ទីក្រុងប៉េកាំងបានចាប់ផ្ដើមធ្វើតេស្តរកជំងឺកូវីដ១៩ ទ្រង់ទ្រាយធំនៅតាមសង្កាត់មួយចំនួននៅថ្ងៃសុក្រ ស្របពេលដែលទីក្រុងសៀងហៃបានធ្វើតេស្តលើរាល់បុគ្គលិកសុខាភិបាលទំាងអស់ ខណ:ដែលប្រទេសចិនប្រឈមមុខនឹងការផ្ទុះរាតត្បាតឡើងវិញដ៏អាក្រក់បំផុតនៃជំងឺកូវីដ១៩ ចាប់តំាងពីខែមីនាមក។
ក្រុមគ្រួសារចិនជាច្រើនបារម្ភពីគម្រោងជួបជុំគ្រួសារក្នុងឱកាសបុណ្យចូលឆ្នាំចិនខាងមុខ នៅពេលមានការរឹតត្បិតថ្មី។ នេះបើតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។
ចិនដីគោកបានរាយការណ៍ថា មានការធ្លាក់ចុះបន្តិចបន្ដួចនៃការឆ្លងថ្មីកូវីដ១៩ ប្រចាំថ្ងៃកាលពីថ្ងៃសុក្រ ដោយធ្លាក់ចុះពី ១៤៤ ករណីកាលពីព្រហស្បតិ៍ មកត្រឹម ១០៣ ករណីថ្មីនៅថ្ងៃសុក្រ។
សង្កាត់មួយចំនួននៅក្រុងប៉េកាំងបានចាប់ផ្ដើមការធ្វើតេស្តទ្រង់ទ្រាយធំ ដោយសារមានការឆ្លងថ្មីជាច្រើនថ្ងៃជាប់គ្នានៅរដ្ឋធានីចិននេះ ដោយមនុស្សតម្រង់ជួរយ៉ាងវែងរង់ចាំធ្វើតេស្តនៅសង្កាត់ខ្លះ។
មានមនុស្សរាប់លាននៅតាមទីក្រុងនៅភាគខាងជើងប្រទេសចិនកំពុងជាប់វិធានការរឹតត្បិតធ្វើដំណើរក្នុងកម្រិតខ្លះ គឺនៅតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ មុនពិធីបុណ្យចូលឆ្នាំចិន៕