ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ភាព​ជា​ឪពុក និង​ការ​ចូលរួម​ស្មើភាព​គ្នា​ក្នុង​ការងារ​ផ្គត់ផ្គង់​ជីវភាព​ជួយ​ទប់​ស្កាត់​អំពើ​ហិង្សា​ក្នុង​គ្រួសារ និង​លើ​ស្ត្រី


រូបឯកសារ៖ កុមារ​តូច​ម្នាក់​ជួយ​ក្រុមគ្រួសារ​របស់​គេ​សម្អាត​ស្មៅ​ក្នុង​ចម្ការ​ឆៃថាវ​មួយ​កន្លែង​នៅ​ជាយ​ក្រុង​ភ្នំពេញ កាល​ពី​ថ្ងៃព្រហស្បតិ៍ ទី១៥ ខែ​សីហា ឆ្នាំ​២០១៣។ (AP/ហេង ស៊ីនិត)
រូបឯកសារ៖ កុមារ​តូច​ម្នាក់​ជួយ​ក្រុមគ្រួសារ​របស់​គេ​សម្អាត​ស្មៅ​ក្នុង​ចម្ការ​ឆៃថាវ​មួយ​កន្លែង​នៅ​ជាយ​ក្រុង​ភ្នំពេញ កាល​ពី​ថ្ងៃព្រហស្បតិ៍ ទី១៥ ខែ​សីហា ឆ្នាំ​២០១៣។ (AP/ហេង ស៊ីនិត)

ការងារ​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​បាន​រក​ឃើញ​ថា ការ​ចូលរួម​របស់​បុរស​ក្នុង​ការ​មើល​ថែ​កូន និង​ជួយ​កិច្ចការ​ក្នុង​ផ្ទះ និង​ប្រកប​របរ​ចិញ្ចឹម​ជីវភាព​ដោយ​សមភាព​ជាមួយ​នឹង​ស្ត្រី​បាន​ជួយ​កាត់​បន្ថយ​អំពើ​ហិង្សា​ក្នុង​គ្រួសារ និង​អំពើ​ហិង្សា​មក​លើ​ស្ត្រី។

ការងារ​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​បាន​រក​ឃើញ​ថា ការ​ចូលរួម​របស់​បុរស​ក្នុង​ការ​មើល​ថែ​កូន និង​ជួយ​កិច្ចការ​ក្នុង​ផ្ទះ និង​ប្រកប​របរ​ចិញ្ចឹម​ជីវភាព​ដោយ​សមភាព​ជាមួយ​នឹង​ស្ត្រី​បាន​ជួយ​កាត់​បន្ថយ​អំពើ​ហិង្សា​ក្នុង​គ្រួសារ និង​អំពើ​ហិង្សា​មក​លើ​ស្ត្រី។

អំពើ​ហិង្សា​ក្នុង​គ្រួសារ ជាពិសេស​អំពើ​ហិង្សា​លើ​ស្ត្រី​បាន​ក្លាយ​ជា​បញ្ហា​ដ៏​ចម្បង​មួយ​ក្នុង​សកល​លោក។ របាយការណ៍​របស់​អង្គការ​សហ​ប្រជាជាតិ​ដើម្បី​ស្ត្រី (UN Women) រក​ឃើញ​ថា ស្ត្រី​ម្នាក់​ក្នុង​ចំណោម​បី​នាក់​ធ្លាប់​ទទួល​រង​អំពើ​ហិង្សា​លើ​រូបរាង​កាយ និង​អំពើ​ហិង្សា​ផ្លូវ​ភេទ។

យ៉ាង​ណា​មិញ មាន​កិច្ច​ខំ​ប្រឹងប្រែង​ជា​បន្ត​បន្ទាប់​ទាំង​ពី​រដ្ឋាភិបាល និង​សង្គម​ស៊ីវិល ដើម្បី​លុប​បំបាត់​អំពើ​ហិង្សា​លើ​ស្ត្រី​នេះ ដោយ​បង្កើត​ជា​កម្មវិធី​តាម​សហគមន៍​ដោយ​មាន​ការ​ចូលរួម​ពី​បុរស។

