បណ្តាប្រទេសនៅអាស៊ីជាច្រើនមានគម្រោងនឹងផ្តល់កញ្ចប់ថវិកាជំរុញសេដ្ឋកិច្ចដែលមានបំណងជួយក្រុមហ៊ុននានាដែលកំពុងខាតឬបាត់បង់អាជីវកម្មរបស់ខ្លួនក្នុងអំឡុងពេលមានការផ្ទុះរាលដាលជាសាកលនៃជំងឺកូវីដ១៩ ក៏ប៉ុន្តែមិនមែនគ្រប់ផែនការថវិកាជំនួយទាំងអស់ត្រូវគេរំពឹងថានឹងអាចជួយនិយោជករក្សាទុកបុគ្គលិករបស់ខ្លួន ហើយអាចបើកក្រុមហ៊ុនឡើងវិញបាននៅក្រោយពីវិបត្តិជំងឺរាតត្បាតនេះបានបញ្ចប់នោះទេ។
កិច្ចប្រឹងប្រែងរបស់ប្រទេសជប៉ុន សិង្ហបុរី កូរ៉េខាងត្បូង និងកោះតៃវ៉ាន់ ត្រូវគេរំពឹងថានឹងមានប្រសិទ្ធភាពជាងគេ ដោយសារប្រទេសទាំងនេះ ត្រូវគេមើលឃើញថាអាចគ្រប់គ្រងថវិកាបានល្អនិងអាចចែកចាយជំនួយសេដ្ឋកិច្ចបានសើ្មភាពល្អ។ កញ្ចប់ថវិកាជំនួយនៅក្នុងប្រទេសទាំងនេះត្រូវគេរំពឹងថានឹងរ៉ាប់រងបានពី៤០%ទៅ៥០%នៃការខាតបង់របស់ក្រុមហ៊ុននានា នេះបើតាមអ្នកស្រី Anwita Basu ប្រធានផ្នែកការស្រាវជ្រាវហានិភ័យនៃប្រទេសទ្វីបអាស៊ីនៃក្រុមហ៊ុន Fitch Solutions ដែលជាក្រុមហ៊ុនវាយតម្លៃការវិនិយោគ។
អ្នកស្រីបញ្ជាក់យ៉ាងដូច្នេះថា៖ «ប្រទេសទាំងនេះមានសមត្ថភាពគ្រប់គ្រាន់អាចឆ្លងផុតវិបត្តិនេះ ដោយមកទល់ពេលនេះមិនទាន់ជួបបញ្ហានៃការបាត់បង់ការងារជាទ្រង់ទ្រាយធំ ឬផលប៉ះពាល់សេដ្ឋកិច្ចធ្ងន់ធ្ងរនៅឡើយ»។
អ្នកវិភាគនិយាយថា បណ្តាប្រទេសអាស៊ីដែលមានកញ្ចប់ថវិកាតិចជាងឬមានបទពិសោធន៍តិចជាងក្នុងការចែកចាយថវិកាទៅក្រុមហ៊ុន ទំនងជាប្រសិទ្ធភាពតិចជាង។ អ្នកវិភាគបានលើកយកប្រទេសឥណ្ឌា ឥណ្ឌូណេស៊ី ហ្វីលីពីន និងវៀតណាមថាឧទាហរណ៍នៃប្រទេសដែលទំនងជួបបញ្ហានៃប្រសិទ្ធភាពកញ្ចប់ថវិកាជំនួយសេដ្ឋកិច្ចនេះ។
ថវិកាបម្រុងរបស់រដ្ឋនៃប្រទេសសិង្ហបុរី
កញ្ចប់ថវិកាជំនួយរបស់សិង្ហបុរី ដែលសរុបមានចំនួន ៣៧,៥៧ ពាន់លានដុល្លារ នឹងជួយទ្រទ្រង់ក្រុមហ៊ុនធំៗ ហើយនឹងបញ្ជូនប្រាក់ដោយផ្ទាល់ទៅពលរដ្ឋ។ ថវិកាខ្លះនឹងត្រូវយកចេញពីថវិកាបម្រុងរបស់ជាតិ។ ក្រុមហ៊ុនរបស់សិង្ហបុរីបានបាត់បង់ចំណូលដោយសារថយចុះនៃទេសចរណ៍និងសន្និសីទនានានៅក្នុងទីក្រុងនេះ ដោយសារការផ្ទុះរាតត្បាតជាសាកលនៃមេរោគកូរ៉ូណាប្រភេទថ្មី។
