ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ធនាគារ​ពិភពលោក៖ អតិផរណា​និង​ភាព​ក្រីក្រ​កាន់តែ​កើន​ឡើង​នៅ​មីយ៉ាន់ម៉ា​ដែល​ហែក​ហួរ​ដោយ​សារ​សង្គ្រាម


រូបឯកសារ៖ អ្នក​រកស៊ី​បើក​រថយន្ត​ឈ្នួល​បង់ថ្លៃសាំង​នៅ​ស្ថានីយ៍ប្រេងឥន្ធនៈមួយ នៅទីក្រុង​ Yangon ប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១។
រូបឯកសារ៖ អ្នក​រកស៊ី​បើក​រថយន្ត​ឈ្នួល​បង់ថ្លៃសាំង​នៅ​ស្ថានីយ៍ប្រេងឥន្ធនៈមួយ នៅទីក្រុង​ Yangon ប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១។

របាយការណ៍​ថ្មីមួយ​របស់​ធនាគារពិភពលោកបាន​ឱ្យ​ដឹងថា ​សេដ្ឋកិច្ច​ប្រទេស​មីយ៉ាន់ម៉ាគ្មានបង្ហាញសញ្ញានៃ​ការរើបឡើង​វិញ​ពី​រដ្ឋប្រហារ​យោធា​កាលពី​ឆ្នាំ ២០២១ ទេ នៅពេល​សង្គ្រាម​ស៊ីវីលជំរុញ​កម្មករច្រើន​ជាង​មុនឱ្យ​ទៅប្រទេសក្រៅ​ បង្កើនអតិផរណា​ដល់​តួលេខបី​ខ្ទង់​នៅ​ក្នុង​ផ្នែក​ខ្លះរបស់ប្រទេស​និង​ទាញ​ប្រទេស​នេះ​ឱ្យមានភាពក្រី​ក្រ​ខ្លាំង​ជាងមុន។

របាយការណ៍​មានចំណង​ជើង​ថា «ជីវភាពនៅ​ក្រោមការ​គំរាមកំហែង» ​ដែលត្រូវបានចេញ​ផ្សាយ​កាលពីថ្ងៃពុធ ទី១២ ខែ​មិថុនា នៅ​ប្រទេសមីយ៉ាន់ម៉ា បាន​ឱ្យដឹងថា កាលពី​ឆ្នាំ​ទៅ​សេដ្ឋកិច្ច​ប្រទេស​នេះមានផលិតផលសរុបតែ ១%។ គេ​រំពឹង​ថា ​ផលិត​ក្នុង​ស្រុក​សរុប​នេះនឹង​មាន​កម្រិត​ដដែលនៅ​ឆ្នាំក្រោយ។

ខណៈ​ទប់ទល់​នឹង​វិបត្តិ​សេដ្ឋកិច្ច​ ការលូតលាស់​យឺតយ៉ាវ​នៅ​តែ​ធ្វើ​ឱ្យ​ប្រទេសមីយ៉ាន់ម៉ាដែលធ្លាប់មានសេដ្ឋកិច្ចលូតលាស់ មាន​សេដ្ឋកិច្ច​ ១០%​ តូច​ជាងមុនពេលកង​យោធា​បណ្តេញរដ្ឋាភិបាល​ជាប់ឆ្នោត​តាមលទ្ធិ​ប្រជាធិបតេយ្យ​ចេញពី​អំណាចកាល​ពី​ជាង​បីឆ្នាំមុន​នេះ។

ក្រុមអ្នកតស៊ូ​មានជ័យជំនះច្រើន​នៅ​លើ​សមរភូមិប្រឆាំងនឹងក្រុមប្រឹក្សាយោធាតាំង​ពីចុង​ឆ្នាំទៅ ហើយ​គេមាន​ជំនឿថា ក្រុម​ទាំងនេះ​គ្រប់គ្រងប្រទេសជាង​ពាក់កណ្តាល រួមមានទាំង​ផ្លូវ​ពាណិជ្ជកម្មព្រំដែន​សំខាន់ៗផង​ដែរ។

លោក Kim Edwards គឺជា​សេដ្ឋវិទូ​ជាន់​ខ្ពស់នៃធនាគារ​ពិភពលោក។ លោក​បានថ្លែងនៅ​ពេលចេញផ្សាយ​សេចក្តីរាយការណ៍​នេះថា៖ «រឿងសរុបគឺថា សេដ្ឋកិច្ចនៅ​តែខ្សោយ​និងផុយ​ស្រួយ។ ការ​ប្រកបធុរកិច្ច​គ្រប់​ទំហំ​និង​វិស័យ​ទាំងអស់​នៅ​តែពិបាក»។

ធនាគារពិភពលោកពោល​ថា អតិផរណាសរុបកើន​ឡើង​ប្រមាណ​ ៣០% ​ក្នុងពេលមួយឆ្នាំរហូតដល់​ចុងខែកញ្ញា ឆ្នាំ ​២០២៣​ ហើយ​អតិផរណាខ្ពស់ជាងនេះ​នៅ ​ក្នុង​តំបន់​មានការប្រយុទ្ធគ្នាខ្លាំង។

