នៅពេលដែលចំនួនករណីនៃអ្នកមានជំងឺ COVID-19 កើនច្រើនឡើងនៅទូទាំងទ្វីបអឺរ៉ុប ពួកអ្នកសង្កេតការណ៍សាកសួរថា តើសហភាពអឺរ៉ុបដែលមានប្រទេស២៧ជាសមាជិកនៅតែមានសាមគ្គីភាពតទៅទៀតឬទេក្នុងការប្រយុទ្ធប្រឆាំងនឹងការរាតត្បាតនៃជំងឺនេះ។ ពួកគេកត់សម្គាល់ថា ភាពមិនទ្រុឌទ្រោម និងកិច្ចសហប្រតិបត្តិការនៃទ្វីបអឺរ៉ុបបានចុះថមថយខ្លាំងនៅពេលមានការរាតត្បាតនៃជំងឺនេះ។
នៅក្នុងសុន្ទរកថាមួយដែលលោកស្រីបានថ្លែងកាលពីថ្ងៃទី១១ ខែមីនា លោកស្រីអធិការបតី Angela Merkel នៃប្រទេសអាល្លឺម៉ង់បានទទួលស្គាល់ថាមេរោគនេះបានធ្វើឱ្យទ្វីបអឺរ៉ុបស្រឡាំងកាំង។
លោកស្រីបានមានប្រសាសន៍ថា៖
«នៅពេលមានមេរោគនេះ ប្រជារាស្ត្រគ្មានភាពស៊ាំ គ្មានថ្នាំវ៉ាក់សាំង ឬគ្មានវិធីព្យាបាលទេ ហើយក៏មានចំនួនភាគរយក៏ច្រើន ដោយពួកអ្នកជំនាញនិយាយថាមានពី៦០ទៅ៧០ភាគរយនៃចំនួនប្រជារាស្ត្រ ទាំងអស់នឹងឆ្លងមេរោគនេះ ដរាបណា នេះនៅតែជាករណីឆ្លងតទៅទៀត»។
លោកស្រី Merkel កំពុងនៅដាច់ពីគេជាការប្រុងប្រយ័ត្ននៅក្រោយលោកស្រីបានទាក់ទងជាមួយវេជ្ជបណ្ឌិតម្នាក់ដែលបានធ្វើ តេស្ត ឃើញថាមានមេរោគ COVID-19។
លោកស្រីអធិការបតី Merkel បានបិទព្រំដែនខ្លះនៃប្រទេសអាល្លឺម៉ង់ លុបចោលកិច្ចព្រមព្រៀង Schengen ស្តីពីសេរីភាពនៃការធ្វើដំណើររបស់មនុស្ស និងការដឹកជញ្ជូនទំនិញនៅទូទាំងអឺរ៉ុប។ សមាជិកឯទៀតៗនៃសហភាពអឺរ៉ុបក៏បានចាត់វិធានការដែរដើម្បីទប់ទល់នឹងការឆ្លងមេរោគនេះ។
តំបន់ Schengen ដែលមនុស្សច្រើននាក់យល់់ឃើញថាមានសារៈសំខាន់ដើម្បីបង្កើតទ្វីបមួយរួបរួមគ្នាមានប្រជារាស្ត្រជាង៤២០លាននាក់ និងមានទំហំ៤លាន៣សែន១ម៉ឺន២ពាន់៩៩គ.ម.ក្រឡា។
ក៏ប៉ុន្តែអ្នករិះគន់ខ្លះនិយាយថាសកម្មភាពរៀងៗខ្លួនដោយពួកសមាជិកសហភាពអឺរ៉ុបអាចធ្វើឱ្យប្លុកនេះបែកបាក់គ្នា។
