ក្រុមសង្គមស៊ីវិលដែលធ្វើការផ្នែកសិទ្ធិស្រ្តី បានទាមទារឲ្យមានការផ្តល់យុត្តិធម៌សម្រាប់កញ្ញា ទេព បូព្រឹក្ស អ្នកចម្រៀងមួយរូបដែលត្រូវបានគេគប់ស្រាបៀរ ខណៈកំពុងច្រៀងលើឆាក កាលពីយប់ថ្ងៃអង្គារកន្លងទៅ។
តារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស កញ្ញា ទេព បូព្រឹក្ស ត្រូវបានបុរសម្នាក់ជះស្រាបៀរនិងគប់កំប៉ុងស្រាបៀរលើខ្លួន ខណៈកំពុងច្រៀងលើឆាកកាលពីរាត្រីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨ ក្នុងភោជនីយដ្ឋានមួយកន្លែង ស្ថិតក្បែរពេទ្យកុមារជាតិ ក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ។ នេះបើតាមវីដេអូដែលត្រូវបានបង្ហោះលើបណ្តាញសង្គម និងវីដេអូដែលកញ្ញា ទេព បូព្រឹក្ស បង្ហោះលើទំព័រហ្វេសប៊ុករបស់ខ្លួន នៅយប់ថ្ងៃដដែល។
ក្នុងវីដេអូនោះ កញ្ញា ទេព បូព្រឹក្ស បានបញ្ជាក់ទាំងកំពុងយំស្រែកថា កូនប្រុសរបស់ម្ចាស់ហាងយីហោ «សមុទ្រ» ដែលជាហាងដែលកញ្ញាទៅច្រៀងនៅពេលនោះ ជាអ្នកគប់ស្រាបៀរលើខ្លួន។
ក្រោយវីដេអូទាំងនោះត្រូវបានបង្ហោះលើបណ្តាញសង្គម គេឃើញមានការបញ្ចេញប្រតិកម្មពីមជ្ឈដ្ឋានជាច្រើនដោយបានទាមទារឲ្យអ្នកគប់ស្រាបៀរនោះទទួលខុសត្រូវ។ មជ្ឈដ្ឋានទាំងនោះរួមមាន អ្នកប្រើបណ្តាញសង្គម ក្រសួងកិច្ចការនារី ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងក្រុមសង្គមស៊ីវិលដែលធ្វើការលើការការពារសិទ្ធិស្រ្តីមួយចំនួនផង ដូចជា Safe Cities for Women Cambodia និងអង្គការក្លាហាន ជាដើម។
កញ្ញា ប៊ុន រចនា នាយិកាអង្គការក្លាហាន ដែលជាអង្គការធ្វើការពាក់ព័ន្ធនឹងការការពារសិទ្ធិរបស់ស្រ្តីនៅកម្ពុជា ប្រាប់ VOA នារសៀលថ្ងៃព្រហស្បតិ៍នេះថា ការប្រើហិង្សាលើស្រ្តីនៅកម្ពុជាតែងតែកើតមានជារឿយៗ និងកាន់តែអាក្រក់ទៅ ដោយសារការអនុវត្តច្បាប់លើជនល្មើសមានភាពធូររលុង ស្របពេលដែលការផ្តល់តម្លៃស្រ្តីនៅមានកម្រិត។
កញ្ញាបន្ថែមថា ករណីនៃការប្រើហិង្សាលើកញ្ញា ទេព បូព្រឹក្ស គឺជារូបភាពនៃការប្រើហិង្សាមួយក្នុងចំណោមអំពើហិង្សាលើស្រ្តីជាច្រើន ជាពិសេសការប្រើហិង្សាលើស្រ្តីដែលធ្វើការផ្នែកសេវាកំសាន្ត ដែលកញ្ញាថា ជនល្មើសត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់។
កញ្ញាបញ្ជាក់ថា៖
