បណ្ដាប្រទេសដែលមានការឆ្លងរាលដាលវីរុសកូរ៉ូណាថ្មី COVID-19 បាននាំគ្នាប្រារព្ធទិវាសិទ្ធិនារីអន្តរជាតិ បើទោះជាមានការលុបចោលព្រឹត្តិការណ៍មួយចំនួនក៏ដោយ។
បណ្ដាញព័ត៌មានរបស់រដ្ឋនៅក្នុងប្រទេសចិន ដែលជាប្រទេសផ្ទុះឡើងវីរុសកូរ៉ូណា COVID-19 មុនគេបង្អស់ បានកោតសរសើរបុគ្គលិកសុខាភិបាលជាស្ត្រីដែលស្ថិតនៅជួរមុខ ក្នុងអំឡុងពេលដែលមានវិបត្តិសុខភាពសាធារណៈនេះ។
ក្នុងទិវាសិទ្ធិនារីអន្តរជាតិនេះ បណ្ដាញព័ត៌មានស៊ីនហួររបស់រដ្ឋចិន បានផ្សាយអំពីជីវប្រវត្តិរបស់ស្ត្រីជាអ្នកជំនាញនៅមន្ទីរពិសោធន៍ គិលានុបដ្ឋាយិកា និងអ្នកជំនាញខាងចិត្តសាស្ត្រ ដែលជួយដល់អ្នកដែលបានរងផលប៉ះពាល់ពីការឆ្លងរាលដាលវីរុស COVID-19។
យោងតាមអង្គការសុខភាពពិភពលោក WHO បុគ្គលិកសុខាភិបាលប្រមាណ៧០%នៅទូទាំងពិភពលោកគឺជាស្ត្រី។
នៅក្នុងប្រទេសកូរ៉េខាងត្បូង ដែលមានការឆ្លងរាលដាលវីរុស COVID-19 នេះច្រើនបំផុតនៅក្រៅប្រទេសចិន បានលុបចោលព្រឹត្តិការណ៍ជាច្រើនដែលគ្រោងនឹងធ្វើឡើងនៅក្នុងទិវាសិទ្ធិនារីអន្តរជាតិនេះ។ នេះបើយោងតាមបណ្ដាញព័ត៌មានបារាំង AFP។
លោក Lee Jung-Ok រដ្ឋមន្ត្រីសមភាពយែនឌ័រក្នុងប្រទេសកូរ៉េខាងត្បូង បានថ្លែងតាមសារជាវីដេអូមួយថា៖ «ថ្វីត្បិតតែយើងមិនអាចប្រារព្ធទិវានេះជាមួយគ្នាដោយផ្ទាល់បាន ប៉ុន្តែយើងនៅតែទទួលស្គាល់ក្នុងចិត្តថា សមភាពយែនឌ័រមានភាពខ្លាំងក្លាជាងពេលណាៗទាំងអស់»។
ចំណែកឯនៅក្នុងប្រទេសអ៊ីតាលីវិញ ដែលបានរាយការណ៍ថាមានអ្នកស្លាប់ដោយសារវីរុស COVID-19ច្រើនបំផុតនៅក្រៅប្រទេសចិន រដ្ឋាភិបាលបានដាក់កម្រិតមនុស្សចំនួន២៥%មិនឲ្យធ្វើដំណើរទៅណាទាំងអស់ គិតត្រឹមថ្ងៃអាទិត្យនេះ។
ប្រធានបទសម្រាប់ទិវាសិទ្ធិនារីអន្តរជាតិឆ្នាំ២០២០នេះគឺថា «សមភាពសម្រាប់គ្រប់គ្នា។ ពិភពលោកស្មើភាពគ្នាគឺជាពិភពលោកដែលមនុស្សមានសិទ្ធិសេរីភាព»។ នេះបើយោងតាមគេហទំព័រទិវាសិទ្ធិនារីអន្តរជាតិ៕
ប្រែសម្រួលដោយអ្នកស្រី ហុង ចិន្ដា