ធនាគារពិភពលោកបញ្ជាក់ថា ការឆ្លងរាតត្បាតនៃជំងឺ COVID-19 នឹងបង្អាក់ដល់ការរីកចម្រើនសេដ្ឋកិច្ចនៅក្នុងឆ្នាំនេះនៅប្រទេសចិន និងនៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិកខាងកើត។
ធនាគារពិភពលោកបានចេញរបាយការណ៍មួយកាលពីថ្ងៃចន្ទម្សិលមិញ ដោយបានព្យាករណ៍អត្រារីកចម្រើនសេដ្ឋកិច្ចតែ ២,១ ភាគរយ ប៉ុណ្ណោះក្នុងចំណោមបណ្ដាប្រទេសកំពុងអភិវឌ្ឍនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកខាងកើតនៅក្នុងឆ្នាំនេះ បើប្រៀបធៀបទៅនឹងចំនួន ៥,៨ ភាគរយ នៅក្នុងឆ្នាំ ២០១៩ នៅក្រោមការព្យាការណ៍ដែលសន្មត់អំពីការងើបឡើងវិញនៃសេដ្ឋកិច្ចពីវិបត្តិជំងឺ COVID-19។
ប៉ុន្តែ របាយការណ៍ដដែលនេះបានព្យាករណ៍ថា នៅក្នុងសេនារីយ៉ូអាក្រក់បំផុតដែលសន្មតថា ការឆ្លងរាតត្បាតជំងឺ COVID-19 នេះ នឹងបន្តរហូតដល់ឆ្នាំ ២០២១ អត្រារីកចម្រើនសេដ្ឋកិច្ចនឹងមានចំនួន -០,៥ ភាគរយ។
ធនាគារនេះបានព្យាករណ៍ថា ការរីកចម្រើនសេដ្ឋកិច្ចរបស់ប្រទេសចិននឹងធ្លាក់ចុះពី ៦,១ ភាគរយកាលពីឆ្នាំមុន មកនៅត្រឹម ២, ៣ ភាគរយនៅក្នុងឆ្នាំនេះ នៅក្រោមសេនារីយ៉ូល្អបំផុត។
ធនាគារពិភពលោកធ្លាប់បានព្យាករណ៍ថា មនុស្សជិត ៣៥ លាននាក់នៅក្នុងតំបន់នេះអាចរួចផុតពីភាពក្រីក្រនៅឆ្នាំ ២០២០ នេះ ប៉ុន្តែឥឡូវបានទស្សន៍ទាយថា មនុស្ស ១១ លាននាក់បន្ថែមទៀត អាចត្រូវបង្ខំឲ្យធ្លាក់ចូលក្នុងភាពក្រីក្រ ប្រសិនបើការឆ្លងរាតត្បាតនៃជំងឺ COVID-19 នេះនៅបន្ត៕