«វាបង្ហាញអំពីការរើសអើងទៅលើស្រ្តី ហើយការប្រើអំពើហិង្សាទៅលើស្រ្តី។ ហើយអីដែលសោកស្តាយមួយទៀត គឺថានៅពេលដែលមានរឿងបែបហ្នឹងកើតឡើង ថា្នក់ដឹកនាំរដ្ឋរបស់យើងដែលជាបុរស គាត់អត់មើលថា វាជាអំពើហិង្សាដែលបង្កឲ្យប៉ះពាល់ដល់ស្រ្តី បែរជាព្យាយាមនិយាយក្នុងន័យមួយដែលស្តីបន្ទោសទៅឲ្យស្រ្តីដែលជាជនរងគ្រោះទៅវិញ។ ហើយសម្រាប់យើងដែលជាអ្នកធ្វើការលើកកម្ពស់សិទ្ធិស្រ្តី យើងយល់ថារឿងបែបហ្នឹងយើងទទួលយកអត់បាន»។
ចំណែកកញ្ញា សេង រាសី នាយិកាប្រតិបត្តិអង្គការសីលការ លើកឡើងដែរថា កន្លងមក ស្រ្តីរងគ្រោះដោយអំពើហិង្សា និងការចាប់រំលោភផ្សេងៗ តែងត្រូវបានគេដាក់កំហុសដើម្បីសម្រាលបន្ទុកអ្នកដែលប្រព្រឹត្ត។ កញ្ញាបន្ថែមថា ការផ្លាស់ប្តូរឥរិយាបទក្នុងការផ្តល់តម្លៃរបស់ស្រ្តីក្នុងសង្គមត្រូវតែមានការយកចិត្តទុកដាក់ ហើយថាការប្រើហិង្សាគ្រប់រូបភាព គឺជាបទល្មើសដែលត្រូវតែមានការដាក់ទោសលើជនល្មើសឲ្យបានធ្ងន់។
កញ្ញាបញ្ជាក់ថា៖
«ពេលខ្លះលើកហេតុផលថា ដោយសារស្រ្តីស្លៀកខ្លី ពេលខ្លះលើកហេតុផលថា គាត់ហ្នឹងបម្រើសេវាកំសាន្ត គាត់សមតែទទួលអញ្ចឹងពេលខ្លះលើកហេតុផលថា ខឹងពេក។ អញ្ចឹងទៅតែងតែព្យាយាមប្រើហេតុផលដើម្បីសម្រាលបន្ទុកឲ្យអ្នកប្រព្រឹត្ត។ ដូច្នេះការដែលឈរលើគោលការណ៍ ជំហរនៃច្បាប់ និងភាពយុត្តិធម៌សម្រាប់ជនរងគ្រោះ គួរតែត្រូវបានអនុវត្តឲ្យបានតឹងរ៉ឹងបំផុតសម្រាប់ការដាក់ទោសទៅលើជនដែលប្រព្រឹត្តហ្នឹង»។
គេឃើញថា ការប្រើហិង្សាលើស្រ្តីនៅកម្ពុជាតែងកើតឡើងជារឿយៗតាមគ្រប់រូបភាពជាពិសេសលើស្រ្តីដែលប្រកបរបរផ្តល់សេវាកំសាន្ត និងស្រ្តីធ្វើការពេលយប់។
អ្នកស្រី យិន សារ៉ាត់ ប្រធាននាយកដ្ឋានព័ត៌មាននៃក្រសួងកិច្ចការនារី ប្រាប់ VOA ថាក្រសួងកិច្ចនារីកំពុងឃ្លាំមើលករណីនៃការគប់ស្រាបៀរលើកញ្ញា ទេព បូព្រឹក្ស នេះ។ អ្នកស្រីបន្ថែមថា ក្រសួងកិច្ចការនារីប្រឆាំងយ៉ាងដាច់ខាតចំពោះការរំលោភបំពាន និងការប្រើហិង្សាគ្រប់រូបភាពលើស្រ្តី។ យ៉ាងណាក្តី អ្នកស្រីមិនបានឆ្លើយតបនឹងសំណួររបស់ VOA ដែលសួរថា តើមូលហេតុអ្វីបានជាអំពើហិង្សាលើស្រ្តីកើតឡើងតាមគ្រប់រូបភាព ហើយត្រូវទប់ស្កាត់និងកាត់បន្ថយបែបណានោះទេ។
អ្នកស្រីបញ្ជាក់ថា៖
«ចំពោះករណីនេះ វាជារឿងមួយដែលយើងឃើញហើយថា ចំពោះករណីហិង្សានេះ មិនមែនតែចំពោះករណីកម្ពុជាទេ គឺគ្រប់ប្រទេស យើងមិនអាចផ្តោតតែទៅលើប្រទេសកម្ពុជាមួយទេ។ អូនអាចមើលព័ត៌មានទូទាំងសាកលទៅ ឃើញថា ករណីអំពើហិង្សាមិនមែនមានតែចំពោះប្រទេសកម្ពុជាទេ គឺទូទាំងពិភពលោកក៏មានករណី»។
