ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ហ៊ុន សែន៖ ​ការ​ឈប់​សម្រាក​ចូល​ឆ្នាំ​ ត្រូវ​លុប​ចោល​ដើម្បី​បញ្ចៀស​ការ​ធ្វើ​ដំណើរ​និង​ជួប​ជុំ​គ្នា


រូបឯកសារ៖ ប្រជាជន​ខ្មែរ​ដើរ​នៅ​ខាង​មុខ​ខ្លោង​ទ្វារសង្រ្កាន្ត​នៅ​​រមណីយដ្ឋាន​វត្តភ្នំ អំឡុង​កម្មវិធីសង្រ្កាន្ត​វត្ត​ភ្នំដើម្បី​​អបអរ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ខ្មែរ​នៅ​ក្នុង​ថ្ងៃទីពីរ កាលពី​ថ្ងៃទី​១៥ ខែមេសា ឆ្នាំ២០១៩ ក្នុង​រាជធានី​ភ្នំពេញ។ (ទុំ ម្លិះ/VOA)
រូបឯកសារ៖ ប្រជាជន​ខ្មែរ​ដើរ​នៅ​ខាង​មុខ​ខ្លោង​ទ្វារសង្រ្កាន្ត​នៅ​​រមណីយដ្ឋាន​វត្តភ្នំ អំឡុង​កម្មវិធីសង្រ្កាន្ត​វត្ត​ភ្នំដើម្បី​​អបអរ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ខ្មែរ​នៅ​ក្នុង​ថ្ងៃទីពីរ កាលពី​ថ្ងៃទី​១៥ ខែមេសា ឆ្នាំ២០១៩ ក្នុង​រាជធានី​ភ្នំពេញ។ (ទុំ ម្លិះ/VOA)

លោក​នាយក​រដ្ឋមន្រ្តី ​ហ៊ុន សែន ​នៅ​ថ្ងៃ​អង្គារ​នេះ ​បាន​ប្រកាស​ថា​ រដ្ឋាភិបាល​សម្រេច​លុប​ចោល​ការ​ឈប់​សម្រាក​ថ្ងៃ​ចូល​ឆ្នាំ​ខ្មែរ​សម្រាប់​អ្នក​ធ្វើ​ការ​រដ្ឋ​ និង​ឯក​ជន​ ក្នុង​នោះ​មាន​កម្មករ​រោងចក្រ​រាប់​ម៉ឺន​នាក់​ផង​ដែរ ​ដើម្បី​បញ្ចៀស​ការ​ធ្វើ​ដំណើរ​ទៅ​ស្រុក​កំណើត ​និង​ការ​ជួប​ជុំ​គ្នា​ដែល​អាច​នាំ​មក​នូវ​ហានិភ័យ​នៃ​ការ​ឆ្លង​វីរុស​កូរ៉ូណា។​

លោក ​ហ៊ុន សែន ​បាន​ថ្លែង​បែប​នេះ​នៅ​សន្និសីទ​សារ​ព័ត៌មាន​មួយ ​ដែល​ធ្វើ​ឡើង​នៅ​វិមាន​សន្តិភាព​ នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ​ដើម្បី​បង្ហាញ​វិធាន​ការ​របស់​រដ្ឋាភិបាល​ពាក់ព័ន្ធ​បច្ចុប្បន្ន​ភាព​នៃ​ជំងឺ​កូវីដ១៩​នៅ​កម្ពុជា។​

នាយក​រដ្ឋមន្រ្តី​ថ្លែង​ថា​បើ​ទោះ​ចំនួន​ឆ្លង​វីរុស​កូរ៉ូណា​ក្នុង​ប្រទេស​កម្ពុជា​នៅ​មាន​តិច​ក៏ពិតមែន​ប៉ុន្តែ​«ហានិភ័យ​នៅ​ខ្ពស់​ណាស់»​សម្រាប់​កម្ពុជា។​