លោក Song Seng Wun សេដ្ឋវិទូមួយរូបដែលរស់នៅប្រទេសសិង្ហបុរីនិងធ្វើការឲ្យធនាគារឯកជនមួយឈ្មោះ CIMB ដែលមានមូលដ្ឋាននៅប្រទេសម៉ាឡេស៊ីនិយាយថា ថវិកាជាតិរបស់សិង្ហបុរីនឹង«មិនមានបញ្ហាទេ»។
ស្ថានភាពនៅជប៉ុននិងកូរ៉េខាងត្បូង
កញ្ចប់ថវិកាតម្លៃ៩,៨ពាន់លានដុល្លារ ដែលត្រូវបានប្រកាសកាលពីថ្ងៃទី៥ខែមីនា មានគោលដៅផ្តល់ជំនួយថវិកាដល់ក្រុមហ៊ុនតូចៗ អ្នកធ្វើការឲ្យខ្លួនឯង និងក្រុមហ៊ុននាំចេញ។ ក្រុមហ៊ុននាំចេញ ដែលជាបង្គោលនៃសេដ្ឋកិច្ចកូរ៉េខាងត្បូង កំពុងជួបប្រទះបញ្ហាការថយចុះនៃតម្រូវការការប្រើប្រាស់ផលិតផលទូទាំងពិភពលោក ដោយសារអ្នកប្រើប្រាស់នៅប្រទេសមានការអភិវឌ្ឍកំពុងជួបបញ្ហាបាត់បង់ការងារនិងត្រូវរស់នៅក្នុងស្ថានភាពជាប់បម្រាមមិនឲ្យចេញពីផ្ទះ។
អ្នកស្រី Anwita Basu នៃក្រុមហ៊ុនវាយតម្លៃការវិនិយោគ Fitch Solutions និយាយថា រដ្ឋាភិបាលកូរ៉េខាងត្បូង ជាពិសេស មានលក្ខណៈស្មើភាពខាងការចែកចាយមូលនិធិ។
កញ្ចប់ថវិកាជំនួយរបស់ប្រទេសជប៉ុនដែលអាចមានតម្លៃសរុបរហូតដល់១៥,៦ពាន់លានដុល្លារ គ្រោងនឹងផ្តល់ការចុះតម្លៃសម្រាប់សោហ៊ុយធ្វើដំណើរ និងការទទួលទាននៅតាមភោជនីយដ្ឋាន ក្នុងកិច្ចប្រឹងប្រែងដើម្បីស្តារឡើងវិញវិស័យទេសចរណ៍និងបដិសណ្ឋារកិច្ច (សេវាកម្មបម្រើភ្ញៀវ) នេះបើតាមការរាយការណ៍របស់បណ្តាញផ្សាយព័ត៌មានជប៉ុន Kyodo និង Jiji។ បណ្តាញព័ត៌មានទាំងនេះរាយការណ៍បន្តទៀតថា មូលធនខ្លះនឹងជួយក្រុមហ៊ុននានាឲ្យមានហិរញ្ញវត្ថុគ្រប់គ្រាន់ដើម្បីអាចបន្តធ្វើប្រតិបត្តិការបានដោយមិនចាំចាច់កាត់បន្ថយបុគ្គលិក។
លោក Song Seng Wun នៃធនាគរ CIMB ពន្យល់បន្តទៀតថា៖ «វិធានការតែមួយគត់ដែលរដ្ឋាភិបាលនិងធនាគារកណ្តាលអាចធ្វើបានគឺផ្តល់ជំនួយទប់ទល់បណ្តោះអាសន្នច្រើនបំផុតតាមដែលអាចធ្វើទៅបាន ព្រោះថា គោលដៅចម្បងគឺជួយក្រុមហ៊ុននានាឲ្យអាចរក្សាការងារនិងបុគ្គលិកបាន ក្នុងស្ថានភាពមួយដែលតម្រូវការនៅទូទាំងពិភពលោកទំនងនឹងត្រូវធ្លាក់ចុះខ្លាំង»។
