គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប គ្រោងនឹងបញ្ចប់នីតិវិធីសម្រាប់ការចុះឈ្មោះបោះឆ្នោត និងរៀបចំបញ្ជីបោះឆ្នោតថ្មី នៅក្នុងខែកុម្ភៈនេះ បន្ទាប់ពី កិច្ចការបច្ចេកទេសសំខាន់ៗជាច្រើន ពាក់ព័ន្ធនឹងការរៀបចំនីតិវិធីនេះ ត្រូវបានគ.ជ.ប សម្រេចដោះស្រាយហើយនោះ។
ការសម្រេចនេះ ធ្វើឡើង បន្ទាប់ពីកិច្ចពិគ្រោះយោបល់ស្ដីពីការរៀបចំបទបញ្ជា និងនីតិវិធីសម្រាប់ការចុះឈ្មោះបោះឆ្នោត និងរៀបបញ្ជីបោះឆ្នោតថ្មីដែលបានធ្វើឡើងកាលពីចុងខែមុននេះ។ នេះបើយោងទៅតាមការបញ្ជាក់ពីអ្នកនាំពាក្យរបស់ គ.ជ.ប នៅថ្ងៃអង្គារនេះ។
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប ថ្លែងប្រាប់ VOA ថា កិច្ចការរៀបចំនីតិវិធី នឹងត្រូវធ្វើចប់រួចរាល់នៅក្នុងខែកុម្ភៈនេះ ហើយ លោកថា ការចុះឈ្មោះតាមប្រព័ន្ធអេឡិចត្រូនិក នឹងចាប់ផ្ដើមនៅទូទាំងប្រទេស ចាប់ពីខែ ឧសភា រហូតដល់ខែកក្កដា។
«នៅក្នុងខែកុម្ភៈនេះ នឹងបញ្ចប់នៅផ្នែកហ្នឹង ផ្នែកចុះឈ្មោះបោះឆ្នោតហ្នឹងបាទ»។
លោក ពន្យល់ថា ការងារសំខាន់ៗ ដែលរាំងស្ទះដំណើរការនៃការធ្វើបញ្ជីបោះឆ្នោតថ្មីនោះ ត្រូវបាន គ.ជ.ប រកផ្លូវសម្រាប់ដោះស្រាយរួចរាល់ហើយ។
«ការលំបាកទាំងឡាយ គ.ជ.ប បានយកមកដោះស្រាយ ក្នុងនោះពាក់ព័ន្ធនឹងសម្ភារៈ បច្ចេកទេស គឺយើងដោះស្រាយជាលក្ខណៈបច្ចេកទេស ដូចជាការទិញម៉ាស៊ីនភ្លើងបន្ថែម សម្រាប់តំបន់ដែលអត់ មាន អគ្គិសនីទៅដល់ ហើយរបៀបថតរូបយ៉ាងណា របៀប scan ដៃយ៉ាងណានោះ គឺថា យើងបានកំណត់ជាក់លាក់រួចអស់ហើយ ហើយទាំងពី font ថតរូប ដាក់ពណ៌អី ក៏យើង បានកំណត់អស់ហើយដែរ។ នីតិវិធីនេះ មានសេចក្ដីព្រាង ហើយមានការរួមយោបល់អំពី មជ្ឈដ្ឋានពាក់ព័ន្ធទាំងឡាយ។ អញ្ចឹង គ.ជ.ប ធ្វើការបូកសរុបដើម្បី ទទួលយកនូវអនុសាសន៍ ដែលមានប្រយោជន៍ដល់ការបោះឆ្នោត អនុសាសន៍ ដែលស្របនឹងច្បាប់ អនុសាសន៍ដែលដាក់ទៅធ្វើបាន»។
