ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្បួន​ដង្ហែ​ស្ត្រី Women's March ក្លាយ​ជា​ចលនា​សង្គម


បាតុករ​របស់​ក្រុម​ដង្ហែ​ក្បួន​ស្ត្រី Women's March ដើរ​កាត់​សេតវិមាន នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៨។
បាតុករ​របស់​ក្រុម​ដង្ហែ​ក្បួន​ស្ត្រី Women's March ដើរ​កាត់​សេតវិមាន នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៨។

ក្បួន​ដង្ហែ​ស្ត្រី Women's March ដើម្បី​តវ៉ា​ប្រឆាំង​នឹង​សិទ្ធិ​មិន​ស្មើ​គ្មា​និង​បញ្ហា​សង្គម​ដទៃ​ទៀត​ជា​ច្រើន​បាន​ធ្វើ​ឡើង​កាលពី​ចុង​សប្តាហ៍​មុន​នៅ​ក្នុងសហរដ្ឋអាមេរិក​និង​បណ្តា​ទីក្រុង​ធំៗ​នៅ​អឺរ៉ុប។ ក្បួន​ដង្ហែ​ធំៗ​ដោយ​មាន​ស្ត្រី​ពាក់​មួក​ពណ៌​ផ្កាឈូក​បាន​ចាប់​ផ្តើម​ឡើង​កាល​ពី​មួយ​ឆ្នាំ​មុន ដែល​ភាគ​ច្រើន​ដើម្បី​បង្ហាញ​ពី​កំហឹង​របស់​ស្ត្រី​ចំពោះ​ការ​ជាប់​ឆ្នោត​របស់​លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក Donald Trump និង​អាកប្បកិរិយា​របស់​លោក​ទៅ​កាន់​ស្ត្រី​និង​ក្រុម​ប្រជាពលរដ្ឋ​ភាគ​តិច ។ ឆ្នាំ​នេះ ក្បួន​ដង្ហែ​កំពុង​ក្លាយ​ជា​ចលនា​មួយ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ភាព​អយុត្តិធម៌​សង្គម។

មនុស្ស​រាប់​ពាន់​នាក់​បាន​ឆ្លើយ​តប​នឹង​ការ​ហៅ​ឲ្យ​ចូលរួម​ក្នុង​ក្បួន​ដង្ហែ​ស្ត្រី​ឬ Women's March នៅ​ក្នុង​ទីក្រុង Las Vegas កាលពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ។ ប៉ុន្តែ​ខុស​ពី​ការ​បាតុកម្ម​តវ៉ា​នៅ​ក្នុង​បណ្តា​ទីក្រុង​នានា​នៅ​ចុង​សប្តាហ៍​មុន ព្រឹត្តិការណ៍​នៅ​ក្នុង​ទីក្រុង​ Las Vegas ដែល​មាន​ឈ្មោះ​ថា «Power to the Polls» ឬ​ដែល​មាន​ន័យ​ថា អំណាច​នៃ​ការ​បោះ​ឆ្នោត ដែល​មាន​គោល​បំណង​ធានា​ថា ក្រុម​អ្នក​បោះឆ្នោត ពិសេស​ស្ត្រី​ បាន​ត្រៀម​លក្ខណៈ​រួច​រាល់​និង​អាច​បោះឆ្នោត​នៅ​ក្នុង​ការ​បោះឆ្នោត​សភា​នៅ​ចុង​ឆ្នាំ​នេះ។

អ្នកស្រី Emily Zamora នៃ​ក្រុម​សំឡេង​រដ្ឋ Nevada បាន​ថ្លែង​ថា៖

«យើង​ក៏​មាន​គ្នា​ជា​ច្រើន​ដែល​បាន​ចុះ​ឈ្មោះ​រួច​រាល់ ប៉ុន្តែ​ពួក​គេ​ប្រហែល​មិន​បាន​ដឹង​ថា ពួក​គេ​បាន​គេ​បាន​ប្តូរ​អាសយដ្ឋាន​ឬ​ប្តូរ​គណបក្ស​នយោបាយ​របស់​ពួក​គេ​ទេ។ រដ្ឋ Nevada គឺ​ជា​រដ្ឋ​ដែល​អនុញ្ញាត​ឲ្យ​តែ​អ្នក​ចុះ​ឈ្មោះ​ក្នុង​គណបក្ស​ណា​មួយ​ ទើប​អាច​បោះឆ្នោត​បឋម​បាន ដូច្នេះ​ហើយ​ដើម្បី​ចូល​រួម​បោះឆ្នោត​បឋម​នៅ​ខែ​មិថុនា ពួក​គេ​ត្រូវ​ធានា​ថា​ពួក​គេ​បាន​ចុះ​ឈ្មោះ​ជាមួយ​នឹង​គណបក្ស​នយោបាយ​ណា​មួយ»។

