ធនាគារពិភពលោក បានបន្ថយអត្រានៃការព្យាករណ៍កំណើនសេដ្ឋកិច្ចឆ្នាំ២០២៣របស់ខ្លួនកាលពីថ្ងៃអង្គារ ទៅដល់កម្រិតកៀកនឹងស្ថានភាពវិបត្តិសេដ្ឋកិច្ចសម្រាប់ប្រទេសជាច្រើន នៅពេលផលប៉ះពាល់នៃការបង្កើនអត្រាការប្រាក់របស់ធនាគារកណ្ដាល កើនតែឡើងខ្លាំង សង្គ្រាមរុស្ស៊ីនៅអ៊ុយក្រែននៅបន្ត ហើយក្បាលម៉ាស៊ីនសេដ្ឋកិច្ចធំៗលើលោក នៅដង្ហក់នៅឡើយ។ នេះបើតាមការរាយការណ៍របស់ទីភ្នាក់ងារ Reuters។
ស្ថាប័នផ្តល់កម្ចីសម្រាប់អភិវឌ្ឍន៍នេះ និយាយថាពេលនេះខ្លួនរំពឹងថាកំណើនផលទុនសរុបក្នុងស្រុកទូទាំងសកលលោកនៅត្រឹម១.៧%នៅឆ្នាំ២០២៣ ជាកំណើនយឺតបំផុត ក្រៅពីការធ្លាក់ចុះសេដ្ឋកិច្ចឆ្នាំ២០០៩និង២០២០ ក្នុងពេលជិត៣ទសវត្សរ៍កន្លងមកនេះ។ ក្នុងរបាយការណ៍ស្តីពីសន្ទស្សន៍សេដ្ឋកិច្ចសកលលើកមុនរបស់ខ្លួនដែលបានចេញផ្សាយនៅខែមិថុនាឆ្នាំ២០២២ ធនាគារពិភពលោក បានព្យាករណ៍ថាសេដ្ឋកិច្ចពិភពលោកនឹងកើនក្នុងអត្រា៣%។
ធនាគារនេះនិយាយថាការធ្លាក់ចុះក្នុងប្រទេសដែលមានសេដ្ឋកិច្ចអភិវឌ្ឍន៍ រួមទាំងការកាត់អត្រាព្យាករណ៍របស់ខ្លួនមកត្រឹម០,៥ % សម្រាប់ទាំងសហរដ្ឋអាមេរិក ទាំងតំបន់អឺរ៉ុប ជាប្រផ្នូលនៃការធ្លាក់ចុះសេដ្ឋកិច្ចសកលថ្មីមួយក្នុងពេលមិនដល់៣ឆ្នាំផង ក្រោយពីការធ្លាក់ចុះលើកចុងក្រោយ។
ធនាគារពិភពលោក បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយដែលភ្ជាប់ជាមួយរបាយការណ៍របស់ខ្លួនថា៖ «ដោយសារស្ថានភាពសេដ្ឋកិច្ចផុយស្រួយ ការវិវត្តថ្មីជាអវិជ្ជមានណាមួយ ដូចជាអតិផរណាខ្ពស់ហួសស្មាន កំណើនអត្រាការប្រាក់ភ្លាមៗ ដើម្បីទប់អតិផរណា ការរើបឡើងវិញនូវការរាតត្បាតជំងឺកូវីដ១៩ ការកើនឡើងភាពតានតឹងខាងភូមិសាស្ត្រនយោបាយ សុទ្ធតែអាចរុញសេដ្ឋកិច្ចពិភពលោក ឲ្យដាំក្បាលចុះបាន»។
ការប្រមើលមើលដ៏អាប់អួនេះ នឹងធ្លាក់ទៅលើជាពិសេសប្រទេសកំពុងអភិវឌ្ឍនិងប្រទេសមានសេដ្ឋកិច្ចលូតលាស់លឿនដែលប្រទេសទាំងនេះ កំពុងត្រដាបត្រដួស ដោយសារតែបន្ទុកបំណុលធ្ងន់ធ្ងរ កំណើនប្រាក់ចំណូលនិងរូបិយប័ណ្ណខ្សោយ និងការបណ្ដាក់ទុនវិនិយោគយឺត ដែលឥឡូវត្រូវបានព្យាករណ៍ក្នុងអត្រាកំណើនប្រចាំឆ្នាំ៣,៥% ក្នុងពេល២ឆ្នាំខាងមុខ គឺតិចជាងអត្រាកាលពី២ទសវត្សរ៍កន្លងទៅ។ នេះបើយោងតាមធនាគារពិភពលោក។
កំណើនរបស់ចិននៅឆ្នាំ២០២២ បានធ្លាក់ចុះដល់២.៧% ជាអត្រាយឺតបំផុតទី២ ចាប់តាំងពីពាក់កណ្តាលទសវត្សរ៍១៩៧០ និងក្រោយឆ្នាំ២០២០មក ពេលដែលការដាក់កំហិតគ្មានកូវីដ ឬ zero-COVID ភាពវឹកវរក្នុងទីផ្សារអចលនទ្រព្យនិងគ្រោះទុរ្ភិក្ស បានប៉ះពាល់ដល់ការប្រើប្រាស់ ផលិតកម្ម និងវិនិយោគ។ នេះបើយោងតាមរបាយការណ៍របស់ធនាគារពិភពលោក៕