ក្នុងវីដេអូមួយទៀតដែលកញ្ញា ទេព បូព្រឹក្ស ផ្តល់សម្ភាសន៍ទៅអ្នកសារព័ត៌មាន នៅថ្ងៃទី២៦ ខែធ្នូ បញ្ជាក់ថា កញ្ញា ទេព បូព្រឹក្ស បានដាក់ពាក្យប្តឹងម្ចាស់ហាងយីហោ «សមុទ្រ» នោះដោយទាមទារសំណងជាទឹកប្រាក់ចំនួន១០ម៉ឺនដុល្លារអាមេរិក។ កញ្ញាបានប្រកាសយកថវិកាសំណងទាំងអស់នោះទៅជួយកុមារកំព្រា និងចាស់ជរា ព្រមទាំងមន្ទីរពេទ្យគន្ធបុប្ផា។
នៅថ្ងៃទី២៧ ខែធ្នូនេះ លោក ហេង ឡុង ប្រធានសមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម បានបង្ហោះសារលើទំព័រហ្វេសប៊ុករបស់លោកថា ក្រុមមេធាវីរបស់កញ្ញា ទេព បូព្រឹក្ស បានជួបផ្ទាល់ជាមួយនឹងជនបង្កឈ្មោះ ឆេង រស្មី ដែលលោកអះអាងថា ជាអ្នកគប់កំប៉ុងស្រាបៀរលើកញ្ញា ទេព បូព្រឹក្ស។ លោកបន្ថែមក្នុងសារដែលបង្ហោះនោះថា ទាំងជនបង្ក និងម្ចាស់ហាងបានឆ្លើយថា មូលហេតុដែលគប់ស្រាបៀរនោះ គឺដោយសារខ្លួនស្រវឹង។
លោក ហេង ឡុង បានបន្ថែមថាកញ្ញា ទេព បូព្រឹក្ស បានទាមទារចំនួនបីចំណុច គឺឲ្យជនបង្កធ្វើសន្និសីទកាសែតសុំទោសជាសាធារណៈ ផ្តល់សំណងរដ្ឋប្បវេណីខូចខាតកិត្តិយសចំនួន១០ម៉ឺនដុល្លារអាមេរិក និងធ្វើកិច្ចសន្យាចំពោះមុខអាជ្ញាធរ មិនគុំគួនសងសឹកគ្នាបញ្ចប់ទំនាស់ដោយសន្តិវិធី។
VOA មិនទាន់អាចទំនាក់ទំនងអ្នកចម្រៀង ទេព បូព្រឹក្ស និង ឆេង រស្មី ដែលរងការចោទថាជះស្រាបៀរនិងគប់កំប៉ុងស្រាបៀរលើអ្នកចម្រៀងបានទេនៅថ្ងៃព្រហស្បតិ៍នេះ។
បើតាមសេចក្តីប្រកាសព័ត៌មានមួយរបស់ក្រសួងកិច្ចការនារីកម្ពុជា ចេញកាលពីខែកក្កដា ឆ្នាំ២០១៦ បញ្ជាក់ថា ការសិក្សាស្រាវជ្រាវថ្នាក់ជាតិមួយដែលគាំទ្រដោយអង្គការ UN Women និងអង្គការសុខភាពពិភពលោក ដែលត្រូវបានផ្សព្វផ្សាយនៅចុងឆ្នាំ២០១៥ បញ្ជាក់ថា ស្ត្រីកម្ពុជាម្នាក់ក្នុងចំណោម៥នាក់ អាយុពី១៥ ដល់៦៤ឆ្នាំ ដែលធ្លាប់រៀបការ ឬមានដៃគូ បានទទួលរងនូវអំពើហិង្សាលើរាងកាយ និង/ឬអំពើហិង្សាផ្លូវភេទដោយដៃគូជិតស្និទ្ធក្នុងមួយជីវិតរបស់ពួកគេ។
ការសិក្សាស្រាវជ្រាវមួយទៀតរបស់អង្គការសហប្រជាជាតិដែលបានបោះពុម្ពផ្សាយក្នុងឆ្នាំ២០១៣ រកឃើញថា ជនល្មើសជាបុរសកម្ពុជាស្ទើរជិតពាក់កណ្តាលមិនដែលបានប្រឈមនឹងការដោះស្រាយតាមនីតិវិធីច្បាប់ទាល់តែសោះ៕