ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ករណី​ឆ្លង​ជំងឺ​កូវីដ១៩ នៅ​ទូទាំង​ពិភពលោក កើន​ដល់​ជិត ១០០ លាន​នាក់


រូបឯកសារ៖ ពលរដ្ឋ​ឈរ​តម្រង់​ជួរ​រង់ចាំ​ធ្វើ​តេស្ត​រក​ជំងឺ​កូវីដ១៩ នៅ​ទីក្រុង Los Angeles ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០។
រូបឯកសារ៖ ពលរដ្ឋ​ឈរ​តម្រង់​ជួរ​រង់ចាំ​ធ្វើ​តេស្ត​រក​ជំងឺ​កូវីដ១៩ នៅ​ទីក្រុង Los Angeles ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០។

ពិភពលោក​មាន​ករណី​ឆ្លង​ជំងឺ​កូវីដ១៩ ជិត ១០០ លាន​នាក់ ហើយ​មនុស្ស​ជាង ២ លាន​នាក់​បាន​ស្លាប់​ដោយសារ​ជំងឺ​នេះ។ នេះ​បើ​យោង​តាម​ទិន្នន័យ​របស់​សាកលវិទ្យាល័យ Johns Hopkins នៅ​ក្នុង​សហរដ្ឋ​អាមេរិក។

ករណី​ឆ្លង និង​ស្លាប់​ដោយសារ​ជំងឺ​កូវីដ១៩ បន្ដ​កើនឡើង​នៅ​ក្នុង​សហរដ្ឋ​អាមេរិក។ សាកលវិទ្យាល័យ Johns Hopkins បាន​រាយការណ៍​កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ​ថា សហរដ្ឋ​អាមេរិក​មាន​ករណី​ឆ្លង​ជំងឺ​កូវីដ១៩ ជិត ២៥ លាន​ករណី និង​មាន​ករណី​ស្លាប់​ដោយសារ​ជំងឺ​នេះ​ជាង ៤១៧.០០០ ករណី ដែល​តួលេខ​ទាំង​ពីរ​នេះ​គឺ​ជា​តួលេខ​ខ្ពស់​ជាង​គេ​បំផុត​នៅ​ក្នុង​ពិភពលោក។

ប្រទេស​ឥណ្ឌា​ស្ថិត​នៅ​លំដាប់​ទី​ពីរ​បន្ទាប់​ពី​សហរដ្ឋ​អាមេរិក ដោយ​មាន​ករណី​ឆ្លង​ចំនួន ១០ លាន ៦ សែន​ករណី និង​ករណី​ស្លាប់​ជាង ១៥៣.០០០ ករណី។ ប្រទេស​ប្រេស៊ីល មាន​ករណី​ឆ្លង​ជិត ៩ លាន​ករណី និង​ករណី​ស្លាប់​ជាង ២១៦.០០០ ករណី។

លោក Tedros Adhanom Ghebreyesus អគ្គ​នាយក​អង្គការ​សុខភាព​ពិភពលោក (WHO) បាន​មាន​ប្រសាសន៍​ថា វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩ អាច​ធ្វើ​ឲ្យ​ការ​រាតត្បាត​ជា​សាកល​នៃ​ជំងឺ​នេះ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​បាន ដោយ​ដំណើរការ​ចាក់​វ៉ាក់សាំង​នេះ​កំពុង​ធ្វើ​ឡើង​នៅ​តាម​ប្រទេស​ជាង ៥០។ ក៏​ប៉ុន្តែ លើកលែងតែ​ប្រទេស​ពីរ​ចេញ​ប៉ុណ្ណោះ ប្រទេស​ទាំង​អស់​នោះ​គឺ​ជា​ប្រទេស​ដែល​មាន​ប្រាក់​ចំណូល​ខ្ពស់ ឬ​មធ្យម៕

XS
SM
MD
LG