ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជន​​ស៊ីវិល​​ស្លាប់​​ច្រើន​ឡើង​ក្នុង​​សង្គ្រាមស៊ីវិល​នៅមីយ៉ាន់ម៉ា​​​នៅ​ពេល​​ក្រុមអ្នក​តស៊ូ​​​​បង្កើន​​ការវាយប្រហារ​លើ​ក្រុមយោធា


បុរស​ម្នាក់​ត្រូវរបួស​ដោយការ​ប្រយុទ្ធ​នៅ​រដ្ឋ Karen មីយ៉ាន់ម៉ាកាលពីថ្ងៃទី​៣១ មីនា ឆ្នាំ២០២៤។
បុរស​ម្នាក់​ត្រូវរបួស​ដោយការ​ប្រយុទ្ធ​នៅ​រដ្ឋ Karen មីយ៉ាន់ម៉ាកាលពីថ្ងៃទី​៣១ មីនា ឆ្នាំ២០២៤។

ក្នុង​រយៈពេល​៦​ខែ​នៃ​ការ​វាយលុកប្រ​ឆាំង​នឹងរដ្ឋាភិបាល​យោធាមីយ៉ាន់ម៉ា ​កងកម្លាំង​ប្រឆាំងបានទទួល​ជ័យជំនះ​ច្រើន ​តែជនស៊ីវិលស្លាប់ច្រើន​ឡើងនៅពេល​ក្រុមទាហាន​របប​គ្រប់គ្រងយោធាបង្កើន​កលយុទ្ធបំផ្លាញ​និង​សម្លាប់​គ្មាន​ត្រា​ប្រណីនៅក្នុង​សង្គ្រាម​ស៊ីវិលដ៏​ជូរចត់​នៃ​ប្រទេស​នេះ​ក្នុង​អាស៊ីអាគ្នេយ៍។

មានសម្ពាធ​ជុំទិស​ពី​ក្រុមជីវពលនៃ​ក្រុម​ជនអំបូរភាគតិចនៃប្រទេសមីយ៉ាន់ម៉ា​និង​កងកម្លាំង​តស៊ូ​ថ្មីៗ។ ទាហាន​រដ្ឋាភិបាលបាន​សងសឹក​ដោយ​ធ្វើការវាយ​ប្រហារ​តាម​អាកាស ​តាមសមុទ្រ​និង​ដោយ​កាំភ្លើង​ធំ​លើ​មន្ទីរ​ពេទ្យ​និង​កន្លែង​ឯទៀតៗដែល​ក្រុម​ប្រឆាំង​អាច​ជ្រកកោន​ឬ​ត្រូវ​ជួយ​សង្គ្រោះ។

លោក Dave Eubank ​ជាអតីតទាហាន​កងកម្លាំង​ពិសេសសហរដ្ឋ​អាមេរិក​ដែល​បាន​បង្កើតក្រុម Free Burma Rangers ​ជាអង្គការ​ខាង​ជំនួយ​មនុស្សធម៌​មួយផ្តល់​ជំនួយ​ដល់​ក្រុម​យុទ្ធជននិងក្រុម​ជន​ស៊ីវិល​មីយ៉ាន់ម៉ា​តាំង​ពី​ទសវត្សរ៍​១៩៩០មក។​ លោកបាន​និយាយ​ថា៖​«នៅ​ពេលមហាជន​ងើប​ឈរប្រឆាំង​នឹងក្រុម​យោធា ខ្ញុំ​យល់​ថាការណ៍​នេះ​នាំ​ឱ្យ​ពួក​គេ​ភ័យ​ខ្លាច‍»។