ក្រុម​បាតុករ​បាន​ថ្លែង​ថា ក្រៅ​ពី​ការ​ទាម​ទារ​សិទ្ធិ​ស្ត្រី នៅ​មាន​បញ្ហា​ជា​ច្រើន​ទៀត​នៅ​ក្នុង​ការបោះឆ្នោត​ខាង​មុខ​នេះ ដូច​ជា​បញ្ហា​ធានារ៉ាប់រង​សុខភាព​ដែល​មាន​តម្លៃ​សមរម្យ ការ​ការ​ពារ​សិទ្ធិ​ក្រុម​ប្រជាពលរដ្ឋ​ភាគ​តិច​និង​ច្បាប់​អន្តោប្រវេសន៍​ជា​ដើម។

អ្នក​ស្រី Diane Polling បាន​ធ្វើ​ដំណើរ​ពី​ទីក្រុង Dayton រដ្ឋ Ohio ដើម្បី​ចូល​រួម​ក្នុង​ការ​បាតុកម្ម​នៅ​ក្នុង​ទីក្រុង Las Vegas។ អ្នកស្រី​បាន​ថ្លែង​ថា៖

«មិត្តភក្តិ​របស់​ខ្ញុំ​ជា​ច្រើន​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​ប្រទេស​ម៉ិកសិក។ ខ្ញុំ​ពិត​ជា​មិន​សប្បាយ​ចិត្ត​ចំពោះ​ការ​បញ្ជូន​ខ្លួន​របស់​ពួកគេ​នោះ​ទេ។ មិត្តភក្តិ​របស់​ខ្ញុំ​ជា​ពលរដ្ឋ​ស្បែក​ខ្មៅ និង​ត្រូវ​រង​ការ​បំពាន។ លោក​ ដូណាល់ ត្រាំ ប្រធានាធិបតី​ទី៤៥​រូប​នេះ​មិន​អាច​ធ្វើ​ដូច្នេះ​ចំពោះ​ពួក​យើង​បាន​នោះ​ទេ។ យើង​នឹង​មិន​អនុញ្ញាត​ឲ្យ​វា​កើត​មាន​ឡើង​នោះ​ទេ»។

កាល​ពី​ឆ្នាំ​មុន ការ​ធ្វើ​បាតុកម្ម​ធំៗ​បាន​កើត​ឡើង​នៅ​ក្នុង​រដ្ឋធានី Washington មួយ​ថ្ងៃ​បន្ទាប់​ពី​លោក Trump បាន​ស្បថ​ចូល​កាន់​តំណែង​ជា​ប្រធានាធិបតី​ទី៤៥ របស់​សហរដ្ឋ​អាមេរិក។ ស្ត្រី​ជា​ច្រើន​គិត​ថា អាកប្បកិរិយា​របស់​លោក​ទៅ​កាន់​ស្ត្រី​មាន​លក្ខណៈ​បំពាន ហើយ​ពួក​គេ​ប្តេជ្ញា​ថា​ ពួក​គេ​នឹង​មិន​អនុញ្ញាត​ឲ្យ​រដ្ឋបាល​របស់​លោក​រឹតត្បិត​ទៅ​លើ​សេរីភាព​របស់​ពួកគេ​នោះ​ទេ។ ក្បួន​ដង្ហែ​ទាំង​នោះ​បាន​រីករាលដាល​ទៅ​ក្រៅ​សហរដ្ឋ​អាមេរិក​ ហើយ​ក្រុម​បាតុករ​នៅ​ក្នុង​បណ្តា​ទីក្រុង​ធំៗ​នៅ​អឺរ៉ុប​រួម​មាន​ទាំង​ទីក្រុង ឡុងដ៍​ផង​ដែរ​នោះ បាន​នាំ​គ្នា​វិល​ត្រឡប់​មក​ដើរ​ក្បួន​ដង្ហែ​បាតុកម្ម​នៅ​តាម​ដង​ផ្លូវ​ដូច​កាលពី​ឆ្នាំ​មុន​ផង​ដែរ។

