កម្មករសំណង់ក្នុងប្រទេសកម្ពុជា ជាង៣០% ជាស្ត្រី។ ក៏ប៉ុន្តែពួកគេ មិនទាន់ទទួលបានបរិយាកាសការងារ ដែលមានសុខមាលភាពនៅឡើយនោះទេ។ ពួកគេ នៅតែរងការរើសអើង ការបៀតបៀនផ្លូវភេទនៅកន្លែងការងារ ការខ្វះខាតការការពារពីគ្រោះថ្នាក់ និងទទួលបានប្រាក់កម្រៃទាបជាងបុរស។
ក្តីបារម្ភខ្លាចបាត់បង់ការងារ ការទទួលបានប្រាក់ឈ្នួលតិចជាងបុរស កង្វះការយល់ដឹងអំពីសិទ្ធិ និងផលប្រយោជន៍កំណត់ដោយច្បាប់ ការបៀតបៀនផ្លូវភេទនៅកន្លែងការងារ ពុំមានកំណត់អតីតភាពការងារ និងប្រាក់ខែគោល ព្រមទាំងការចងជាសហជីពនៅមានតិចតួច គឺជាបញ្ហាចំបងៗ ដែលស្រ្តីធ្វើការក្នុងវិស័យសំណង់កំពុងប្រឈម។ នេះបើយោងតាមកិច្ចពិភាក្សាមួយស្តីពីកិច្ចគាំពារសម្រាប់កម្មការិនីសំណង់ រៀបចំដោយអង្គការឃែរ នាព្រឹកថ្ងៃសុក្រនេះ។
ថ្លែងនៅក្នុងសិក្ខាសាលា ស្តីពីកិច្ចគាំពារសម្រាប់កម្មការិនីសំណង់ នាព្រឹកថ្ងៃសុក្រនេះ លោក ហ៊ុយ ហានសុង រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឲ្យដឹងថាជាទូទៅនៅក្នុងច្បាប់ការងារកំណត់ពីភាពស្មើគ្នារវាងបុរស និងស្ត្រី។ ក៏ប៉ុន្តែលោកថា ក្នុងទិដ្ឋភាពជាក់ស្តែងនៃការងារស្ត្រីមានការលំបាកជាង និងទទួលបានការរើសអើងច្រើនជាងបុរស។
«គិតអំពីសិទ្ធិរបស់កម្មការិនីក្នុងផ្នែកសំណង់នេះ មានន័យថាស្ត្រីក្នុងផ្នែកនេះជួបវិបត្តិហើយ គាត់មិនទាន់ទទួលបានសិទ្ធិគ្រប់គ្រាន់ដែលចែងក្នុងច្បាប់។ នៅក្នុងច្បាប់ការងារមិនបានបែងចែកស្រ្តី ឬបុរសទេ តែបើអនុវត្តជាក់ស្តែងនោះស្ត្រីនៅក្នុងផ្នែកសំណង់គឺយ៉ាប់ជាងបុរស ការងារដូចគ្នាប្រាក់ខែតិចជាង។ នេះមិនទាន់និយាយពីអ្វីដែលនារីត្រូវជួប គាត់អាចនឹងជួបនឹងអំពើបៀតបៀន អំពើហិង្សា»។
លោក ឡេង តុង ប្រធាននាយកដ្ឋានពេទ្យការងារ ឲ្យដឹងថាទន្ទឹមនឹងការអនុវត្តច្បាប់ការងារហើយនោះ កន្លងមករដ្ឋាភិបាលកម្ពុជាក៏បានដាក់ចេញនូវប្រកាសមួយចំនួនផ្សេងទៀត ដើម្បីធានានូវសុខមាលភាពការងារសម្រាប់កម្មករការដ្ឋានសំណង់ និងទាមទារនូវការទទួលខុសត្រូវកាន់តែខ្ពស់ជាងមុនពីនិយោជកនៃសហគ្រាសសំណង់។ ក៏ប៉ុន្តែលោកទទួលស្គាល់ថា ការអនុវត្តច្បាប់ទាំងនោះ នៅមិនទាន់ពេញលេញនោះទេ ដោយសារខ្វះការសហការពីភាគីនិយោជកនៃសហគ្រាសសំណង់។