លោក Gary Barker ស្ថាបនិក​នៃ​អង្គការ Promundo ដែល​ធ្វើការ​ជាមួយ​នឹង​បុរស និង​ក្មេង​ប្រុស​ដើម្បី​សមភាព​យេនឌ័រ បាន​និយាយ​នៅ​ក្នុង​បទ​សម្ភាសន៍​ជាមួយ​នឹង VOA ថា តាម​រយៈ​កម្មវិធី​អប់រំ​តាម​សហគមន៍ និង​ការ​ពិភាក្សា​ជា​ក្រុម បុរស​ដែល​ធ្លាប់ និង​មិន​ធ្លាប់​ប្រព្រឹត្ត​អំពើ​ហិង្សា​ក្នុង​គ្រួសារ ប្រាថ្នា​ឲ្យ​កូនៗ​របស់​ពួកគេ​គោរព និង​ស្រឡាញ់​ពួក​គេ​ដែល​ជា​ឪពុក។ ទំនាក់​ទំនង​ល្អ​រវាង​ឪពុក​និង​កូន​នេះ​ជួយ​ឲ្យ​បុរស​ជា​ឪពុក​ផ្លាស់​ប្តូរ​ផ្នត់​គំនិត​របស់​ពួក​គេ ឲ្យ​មាន​ក្តី​មេត្តា​ធម៌ មិន​ប្រព្រឹត្ត​អំពើ​ហិង្សា។

«‍យើង​ប្រើ​ប្រាស់​ទស្សនៈ​នៃ​ក្តី​មេត្តាធម៌​ជា​ស្ពាន​នៃ​ការ​ឆ្លើយតប​ជា​កាយវិការ​របស់​យើង​ក្នុង​នាម​ជា​បុគ្គល ហើយ​យើង​ធ្វើ​យ៉ាង​ណា​ឲ្យ​បុរស​អនុវត្ត​ក្តី​មេត្តា​ធម៌​នេះ។ ភាព​ខុស​គ្នា​នៃ​អំពើ​ហិង្សា មិន​មែន​ត្រឹម​តែ​ធ្វើ​ឲ្យ​ខ្លួន​យើង​មិន​មាន​ហិង្សា​ប៉ុណ្ណោះ​ទេ តែ​លើស​ពី​នេះ ​យើង​ត្រូវ​តែ​ធ្វើ​សកម្មភាព​ពោរពេញ​ដោយ​ក្តី​មេត្តា​ធម៌​ផង​ដែរ»។

លោក​ Garyបាន​បន្ថែម​ថា សកម្ម​ភាព​ក្នុង​សហគមន៍​ដែល​អនុញ្ញាត​ឲ្យ​បុរស​ជា​ឪពុក​ចំណាយ​ពេល​លេង​ជាមួយ​កូន និង​ថែទាំង​កូន អាច​បង្កើត​ក្តី​ស្រឡាញ់ និង​ក្តី​មេត្តាធម៌​របស់​បុរស​មក​លើ​កូន ហើយ​ជា​លទ្ធផល​ពង្រឹង​ទំនាក់​ទំនង​រវាង​ឪពុក និង​កូន ដែល​ជា​កត្តា​មួយ​បង្អាក់​មិន​ឲ្យ​បុរស​ប្រព្រឹត្ត​អំពើ​ហិង្សា​ក្នុង​គ្រួសារ។

«‍ទាំង​ផ្លូវ​កាយ និង​សតិ​អារម្មណ៍ កាល​ណា​បុរស​កាន់​តែ​ចូលរួម​ខ្លាំង​ក្នុង​ការ​មើល​ថែ​ទាំ​កូន នោះ​កូនៗ​របស់​ពួក​គេ​កាន់​តែ​ជួយ​ឲ្យ​បុរស​ផ្លាស់​ប្តូរ​ផ្នត់​គំនិត​របស់​ខ្លួន មិន​ឲ្យ​ងាក​ទៅ​រក​អំពើ​ហិង្សា»។

