ប្រតិកម្មចម្រុះដូចជាភាពរន្ធត់ សោកសៅ និងការសើចចំអកនៅតែបន្តឮ ពីជុំវិញពិភពលោកទាក់ទងនឹងការសម្រុកចូលវិមានសភាសហរដ្ឋអាមេរិក កាលពីថ្ងៃពុធ ដោយអ្នកគាំទ្រលោកប្រធានាធិបតី Donald Trump ចំពោះបរាជ័យរបស់លោកនៅក្នុងការបោះឆ្នោតប្រធានាធិបតីកាលពីខែវិច្ឆិកា។
ប្រធានាធិបតីបារាំងលោក Emmanuel Macron បាននិយាយនៅក្នុងសារជាវីដេអូមួយ នៅលើTwitter កាលពីល្ងាចថ្ងៃពុធថា៖ «អ្វីដែលបានកើតឡើងនៅថ្ងៃនេះនៅរដ្ឋធានីវ៉ាស៊ីនតោន មិនមែនសហរដ្ឋអាមេរិកទេ។យើងជឿជាក់លើកម្លាំងប្រជាធិបតេយ្យរបស់យើង។យើងជឿជាក់លើកម្លាំងប្រជាធិបតេយ្យរបស់សហរដ្ឋអាមេរិក»។
នៅក្នុងសេចក្តីថ្លែងការណ៍ចេញនៅលើគណនី Twitter របស់នាយករដ្ឋមន្រ្តីឥណ្ឌា លោកNarendra Modi បាននិយាយថា លោកមាន «ការព្រួយបារម្ភ» ដែលបានឃើញ «កុបកម្មនិងអំពើហិង្សា» នៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន។ ការផ្ទេរអំណាចដោយមានសណ្តាប់ធ្នាប់និងដោយសន្តិភាពត្រូវតែបន្ដ។ ដំណើរការប្រជាធិបតេយ្យមិនអាចត្រូវបានអនុញ្ញាតឱ្យបង្វែរ តាមរយៈការតវ៉ាខុសច្បាប់ទេ»។
នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ក្រសួងការបរទេសតៃវ៉ាន់បានសម្តែងការសោកស្តាយចំពោះអំពើហិង្សានេះ។ ក្រសួងបានឲ្យដឹងថា ខ្លួនបានបញ្ជូនសេចក្តីជូនដំណឹងបន្ទាន់មួយទៅកាន់ពលរដ្ឋតៃវ៉ាន់ ដើម្បីបង្កើនការប្រុងប្រយ័ត្ននិងយកចិត្តទុកដាក់ចំពោះសុវត្ថិភាព ទាក់ទងនឹងបម្រាមគោចររបស់មន្ត្រីក្នុងរដ្ឋធានីវ៉ាស៊ីនតោន។
អ្នកនាំពាក្យក្រសួងការបរទេសប៉ាគីស្ថានលោក Zahid Hafeez Choudhri បានប្រាប់ក្រុមអ្នកយកព័ត៌មាន កាលពីថ្ងៃព្រហស្បតិ៍ថា រដ្ឋាភិបាលកំពុងតែតាមដានយ៉ាងដិតដល់នូវការវិវត្តនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន។
លោក Choudhri មានប្រសាសន៍ថា៖ «យើងសង្ឃឹមថា ស្ថានភាពនេះនឹងធម្មតាឡើងវិញ ហើយមិនប៉ះពាល់ដល់ដំណើរការផ្ទេរអំណាចទេ»។
លោក Raoof Hasan ជំនួយការពិសេសរបស់នាយករដ្ឋមន្រ្តីប៉ាគីស្ថានលោក Imran Khan បានប្រាប់វីអូអេអំពីរូបភាពរបស់ក្រុមជ្រុលនិយម ដែលគាំទ្រលោក Trump ដែលបានសម្រុកចូលទៅក្នុងសម័យប្រជុំសភានិងព្រឹទ្ធសភា ខណៈអ្នកតាក់តែងច្បាប់កំពុងបញ្ជាក់អំពីជ័យជម្នះនៃសំឡេងប្រតិភូរបស់ប្រធានាធិបតីជាប់ឆ្នោតលោក Joe Biden បញ្ជាក់ថា សហរដ្ឋអាមេរិកបញ្ជាភាពស្របច្បាប់តាមក្រមសីលធម៌ខ្លះតាមគោលការណ៍ប្រជាធិបតេយ្យ ដែលទទួលបាននៅក្នុងប្រទេសដទៃទៀត។
លោក Hasan បាននិយាយនៅលើបណ្តាញសង្គម Twitter ថា៖ «ប្រសិនបើសហរដ្ឋអាមេរិកបានឃើញអ្វីដែលសហរដ្ឋអាមេរិកកំពុងធ្វើនៅសហរដ្ឋអាមេរិក សហរដ្ឋអាមេរិកនឹងលុកលុយសហរដ្ឋអាមេរិក ដើម្បីរំដោះសហរដ្ឋអាមេរិកពីភាពវឹកវររបស់សហរដ្ឋអាមេរិក»៕