តៃវ៉ាន់ពិចារណាគម្រោងធំៗ និងទទួលពាក្យសុំជំនួយថវិកា
នៅកោះតៃវ៉ាន់ ទោះបីរដ្ឋាភិបាលមិនបានបិទសកម្មភាពសេដ្ឋកិច្ចក្តីហើយមានការរាយការណ៍ពីការឆ្លងមេរោគកូវីដ១៩ជាង៣០០ករណីប៉ុណ្ណោះ មកត្រឹមថ្ងៃទី៣០ខែមីនានេះ ក៏រដ្ឋាភិបាលបានអនុម័តកញ្ចប់ថវិកាតម្លៃ១,៩៨ពាន់លានដុល្លារសម្រាប់ក្រុមហ៊ុននានា ព្រមទាំងបានចែកចាយរួចជាស្រេចលឿនជាងការរំពឹងទុកនូវថវិកាចំនួន៨,៧៧ពាន់លានដុល្លារសម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធសាធារណៈថ្មីៗជាច្រើន ដែលនឹងផ្តល់ការងារដល់ក្រុមហ៊ុនដេញថ្លៃកិច្ចសន្យាក្នុងស្រុក។
អាជីវកម្មខ្នាតតូចនិងមធ្យមរបស់តៃវ៉ាន់ក៏អាចដាក់ពាក្យសុំជំនួយថវិកាតាមរយៈកម្មវិធីចំនួនពីរ។
ម៉្យាងទៀតមូលនិធិវិនិយោគមួយរបស់រដ្ឋាភិបាលបានតម្កល់ទុកនូវថវិកាចំនួន១៦,៦ពាន់លានដុល្លារដើម្បីទិញភាគហ៊ុនក្នុងករណីដែលទីផ្សារភាគហ៊ុនតៃវ៉ាន់ត្រូវធ្លាក់ចុះខ្លាំងពេក។ ទីផ្សារភាគហ៊ុនតៃវ៉ាន់ពោរពេញដោយក្រុមហ៊ុននាំចេញដែលពឹងផ្អែកលើការនាំចេញទៅកាន់ប្រទេសចិននិងសហរដ្ឋអាមេរិក ដែលនៅប្រទេសទាំងពីរ វីរុសកូរ៉ូណាប្រភេទថ្មីបានធ្វើឲ្យរង្គោះរង្គើសេដ្ឋកិច្ច។
លោក John Brebeck ទីប្រឹក្សាជាន់ខ្ពស់នៅក្រុមហ៊ុនប្រឹក្សាផ្នែកវិនិយោគឈ្មោះ Quantum International Corp. ក្នុងទីក្រុងតៃប៉ិពន្យល់ថា ការដែលរដ្ឋាភិបាលចូលទិញភាគហ៊ុន នឹងបង្កើនជំនឿទុកចិត្តចំពោះផ្សារភាគហ៊ុននេះ។
លទ្ធភាពមានកម្រិតនៅបណ្តាប្រទេសកំពុងអភិវឌ្ឍន៍របស់អាស៊ី
ក្រុមអ្នកវិភាគនិយាយថា ប្រទេសឥណ្ឌូណេស៊ី វៀតណាម និងហ្វីលីពីនក៏កំពុងរៀបចំថវិកាជំនួយសេដ្ឋកិច្ចនេះដែរ ប៉ុន្តែប្រទេសទាំងនេះមិនរំពឹងថាអាចជួយចេញសោហ៊ុយការខាតបង់បានច្រើនទេ ជាពិសេសក្នុងវិស័យទេសចរណ៍ ដោយសារថវិកាជាតិរបស់ប្រទេសទាំងនេះមានទំហំតូចជាងប្រទេសជឿនលឿននៅអាស៊ី។ គេមិនប្រាកដថា តើមន្ត្រីនៅក្នុងប្រទេសទាំងនេះ មានចំណេះឬជំនាញខាងការផ្តល់មូលនិធិជំនួយដល់ក្រុមហ៊ុនដែលរងផលប៉ះពាល់ធ្ងន់ធ្ងរបំផុត នេះបើតាមអ្នកវិភាគ។