រូបឯកសារ៖ ក្មេង​សិស្ស​ស្រី​កំពុង​សិក្សា​នៅ​ក្នុង​សាលា​បឋម​សិក្សា​កេសរារាម​ ក្រុង​សៀមរាប កាល​ពីព្រឹក​ថ្ងៃសុក្រ ​ទី​២០​ ខែ​មីនា​ ឆ្នាំ​២០១៥។ (នូវ​ ពៅលក្ខិណា​/VOA)
រូបឯកសារ៖ ក្មេង​សិស្ស​ស្រី​កំពុង​សិក្សា​នៅ​ក្នុង​សាលា​បឋម​សិក្សា​កេសរារាម​ ក្រុង​សៀមរាប កាល​ពីព្រឹក​ថ្ងៃសុក្រ ​ទី​២០​ ខែ​មីនា​ ឆ្នាំ​២០១៥។ (នូវ​ ពៅលក្ខិណា​/VOA)

ជាក់ស្តែង លោក ឯម ធី អាយុ​៥៣​ឆ្នាំ មាន​កូន​បី​នាក់ និង​ជា​អ្នក​បើក​រថយន្ត​ទេសចរ​ឲ្យ​ក្រុមហ៊ុន​ជប៉ុន បាន​ប្រាប់​ VOA ថា លោក​មិន​ប្រកាន់​ការងារ​ថែទាំ​កូន និង​កិច្ចការ​ក្នុង​ផ្ទះ​ទេ ពីព្រោះ​ការ​នេះ​ជា​ទម្លាប់​ក្នុង​គ្រួសារ​របស់​លោក។ មួយ​ផ្នែក​ ការ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​នេះ​ជួយ​មិន​ឲ្យ​អំពើ​ហិង្សា​ក្នុង​គ្រួសារ​កើត​មាន​ចំពោះ​គ្រួសារ​របស់​លោក​ឡើយ។

‍«តាម​ពិត​ទៅ ការងារ​ជួយ​គ្នា ខ្ញុំ​មក​ពី​ធ្វើការ​ ពេល​ខ្ញុំ​ទំនេរ ខ្ញុំ​ទៅ​ជួយ​ទៅ។ ពេល​ខ្ញុំទៅ​ដល់​ផ្ទះ ខ្ញុំ​ទិញ​បន្លែរ ទិញ​ម្ហូបអី ជួយ​ធ្វើ​គ្នាទៅ ពីព្រោះ​គ្រួសារ​ខ្ញុំ​គាត់​លក់​ឥវ៉ាន់​តិចតួច​នៅ​មុខ​ផ្ទះ។ ដល់​អញ្ចឹង អត់​មាន​បញ្ហា​អី​កើត​ឡើង​ទេ ព្រោះ​យើង​ជួយ​គ្នា​ទៅ​វិញ​ទៅមក‍»។

លោក ឯម ធី បាន​សង្កត់​ធ្ងន់​ថា ការ​ប្រព្រឹត្ត​អំពើ​ហិង្សា​នេះ​ប៉ះពាល់​ខ្លាំង​ដល់​អនាគត​របស់​កូន ហើយ​ថា វា​ជា​រឿង​មិន​ត្រឹមត្រូវ​ទេ ដែល​បុរស​ប្រព្រឹត្ត​អំពើ​ហិង្សា​ក្នុង​គ្រួសារ និង​លើ​ស្ត្រី។

‍«ខ្ញុំ​មិន​ចូលចិត្ត​ទេ អ្នក​ប្រើ​អំពើ​ហិង្សា​ក្នុង​គ្រួសារ។ ខ្ញុំ​ឃើញ ដូចស្អប់​តែ​ម្តង។ ខ្ញុំ​មិន​ប្រកាន់​ទេ តួនាទី​នៅ​ផ្ទះ បោក​ខោអាវ ជូត​ផ្ទះ​អី ធ្វើ​ម៉ាចប់ ដាំ​ស្លរអី‍»។

នៅ​ប្រទេស​កម្ពុជា កត្តា​ប្រឈម​នៃ​ការ​លុប​បំបាត់​អំពើ​ហិង្សា​លើ​ស្ត្រី និង​ក្នុង​គ្រួសារ​គឺ​ការ​ផ្លាស់​ប្តូរ​ផ្នត់​គំនិត និង​របត់​សង្គម។ នេះ​បើ​យោង​តាម​លោក​ស្រី ប៉ុក បញ្ញាវិចិត្រ នាយិកា​នៃ​អង្គការ​កម្ពុជា​ដើម្បី​ជួយ​ស្ត្រី​មាន​វិបិត្ត។

