អ្នកកាន់ទុក្ខជាច្រើនរយនាក់ក្នុងប្រទេសមីយ៉ាន់ម៉ាកាលពីថ្ងៃពុធ បាននាំគ្នាទៅគោរពសពអតីតឧត្តមសេនីយយោធាមីយ៉ាន់ម៉ាម្នាក់ ដែលក្រោយមកបានក្លាយជាសកម្មជនលទ្ធិប្រជាធិបតេយ្យរបស់ប្រទេសនេះ និងជាមនុស្សដ៏ជិតស្និទ្ធម្នាក់របស់អ្នកស្រី Aung San Suu Kyi នៅក្នុងស្ថានភាពដ៏កម្រមួយ ដែលការជួបជុំនៅក្នុងប្រទេសនេះត្រូវបានហាមឃាត់នៅក្នុងទីក្រុងពាណិជ្ជកម្ម ដែលគ្រប់គ្រងដោយរបបសឹកមីយ៉ាន់ម៉ា។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AFP ។
ឯកអគ្គរដ្ឋទូតបរទេសនិងមន្ត្រីសំខាន់ៗនៅក្នុងគណបក្សសម្ព័ន្ធភាពដើម្បីលទ្ធិប្រជាធិបតេយ្យ NLD របស់អ្នកស្រី Suu Kyi ជាច្រើននាក់ ស្ថិតក្នុងចំណោមអ្នកចូលរួមពិធីបុណ្យដង្ហែសពលោក Tin Oo ដែលបានស្លាប់ក្នុងទីក្រុង យែងហ្គោន ប្រទេសមីយ៉ាន់ម៉ា ក្នុងអាយុ៩៧ឆ្នាំ។ អ្នកស្រី Suu Kyi កំពុងជាប់ទោសក្នុងពន្ធនាគាររយៈពេល២៧ឆ្នាំ ដែលធ្វើឡើងដោយតុលាការនៃរបបសឹកមីយ៉ាន់ម៉ា។
លោកTin Oo ធ្លាប់ធ្វើជាឧត្តមសេនីយ៍យោធា នៅក្រោមបុរសខ្លាំង Ne Win មុនពេលត្រូវបានបណ្តេញចេញពីយោធាពីបទចោទប្រកាន់ថា បានរក្សាទុកព័ត៌មានជុំវិញឧបាយកលធ្វើរដ្ឋប្រហារមិនបានសម្រេចមួយ។
លោកបានបង្កើតគណបក្សសម្ព័ន្ធភាពដើម្បីលទ្ធិប្រជាធិបតេយ្យ NLD ជាមួយអ្នកស្រី Suu Kyi នៅក្រោយមានការប្រឆាំងតវ៉ាដ៏ធំប្រឆាំងនឹងរបបសឹកក្នុងឆ្នាំ១៩៨៨ ហើយបន្ទាប់មកក៏បានក្លាយជាមនុស្សដ៏ជំនិតបំផុតម្នាក់របស់អ្នកស្រី Suu Kyi។
ឯកអគ្គរដ្ឋទូតប្រទេសឥណ្ឌា សិង្ហបុរី ក៏បានចូលរួមជាមួយមនុស្សរាប់រយនាក់ផ្សេងទៀត ក្នុងការចួលរួមពិធីដង្ហែសពលោក Tin Oo ដែលត្រូវបានគេដាក់នៅក្នុងមឈូសកញ្ចក់មួយ ដែលគ្របពីលើដោយទង់គណបក្ស NLD ដែលមានរូបក្ងោកនោះ។
ក្បួនរថយន្តដង្ហែរសពដែលមានកម្រងផ្កានិងរូបថតពាក់កណ្តាលខ្លួនរបស់លោក Tin Oo ផងដែរនោះ បានដឹកមឈូសសពកាត់តាមផ្លូវនានាដែលទើបមានភ្លៀងរួច ទៅកាន់បូជនីយដ្ឋានបញ្ចុះសព Yay Way ដែលមានមនុស្សរាប់រយនាក់កំពុងឈររង់ចាំនៅទីនោះរួចជាស្រេច ខណៈទាហានមីយ៉ាន់ម៉ាជាច្រើននាក់ឈរសម្លឹងមើល៕