នៅ​ពេល​នេះ​កងកម្លាំង​យោធា​ត្រួតត្រា​តិចជាង​ពាក់កណ្តាលប្រទេស តែ​កាន់កាប់​រឹង​មាំ​ផ្នែក​ជា​ច្រើននៃ​តំបន់កណ្តាលប្រទេស​មីយ៉ាន់ម៉ាមានរួមរដ្ឋធានី​ណៃពិដោ ​ដែលកាលពី​ពេល​ថ្មីៗ​នេះបាន​រងការ​វាយប្រហារ​ដោយ​ដ្រូន​ និង​ក្រុង​ Yangon ​ជា​ក្រុង​ធំ​បំផុតរបស់​ប្រទេស​នេះ។ កង​យោធា​ក៏​មាន​អាវុធច្រើន​ជាងកងកម្លាំង​តស៊ូដោយសារ​មាន​ការគាំទ្រពីរុស្ស៊ី​និង​ចិន។​

លោក Thet Swe ​អ្នកនាំ​ពាក្យ​រដ្ឋាភិបាល​យោធាបាន​បដិសេធ​ថា​ទាហាន​មិនបាន​វាយប្រហារ​លើ​អគារ​និង​តំបន់ដែល​ជន​ស៊ីវិល​ជ្រកកោន​ទេ​ ដោយ​លោក​បាន​បន្ទោស​ក្រុមប្រឆាំងថា​បាន​បំផ្ឡាញកន្លែង​ទាំង​នេះ​ ដោយ​លោក​មិនបាន​ផ្តល់​ភ័ស្តុតាង​ឡើយ។

នៅ​ក្នុង​ការវិវត្ត​មួយ​ទៀត ​របប​យោធា​មីយ៉ាន់ម៉ា​កាលពី​ថ្ងៃពុធ​បាន​បដិសេធ​សំណើ​របស់​អតីត​មេដឹកនាំ​កម្ពុជា​លោក ហ៊ុន សែន ​ដែល​ចង់​ជួបពិភាក្សា​ជាមួយ​មេដឹកនាំ​លទ្ធិ​ប្រជាធិបតេយ្យ​លោកស្រី​អោងសាន ស៊ូជី ​ដែល​ត្រូវបាន​ឃុំខ្លួន​តាំងពី​រដ្ឋប្រហារ​ឆ្នាំ​២០២១។

របប​យោធា​បាន​ច្រានចោល​សំណើ​ជាច្រើន​របស់​មេដឹកនាំ​បរទេស ​និង​អ្នកការទូត​ដើម្បី​ជួប​ម្ចាស់​ជ័យលាភី​ណូបែល​អាយុ ៧៨ ឆ្នាំ ​រូប​នេះ ​ដែលត្រូវ​បានរាយការណ៍​ថា​មាន​បញ្ហា​សុខភាព​ក្នុង​អំឡុងពេល​ឃុំឃាំង​ជាង​បីឆ្នាំ​មក​នេះ។

កាលពី​ថ្ងៃ​អង្គារ ​លោក ហ៊ុន សែន ​ដែល​បាន​គ្រប់​គ្រង​ប្រទេស​កម្ពុជា​អស់​រយៈ​ពេល​ជិត​៤​ទសវត្សរ៍​មុន​ពេល​ចុះ​ចេញ​ពី​តំណែង​កាលពី​ឆ្នាំ​មុន ​បាន​ថ្លែង​ថា ​លោក​បាន​ស្នើ​សុំ​ជួប​ជាមួយ​លោកស្រី ស៊ូជី ​ក្នុង​អំឡុង​ពេល​សន្ទនា​តាម​វីដេអូ​ជាមួយ​ប្រមុខ​របប​យោធា ​លោក​Min Aung Hlaing។

អ្នកនាំពាក្យ​របប​យោធា​លោក Zaw Min Tun​ បាន​និយាយ​នៅក្នុង​សារ​ជាសំឡេង​ដែល​ចេញ​ផ្សាយ​ដោយ​ក្រុមព័ត៌មាន​របស់​យោធា​ថា​ ​របប​យោធា​មិន​មាន​ហេតុផល​ដើម្បី​សម្រប​សម្រួល​ឲ្យ​មាន​ជំនួប​នេះ​នៅពេលនេះ​ទេ៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG