កំណើនសេដ្ឋកិច្ចនៅប្រទេសកម្ពុជា ត្រូវបានរំពឹងទុកថា នឹងនៅតែរឹងមាំនៅឆ្នាំ២០១៩ នៅពេលដែលទីផ្សារស្បែកជើង និងសម្លៀកបំពាក់ក្រៅប្រទេសមានតម្រូវការទាបជាងការរំពឹងទុក ខណៈដែលកំណើនសេដ្ឋកិច្ចក្នុងតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ក៏ត្រូវបានគេប្រមើលមើលជាមុនថា នឹងចុះថមថយ។ នេះបើយោងតាមការបញ្ជាក់របស់ធនាគារពិភពលោក ដែលបានចេញផ្សាយរបាយការណ៍ថ្មីមួយសម្រាប់ខែមេសាឆ្នាំ២០១៩ ក្រោមចំណងជើងថា៖ «ការគ្រប់គ្រងបញ្ហាប្រឈម» ឬManaging Headwinds។
យោងតាមសេចក្តីប្រកាសមួយរបស់ធនាគារពិភពលោកចេញផ្សាយនៅថ្ងៃពុធនេះ បានបញ្ជាក់ឲ្យដឹងថា កំណើនសេដ្ឋកិច្ចនៅក្នុងតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ដែលកំពុងអភិវឌ្ឍ ត្រូវបានគន់គូរថា នឹងថមថយសន្ទុះធ្លាក់មកនៅត្រឹម ៦ភាគរយ ក្នុងឆ្នាំ២០១៩ និងឆ្នាំ២០២០ ធៀបទៅនឹង៦,៣ភាគរយក្នុងឆ្នាំ២០១៨ ដោយសារតែបញ្ហាប្រឈមដែលសេដ្ឋកិច្ចពិភពលោកកំពុងជួបប្រទះ និងការដាក់ចេញគោលនយោបាយដោយរដ្ឋាភិបាលចិនក្នុងការបន្ថយល្បឿនជាជំហានៗនូវកំណើនសេដ្ឋកិច្ចកន្លងមក។
សេចក្តីប្រកាសដដែលបានឲ្យដឹងពីស្ថានភាពកំណើនសេដ្ឋកិច្ចរបស់កម្ពុជាតាមន័យដើមថា៖
«នៅប្រទេសកម្ពុជាកំណើន ត្រូវបានគេគន់គូរទុកថា នឹងមានលក្ខណៈស្វាហាប់ តែក្នុងជំហានមួយយឺតជាងនៅក្នុងឆ្នាំ២០១៨បន្តិច ដោយសារតែទីផ្សារក្រៅប្រទេសមានតម្រូវការទាបជាងការរំពឹងទុក»។
លោក អេនឌ្រូ ម៉េសុន (Andrew Mason) នាយកស្តីទីផ្នែកសេដ្ឋកិច្ចរបស់ធនាគារពិភពលោកទទួលបន្ទុកតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ថ្លែងក្នុងសន្និសីទព័ត៌មានមួយតាមវីដេអូពីចម្ងាយឬហៅថា(video conference)នៅការិយាល័យធនាគារពិភពលោកក្នុងទីក្រុងភ្នំពេញ នៅថ្ងៃពុធនេះថា កំណើនសេដ្ឋកិច្ចប្រទេសកម្ពុជា ត្រូវបានព្យាករជាមុនថា នឹងស្ថិតក្នុងអត្រា៧ភាគរយនៅឆ្នាំ២០១៩ ដែលទាបជាងអត្រា៧,៥ភាគយ ដែលត្រូវបានគេព្យាករណ៍ក្នុងឆ្នាំ២០១៨។
សេដ្ឋវិទូរូបនេះ បញ្ជាក់ថា ការចុះថមថយកំណើនសេដ្ឋកិច្ចកម្ពុជាបន្តិចបន្តួចក្នុងឆ្នាំ២០១៩នេះ គឺភាគច្រើនបណ្តាលមកពីតម្រូវការពិភពលោកសម្រាប់ទំនិញវាយនភណ្ឌផលិតដោយប្រទេសកម្ពុជាបានថយចុះ។
លោកមានប្រសាសន៍ជាភាសាអង់គ្លេស និងត្រូវបានប្រែសម្រួលជាភាសាខ្មែរថា៖
