នៅក្នុងការព្យាករចុងក្រោយរបស់ធនាគារពិភពលោក សេដ្ឋកិច្ចកម្ពុជានឹងទទួលបានកំណើន ៤,៥ភាគរយ ក្នុងឆ្នាំ២០២២នេះ។ ប៉ុន្តែប្រទេសនេះ ត្រូវទប់ទល់នឹងវិបត្តិប្រេងឥន្ធនៈឡើងថ្លៃ។
របាយការណ៍បច្ចុប្បន្នភាពស្តីពីស្ថានភាពសេដ្ឋកិច្ចនៅកម្ពុជា ក្រោមចំណងជើងថា Weathering the Oil Price Shock ឬ ការទប់ទល់ថ្លៃប្រេងដែលកំពុងហក់ឡើងខ្លាំង ដែលចេញផ្សាយដោយធនាគារពិភពលោកក្នុងខែមិថុនានេះ បានឱ្យដឹងថា ខណៈដែលសកម្មភាពសេដ្ឋកិច្ចក្នុងស្រុក និងការនាំចេញទំនិញទៅបរទេសកំពុងបន្តរើបឡើងពីការធ្លាក់ចុះក្នុងសម័យមានការរាតត្បាតជំងឺកូវីដ១៩ កំណើនមានសភាពមិនដូចគ្នានៅតាមគ្រប់ផ្នែក ដោយសារតែអតិផរណាដែលបណ្តាលមកពីសង្គ្រាមនៅប្រទេសអ៊ុយក្រែន។
ប្រធានគ្រប់គ្រងការិយាល័យធនាគារពិភពលោកប្រចាំនៅកម្ពុជាអ្នកស្រីម៉ារីយ៉ាម សាលីម (Maryam Salim) ត្រូវបានស្រង់សម្តីក្នុងសេចក្តីប្រកាសមួយតាមន័យដើមថា៖ «យុទ្ធសាស្ត្ររស់នៅជាមួយកូវីដ១៩ បានបង្កលក្ខណៈឱ្យសេដ្ឋកិច្ចមានដំណើរការឈានទៅស្តាស្ថានភាពឡើងវិញ។ ប៉ុន្តែផ្លូវទៅមុខទៀតនៅស្រពេចស្រពិលនៅឡើយ»។
អ្នកស្រីបន្ថែមថា៖ «ការឡើងថ្លៃប្រេងឥន្ធនៈ និងថ្លៃស្បៀងអាហារលើពិភពលោក ដោយសារតែសង្គ្រាមនៅប្រទេសអ៊ុយក្រែនកំពុងតែថែមទម្ងន់នៃការលំបាកថែមទៀតទៅលើជនក្រីក្រ ហើយវាក៏នឹងធ្វើឱ្យការកាត់បន្ថយភាពក្រីក្រថមថយល្បឿនវិញដែរ។ កម្មវិធីផ្ទេរសាច់ប្រាក់របស់រដ្ឋាភិបាល ដែលកន្លងមកមានសារៈសំខាន់ណាស់ ក្នុងការជួយគ្រួសារក្រីក្រដើម្បីឆ្លងកាត់ ការលំបាកក្នុងពេលមានជំងឺរាតត្បាត នឹងចាំបាច់ត្រូវតែបន្តធ្វើតទៅទៀត»។
របាយការណ៍របស់ធនាគារពិភពលោកបានឱ្យដឹងទៀតថា នៅក្នុងឆមាសទីមួយ ឆ្នាំ២០២២ ការនាំចេញមានតម្លៃទឹកប្រាក់ ៤,៨ពាន់លានដុល្លារអាមេរិក គឺកើន២៦ភាគរយ ធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។ វិស័យប្រពៃណីដែលជំរុញកំណើន មានផ្នែកកាត់ដេរសម្លៀកបំពាក់ ទំនិញធ្វើដំណើរ និងស្បែកជើងនៅតែបន្តរីកទំហំ រីឯឧស្សាហកម្មផលិតថ្មីៗ ដូចជាផ្នែកបរិក្ខារអគ្គិសនី និងគ្រឿងបន្លាស់រថយន្តជាដើមកំពុងតែលេចរូបរាង ហើយការនាំចេញទៅសហរដ្ឋអាមេរិកក៏កំពុងតែស្ទុះឡើងវិញដែរ។
របាយការណ៍បន្ថែមថា ថ្វីដ្បិតតែសេដ្ឋកិច្ចមានសន្ទុះខ្លាំងក៏ពិតមែន ដំណើរស្តាឡើងវិញបែរជាជួបសភាពយឺតយ៉ាវ ដោយសារតែការស្រុតចុះនូវតម្រូវការលើទីផ្សារសាកល។ ការឡើងថ្លៃឥតស្រាកស្រាន្តនៃប្រេងឥន្ធនៈ និងស្បៀងអាហារនៅលើទីផ្សារពិភពលោកកំពុងរុញអតិផរណាឱ្យកាន់តែធំឡើង ហើយនៅកម្ពុជាគ្រួសារក្រីក្រ និងងាយរងគ្រោះដែលមិនសូវមានប្រាក់សន្សំទំនងជាត្រូវរងទម្ងន់នៃការលំបាកធ្ងន់ជាងគេពីសំណាក់វិបត្តិប្រេងឡើងថ្លៃនេះ។
ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ(IDEA) លោក វន់ ពៅ ប្រាប់វីអូអេនៅថ្ងៃព្រហស្បតិ៍នេះថា ខណៈតម្លៃប្រេងឥន្ធនៈឡើងខ្ពស់នោះ ចំណូលរបស់ប្រជាពលរដ្ឋ ជាពិសេសអ្នកធ្វើការក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធបន្តស្ថិតក្នុងកម្រិតមួយ ដែលមិនមានតុល្យការនឹងការកើនឡើងថ្លៃប្រេងសាំង។
លោកយល់ថារដ្ឋាភិបាលគួរជួយសម្រួលយ៉ាងណា ឱ្យតម្លៃប្រេងស្ថិតក្នុងកម្រិតមួយដែលពលរដ្ឋអាចទប់ទល់បាន ព្រោះតម្លៃទំនិញផ្សេងទៀត ក៏កើនឡើងដំណាលគ្នានឹងការកើនឡើងថ្លៃប្រេងឥន្ធនៈនេះ។
លោកនិយាយថា៖«សម្រាប់ខ្ញុំរដ្ឋាភិបាលគួរតែពិនិត្យមើលឡើងវិញនូវការបន្ធូរបន្ថយពន្ធទៅលើតម្លៃប្រេងឥន្ធនៈនេះ។ ហើយម្យ៉ាងទៀត រដ្ឋគួរតែមានកញ្ចប់ថវិកាណាមួយឧបត្ថម្ភធន់ទៅលើការឡើងថ្លៃប្រេងឥន្ធនៈនេះ ដើម្បីធានានូវការប្រកបមុខរបរអាជីវកម្មរបស់ពលរដ្ឋធានានូវប្រាក់ចំណូលរបស់ប្រជាពលរដ្ឋដើម្បីចំណាយទៅលើតម្លៃប្រេង និងចំណាយទៅលើទំនិញសព្វសារពើហ្នឹងឯង។ ចឹងរដ្ឋត្រូវតែទប់ស្កាត់ឱ្យមានប្រសិទ្ធភាព ឱ្យទាន់ពេលវេលាផងដែរ»។
វីអូអេព្យាយាមសុំការអត្ថាធិប្បាយពីអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មលោក ស៊ាង ថៃ តែមិនទាន់អាចទាក់ទងបានទេតាមទូរសព្ទនៅថ្ងៃព្រហស្បតិ៍នេះ។
កាលពីសប្តាហ៍មុន សហភាពសហជីពកម្ពុជា បានលើកឡើងថាតម្លៃប្រេងសាំងដែលកំពុងហក់ឡើងខ្ពស់ មិនធ្លាប់កើតពីមុនមកនោះ បាននាំឱ្យទំនិញគ្រប់មុខនៅលើទីផ្សារក៏មានតម្លៃហក់ឡើងខ្ពស់ដែរ ដែលធ្វើឱ្យប្រជាពលរដ្ឋខ្មែរដែលមានប្រាក់ចំណូលទាប និងមធ្យម ទទួលរងនូវផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ចំពោះជីវភាពប្រចាំថ្ងៃរបស់ពួកគាត់។ ក្នុងនោះគឺមានដូចជាមន្ត្រីរាជការ អាជីវករ កម្មករ អ្នកលក់ដូរមិនរៀបរយ និងកសិករជាដើម។
សហជីពនេះបានស្នើឱ្យរដ្ឋាភិបាលកម្ពុជាកាត់បន្ថយពន្ធលើការនាំចូលប្រេងឥន្ធនៈ និងបញ្ចេញកញ្ចប់ថវិកាជាតិ ដើម្បីទប់ស្កាត់ និងបញ្ចុះតម្លៃប្រេងឥន្ធនៈត្រឹមតម្លៃមួយសមរម្យ ក្នុងការសម្រួលដល់ការប្រើប្រាស់ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋខ្មែរ បើទោះជាការកើនឡើងថ្លៃប្រេងឥន្ធនៈនេះជាប់ពាក់ព័ន្ធនឹងសង្គ្រាមនៅអ៊ុយក្រែន។
ក្រសួងពាណិជ្ជកម្មបានឱ្យដឹងក្នុងសេចក្តីប្រកាសចុះថ្ងៃទី២១ខែមិថុនាថាតម្លៃប្រេងសាំងធម្មតានិងត្រូវដាក់លក់ក្នុងតម្លៃ៥.៨០០រៀលក្នុងមួយលីត្រ និង៦.៣០០រៀលក្នុងមួយលីត្រសម្រាប់ប្រេងម៉ាស៊ូត។ តម្លៃនេះត្រូវអនុវត្តពីថ្ងៃ២១ដល់ថ្ងៃទី៣០ខែមិថុនា។ ប៉ុន្តែក្រសួងមិនបានបញ្ជាក់ពីតម្លៃប្រេងស៊ុបពែ ដែលនៅតាមស្ថានីយប្រេងឥន្ធនៈខ្លះដាក់លក់ក្នុងតម្លៃ៦.៤០០រៀល ទៅ៦.៤៥០រៀលក្នុងមួយលីត្រ៕