ការពិគ្រោះយោបល់របស់ គ.ជ.ប ធ្វើឡើង នៅឯភោជនីយដ្ឋាន ទន្លេបាសាក់ II កាលពីចុងខែមករា។ ការពិគ្រោះនេះ បានលើកពីចំណុចសំខាន់ចំនួនបី ដែលគ.ជ.ប ត្រូវធ្វើ រួមមាននីតិវិធីនៃការផ្ដល់ប័ណ្ណបោះឆ្នោត កិច្ចការបច្ចេកទេសក្នុងការបញ្ជូនឈ្មោះរបស់អ្នកបោះឆ្នោត ការប្រើប្រាស់ឧបករណ៍ សម្រាប់កំណត់អត្តសញ្ញាណនៃអ្នកបោះឆ្នោត និងការប្រើធនធានមនុស្សជាដើម។
ទោះបីជាយ៉ាងណាក៏ដោយ អ្នកសង្កេតការណ៍បោះឆ្នោត ថ្លែងថា គ.ជ.ប ត្រូវប្រើពេលវេលាច្រើនបន្ថែមទៀត សម្រាប់ដោះស្រាយកិច្ចការស្មុគស្មាញមួយចំនួនទាក់ទិនការទិញសម្ភារៈ និងការជ្រើសរើសក្រុមការងារចុះបញ្ជីឈ្មោះអ្នកបោះឆ្នោត។
លោក សំ គន្ធាមី នាយកប្រតិបត្តិគណៈកម្មាធិការអព្យាក្រឹត្យ និងយុត្តិធម៌ ដើម្បីការបោះឆ្នោតដោយសេរី និងត្រឹមត្រូវនៅកម្ពុជា (ឬហៅកាត់ថានិកហ្វិក) មានប្រសាសន៍ថា ការប្រកាសរបស់ គ.ជ.ប អំពីការបង្ហើយបទបញ្ជា និងនីតិវិធីក្នុងការធ្វើបញ្ជីបោះឆ្នោតថ្មី ឲ្យបាន នៅក្នុងខែកុម្ភៈនេះ ថា ជាការវិវត្តន៍មួយដ៏ល្អ របស់ គ.ជ.ប។
ប៉ុន្តែ លោក នៅមានក្តីបារម្ភមួយចំនួន ទាក់ទិនការទិញសម្ភារៈ និងការជ្រើសរើសធនធានមនុស្ស។ លោក មានប្រសាសន៍ថា គ.ជ.ប ពិបាកសម្រេចកិច្ចការទាំងនេះបាន ក្នុងពេលដ៏ខ្លីណាស់។
«ទាំងពីរហ្នឹង ជាកត្តាមួយស្មុគស្មាញ ហើយ កាលខ្ញុំបានដំណឹងលើកមុន គាត់ថា សម្ភារៈមិនទាន់ កំណត់ពេលវេលា នៅឡើយទេ ប៉ុន្តែក្រែងលោ គាត់ទទួលព័ត៌មានថ្មី សម្ភារៈ នឹងមកដល់ ហើយនិងការជ្រើសរើសបុគ្គលិកនេះ ជាបញ្ហាស្មុគស្មាញ ហើយទាមទារពេលវេលាច្រើនណាស់ បើក្រុមបុគ្គលិក ចុះឈ្មោះបោះឆ្នោត មន្ត្រីហ្នឹងបាទ»។
លោក បន្តថា ទោះបីជា គ.ជ.ប ប្រឈមមុខនឹងបញ្ហាស្មុគស្មាញ ទាំងនេះក៏ដោយ ក៏ការចុះបញ្ជីអ្នកបោះឆ្នោត ត្រូវតែចាប់ផ្ដើមនៅខែឧសភា ដើម្បីបញ្ចៀសវិបត្តិ នៃការតៀមខ្លួនមិនទាន់ សម្រាប់ការបោះឆ្នោតនៅឆ្នាំ២០១៧។
«យើងចង់បានឲ្យគាត់ចាប់ផ្ដើមខែប្រាំ ដើម្បីកុំឲ្យប៉ះពាល់ ដំណើរការបោះឆ្នោតឆ្នាំ ២០១៧។ គាត់ ធ្វើខែប្រាំ បាន បានអាចទៅរួច។ បើមិនអញ្ចឹងទេ អាចនីតិវិធីហ្នឹង ចុះឈ្មោះបោះឆ្នោតអីៗហ្នឹង វាប៉ះពាល់ដល់ដំណើរការបោះឆ្នោត ២០១៧»។