‍«របត់​សង្គម​នៅ​មាន​ឥទ្ធិពល​ខ្លាំង​ណាស់។ ពេល​ខ្លះ​បុរស​ដែល​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ការ​ទប់​ស្កាត់​អំពើហិង្សា​លើ​ស្ត្រី​ហ្នឹង បែរ​ជា​ទទួល​បាន​ការ​រិះ​គន់​ថា៖ អាមួយ​ហ្នឹង​មាន​ចរិក​ស្ត្រី អញ្ចឹង​បាន​វា​ចូល​ទៅ​ធ្វើ​ការ​ងារ​ហ្នឹង។ បុរស​ពិត​មិន​ដែល​មក​ធ្វើការងារ​កំប៉ិក​កំប៉ុក ការងារ​ផ្ទះ​សម្បែងទេ។

លោក​ស្រី បាន​ពន្យល់​ថា ហេតុ​នេះ​ហើយ​បាន​ជា​អង្គការ​របស់​លោក​ស្រី និង​អង្គការ​ជា​ច្រើន​ទៀត​ត្រូវ​ធ្វើ​យ៉ាង​ណា​ ផ្លាស់​ប្តូរ​នូវ​របត់​គំនិត​សង្គម​បែប​នេះ ដែល​អាច​ជា​ចំណែក​មួយ​ដ៏​ធំ​ក្នុង​ការទប់​ស្កាត់​អំពើ​ហិង្សា​លើ​ស្ត្រី‍»។

យ៉ាង​ណា​មិញ ​អង្គការ​សង្គម​ស៊ីវិល​ជា​ច្រើន​បាន​ធ្វើការ​សហការ​គ្នា ដើម្បី​ពង្រឹង​ស្ថានភាព​សេដ្ឋកិច្ច និង​សង្គម​របស់​ស្ត្រី ដែល​មួយ​ផ្នែក​អាច​ជា​ដំណោះ​ស្រាយ​នៃ​ការ​បញ្ឈប់​អំពើ​ហិង្សា​ក្នុង​គ្រួសារ និង​ស្ត្រី​នេះ។

លោក​ស្រី រស់ សុភាព នាយិកា​នៃ​អង្គការ​យេនឌ័រ និង​អភិវឌ្ឍ​ដើម្បី​កម្ពុជា ហៅ​កាត់​ថា (GADC) បាន​ប្រាប់ VOA ថា គម្រោង​ដែល​ផ្តោត​ឲ្យ​មាន​ការ​ចូលរួម​ដោយ​សមភាព​រវាង​បុរស និង​ស្ត្រី​ក្នុង​ការ​ពង្រឹង​ស្ថានភាព​សេដ្ឋកិច្ច​គ្រួសារ​របស់​ពួក​គេ បាន​ជួយ​ឲ្យ​មាន​ការ​កាត់​បន្ថយ​អំពើ​ហិង្សា​លើ​ស្ត្រី និង​ក្នុង​គ្រួសារ។

«‍តាមរយៈការ​ចូលរួម​របស់​ស្ត្រី យើង​ឃើញ​ថា ស្ត្រី​គាត់​ចេះ​និយាយ គាត់​បង្ហាញ​ថា ជីវភាព​របស់​គាត់​តាំង​ពី​គាត់​ចូល​មក​ហ្នឹង​វា​យ៉ាង​ម៉េច។ ហើយ​គាត់​ថា​បញ្ហា​គ្រួសារ​ត្រូវ​បាន​បញ្ចប់។ គ្រួសារ​ខ្លះ​គាត់​ថា​នៅ​ដែរ ប៉ុន្តែ​កាត់​បន្ថយ​ខ្លាំង។ ហើយ​បុរសហ្នឹង​ គាត់​បាន​បង្ហាញ​ថា បើសិន​គាត់​មិន​បាន​ដឹង​ ហើយ​មិន​បាន​ចូលរួម​ក្នុង​កម្មវិធី​ហ្នឹង គាត់​មិន​ដឹង​ទេ ហើយ​គាត់​នៅ​តែ​វាយ​កូន នៅ​តែ​វាយ​ប្រពន្ធ​អញ្ចឹង»។

