នៅក្នុងរបាយការណ៍ដ៏គួរឲ្យបារម្ភមួយ ដែលចេញផ្សាយកាលពីសប្តាហ៍ថ្មីៗនេះ ធនាគារពិភពលោក បានព្រមានពីវិបត្តិ នៃកំណើនអន់ថយនៅក្នុងសេដ្ឋកិច្ចសាកលលោក ដែលអាចអូសបន្លាយពេលជាច្រើនទសវត្សរ៍ទៅមុខទៀត ប្រសិនបើរដ្ឋាភិបាលនានា ជុំវិញពិភពលោក មិនដាក់ចេញនូវអ្វី ដែលគេហៅថា ជា«គោលនយោបាយសម្រមសម្រួលកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព» នោះទេ។
របាយការណ៍របស់ធនាគារពិភពលោកបង្ហាញថា កំណើនសាកលក្នុងផលិតផលសរុបក្នុង ស្រុករវាងពីឆ្នាំ២០២២ដល់ឆ្នាំ២០៣០ នឹងមានការធ្លាក់ចុះប្រមាណ២.២ភាគរយ ដែលចុះ១ភាគ៣ពីអត្រារវាងពីឆ្នាំ២០០០ ដល់ឆ្នាំ២០១០។ បើទោះជាអត្រាកំណើនសេដ្ឋកិច្ចក្នុងប្រទេសកំពុងអភិវឌ្ឍន៍មានចំនួនខ្ពស់ជាងក៏ដោយ ក៏វាទំនងនឹងមានការថយចុះប្រមាណ១ភាគ៣ដែរ គឺធ្លាក់ចុះពីចំនួន៦ភាគរយដល់៤ភាគរយ។ នេះបើយោងទៅលើឯកសាររបាយការណ៍ ដែលមានចំណងជើងថា «ការប្រមើលមើលអំពីការធ្លាក់ចុះកំណើនសេដ្ឋកិច្ចរយ:ពេលវែង»។
របាយកាណ៍នេះបង្ហាញថា មានកត្តាកំណត់ជាច្រើន ដែលធ្វើឲ្យអន់ថយក្តីសង្ឃឹមនៃកំណើនសេដ្ឋកិច្ចរយៈពេលយូរ ដែលក្នុងនោះរួមមានកម្លាំងពលកម្មមនុស្សដែលមានវ័យកាន់តែចាស់ កំណើនប្រជាជនកាន់តែយឺតទៅៗ ក៏ដូចជាអត្រានៃការវិនិយោគផ្នែកការបង្កើនផលិតភាពស្ថិតក្នុងកម្រិតទាបជាដើម។ ការប៉ះពាល់ជាអវិជ្ជមាន កាន់តែដុនដាបទៅ ដោយសារការធ្លាក់ ចុះសេដ្ឋកិច្ចសាកល ដែលក្នុងនោះរួមមានការប៉ះពាល់យូរ ដោយសារជំងឺរាតត្បាតកូវីដ១៩ និងសង្គ្រាម កំពុងកើតមានក្នុងប្រទេសអ៊ុយក្រែនផងដែរ។
លោក Indermit Gill ប្រធានក្រុមសេដ្ឋវិទូនៃធនាគារពិភពលោក បាននិយាយនៅក្នុងឯកសារភ្ចាប់នៃរបាយការណ៍នោះថា៖ «ទសវត្សរ៍ជាប់គាំងសេដ្ឋកិច្ច អាចកើតឡើងចំពោះសេដ្ឋកិច្ចសាកល។ ការបន្តធ្លាក់ចុះកំណើនសេដ្ឋកិច្ចសាកលដែលអាចកើតឡើងនេះ បានប៉ះពាល់យ៉ាងធ្ងន់ធ្ងរលើសមត្ថភាពរបស់ពិភពលោក ក្នុងការទប់ទល់នឹងការប្រឈមសំខាន់ៗជាច្រើនជាពិសេសនៅក្នុងសម័យកាលយើងនេះ ដែលរួមមានភាពក្រីក្រខ្លាំងក្លា ប្រាក់ចំណូលខុសគ្នា និងការប្រែប្រួលអាកាសធាតុជាដើម។ ប៉ុន្តែការធ្លាក់ចុះទាំងនេះ នឹងអាចកែប្រែបាន ហើយការកំណត់ល្បឿននៃសេដ្ឋកិច្ចពិភពលោកអាចកើនឡើងបាន តាមរយៈគោលនយោបាយនៃការផ្តល់ប្រាក់លើកទឹកចិត្តការងារ បង្កើនផលិតភាព និងបន្ថែមល្បឿនវិនិយោគទុនជាដើម»។
តាមការប៉ាន់ស្មានរបស់ខ្លួន របាយការណ៍ធនាគារពិភពពលោកមួយនេះ ក៏ផ្តល់អនុសាសន៍មួយចំនួន ដែលរំពឹងថានឹងជួយជំរុញដល់អត្រាកំណើនសេដ្ឋកិច្ចសាកលជាមធ្យម ដល់២.៩ភាគរយ គឺកើនឡើងពី២.២ភាគរយ ក្នុងរយៈពេលដែលនៅសល់ក្នុងទសវត្សរ៍ជាប់គាំងសេដ្ឋកិច្ចនេះ។
របាយការណ៍នេះ ក៏បានជំរុញដល់រដ្ឋាភិបាលនានានៅជុំវិញពិភពលោក ឱ្យបញ្ចុះអតិផរណា និងធានាដល់ស្ថិរភាពនៅក្នុងវិស័យហិរញ្ញវត្ថុផងដែរ។ របាយការណ៍នេះ ក៏បានផ្តល់អនុសាសន៍ ឱ្យមានការកាត់បន្ថយកម្រិតប្រាក់បំណុលរដ្ឋ ដែលអាចជួយឱ្យនៅសល់លុយ សម្រាប់ការធ្វើវិនិយោគទុន ក្នុងវិស័យហេដ្ឋារចនាសម្ពន្ធបង្កើនផលិតភាពនោះ។
ការវិនិយោគផ្នែកវិស័យហេដ្ឋារចនាសម្ពន្ធដែលត្រូវបានផ្តល់អនុសាសន៍នោះ រួមមានធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធដឹកជញ្ជូន និងការលើកកម្ពស់ដោយចីរភាពនៃបរិដ្ឋានសម្រាប់វិស័យកសិកម្ម ការផលិត ក៏ដូចជាប្រព័ន្ធគ្រប់គ្រងទឹកនិងដីផងដែរ។
របាយការណ៍នេះ ក៏បានអំពាវនាវដល់ប្រទេសនានា ឱ្យដកចេញនូវឧបសគ្គនៃការធ្វើពាណិជ្ជកម្មអន្តរជាតិ ដោយផ្តោតទៅលើវិធីផ្សេងៗ ដើម្បីធ្វើសាកលភាវូបនីយកម្មកំណើនសេដ្ឋកិច្ចផ្នែកសេវានិងបង្កើនការចូលរួមផ្នែកកម្លាំងពលកម្មផងដែរ៕