រដ្ឋាភិបាលចិនបានបញ្ជាក់ថា វ៉ាក់សាំងលើកដំបូងសម្រាប់ទប់ទល់នឹងមេរោគកូរ៉ូណាថ្មី ឬ COVID-19 អាចត្រូវដាក់ឲ្យ «ប្រើប្រាស់សម្រាប់ស្ថានការណ៍បន្ទាន់» នៅខែក្រោយ។
លោក Zheng Zhongwei ប្រធានមជ្ឈមណ្ឌលអភិវឌ្ឍវិទ្យាសាស្ត្រ និងបច្ចេកវិទ្យានៃគណៈកម្មការសុខាភិបាលជាតិរបស់ប្រទេសចិន បាននិយាយកាលពីថ្ងៃសុក្រកន្លងទៅនេះថា ប្រទេសចិនបានប្រឹងប្រែងយ៉ាងខ្លាំងអស់ពីសមត្ថភាពតាមតែអាចធ្វើទៅបានដើម្បីបង្កើតវ៉ាក់សាំងសម្រាប់ទប់ទល់នឹងមេរោគកូរ៉ូណាថ្មីនេះ។
គិតត្រឹមថ្ងៃអាទិត្យ មេរោគនេះបានឆ្លងដល់មនុស្សជាង ១០ ម៉ឺន ៦ ពាន់នាក់ និងសម្លាប់មនុស្សជាង ៣.៥០០ នាក់នៅទូទាំងពិភពលោក។
លោក Zheng Zhongwei បានបញ្ជាក់ដូច្នេះថា៖ «បើយោងតាមការប៉ាន់ស្មានរបស់យើង យើងមានសង្ឃឹមថា នៅខែមេសាខាងមុខ វ៉ាក់សាំងនេះមួយចំនួននឹងត្រូវឆ្លងកាត់ការស្រាវជ្រាវពិសោធន៍ ឬក៏អាចប្រើសម្រាប់ព្យាបាលអ្នកជំងឺក្នុងស្ថានការណ៍បន្ទាន់បាន»។
លោក Zheng Zhongwei បានលើកឡើងថា វិទ្យាស្ថានស្រាវជ្រាវវ៉ាក់សាំងរាប់សិបកន្លែងរបស់ប្រទេសចិនកំពុងចូលរួមនៅក្នុងការបង្កើតវ៉ាក់សាំងនេះ ហើយការបង្កើតវ៉ាក់សាំងប្រភេទផ្សេងៗទៀតក៏កំពុងដំណើរការទៅមុខផងដែរ។
ការបង្កើតវ៉ាក់សាំងដែលមានសុវត្ថិភាព និងប្រសិទ្ធភាពគឺត្រូវការពេលវេលា ការវិនិយោគ និងវិទ្យាសាស្ត្រល្អ។ សម្រាប់មេរោគកូរ៉ូណាដូចជាមេរោគដែលបណ្ដាលឲ្យកើតជំងឺ COVID-19 នេះជាដើម ដំណើរការបង្កើតវ៉ាក់សាំងគឺរឹតតែមានការប្រឈមខ្លាំងជាងនេះទៀត។ គ្រាន់តែការពិសោធន៍វ៉ាក់សាំងប្រភេទនេះដើម្បីឲ្យដឹងថាតើវាមានសុវត្ថិភាព និងប្រសិទ្ធភាពប៉ុណ្ណានោះ គឺត្រូវការពេលពី ១២ ខែ ទៅ ១៨ ខែ ឬក៏ច្រើនជាងនេះផងក៏ថាបាន។ នេះបើតាមការបញ្ជាក់របស់មន្ត្រីនានា។
បើយោងតាមច្បាប់ប្រទេសចិន វ៉ាក់សាំងដែលផលិតសម្រាប់ភាពបន្ទាន់ខ្លាំងក្លាផ្នែកសុខភាពសាធារណៈអាចអនុញ្ញាតឲ្យប្រើបន្ទាន់ក្នុងលក្ខខណ្ឌជាក់លាក់ណាមួយ ប្រសិនបើទីភ្នាក់ងាររដ្ឋបាលផលិតផលថ្នាំពេទ្យជាតិនៃប្រទេសចិនពិចារណាទៅឃើញថា ការប្រើវ៉ាក់សាំងនេះអាចមានប្រយោជន៍ច្រើនជាងហានិភ័យ។
លោក Zheng Zhongwei មិនបានរៀបរាប់លំអិតអំពីថាតើវ៉ាក់សាំងនេះអាចប្រើបានសម្រាប់មនុស្សក្នុងលក្ខខណ្ឌអ្វីនោះទេ។
ប្រទេសចិនបានប្រកាសកាលពីចុងខែកុម្ភៈកន្លងទៅនេះថា ខ្លួននឹងចាប់ផ្ដើមធ្វើការពិសោធន៍វ៉ាក់សាំងនេះយ៉ាងលឿនបំផុតនៅដើមខែមេសាខាងមុខ។
នៅក្នុងសហរដ្ឋអាមេរិក នៅក្នុងដំណើរការមួយជាលើកដំបូងដែលលឿននឹកស្មានមិនដល់ ក្រុមហ៊ុនជីវបច្ចេកវិទ្យា Moderna នៅរដ្ឋ Massachusetts បានបញ្ជូនវ៉ាក់សាំងរបស់ខ្លួនកាលពីខែមុនទៅឲ្យវិទ្យាស្ថានជាតិផ្នែកអាឡ៊ែកហ្ស៊ី និងជំងឺឆ្លង ដើម្បីចាប់ផ្ដើមសាកល្បងប្រើលើមនុស្ស។
អ្នកវិទ្យាសាស្ត្រនានាបាននិយាយថា ពិភពលោកនៅត្រូវការពេលវេលាវែងឆ្ងាយទៅមុខទៀតដើម្បីស្វែងរកវ៉ាក់សាំងសម្រាប់ទប់ទល់នឹងមេរោគនេះ។
លោកវេជ្ជបណ្ឌិត Anthony Fauci ប្រធានវិទ្យាស្ថានជាតិផ្នែកអាឡ៊ែកហ្ស៊ី និងជំងឺឆ្លង បាននិយាយនៅក្នុងពេលសន្និសីទកាសែតមួយនៅសេតវិមានប្រធានាធិបតីអាមេរិកកាលពីពេលថ្មីៗនេះថា ដំណើរការទាំងមូលនៃការយល់ព្រមអនុញ្ញាតឲ្យប្រើវ៉ាក់សាំងដ៏មានប្រសិទ្ធភាពមួយគឺត្រូវការពេលយ៉ាងតិចមួយឆ្នាំ៕
ប្រែសម្រួលដោយលោក ភី សុភាដា