«យើងឃើញហើយពេលដែលមានវិបត្តិកើតឡើង អ្នកណាខ្លះខាត ម្ចាស់សំណង់ខ្លួនឯងក៏ខាត។ យើងបាត់បង់ធនធានមនុស្ស ចឹងសង្វាក់ផលិតកម្មក៏ប៉ះពាល់ យើងត្រូវសង ត្រូវខូចឈ្មោះទៀត។ ដូចដូចស្រុកគេ គេបិទសហគ្រាសហ្នឹងទៀត។ ហើយនិយោជកទទួលខុសត្រូវ បើសិនគ្រោះហ្នឹងកើតដោយសារគាត់ គាត់អាចជាប់គុកទៀត។ នៅយើង ឲ្យតែមានគ្រោះកើតឡើង យើងថាមកពីកម្មករប្រហែស។ តែការពិតមិនមែនទេ វាជាការទទួលខុសត្រូវរបស់និយោជកទាំងអស់»។
នៅក្នុងរបាយការណ៍ស្រាវជ្រាវថ្មីមួយរបស់អង្គការឃែរស្តីពី«ស្ថានភាពការងាររបស់ស្រ្តីក្នុងឧស្សាហកម្មសំណង់»ចេញផ្សាយនៅថ្ងៃសុក្រដដែលនេះ បង្ហាញថានៅកម្ពុជា មានកម្មករសំណង់ប្រមាណជាជិត២០ម៉ឺននាក់។ ក្នុងនោះ មានកម្មការិនីសំណង់ប្រមាណជាង៣០% ហើយពួកគេភាគច្រើនធ្វើចំណាកស្រុកមកពីជនបទ និងមិនចេះអក្សរ។
របាយការណ៍នេះ ទទូចឲ្យមានការចាប់ផ្តើមលើកកម្ពស់ចំណេះដឹងនៃសិទ្ធិ កម្មការិនីសំណង់ ដើម្បីអាចឲ្យកម្មការិនីសំណង់អាចទទួលបានលក្ខខណ្ឌការងារដែលមានសុវត្ថិភាពជាងមុន។
លោកស្រី រ័ត្ន កល្យាណ ប្រធានគម្រោងនៃអង្គការឃែរកម្ពុជា មើលឃើញថា ផ្នត់គំនិតយេនឌ័របានបង្ខំឲ្យស្ត្រីធ្វើការក្នុងវិស័យសំណង់ បំពេញការងារដែលមានជំនាញទាប និងទទួលបានប្រាក់កម្រៃទាប។ បន្ថែមពីលើនេះ ការទទួលបានវគ្គបណ្តុះបណ្តាល និងការតំឡើងដំណែងរបស់កម្មការិនីសំណង់ ក៏នៅមានតិចតួច បើធៀបនឹងបុរស។
«ការងារធ្ងន់ៗគេទុកឲ្យបុរស ដូចជាចូកខ្សាច់ ចូកស៊ីម៉ង់ កាត់ដែក ចាក់គ្រឹះ ជញ្ចូនសម្ភារៈធ្ងន់ៗការងារបុរស។ ការងារស្ត្រីធ្វើការងារស្រាល ល្អិតៗអត់ធ្មត់ច្រើន ដូចជាជញ្ជូនឥដ្ឋ បៀករង ការងារសម្អាត។ នៅត្រង់នេះ ការផ្តល់តម្លៃនៃប្រាក់ឈ្នួល គឺអាស្រ័យលើទិដ្ឋភាពយេនដ័រនៃបុគ្គល។ នៅក្នុងការងារសំណង់ ស្ត្រីទទួលបានប្រាក់ឈ្នួលតិចជាងបុរសប្រមាណជា ១ ទៅ៣ ដុល្លារ បើទោះជាគាត់ធ្វើការដូចគ្នាក៏ដោយ»។
អង្គការឃែរកម្ពុជា សហការជាមួយភាគីពាក់ព័ន្ធ បានដាក់ចេញគម្រោងថ្មីមួយរយៈពេល៣ឆ្នាំ ឆ្នាំ២០១៦~២០១៨ ដើម្បីរួមចំណែកលើកកម្ពស់សុខមាលភាពការងាររបស់កម្មការិនីសំណង់នៅកម្ពុជា។ គម្រោងនេះ ត្រូវបានគេរំពឹងថា នឹងជំរុញការយល់ដឹងអំពីសិទ្ធិ ចំណេះដឹងផ្នែកច្បាប់ និងនីតិវិធីសុវត្ថិភាពការងារ ដើម្បីឲ្យកម្មការិនីសំណង់ខ្លួនឯងដឹងថា ខ្លួនត្រូវបានគាំពារដោយច្បាប់ ព្រមទាំងធ្វើឲ្យនិយោជកសហគ្រាសសំណង់ឲ្យតម្លៃដល់កម្មការិនីសំណង់ដូចបុរសដែរ៕