គម្រាង​ស្តី​ពី​«ការ​លើក​កម្ពស់ និង​ការ​ការពារ​សិទ្ធិ​ស្ត្រី និង​ការ​ពង្រឹង​សេដ្ឋកិច្ច​សង្គម​របស់​ស្ត្រី‍» ត្រូវបាន​យក​ទៅ​អនុវត្ត​ដោយ​អង្គការ​យេនឌ័រ និង​អភិវឌ្ឍ​ដើម្បី​កម្ពុជា ជាមួយ​នឹង​អង្គការ Heifer អន្តរជាតិ​ប្រចាំ​នៅ​កម្ពុជា (HIC) នៅ​ក្នុង​ខេត្ត​ចំនួន​បី​គឺ ខេត្ត​ព្រៃវែង កំពង់​ឆ្នាំង និង​ពោធិ៍សាត់ ដោយ​បង្កើត​ជា​កម្មវិធី​អប់រំ​តាម​សហគមន៍ និង​កម្មវិធី​ពង្រឹង​សមត្ថភាព​សេដ្ឋកិច្ច​សង្គម​របស់​គ្រួសារ​មួយ​ចំនួន​នៅ​ក្នុង​សហគមន៍​ទាំង​នេះ។

រូបឯកសារ៖ កសិករ​ខ្មែរ​នាំ​គ្នា​ទាញ​ក្រណាត់​តង់​ដែល​ពោរពេញ​ទៅ​ដោយ​កណ្តាប់​ស្រូវ​ចេញ​ពី​វាល​ស្រែ​លិច​ទឹក ដើម្បី​ហាល​ស្រូវ​ឲ្យ​ស្ងួត​ក្នុង​រដូវ​ច្រូត​ស្រូវ​នៅ​ភូមិ​ស្វាយ​ចេកនៃ​ជាយ​ក្រុង​ភ្នំពេញ កាល​ពី​ថ្ងៃ​អាទិត្យ ទី៧ ខែ​ធ្នូ ឆ្នាំ២០១៤។ (AP/ហេង ស៊ីនិត)
រូបឯកសារ៖ កសិករ​ខ្មែរ​នាំ​គ្នា​ទាញ​ក្រណាត់​តង់​ដែល​ពោរពេញ​ទៅ​ដោយ​កណ្តាប់​ស្រូវ​ចេញ​ពី​វាល​ស្រែ​លិច​ទឹក ដើម្បី​ហាល​ស្រូវ​ឲ្យ​ស្ងួត​ក្នុង​រដូវ​ច្រូត​ស្រូវ​នៅ​ភូមិ​ស្វាយ​ចេកនៃ​ជាយ​ក្រុង​ភ្នំពេញ កាល​ពី​ថ្ងៃ​អាទិត្យ ទី៧ ខែ​ធ្នូ ឆ្នាំ២០១៤។ (AP/ហេង ស៊ីនិត)

លោកស្រី រស់ សុភាព ក៏​បាន​បញ្ជាក់​ថា គម្រោង​នេះ​បាន​ធ្វើ​ឲ្យ​មាន​ឥទ្ធិពល​ជា​វិជ្ជមាន​លើ​ការ​ផ្លាស់​ប្តូរ​ផ្នត់​គំនិត​របស់​បុរស ដែល​ជាក់​ស្តែង​បាន​កើត​មាន​ឡើង​លើ​គ្រួសារ​អតីត​ទាហាន​ម្នាក់ ដែល​រស់នៅ​ខេត្ត​កំពង់​ឆ្នាំង។ បុរស​ជា​ប្តី​បាន​ផ្លាស់​ប្តូរ​ឥរិយាបថ​របស់​ខ្លួន ដោយ​ឈប់​ផឹក​ស្រា ហើយ​ចំណាយ​ពេល​ខិតខំ​ធ្វើ​ការងារ​ចិញ្ចឹម​ជីវិត។