«ការណ៍នេះគឺត្រូវបានរំពឹងថា នឹងកើតឡើងភាគច្រើនដោយសារតែការចុះខ្សោយនៃតម្រូវការសាកលសម្រាប់ផលិតផលស្បែកជើង សម្លៀកបំពាក់ និងរបស់ប្រើប្រាស់ ដែលកម្ពុជាបានទទួលជោគជ័យក្នុងការផលិត និងការនាំចេញ»។
លោក អេនឌ្រូ ម៉េសុន លើកឡើងទៀតថា មិនទាន់មានសញ្ញាបញ្ជាក់ពីហានិភ័យនៃរចនាសម្ព័ន្ធសំខាន់ៗដែលជាផ្នែកនៃការទ្រទ្រង់កំណើនសេដ្ឋកិច្ចកម្ពុជា តែសម្រាប់អនាគត កិច្ចការសំខាន់ដែលកម្ពុជាត្រូវបន្តធ្វើនោះ គឺការធ្វើឲ្យប្រសើរឡើងនូវភាពប្រកួតប្រជែងនៅលើទីផ្សារពិភពលោក។ លោកថា ការណ៍នេះ អាចសម្រេចទៅបាន ប្រសិនបើកម្ពុជាធ្វើកំណែទម្រង់លើការកាត់ថ្លៃចំណាយ ដើម្បីធ្វើជំនួញ ធ្វើឲ្យប្រសើរឡើងបរិយាកាសធ្វើជំនួញ ហើយពិសេសជាងនេះនោះ គឺការធ្វើឲ្យប្រសើរឡើងមូលធនមនុស្ស និងជំនាញកម្លាំងពលកម្ម។
សម្រាប់ស្ថានភាពសេដ្ឋកិច្ចរបស់ប្រទេសផ្សេងទៀតក្នុងតំបន់ធនាគារពិភពលោកបានឲ្យដឹងថា នៅប្រទេសចិន ការបន្ថយល្បឿនកំណើនសេដ្ឋកិច្ចតាមការកំណត់របស់គោលនយោបាយរដ្ឋាភិបាលនឹងធ្វើឲ្យកំណើនធ្លាក់ចុះ មកនៅត្រឹម ៦,២ភាគរយ ក្នុងឆ្នាំ២០១៩ និងឆ្នាំ២០២០ ប្រៀបទៅនឹងអត្រា៦,៦ភាគរយ ក្នុងឆ្នាំ២០១៨។
កំណើននៅក្នុងប្រទេសឥណ្ឌូណេស៊ី និងប្រទេសម៉ាឡេស៊ី ត្រូវបានប៉ាន់ប្រមាណទុកថា នឹងគ្មានការប្រែប្រួលទេក្នុងឆ្នាំ២០១៩ ប៉ុន្តែអត្រាកំណើននៅប្រទេសថៃ និងប្រទេសវៀតណាម ត្រូវបានគេរំពឹងថា នឹងថមថយចុះបន្តិចវិញក្នុងឆ្នាំនេះ។
ធនាគារពិភពលោកបានបន្តបញ្ជាក់ទៀតថា នៅប្រទេសហ្វ៊ីលីពីន ភាពយឺតយ៉ាវក្នុងការអនុម័តថវិកាជាតិ សម្រាប់ឆ្នាំ២០១៩ ត្រូវបានគេរំពឹងថា នឹងជះឥទ្ធិពលទៅលើកំណើនផលិតផលក្នុងស្រុកសរុប (ផ.ស.ស) ក្នុងឆ្នាំនេះ ប៉ុន្តែកំណើនត្រូវបានរំពឹងថា នឹងងើបឡើងនៅក្នុងឆ្នាំ២០២០។ ចំណែកគោលនយោបាយពង្រីកផ្នែកសារពើពន្ធត្រូវបានគេរំពឹងថា នឹងជំរុញឲ្យប្រទេសមីយ៉ាន់ម៉ា ទទួលបានកំណើនសេដ្ឋកិច្ចថែមទៀត ក្នុងរយៈពេលខ្លីជាមួយគ្នានោះដែរ ហើយកំណែទម្រង់ហិរញ្ញវត្ថុថ្មីៗនេះត្រូវបានគេរំពឹងថា នឹងជួយឲ្យមានកំណើនក្នុងរយៈពេលមធ្យម។
ធនាគារពិភពលោកមិនបានផ្តល់ការអធិប្បាយណាមួយទៅលើស្ថានភាពនយោបាយនៅប្រទេសកម្ពុជា និងភាពរកាំរកូសរវាងរដ្ឋាភិបាលទីក្រុងភ្នំពេញ និងសហភាពអឺរ៉ុប ក៏ដូចជាសហរដ្ឋអាមេរិក ដែលជាទីផ្សារសំខាន់សម្រាប់ផលិតផលកាត់ដេរកម្ពុជា។
