឹង​ថា ​នឹង​កើតឡើង​បន្ទាប់ពី​អត្រា​ចាប់កំណើត​ធ្លាក់​ចុះ​កម្រិត​ទាប​បំផុត​នោះ។

ចំនួន​ប្រជា​ពលរដ្ឋ​នៅ​នឹង នៅពេល​ដែល​ស្ត្រី​មាន​កូន​ជា​មធ្យម​ជាង​២​នាក់​ក្នុង​មួយ​នាក់ៗ។ ពួក​អ្នក​ប្រជាសាស្ត្រ​ហៅ​ការណ៍​នេះ​ថា ជា​អត្រា​ជំនួស​អ្នក​ស្លាប់។ នៅ​បណ្តា​ប្រទេស​អ្នក​មាន អត្រា​បង្កើត​កូន​មធ្យម​នៅ​ពេល​បច្ចុប្បន្ន​នេះ មាន​ជាង១,៦។ នៅក្នុង​ប្រទេស​ជប៉ុន សិង្ហបុរី​ និង​អ៊ីតាលី​មាន​ជាង១,៣។

អង្គការ​សហប្រជាជាតិ​ សន្មត់​ថា អត្រា​បង្ក​កំណើត​នឹង​កើន​ឡើង​ម្តងទៀត​ទៅដល់​១,៧៥។

លោក Murray មិន​យល់ស្រប​ទេ។

លោក Murray បាន​និយាយ​ទៀត​ថា៖ «យើង​មិន​ឃើញ​សញ្ញា​នេះ​ទេ។ យើងគិត​ថា​អភូតហេតុ​ដែល​យើងកំពុង​ចាប់ផ្តើម​សង្កេត​ក្នុង​ប្រទេស​នានា​ដូចជា​ជប៉ុន កូរ៉េ​ខាង​ត្បូង​ និង​សិង្ហបុរី​ និង​ផ្នែក​នានា​នៃ​តំបន់​អឺរ៉ុបនឹង​ក្លាយ​ជា​រឿង​ធម្មតា»។

នៅ​ឆ្នាំ២១០០ ក្រុម​របស់​លោកប៉ាន់​ប្រមាណ​ថា ស្ទើរ​គ្រប់​ប្រទេស​ទាំងអស់​នៅក្នុង​ពិភព​លោក ចំនួន​អ្នក​កើតនឹង​មាន​តិចជាង​ចំនួន​អ្នក​ស្លាប់។ មនុស្ស​នៅក្នុង​ប្រទេស​ចំនួន២៣​ រួមមាន​ជប៉ុន ថៃ ​និង​អេស្ប៉ាញ នឹង​មានចំនួន​ពាក់​កណ្តាល​នៃ​ចំនួន​ដែល​ប្រទេស​ទាំង​នោះ​មាននៅ​ក្នុង​ឆ្នាំ២០១៧។ ប្រទេស​៣៤ផ្សេង​ទៀត​នឹង​បាត់បង់​ប្រជាពល​រដ្ឋ​ពី​រវាង​២៥ទៅ៥០​ភាគ​រយ។ ហើយប្រទេស​ចិន​ត្រូវ​គេ​រំពឹង​ថា​ នឹង​បាត់បង់​ពលរដ្ឋ​ចំនួន​៤៨​ភាគរយ។ នេះ​បើ​សិន​ជា​ការសន្មត​របស់​លោក Murray និង​សហការី​របស់​លោក​ជា​ការត្រឹម​ត្រូវ។

ភាពមិនប្រាកដប្រជាយ៉ាងខ្លាំង

ប្រសិន​បើប្រជាពល​រដ្ឋប្រាកដ​ជា​ធ្លាក់ចុះ​មែន​ លោក Murray និយាយ​ថា ប្រទេស​ នានា​មាន​ជម្រើស​ចំនួន៣ ​ដើម្បី​ធ្វើឲ្យ​ខ្លួន​ឯង​ចេញផុត​ពី​ផល​លំបាក​នេះ។

