នៅក្រោយពេលដែលលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានចេញបទបញ្ជាមួយដាក់កំហិតការធ្វើដំណើរក្នុងប្រទេស សម្រាប់ពលរដ្ឋនិងកម្មករ នៅមុនពេលពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ដែលត្រូវប្រកាសលុបចោល ដើម្បីទប់ស្កាត់ការរីករាលដាលវីរុសកូរ៉ូណា ឬកូវីដ១៩នោះ មេដឹកនាំសហជីពមួយរូប គឺលោក អាត់ ធន់ ជាប្រធានសហភាពការងារកម្ពុជា បានថ្លែងប្រាប់VOA ថា វាជារឿងលំបាកទាំងសងខាង គឺសម្រាប់រដ្ឋាភិបាលនិងកម្មករ។
លោក អាត់ ធន់ បានលើកទឹកចិត្តកម្មករឲ្យសម្រួលអារម្មណ៍ ហើយគោរពតាមបទបញ្ជារបស់រដ្ឋាភិបាល ដោយសាររដ្ឋាភិបាលជាអ្នកគ្រប់គ្រងព័ត៌មាន អំពីគ្រោះថ្នាក់នៃកូវីដ ១៩ និងដឹងពីហានិភ័យនៃការរីករាលដាល។
លោកបានបន្ថែមថា ទោះជាកម្មករចង់ទៅស្រុកកំណើត ក៏មិនអាចទៅបានដែរ ដោយសារតែអាជ្ញាធរបានបិទផ្លូវ និងមធ្យោបាយធ្វើដំណើរ ចាប់ពីម៉ោង ១២ពាក់កណ្តាលយប់ ថ្ងៃទី៩ ខែមេសានេះ។ លោកកត់សម្គាល់ថា ការជូនដំណឹងដល់កម្មករជារឿងយឺតយ៉ាវបន្តិច ដោយសារកម្មករបានរៀបចំឥវ៉ាន់ និងបានណាត់ជួបក្រុមគ្រួសារមិត្តភក្តិរួចហើយនោះ។
លោក យ៉ង់ គឹមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីសន្តិភាព បានថ្លែងថា រឿងនេះគឺរដ្ឋាភិបាលជាអ្នកមានព័ត៌មាន ដែលត្រូវសម្រេច តែលោកចង់ឃើញមានការពន្យល់បន្ថែម ពីវិធានការនិងគ្រោះថ្នាក់ ដែលកើតចេញពីការជួបជុំគ្នាពីការឆ្លងវីរុសកូរ៉ណាជាដើម ជាជាងការនិយាយតែពីតួលេខឆ្លង និងជាសះស្បើយ។ លោកបញ្ជាក់ថា ពលរដ្ឋមួយចំនួនហាក់ដូចជា មិនខ្វល់ខ្វាយពីគ្រោះថ្នាក់នោះទេ។
បទបញ្ជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដាក់កំហិតមិនឲ្យធ្វើដំណើរពីខេត្តមួយទៅមួយ ឬស្រុកមួយទៅមួយនេះកើតឡើង ក្រោយពេលដែលមានការតវ៉ាកម្មករខ្លះជាមួយនឹងថៅកែ ដើម្បីសុំឈប់សម្រាក ទៅលេងស្រុកកំណើត ដែលនឹងត្រូវផុតកំណត់នៅពាក់កណ្តាល យប់ថ្ងៃទី១៦ ខែមេសា៕