ក៏ប៉ុន្តែលោក ឯម សុវណ្ណារ៉ា អ្នកវិភាគនយោបាយឯករាជ្យ ប្រាប់ VOA នៅថ្ងៃពុធនេះថា កំណើនសេដ្ឋកិច្ចកម្ពុជា អាចនឹងលែងបន្តមានសុខភាពល្អប្រសើរ ប្រសិនបើរដ្ឋាភិបាលទីក្រុងភ្នំពេញរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ខកខានមិនអាចរក្សាបានប៉ូលទំនាក់ទំនងពាណិជ្ជកម្មធំពីរ ពោលគឺសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក ដែលទន្ទឹងចាំមើលកម្ពុជា ងាកក្រោយមកស្តារការអនុវត្តលទ្ធិប្រជាធិបតេយ្យត្រឹមត្រូវឡើងវិញ។
លោកមានប្រសាសន៍ថា៖
«ប្រសិនបើស្ថានភាពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យដែលសហគមន៍អឺរ៉ុបស្នើឡើងឲ្យគណបក្សកាន់អំណាច ឲ្យរដ្ឋាភិបាលធ្វើតាម មិនត្រូវបានឆ្លើយតបទេ ខ្ញុំគិតថា ស្ថានភាពគេហៅថា ភាពស្វាហាប់ហ្នឹងកាន់តែ លែងស្វាហាប់ហើយ បានន័យថា ស្ថានភាពអំណោយផលសម្រាប់វិនិយោគនៅកម្ពុជា ប៉ូល មុម សេដ្ឋកិច្ចហ្នឹងគឺអាចថមថយ សក្តានុពល ក្នុងការទាក់ទាញអ្នកវិនិយោគបរទេស អន្តរជាតិហ្នឹងមក តាំងទីរកស៊ីនៅកម្ពុជា ហ្នឹងហើយ អាហ្នឹងជាបញ្ហាប្រឈម។ ហើយបើសហរដ្ឋអាមេរិក លើកអាបញ្ហាប្រឈមមួយចំនួនទៀតដូចជា ច្បាប់ពាក់ព័ន្ធ HR 526នេះឡើ់ង ឬក៏ការដាក់គំរាមបង្កកទ្រព្យសម្បត្តិរបស់ឥស្សរជននយោបាយមួយចំនួនអី អាហ្នឹង ក៏ជាយន្តការមួយពាក់ព័ន្ធទៅនឹងគេហៅថា ស្ថិរភាពសេដ្ឋកិច្ចកម្ពុជា ទៅថ្ងៃអនាគតដែរបាទ»។
អ្នកវិភាគរូបនេះ អះអាងថា កម្ពុជាមិនទាន់បានត្រៀមខ្លួនរួចរាល់នៅឡើយទេ ដើម្បីប្រកួតប្រជែងយកទីផ្សារក្នុងតំបន់ដើម្បីលក់ផលិតផលវាយនភណ្ឌរបស់ខ្លួន ដូច្នេះលោកថា ការបាត់បង់កិច្ចអនុគ្រោះពន្ធពីសំណាក់ប្រទេសប្រជាធិបតេយ្យធំៗ រួមមានសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក អាចនឹងបង្កការលំបាកខ្លាំងដល់កម្ពុជា ក្នុងការរក្សាកំណើនសេដ្ឋកិច្ចរបស់ខ្លួន។
នៅមុនការឲ្យដឹងរបស់ធនាគារពិភពលោក អំពីកំណើនសេដ្ឋកិច្ចកម្ពុជាដែលបន្តមានភាពស្វាហាប់នៅឡើយនោះ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានឲ្យដឹងពីអត្រាកំណើនសេដ្ឋកិច្ចស្រដៀងគ្នានេះ ដោយធនាគារ ADBបានបញ្ជាក់ថា កំណើនសេដ្ឋកិច្ចកម្ពុជាសម្រាប់ឆ្នាំ២០១៩ ត្រូវបានរំពឹងថា នឹងស្ថិតនៅត្រឹមអត្រាប្រមាណ ៧ភាគរយ ហើយ៦,៨ភាគរយ នៅឆ្នាំ២០២០។
ការបញ្ជាក់របស់ធនាគារ ADB កើតមានឡើង កាលពីដើមខែមេសា ឆ្នាំ២០១៩។ ធនាគារនេះ បានបញ្ជាក់ថាហេតុផលដែលបានធ្វើឲ្យកំណើនសេដ្ឋកិច្ចកម្ពុជាចុះខ្សោយបន្តិចនោះ គឺមកពីភាពយឺតយ៉ាវនៃកំណើនរបស់ប្រទេសមានសេដ្ឋកិច្ចជឿនលឿន និងប្រទេសចិន ក៏ដូចជា ទីកន្លែងសំខាន់ៗសម្រាប់ការនាំចេញទំនិញកម្ពុជា៕