កម្មវិធីស្បៀងអាហារពិភពលោក​នៃអង្គការ​សហប្រជាជាតិ​ថា​ នៅពេល​នេះ​អសន្តិសុខ​ស្បៀង​មានផល​ប៉ះពាល់​ខ្លាំងលើប្រជារាស្ត្រ​មីយ៉ាន់ម៉ា ៥៥ លាន​នាក់ ជាពិសេស​លើ​មនុស្សជាង​ ៣ លាននាក់ ​ខ្ចាត់ព្រាត់​ពី​លំនៅដ្ឋាន​ ដោយសារ​ការប្រយុទ្ធគ្នា។​

នៅក្នុងរបាយការណ៍​នោះ​ ធនាគារពិភពលោកក៏​បានប៉ាន​ប្រមាណ​ដែរ​ថា ពលរដ្ឋ​មីយ៉ាន់​ម៉ា​ជិតមួយ​ភាគបី​បច្ចុប្បន្ន​នេះ​កំពុង​រស់នៅ​ក្នុង​ភាពទីទាល់ក្រ។

លោក​ Edwards បានថ្លែងថា​៖ «យើងឃើញភាព​ក្រីក្រ​ធ្ងន់ធ្ងរ។ ដូច្នេះ នេះ​ជា​ការវាស់វែង​មួយ​នៃ​ភាព​ទីទាល់ក្រ ដែល​កាន់​តែ​អាក្រក់ជាងមុន​ក្នុង​ឆ្នាំ ២០២៣ ​ផងដែរ ដែលនេះ​មានន័យ​ថាមានភាព​ក្រីក្រ​ចាក់​ឬសជាង​ពេលណាៗទាំងអស់​ក្នុងរយៈពេល ៦ ​ឆ្នាំកន្លង​ទៅ​នេះ»។​

លោក​ស្រី Htwe Htwe Thein ជា​សាស្ត្រាចារ្យ​ជំនួយ​នៅ​សាកលវិទ្យាល័យ​ Curtin នៃ​ប្រទេសអូស្ត្រាលី ដែលបាន​សិក្សាអំពី​ការអភិវឌ្ឍន៍​ធុរកិច្ច​និង​សេដ្ឋកិច្ចនៃប្រទេសមីយ៉ាន់ម៉ាពីរ​ទសវត្សរ៍​មក​ហើយ។ លោក​ស្រី​បាន​និយាយថា ​លោកស្រីមិនអាចនឹកឃើញពេលអាក្រក់ណា​មួយ​នៃសេដ្ឋកិច្ច​មីយ៉ាន់ម៉ា ​ដូច​ពេល​នេះឡើយ។

លោកស្រី​បានថ្លែងប្រាប់​វីអូអេថា​៖ «ស្ថានភាពសេដ្ឋកិច្ច​មីយ៉ាន់ម៉ា​មិនដែលទាប​បែបនេះទេ​ក្នុង​ន័យ​ទស្សនៈ​វិស័យនិងក្នុង​ន័យ​នៃ...លំនាំ​ការលូតលាស់»។

លោកស្រីថា៖ «មនុស្ស​ដែល​ធូរធារ​ ជា​ក្រុម​មនុស្ស​មួយ​ភាគ​តូច​ដែល​ធ្វើការជា​មួយក្រុមប្រឹក្សាយោធា​តែ​ប៉ុណ្ណោះ។ មនុស្សឯទៀតៗ​រង​គ្រោះធ្ងន់ធ្ងរ»។

លោកស្រី Thein ថា នៅ​ពេលមានអតិផរណាខ្លាំង ប្រាក់បៀវត្សរ៍​ទាបនិងគ្មានការងារ​ធ្វើ​ ក្រុម​មនុស្ស​វ័យក្មេង​អស់សង្ឃឹម ហើយស្វះស្វែង​រក​ឱកាស​ទៅ​ធ្វើការ​ឬ​ទៅសិក្សា​ឯប្រទេស​ក្រៅ។

លោកស្រី​បាន​បន្ថែមថា កិច្ច​ប្រឹងប្រែងរបស់​ក្រុមប្រឹក្សា​យោធា​ដើម្បី​លើក​កម្ពស់សេដ្ឋកិច្ច​ គឺមិនបាន​ប្រុងប្រៀប​ទុក​ជា​មុននិង​មិនបាន​គិតគូរឱ្យ​វែង​ឆ្ងាយទេ ហើយ​ការកសាង​សេដ្ឋកិច្ចជាថ្មីនឹងចំណាយពេល​ច្រើន​ឆ្នាំ ​និងអាចសម្រេចបាន ​លុះត្រា​តែ​ក្រុមប្រឹក្សា​យោធាបាត់បង់​អំណាច៕

ប្រែសម្រួល​ដោយ​លោក ឈឹម សុមេធ

XS
SM
MD
LG