ដោយឡែក អ្នកនាំពាក្យគណបក្សធំៗពីរ ដែលត្រៀមនឹងប្រកួតប្រជែងគ្នា នៅក្នុងការបោះឆ្នោតឆ្នាំ២០១៧ និងឆ្នាំ២០១៨ យល់ឃើញខុសគ្នាថា ការរៀបចំបញ្ជីឈ្មោះបោះឆ្នោតថ្មី អាចនឹងបញ្ចៀស និងកាត់បន្ថយសកម្មភាពតវ៉ា ឬក៏អាចបង្កឲ្យមានភាពមិនប្រក្រតី។
អ្នកនាំពាក្យនៃគណបក្សទាំងពីរ អះអាងថា ការព្រមទទួលយកលទ្ធផលឆ្នោតឬយ៉ាងណានោះ មិនអាចទាន់និយាយបាននៅពេលនេះ។
លោក សុខ ឦសាន អ្នកនាំពាក្យនៃគណបក្សប្រជាជនកម្ពុជា មានប្រសាសន៍ជាមួយ VOA នៅក្នុងកិច្ចពិគ្រោះយោបល់ស្ដីពីការរៀបចំបទបញ្ជា និងនីតិវិធីសម្រាប់ការចុះឈ្មោះបោះឆ្នោត និងរៀបបញ្ជីបោះឆ្នោតថ្មីថា បញ្ជីបោះឆ្នោតថ្មីនេះ នឹងបន្ថយមតិរិះគន់ចំពោះដំណើរនៃការបោះឆ្នោត។
«ការរៀបចំបញ្ជីឈ្មោះ អ្នកចុះឈ្មោះបោះឆ្នោតថ្មីនេះ យើងយល់ថា កាត់បន្ថយបាន ភាពអសកម្ម ផ្សេងៗ ហើយការចោទប្រកាន់ផ្សេងៗ ពីមជ្ឈដ្ឋានដទៃទៀត ដែលមិនពេញចិត្ត។ អញ្ចឹងទេ គឺថាវាអស់ ដែលគេហៅថា បិទផ្លូវក្នុងការតវ៉ា ហើយអាហ្នឹង វាមានលក្ខណៈអញ្ចឹង»។
លោក សុខ ឦសាន អ្នកតំណាងរាស្ត្រនៃគណបក្សគ្រប់គ្រងប្រទេស បញ្ជាក់បន្ថែមថា គណបក្សគ្រប់គ្រងប្រទេស មិនបានគិតថា ខ្លួនអាចនឹងចាញ់ការបោះឆ្នោតនៅពេលខាងមុខដ៏ខ្លីនោះទេ ប្រសិនបើ មានការរៀបចំបញ្ជីឈ្មោះឆ្នោតមួយត្រឹមត្រូវ ដែលចាត់ចែងឡើងដោយគ.ជ.បថ្មីនេះ។
«ខ្ញុំមិនគិតស្មានដូច្នោះទេ ពីព្រោះគណបក្សប្រជាជន មានមូលដ្ឋានគ្រឹះយ៉ាងរឹងម៉ាំ។ បញ្ហាសំខាន់គឺ ថា បណ្ដាសមិទ្ធផលនានា លើគ្រប់វិស័យ ដែលបានកើតឡើងយ៉ាងព្រោងព្រាត ហើយទីពីរ ប្រជាពលរដ្ឋសុទ្ធតែបានទទួលអំពីសមិទ្ធផលទាំងអស់នោះ។ អញ្ចឹង គឺបញ្ហានេះហើយ ដែលធ្វើឲ្យប្រជាពលរដ្ឋហ្នឹង លោកនៅតែរក្សាជំហរគាំទ្រគណបក្សប្រជាជន ឲ្យបន្តបេសកកម្មដឹកនាំប្រទេសតទៅទៀត»។