សេដ្ឋវិទូលោក Song Seng Wun ថ្លែងថា ប្រទេសឥណ្ឌូណេស៊ីមានភាព «ងាយរងគ្រោះ» ជាពិសេសខាងផ្នែកថវិកាជាតិនេះ។ ឥណ្ឌូណេស៊ីបានតម្កល់ទុកនូវថវិកាចំនួន៧២៥លានដុល្លារដើម្បីគាំទ្រវិស័យទេសចរណ៍ ក្រុមហ៊ុនអាកាសចរណ៍ និងវិស័យអចលនទ្រព្យ និងយល់ព្រមលើកលែងពន្ធសម្រាប់ផ្នែកខ្លះ។
អ្នកស្រី Anwita Basu ថ្លែងថា ប្រទេសឥណ្ឌាដែលត្រូវដាក់ឲ្យស្ថិតក្នុងស្ថានភាពបិទសកម្មភាពសង្គមទាំងអស់រយៈពេល៣សប្តាហ៍ ខ្វះផែនការកម្រិតជាតិច្បាស់លាស់។ កញ្ចប់ថវិកាជំនួយសេដ្ឋកិច្ចតម្លៃ២២,៥ពាន់លានដុល្លារមានគោលដៅសំខាន់ផ្តល់ប្រាក់ដោយផ្ទាល់ទៅពលរដ្ឋដែលមានចំណូលទាប។
នៅប្រទេសហ្វីលីពីន យុទ្ធនាការដែលមានស្រាប់មួយ ដើម្បីស្ថារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធ រហូតដល់ឆ្នាំ២០២២ ត្រូវរំពឹងថានឹងជួយទ្រទ្រង់សេដ្ឋកិច្ចដែលត្រូវគំរាមដោយការថយចុះការចំណាយរបស់ពលរដ្ឋដែលត្រូវអាជ្ញាធរបង្ខំឲ្យនៅផ្ទះ នេះបើបានលោក Christian de Guzman អនុប្រធាននិងជាមន្ត្រីឥណទានជាន់ខ្ពស់នៅផ្នែកហានិភ័យប្រទេសរបស់ក្រុមហ៊ុនវាយតម្លៃឥណទាន Moody។
ប៉ុន្តែអ្នកវិភាគរូបនេះថា ប្រសិនបើការបិទសកម្មភាពសេដ្ឋកិច្ចនៅតំបន់ទីក្រុងម៉ានីលដែលត្រូវបន្តដល់ថ្ងៃទី១៤ ខែមេសា រារាំងមិនឲ្យក្រុមហ៊ុនដេញថ្លៃបរទេសអាចបញ្ជូនសម្ភារ:មកកាន់តំបន់រដ្ឋធានីម៉ានីលនេះ នោះវិស័យហេដ្ឋារចនាសម្ព័ន្ធនឹងជួយបានតិចតួចដល់ការកាត់បន្ថយផលប៉ះពាល់សេដ្ឋកិច្ច។
លោក de Guzman បញ្ជាក់ថា៖ «បរិយាកាសពេលនេះគឺថា ពិតណាស់សេដ្ឋកិច្ច (ហ្វីលីពីន) នឹងអាចទទួលបានការប៉ះប៉ូវខ្លះពីវិធានការចំណាយរបស់រដ្ឋាភិបាល ប៉ុន្តែសូម្បីវិធានការចំណាយរបស់រដ្ឋាភិបាលនេះក៏មិនប្រាកដប្រជាថាតើអ្នកជួយបានក្នុងកម្រិតណានោះ»។
ប្រែសម្រួលដោយសឹង សុផាត