«‍មូលហេតុ​អី​បាន​ជា​គាត់​ផ្លាស់​ប្តូរ គាត់​ថា ដំបូង​បំផុត​គឺគិត​ពីជីវភាព​គាត់ និង​អនាគត​របស់កូន។ ហើយ​គាត់​ថា បើ​គាត់​នៅ​តែ​អញ្ចឹង នោះ​កូន​គាត់​គ្មាន​អនាគត​ទេ។ រាល់​ថ្ងៃ​ហ្នឹង គឺ​គាត់​បន្ថយ​ផឹក ហើយ​យក​ពេល​វេលា​ទាំងអស់​ជួយ​ប្រពន្ធ​គាត់ ហើយ​នឹង​ជួយ​ការងារ​ដែល​ជា​ការ​ទទួល​ខុស​ត្រូវ​របស់​សមាជិក​គ្រួសារ​ដ៏​សំខាន់។ គាត់​ក៏​យក​ពេល​វេលា​ទៅ​ធ្វើ​ការងារ​ផ្ទះ ការងារ​អី​ហ្នឹង។ ហើយ​មួយ​ទៀត​គាត់​ទៅ​និយាយ​ជាមួយ​មិត្តភក្តិ​ដែល​ផឹក​ជាមួយ​គ្នា​ហ្នឹង ដើម្បី​ឲ្យ​គេ​ធ្វើការ​កែប្រែ»។

លទ្ធផល​នៃ​ការ​អនុវត្ត​គម្រោង​នេះ​ទទួល​បាន​ភាព​វិជ្ជមាន​ច្រើន​ទាំង​ការ​កាត់​បន្ថយ​អំពើ​ហិង្សា​លើ​ស្ត្រី និង​ការ​ពង្រឹង​ស្ថានភាព​សេដ្ឋកិច្ច​របស់​គ្រួសារ​តាម​តំបន់​ជនបទ។ ក៏​ប៉ុន្តែ លោក​ស្រី រស់ សុភាព យល់​ថា ទាំង​អង្គការ​សង្គម​ស៊ីវិល និង​ស្ថានប័ន​របស់​រដ្ឋាភិបាល ដូចជា​ក្រសួង​កសិកម្ម និង​ក្រសួង​កិច្ចការ​នារី​ត្រូវ​ផ្សារ​ភ្ជាប់​គោលការណ៍​យេនឌ័រ សេដ្ឋកិច្ច និង​គោលការណ៍​សមាគម​កសិកម្ម ដើម្បី​ឲ្យ​មាន​ភាព​ល្អ​ប្រសើរ​កាន់​តែ​ខ្លាំង​ឡើង។

«‍ខ្ញុំ​ក៏មើលឃើញ​ថា តួនាទី​របស់​ក្រសួង​កិច្ច​ការ​នារី​ក៏​សំខាន់​ដោយ​សារ​តែ​ក្រសួង​កិច្ចការ​នារី លោក​មាន​នាយក​ដ្ឋាន​មួយ​ហៅ​ថា នាយក​ដ្ឋាន​សេដ្ឋកិច្ច។ អញ្ចឹ​ង​នាយក​ដ្ឋាន​សេដ្ឋកិច្ច​អាច​ផ្សារ​ភ្ជាប់ទៅនឹង​គោល​នយោបាយ​របស់​ក្រសួង​កសិកម្ម​ផ្នែក​បញ្ជ្រាប​យេនឌ័រ​ហ្នឹង ហើយ​នឹង​ច្បាប់​សមាគម​កសិករ​ហ្នឹង ហើយ​ផ្សារ​ភ្ជាប់​ទៅ​គោល​នយោបាយ​នារី​រតនៈ ហើយ​ផ្សារ​ភ្ជាប់​ទៅ​នឹង​ការ​អនុវត្ត​ពី​ថ្នាក់​ក្រោម​ជាតិ​មក ខ្ញុំ​យល់​ថា វា​នឹង​ធ្វើ​ឲ្យ​មាន​ការរីក​ចំរើន​ទៅ​មុខ​បាន»។

សកម្ម​ជន​ដើម្បី​សមភាព​យេនឌ័រ យល់​ថា លទ្ធផល​ជា​វិជ្ជមាន​ពី​ការ​ចូលរួម​របស់​បុរស​ក្នុង​ការ​លុប​បំបាត់​អំពើ​ហិង្សា​លើ​ស្ត្រី និង​ក្នុង​គ្រួសារ​នេះ នឹង​លើក​ទឹក​ចិត្ត​បុរស​ជា​ច្រើន​នាក់​ចូលរួម​ជា​បន្ត​ទៀត៕

XS
SM
MD
LG