លោក​មាន​ប្រសាសន៍​ថា៖ «យើង​មិន​ត្រូវ​ភ្លេច​ខ្លួន​ថា ​ យើង​ជា​ប្រទេស​ដែល​មាន​អ្នក​ជំងឺ​ឆ្លង​តិច។​ថ្ងៃ​ខ្លះ​ គឺ​យើង​គ្មាន​អ្នក​ឆ្លង​ទាល់​តែ​សោះ ​មាន​តែ​អ្នក​ជា ​ ហើយ​បែរ​ជា​សប្បាយ​រីករាយ​នោះ​ទេ។ ​ ហានិភ័យ​នៅ​ខ្ពស់​ណាស់​សម្រាប់​ប្រទេស​របស់​យើង»។​

ថ្លែង​យោង​អំពី​កម្មករ​រាប់​សែន​នាក់​ដែល​ធ្វើ​ការ​នៅ​រោងចក្រ​កាត់​ដេរ​នៅ​ទូទាំង​ប្រទេស​ដែល​បាន​ត្រៀម​ខ្លួន​ឈប់​សម្រាក​ហើយ​ត្រឡប់​ទៅ​ស្រុក​កំណើត​នោះ ​ លោក​ ហ៊ុន សែន​បញ្ជាក់​ថា​ការ​ឲ្យ​បន្ត​ធ្វើ​ការ​នេះ​គឺ​ដើម្បី​បញ្ចៀស​ការ​ធ្វើ​ដំណើរ​ និង​ការ​ជួប​ជុំ​គ្រួសារ​នៅ​ស្រុក​កំណើត​ដែល​លោក​ថា​ ​អាច​មាន​ហានិភ័យ​ឆ្លង​ខ្ពស់។​

លោក ​ហ៊ុន សែន ​ប្រសាសន៍​ថា៖ «កន្លែង​ដែល​មាន​សុវត្ថិភាព​បំផុត​គឺ​នៅ​តាម​រោងចក្រ នៅ​តាម​ក្រុមហ៊ុន ​ នៅ​តាម​ស្ថាប័ន ​គឺ​ជា​ជម្រើស​សុវត្ថិភាព​បំផុត​ហើយ។ ​ បើ​ទុក​បណ្តោយ​ឲ្យ​ដើរ​លេង ​ សភាព​ការណ៍​នេះ ​ ក្រោយ​ចូល​ឆ្នាំ​ខ្មែរ​អាច​នឹង​មាន​ហានិភ័យ​ខ្ពស់​បំផុត។​ឥឡូវ​ប្រជាជន​នៅ​ជនបទ ​ភ័យ​ក្រែង​នាំ​ជំងឺ​ពី​ទីក្រុង​ទៅ​ជនបទ។ ​ដល់​អ្នក​ទីក្រុង​ខ្លាច​នាំ​ជំងឺ​ពី​ជន​បទ​មក​ចូល​ទីក្រុង»។​

លោក ​ហ៊ុន សែន​ បាន​សុំ​ការ​យោគយល់​ពី​ប្រជា​ពលរដ្ឋ​ចំពោះ​ការ​លំបាក​របស់​ប្រទេស​ជាតិ​ មិន​មែន​ត្រឹម​តែ​ការ​លំបាក​របស់​រដ្ឋាភិបាល​នោះ​ទេ។​លោក​ថា ​នៅ​ពេល​ស្ថានភាព​ជំងឺ​ធូរ​ស្រាល ​ រដ្ឋាភិបាល​នឹង​អនុញ្ញាត​ឲ្យ​កម្មករ​ឈប់​សម្រាក​៥​ថ្ងៃ​ជំនួស ​ដោយ​សារ​មិន​បាន​ចូល​ឆ្នាំ។​

ក្រោយ​ការ​ថ្លែង​របស់​នាយក​រដ្ឋមន្រ្តី​ក្រសួង​ការងារ​បាន​ចេញ​សេចក្តី​ជូន​ដំណឹង​មួយ ​ដោយ​ស្នើ​ម្ចាស់​ឬ​នាយក​សហ​គ្រាស​ គ្រឹះស្ថាន​ និង​បងប្អូន​កម្មករ​និយោជិត​ទាំង​អស់ បន្ត​ធ្វើ​ការ​ដូច​ថ្ងៃ​ធម្មតា​នា​ថ្ងៃ​ចូល​ឆ្នាំ។​

បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​នឹង​ចាប់​ផ្តើម​ពី​ថ្ងៃ​ទី​១៣​ដល់​ថ្ងៃ​ទី​១៦​ខែ​មេសា។​

កម្មករ​ម្នាក់​ដែល​ធ្វើ​ការ​នៅ​រោងចក្រ​មួយ​ក្នុង​ខេត្ត​កំពង់​ស្ពឺ​គឺ​អ្នកស្រី ​ម៉ៅ ស្រីឡន ​អាយុ​២៩​ឆ្នាំ​មាន​ប្រសាសន៍​ថា​អ្នកស្រី​មិន​ទាន់​ទទួល​បាន​ព័ត៌មាន​នៃ​ការ​សម្រេច​របស់​រដ្ឋាភិបាល​នៅ​ឡើយ​ទេ ​ ប៉ុន្តែ​អ្នកស្រី​នឹង​ធ្វើការ​តាម​ការ​ណែនាំ​របស់​រោងចក្រ។ ​ អ្នកស្រី​បន្ថែម​ថា​ជា​ធម្មតា​អ្នកស្រី​ឈប់​ពី​ការងារ​ចាប់​ពី​ថ្ងៃ​ទី​១០​ ខែ​មេសា ​ដោយ​ចូល​វិញ​នៅ​ថ្ងៃទី​២០​ខែ​មេសា។ ​ អ្នកស្រី​បន្ត​ថា​ កម្មករ​មួយ​ចំនួន​បាន​ឈប់​សម្រាក​ពី​ការងារ​រួច​ទៅ​ហើយ​ ដោយសារ​ការ​ព្រួយ​បារម្ភ​វីរុស​កូរ៉ូណា​នេះ ​ហើយ​អ្នកស្រី​ផ្ទាល់​ក៏​មាន​ការ​ព្រួយ​បារម្ភ​ផង​ដែរ។​

អ្នកស្រី​ដែល​តែង​តែ​ធ្វើ​ដំណើរ​តាម​រថយន្ត​ជា​ក្រុម​ទៅ​ធ្វើ​ការនៅ​រោងចក្រ​ជា​រៀងរាល់​ថ្ងៃ​ មាន​ប្រសាសន៍ថា៖ «តែ​រោង​ចក្រ​ខ្ញុំ​ហ្នឹង​ អត់​ទាន់​ដឹងនៅ​ឡើយ ​ថា ​គេ​ផ្អាក​ថ្ងៃ​ណា​ថ្ងៃ​ណី​ទេ។ ​ ខ្លាច​គ្រប់​តែ​គ្នា​ហ្នឹង។ ពាក់​ម៉ាស​គ្រប់​តែ​គ្នា​ហ្នឹង។ ហប់​ចង់​ងាប់​ហ្នឹង!

នៅ​ពេល​អ្នក​សារព័ត៌មាន​សួរ​ទាក់​ទង​នឹង​កម្មករ​ធ្វើ​ដំណើរ​តាម​រថយន្ត​ជា​ក្រុម​មក​ធ្វើ​ការ​ លោក ហ៊ុន សែន​មាន​ប្រសាសន៍​ថា​ ក្រសួង​សុខាភិបាល​ត្រូវ​បន្ត​ណែនាំ​កម្មករ​ ដោយ​ក្នុង​នោះ​កាត់​បន្ថយ​មក​ក្រោម​១០​នាក់​នៅ​លើ​រថយន្ត។​ប៉ុន្តែ​សហជីព​បាន​ចោទ​សំណួរ​លើ​វិធានការ​នេះ​ថា​មិន​អាច​ទៅ​រួច​នោះ​ទេ។​