លោក យ៉ែម បុញ្ញឬទ្ធិ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ ថ្លែងថា ក្រុមគណបក្សប្រឆាំង នឹងត្រូវធ្វើការតាមដានច្រើននៅក្នុងដំណើរការបោះឆ្នោតនាពេលខាងមុខនេះ ដោយលោក ពុំអាច សន្មតទុកជាមុនថា បញ្ជីបោះឆ្នោតថ្មីនេះ អាចទទួលយកបាន និងអាចកាត់បន្ថយបញ្ហានៅក្នុងដំណើរការបោះឆ្នោតឆ្នាំ ២០១៧ និង២០១៨នោះទេ។
«ជាមួយនឹងការបោះឆ្នោត វាមានបីជំហាន។ ទីមួយ នៅមុនការបោះឆ្នោត ទីពីរ នៅថ្ងៃបោះឆ្នោត ហើយមួយទៀត គឺក្រោយថ្ងៃបោះឆ្នោត។ ដូច្នេះជំហានបច្ចុប្បន្ន ឈ្មោះថា មុនថ្ងៃបោះឆ្នោត។ យើងត្រូវការមើល ថាតើបញ្ជីនឹងចុះឈ្មោះត្រឹមត្រូវទេ មានការវិវត្តដូចច្បាប់កំណត់ដែរឬអត់? ហើយបន្ទាប់មកទៀត រឿងថ្ងៃបោះឆ្នោតហ្នឹង ក៏យើងត្រូវការតាមដាន។ ក្រោយបោះឆ្នោត ក៏ដូចគ្នាលទ្ធផលអីជាដើម។ ដូច្នេះ យើង ពុំអាចឆ្លើយឥឡូវនេះបានទេ»។
លោក ឲ្យដឹងបន្ថែមថា ការទទួលស្គាល់លទ្ធផលបោះឆ្នោតបាន ឬយ៉ាងណានោះ គឺអាស្រ័យទៅលើការបំពេញភារកិច្ចរបស់ គ.ជ.ប។
«សំខាន់ តើកិច្ចការ គ.ជ.ប លោកប្រកាសលទ្ធផលជាក់ស្ដែង ពិតប្រាកដ ឬត្រឹមត្រូវឬក៏អត់? យើង ទទួលស្គាល់លទ្ធផល នៅពេលដែលយើង យល់ឃើញថា ប្រកាសនោះត្រឹមត្រូវ មានឯកសារមូលដ្ឋានពិតប្រាកដ ហើយដំណោះស្រាយ ដែលសំខាន់ហៅថា ដំណោះស្រាយវិវាទ។ នៅពេលណាដែលមានការមន្ទិលសង្ស័យ ឬក៏សំឡេងឆ្នោតខុសគ្នាតិចតួច សុំឲ្យរាប់ឡើងវិញ សុំឲ្យបើកកញ្ចប់សុវត្ថិភាពជាដើម គួរបើក ហើយពិនិត្យមើលទាំងអស់គ្នា។ នោះដែលគេឲ្យឈ្មោះថា តម្លាភាព គ្មានការលាក់លៀម។មួយរយៈកន្លងផុតមក យើងស្នើសុំឲ្យបើក គេមិនព្រមបើក។ អ្ហាចំណុចទាំងអស់ហ្នឹងហើយ ដែលយើងមានការសង្ស័យ»។
ប្រទេសកម្ពុជា នឹងរៀបចំការបោះឆ្នោត ឃុំ សង្កាត់ នៅដើមឆ្នាំ២០១៧ និងការបោះឆ្នោតជាតិ ដែលអាចនឹងធ្វើឡើងនៅខែកុម្ភៈ ឆ្នាំ២០១៨។ នេះបើតាមការលើកឡើងរបស់មន្ត្រីគណបក្សកាន់អំណាចក្នុងពេលកន្លងមក។
យ៉ាងណាក៏ដោយ អ្នកសង្កេតការណ៍បោះឆ្នោតថ្លែងថា មិនទាន់មានការកំណត់ច្បាស់អំពីពេលវេលានៃការបោះឆ្នោតជាតិយ៉ាងណានោះទេ ដោយការសម្រេច គឺអាស្រ័យលើប្រមុខរដ្ឋាភិបាលកម្ពុជា៕