លោក Murray បាន​និយាយ​ទៀត​ថា៖ «ជម្រើស​ទី​មួយ​គឺ​ធ្វើ​ឲ្យមាន​ការងាយស្រួល​កាន់ តែ​ខ្លាំង​ឡើង​សម្រាប់​ស្ត្រី​ដែល​ធ្វើការ​និង​មាន​កូន​ រួមមាន​ការអនុញ្ញាត​ឲ្យ​ឈប់​សម្រាក​ពេល​សម្រាល​កូន​និង​ការគាំទ្រ​ម្តាយ​ធ្វើការងារ​ដែល​មាន​កូន​តូច»។

ប្រទេស​ភាគ​ច្រើន​ដែល​បាន​អនុវត្ត​គោលនយោបាយ​ទាំង​នោះ បាន​យល់ឃើញ​ថា គោល​នយោបាយ​ទាំង​នេះ​មាន​ប្រយោជន៍។ លោកបាន​និយាយ​ទៀត​ថា៖ «ប៉ុន្តែ​គោល​នយោបាយ​ទាំង​នេះមិន​បាន​នាំឲ្យមាន​ការបង្កកំណើត​ជំនួស​អ្នក​ស្លាប់​ដូច​កាល​ពីមុន​បាន​ទេ»។

ជម្រើស​ទី២គឺ​ការបើក​ចំហរ​ព្រំដែន​របស់​ខ្លួន​ឲ្យ​ពួក​ជនអន្តោ​ប្រវេសន៍​ចូល។

អារម្មណ៍​របស់​សាធារណជន​នៅពេល​បច្ចុប្បន្ន​នេះ​គឺ ​ប្រឆាំង​នឹង​ជម្រើស​នេះ​នៅក្នុង​ផ្នែក​នានា​នៃ​ប្រទេស​លោក​ខាង​លិច។ ឧទាហរណ៍​ រដ្ឋបាល​របស់​លោក​ប្រធានាធិបតី​ត្រាំបាន​ស្វះស្វែង​ទប់ស្កាត់​ជន​អន្តោប្រវេសន៍​កុំឲ្យ​ចូល​ក្នុង​សហរដ្ឋ​អាមេរិក។ ការជំ ទាស់​ប្រឆាំង​ដល់​គោលនយោបាយ​អន្តោប្រវេសន៍​របស់​សហភាព​អឺរ៉ុប​បាន​ជួយ​ធ្វើឲ្យ​មាន​ការបោះឆ្នោត​របស់​ចក្រភព​អង់គ្លេស​ចេញពី​សហភាព​អឺរ៉ុប។

លោក Ibrahim Abubakar នាយក​វិទ្យាស្ថាន​សុខភាព​សាធារណៈ​នៃ​សាកលវិទ្យា​ល័យ​ University College London នៃ​ចក្រភព​អង់គ្លេស​ដែល​បាន​សរសេរ​បទ​អត្ថា ធិប្បាយ​មួយ​ក្នុង​អត្ថបទ​ទស្សនាវដ្តី​ Lancet ថា៖ «ប្រសិន​បើការទស្សន៍ទាយ​របស់​លោក Murray និង​សហការី​របស់​លោក ត្រូវ​បានត្រឹម​តែ​ពាក់កណ្តាល​នោះ​ ជនអន្តោ ប្រវេសន៍​នឹង​ក្លាយជា​ការសំខាន់​សម្រាប់​ប្រទេស​ទាំងអស់​និង​មិនមែន​ជា​ជម្រើស​ទេ»។

លោក Murray បាន​និយាយ​ទៀត​ថា ជម្រើស​ទី​៣​ដែល​យើងគិត​ថា មាន​ភាពគ្រោះ​ថ្នាក់​ពិតប្រាកដ​នោះ​គឺ​ ប្រទេស​នានា​នឹង​កាត់បន្ថយ​សិទ្ធិ​ បន្តពូជ​របស់​ស្ត្រី​ដើម្បី​ដាក់​សម្ពាធ​លើ​ពួកគេ​ឲ្យ​មាន​កូន​កាន់តែ​ច្រើន​ឡើង​ដើម្បី​បុព្វហេតុ​ប្រទេស​ជាតិ។

ប្រែ​សម្រួល​ដោយ​លោកជឹង ប៉ូជីន

XS
SM
MD
LG