អ្នកស្រី Judy Demsey ជាអ្នកជំនាញខាងកិច្ចការអឺរ៉ុបនៃអង្គការ Carnegie។ អ្នកស្រីបានកត់សម្គាល់នៅក្នុងអត្ថបទមួយដែលអ្នកស្រីបានផ្សព្វផ្សាយកាលពីពេលថ្មីៗនេះថា «វិបត្តិទាំងនេះមិនបានធ្វើឱ្យប្រទេសនានាក្នុងទ្វីបអឺរ៉ុបជិតស្និទ្ធនឹងគ្នាជាងមុនទេ ក៏ប៉ុន្តែបានពង្រឹងរដ្ឋជាសមាជិកនីមួយៗដោយសុខចិត្តលះបង់ស្ថាប័នសហភាពអឺរ៉ុប។ ប្រទេសនីមួយៗក្នុងសហភាពអឺរ៉ុបមានគោលនយោបាយខាងការបរទេស ខាងសេដ្ឋកិច្ច និងខាងសង្គមកិច្ចរៀងៗខ្លួនតាមកម្រិតផ្សេងៗគ្នា។
ក៏ប៉ុន្តែអ្នកឯទៀតចង្អុលបង្ហាញថា វិធានការរបស់លោកស្រី Merkel ជាចំណាត់ការបណ្តោះអាសន្នតែប៉ុណ្ណោះ។
លោក Charles Kupchan ជាអតីតទីប្រឹក្សាប្រធានាធិបតីខាងកិច្ចការអឺរ៉ុបក្នុងរដ្ឋបាលលោកប្រធានាធិបតី Barack Obama។ លោកនិយាយថា «ពួករដ្ឋជាសមាជិកនៃសហភាពអឺរ៉ុបបិទព្រំដែនជាតិជាបណ្តោះអាសន្ន ដូចដែលប្រទេសជាច្រើនក្នុងពិភពលោកបានហាមប្រាមមិនឱ្យពួកមនុស្សដែលមិនមែនជាពលរដ្ឋពួកគេចូលក្នុងប្រទេសពួកគេ។ នៅពេលណាដែលការរាតត្បាតជំងឺនេះចុះថមថយ ខ្ញុំរំពឹងថាកិច្ចព្រមព្រៀង Schengen នឹងត្រូវដាក់ឱ្យអនុវត្តជាថ្មីវិញ ទោះណាជាព្រំដែនខាងក្រៅនៃសហភាពអឺរ៉ុបប្រហែលត្រូវរឹតបន្តឹងដែលជាដំណើរការមួយបានចាប់ផ្តើមធ្វើរួចស្រេចហើយដើម្បីឆ្លើយតបនឹងលំហូរពួកជនចំណាកស្រុក និងក្រុមជនភៀសខ្លួន»។
លោក Daniel Hamilton ជាស្ថាបនិកមជ្ឈមណ្ឌលទំនាក់ទំនងឆ្លងកាត់មហាសមុទ្រអាត្លង់ទិក ដែលមានមូលដ្ឋានក្នុងរដ្ឋធានីវ៉ាស៊ីនតោន។ លោកនិយាយថា លោកស្រីអធិការបតី Merkel បានចាត់វិធានការនេះដើម្បីប្រយោជន៍ល្អបំផុតរបស់ប្រទេសអាល្លឺម៉ង។ លោកទស្សន៍ទាយថាវិធានការទាំងនេះគឺសម្រាប់រយៈពេលខ្លី។
លោក Hamilton និយាយថា «លោកស្រីអធិការបតី Merkel បានយល់ព្រមបិទព្រំដែនខ្លះនៃប្រទេសអាល្លឺម៉ង់ហើយមិនបិទព្រំដែនទាំងអស់ក្រោយពីរដ្ឋឯទៀតៗនៃតំបន់ Schengen បានចាត់វិធានការទាំងនេះហើយនោះទេ។ លោកស្រីមានការប្រុងប្រយ័ត្នក្នុងការនិយាយថា វិធានការទាំងនេះជាចំណាត់ការពិសេសជាចាំបាច់នៅពេលមានស្ថានភាពមិនធម្មតាដើម្បីបំបាក់សង្វាក់នៃការឆ្លងជំងឺនេះតាមរយៈការធ្វើដំណើរកាត់ព្រំដែន ហើយថាសកម្មភាពបែបនេះជាចំណាត់ការបណ្តោះអាសន្ន»។
លោក Hamilton ក៏បាននិយាយដែរថា លោកយល់ថានៅពេលណាវិបត្តិនេះចប់ហើយ នឹងមានសកម្មភាពដូចធម្មតាវិញ។