លោក ​ហ៊ុន សែន​ បាន​ថ្លែង​ថា៖ «ខ្ញុំ​គិត​ថា​ក្រសួង​សុខាភិបាល​គួរ​ណែនាំ​បន្ត​ទៅ។ ​ មួយ​ឡាន​ធ្លាប់​ជិះ​២០​នាក់ ​ឲ្យ​ជិះ​តែ​១០។ ​ គេ​ហៅ​ថា​ គម្លាត​សង្គម​អ៊ីចឹង​ទៅ។ ​ ប៉ុន្តែ​ពូ​គិត​ថា​ មិន​មែន​ជា​បញ្ហា​ពេក​ទេ ​ ព្រោះ​ដោយសារ​ពួក​គាត់​នៅ​ជាមួយ​គ្នា ​ស៊ាំ​ហ្នឹង។ ​ បញ្ហា​សំខាន់​គឺ​កុំ​ឲ្យ​តែ​ពួក​គាត់​បែក​គ្នា។​គាត់​នៅ​ជា​ចង្កោម​រួម​របស់​គាត់​ដោយ​គ្មាន​អ្នក​ដទៃ​គឺ​ប្រាកដ​ណាស់​ថា​ពួក​គាត់​មាន​សុវត្ថិភាព»។​

អ្នកស្រី ​យ៉ាង សុភ័ណ្ឌ​ ប្រធាន​សម្ព័ន្ធ​សហជីព​កម្ពុជា​ មាន​ប្រសាសន៍​ថា​កម្មករ​បាន​ត្រៀម​ឈប់​សម្រាក​រួច​ហើយ​ហើយ​ពួក​គេ​ចង់​ទៅ​ស្រុក​កំណើត​ជួប​ជុំ​គ្រួសារ​របស់​ពួក​គេ។​អ្នកស្រី​បន្ត​ថា​គួរ​តែ​ទុក​ឲ្យ​កម្មករ​ជា​អ្នក​សម្រេច​ថា​ តើ​ពួក​គេ​ចង់​បន្ត​ការងារ​ ឬ​ក៏​ត្រឡប់​ទៅ​ស្រុក​កំណើត។​

អ្នកស្រី​មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​គិត​ថា​ វា​អាស្រ័យ​ទៅ​លើ​សិទ្ធិ​ក្នុង​ការ​សម្រេច​ចិត្ត​របស់​បងប្អូន​កម្មករ​ដោយ​ខ្លួន​គាត់។ ​ គាត់​មាន​សិទ្ធិ​គ្រប់គ្រាន់​ក្នុង​ការ​សម្រេច​ចិត្ត​រឿង​ហ្នឹង​ថា​ គាត់​ជ្រើស​យក​ជំហរ​មួយ​ណា។គាត់​រើស​យក​ផ្លូវ​មួយ​ណា​នៅ​ក្នុង​ការ​ដើរ។ គាត់​យល់​ថា​ផ្លូវ​ណា​មួយ​ល្អ​សម្រាប់​គាត់»។

អ្នកស្រី​ថា ​កម្មករ​ក៏​កំពុង​ព្រួយ​បារម្ភ​អំពី​លទ្ធភាព​ឆ្លង​ខ្ពស់​នៅ​តាម​រោងចក្រ​ដែល​ពួក​គេ​ធ្វើ​ការ​ផង​ដែរ។​

គួរ​បញ្ជាក់​ថា​ក្រសួង​សុខាភិបាល​ នៅ​ថ្ងៃ​អង្គារ​នេះ បាន​ប្រកាស​ថា​ រក​ឃើញ​ករណី​ឆ្លង​វីរុស​កូរ៉ូណា​១​នាក់​ទៀត​ ដែល​ជា​ជន​បរទេស​នាំ​ឲ្យ​ករណី​ឆ្លង​ទូទាំង​ប្រទេស​កើន​ឡើង​ដល់​១១៥។​ ក្រសួង​បញ្ជាក់​ថា​ជន​បរទេស​នោះ​គឺ​ជា​ស្រ្តី​ទេសចរ​ជនជាតិ​វៀតណាម ​អាយុ​២៧​ឆ្នាំ ​មក​ពី​ប្រទេស​វៀតណាម៕​

XS
SM
MD
LG