ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ៊ីតាលី​បិទ​តំបន់​ភាគ​ខាង​ជើង​ប្រទេស​ដើម្បី​ទប់ទល់​នឹង​ការ​ឆ្លង​រាលដាល​វីរុស COVID-19


ប្រជាជន​នាំ​គ្នា​ពាក់​ម៉ាស​ដើរ​កាត់​ទីក្រុង Florence ប្រទេស​អ៊ីតាលី ខណៈ​ដែល​ប្រទេស​នេះ​កំពុង​រង​ការ​ផ្ទុះ​វីរុស​កូរ៉ូណា​ថ្មី COVID-19 ថ្ងៃ​ទី​៧ ខែមីនា ឆ្នាំ២០២០។
ប្រជាជន​នាំ​គ្នា​ពាក់​ម៉ាស​ដើរ​កាត់​ទីក្រុង Florence ប្រទេស​អ៊ីតាលី ខណៈ​ដែល​ប្រទេស​នេះ​កំពុង​រង​ការ​ផ្ទុះ​វីរុស​កូរ៉ូណា​ថ្មី COVID-19 ថ្ងៃ​ទី​៧ ខែមីនា ឆ្នាំ២០២០។

រដ្ឋាភិបាល​អ៊ីតាលី​បាន​ចេញ​បទ​បញ្ជា​បន្ទាន់​ថ្មី​មួយ​នៅ​ថ្ងៃ​អាទិត្យ​នេះ​ដើម្បី​ដាក់​កំហិត​ការ​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ​អ៊ីតាលី​ប្រហែល ២៥ ភាគរយ។

ប្រទេស​អ៊ីតាលី​មាន​ករណី​ស្លាប់​ដោយសារ​ជំងឺ COVID-19 ច្រើន​ជាង​ប្រទេស​ណាៗ​ទាំង​អស់​ក្រៅ​ពី​ប្រទេស​ចិន។

បន្ទាប់​ពី​មាន​ករណី​ស្លាប់​ដោយសារ​ជំងឺ​នេះ​ជាង ២៣០ ករណី​មក រដ្ឋាភិបាល​អ៊ីតាលី​បាន​សម្រេច​បិទ​តំបន់​ភាគ​ខាង​ជើង​នៃ​ប្រទេស ដែល​ក្នុង​នោះ​មាន​ទាំង​តំបន់ Lombardy និង​ទីក្រុង Milan ដែល​ជា​ទីក្រុង​ហិរញ្ញវត្ថុ​ផង​ដែរ។ ជាង​នេះ​ទៀត រដ្ឋាភិបាល​នឹង​បិទ​ខេត្ត​ចំនួន ១៤ ផ្សេង​ទៀត ដែល​រួម​មាន​ទាំង​ខេត្ត Veneto ដែល​ជា​ទីតាំង​នៃ​ទីក្រុង Venice ផង​ដែរ។

ការ​ធ្វើ​ដំណើរ​ចូល​និង​ចេញ​ពី​តំបន់​ទាំង​នេះ​នឹង​រង​ការ​ដាក់​កំហិត​តឹងតែង​រហូត​ដល់​ដើម​ខែ​ក្រោយ ស្រប​ពេល​ដែល​រដ្ឋាភិបាល​អ៊ីតាលី​កំពុង​ប្រឹងប្រែង​ធ្វើ​យ៉ាង​ណា​ឲ្យ​ចំនួន​អ្នក​ស្លាប់​ដោយសារ​មេរោគ​កូរ៉ូណា​ថ្មី​នេះ​ធ្លាក់​ចុះ។ បន្ថែម​ពី​នេះ​ទៀត រដ្ឋាភិបាល​អ៊ីតាលី​បាន​បញ្ជា​ឲ្យ​បិទ​សារមន្ទីរ រោង​មហោស្រព រោង​ភាពយន្ត និង​កន្លែង​កម្សាន្ត​ផ្សេងៗ​ទៀត។

ជាង​នេះ​ទៀត អ៊ីតាលី​បាន​ស្នើ​ឲ្យ​គ្រូពេទ្យ​ចូល​និវត្តន៍​នានា​ត្រឡប់​មក​ជួយ​ដើម្បី​រារាំង​ការ​ឆ្លង​រាលដាល​បន្ថែម​ទៀត​នៃ​មេរោគ​នេះ។

គិត​ត្រឹម​ថ្ងៃ​អាទិត្យ​នេះ នៅ​ទូទាំង​ពិភពលោក មនុស្ស​ជាង ១០ ម៉ឺន ៦ ពាន់​នាក់​បាន​ឆ្លង​មេរោគ​នេះ និង​ជាង ៣.៥០០ នាក់​បាន​ស្លាប់​ដោយសារ​មេរោគ​នេះ៕

ប្រែសម្រួល​ដោយ​លោក ភី សុភាដា

XS
SM
MD
LG