ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ទី​ផ្សារ​​​ហ៊ុន​សាកល​​​ធ្លាក់​ចុះ​នឹង​ដំណឹង​​ករណី​ជំងឺ​កូវីដ​១៩​និង​​ការ​បញ្ជា​របស់​អាមេរិក​ឲ្យ​ចិន​បិទ​ស្ថាន​កុងស៊ុល​នៅ​តិចសាស់


រូបឯកសារ៖ ផ្ទាំងទិន្នន័យនៅផ្សារហ៊ុនក្នុងក្រុងញូវយ៉ក កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០។
រូបឯកសារ៖ ផ្ទាំងទិន្នន័យនៅផ្សារហ៊ុនក្នុងក្រុងញូវយ៉ក កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០។

ព័ត៌មាន​នៃ​ការ​កើន​ឡើង​យ៉ាង​គំហុក​ចំនួន​ករណី​ឆ្លង​ថ្មី​នៃជំងឺ​កូវីដ១៩ រួម​ផ្សំ​នឹង​ព័ត៌មាន​នៃការណ៍​ដែល​ទំនាក់ទំនង​សហរដ្ឋ​អាមេរិក​និង​ប្រទេស​ចិនកាន់​តែ​ធ្លាក់​ចុះ​ដល់​ដំណាក់កាល​ថ្មី​មួយ បាន​ធ្វើ​ឲ្យទី​ផ្សារ​ភាគហ៊ុន​នៅ​ទ្វីប​អឺរ៉ុប​ដាំ​ក្បាល​ចុះ​កាល​ពី​ថ្ងៃ​ពុធ។​

​ផ្សារ​សំខាន់ៗ​នៅ​ប្រទេស​អង់គ្លេស​ បារាំង និង​អាល្លឺម៉ង់​សុទ្ធ​តែ​បាន​ធ្លាក់​ចុះ ដោយ​ផ្សារ​ CAC-40​ របស់​ទី​ក្រុង​ប៉ារីស​បាន​ធ្លាក់​រហូត​១,១ភាគរយ។

អ្នក​វិនិយោគ​ហាក់​មាន​ការ​បារម្ភ​ខ្លាំងអំពីបទបញ្ជា​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​កាល​ពី​ថ្ងៃ​ពុធ​របស់​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក​ឲ្យ​ចិន​បិទ​ស្ថានកុងស៊ុល​របស់​ខ្លួន​នៅ​ទី​ក្រុង​ Houston រដ្ឋ Texas។

ទី​ផ្សារ​ហ៊ុន​នៅ​អាស៊ី​ប៉ាស៊ីហ្វិក​មាន​ភាព​ចម្រុះ​កាល​ពី​ថ្ងៃ​ពុធ ដោយ​មាន​ទី​ផ្សារ​ខ្លះ​បានធ្លាក់​ចុះ​យ៉ាង​ខ្លាំង។ ផ្សារហ៊ុន Nikkei របស់​ជប៉ុន​បាន​ធ្លាក់​ចុះ​០,៥ភាគរយ ផ្សារ S&P/ASX ​នៅ​អូស្ត្រាលី​ធ្លាក់​ចុះ​១,២ភាគរយ ហើយ​ទី​ផ្សារ​ Hang Seng នៅ​ហុងកុង បាន​ធ្លាក់​ចុះ​រហូត​ដល់​២,២ភាគរយ។

ភាគ​ហ៊ុន​របស់​ផ្សារ Dow Jones និង S&P 500 នៅ​សហរដ្ឋអាមេរិក​បាន​ធ្លាក់​ចុះ​មុន​ការ​បើក​ទី​ផ្សារ​កាល​ពី​ថ្ងៃ​ពុធ មួយ​ផ្នែក​ជា​ការ​ប្រតិកម្ម​នឹង​ភាព​ជាប់​គាំង​ខាង​នយោបាយ​របស់​អាមេរិក​អំពី​កញ្ចប់​ជំនួយ​ថវិកា​ថ្មី​មួយសម្រាប់​ជួយ​ពលរដ្ឋ​អាមេរិក​ដែល​បាន​បាត់បង់​ការងារ​ដោយ​សារ​វិបត្តិ​កូវីដ១៩៕

XS
SM
MD
LG