លោកបានថ្លែងថាតាមប្រវត្តិនៃតំបន់ Schengen «ពួករដ្ឋជាសមាជិកបានធ្វើការឆែកឆេរ និងត្រួតពិនិត្យតាមព្រំដែន។ ក៏ប៉ុន្តែទោះជាមានសកម្មភាពបែបនេះក៏ដោយ ក៏តំបន់ Schengen នៅតែបន្តធ្វើកិច្ចប្រតិបត្តិការតទៅទៀត ហើយខ្ញុំមានជំនឿថាតំបន់នេះនឹងបន្តធ្វើដូច្នេះទៀតនៅពេលណាការរាតត្បាតជំងឺនេះបញ្ចប់»។
ក៏ប៉ុន្តែការប្រុងប្រយ័ត្នខាងពន្ធដារនិងគោលនយោបាយរូបិយប័ណ្ណតឹងតែងបែបចាស់ ដឹកនាំដោយលោកស្រី Merkel ជិតត្រូវលុបចោលហើយ។
កាលពីពីរសប្តាហ៍កន្លងទៅនេះរដ្ឋាភិបាលអាល្លឺម៉ង់បានធ្វើឱ្យអ្នកសង្កេតការណ៍អន្តរជាតិភាគច្រើនភ្ញាក់ផ្អើលដោយបានប្រកាសអំពីវិធានការដែលមនុស្សខ្លះហៅថា អាវុធបាញ់ចេញអណ្តាតភ្លើងដើម្បីការពារសេដ្ឋកិច្ចប្រទេសអាល្លឺម៉ង់ពីផលវិបាកខាងសេដ្ឋកិច្ចនិងខាងហិរញ្ញវត្ថុដោយសារការរាតត្បាតដោយមេរោគកូរ៉ូណា។
ក្រសួងហិរញ្ញវត្ថុប្រទេសអាល្លឺម៉ង់បានសន្យាថានឹងផ្តល់ឥណទានគ្មានកម្រិតដល់វិស័យធុរកិច្ចទាំងឡាយណាដែលមានផលប៉ះពាល់អវិជ្ជមានដោយសារការរាតត្បាតនៃជំងឺនេះ និងពង្រីកការគាំទ្រដល់ក្រុមហ៊ុននានាដែលបានត្រូវបង្ខំចិត្តកាត់បន្ថយម៉ោងធ្វើការរបស់ពួកនិយោជិត។
លោក Kupchan និយាយថា «គ្រោះថ្នាក់បណ្តាលមកពីការរាតត្បាតជំងឺនេះមានផលប៉ះពាល់ខាងសេដ្ឋកិច្ចខ្លាំងណាស់។ ពេលនេះជាពេលមានវិបត្តិធ្ងន់ធ្ងរ ដែលជាគ្រាអាសន្នខាងសុខភាពហើយមិនមែនគ្រាន់តែជាវិបត្តិហិរញ្ញវត្ថុ ឬវិបត្តិនៃតំបន់ប្រើប្រាក់អឺរ៉ូទេ។ ឧបសគ្គគឺប្រៀបដូចខ្យល់ព្យុះជំងឺ COVID-19 ហើយបន្ទាប់មកត្រូវជំរុញការរើបឡើងវិញនៃសេដ្ឋកិច្ចនៅពេលណាវិបត្តិនេះកន្លងផុតទៅ។ នេះមិនមែនជាពេលចាត់វិធានការតិចតួចទេ»។
អ្នកសេដ្ឋសាស្ត្រភាគច្រើនទស្សន៍ទាយថា សេដ្ឋកិច្ចនៅសងខាងមហាសមុទ្រអាត្លង់ទិកនឹងមានរាងដូចអក្សរ V ឬអក្សរ U ដែលមានន័យថាមានការធ្លាក់ចុះការលូតលាស់សេដ្ឋកិច្ច បន្ទាប់មកក្នុងរយៈពេលខ្លីសេដ្ឋកិច្ចនឹងនៅនឹងហើយមកទៀត សេដ្ឋកិច្ចក៏លូតលាស់ជាថ្មីឡើងវិញនៅពេលណាវិបត្តិនេះកន្លងផុតទៅ៕
ប្រែសម្រួលដោយពិន ស៊ីសុវណ្ណ