បាតុករ​មួយ​រូប​នៅ​ក្នុង​ទីក្រុង​ឡុងដ៍​បាន​ថ្លែង​ថា៖

«ការ​មាន​ប្រាក់ខែ​ស្មើ​គ្នា​គឺ​ជា​បញ្ហា​ដ៏​ធំ​មួយ​ដែល​យើង​កំពុង​តវ៉ា។ មាន​ស្ត្រី​ជា​ច្រើន​ដែល​បាន​និយាយ​ថា ពួក​គេ​ឈប់​ពី​ការ​ងារ​របស់​ពួក​គេ ដោយ​សារ​តែ​បញ្ហា​ប្រាក់​ខែ​មិន​ស្មើ​គ្នា​ ដែល​ការណ៍​នេះ​មិន​គួរ​កើត​មាន​ឡើង​នោះ​ទេ។ ស្ត្រី​គួរ​ទទួល​បាន​ប្រាក់​ខែ​ច្រើន​ជាង​នេះ»។

បាតុករ​មួយ​រូប​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​បាន​ប្រាប់​ VOA ថា បាតុកម្ម​នេះ​កំពុង​ធ្វើ​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ​មួយ។

លោក Alex Gonzales បាតុករ​មួយ​រូប​នៅ​ក្នុង​រដ្ឋ​ធានី​វ៉ាស៊ីនតោន​បាន​ថ្លែង​ថា៖
«យើង​បាន​ឃើញ​ថា បន្ទាប់​ពី​ក្បួន​ដង្ហែ​កាលពី​ឆ្នាំ​មុន មាន​ស្ត្រី​ជា​ច្រើន​ដែល​បាន​សម្រេច​ចិត្ត​ចូលរួម​ប្រកួត​យក​តំណែង​នានា ហើយ​ស្ត្រី​ជា​ច្រើន​បាន​ទទួល​ជ័យ​ជម្នះ។ ឧទាហរណ៍​រដ្ឋ Alabama ដែល​យើង​ធ្លាប់​ស្គាល់​ថា​ ជា​រដ្ឋ ពណ៌​ក្រហម​ដែល​គាំទ្រ​គណបក្ស​សាធារណរដ្ឋ ប៉ុន្តែ​រដ្ឋ​នេះ​បាន​ប្រែ​មក​ជា​រដ្ឋ​ពណ៌​ខៀវ​ ដែល​គាំទ្រ​គណបក្ស​ប្រជាធិបតេយ្យ​ទៅ​វិញ។ ហើយ​ខ្ញុំ​គិត​ថា មូលហេតុ​ភាគ​ច្រើន​គឺ​ដោយ​សារ​តែ​ចលនា​នេះ ដែល​ត្រូវ​បាន​ធ្វើ​ឡើង​កាលពី​១២ ខែ​មុន»។

សមាជិក​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក​ខាង​គណបក្ស​ប្រជាធិបតេយ្យ​បាន​កើនឡើង​ម្នាក់​ នៅ​ពេល​ដែល​បេក្ខជន​ខាង​គណបក្ស​សាធារណរដ្ឋ​មួយ​រូប​នៅ​ក្នុង​រដ្ឋ Alabama បាន​ចាញ់​នៅ​ក្នុង​ការ​ប្រកួត​ប្រជែង​យក​អាសនៈ​ក្នុង​ព្រឹទ្ធសភា​ខាង​កាលពី​ខែ​មុន។ ក្រុម​ដែល​ធ្វើ​ឲ្យ​បេក្ខជន​គណបក្ស​សាធារណរដ្ឋ​ចាញ់​នៅ​ក្នុង​ការបោះឆ្នោត​នោះ គឺ​ជា​ក្រុម​អ្នក​បោះឆ្នោត​ជា​ស្ត្រី យុវជន​យុវនារី​ក្មេងៗ និង​ពលរដ្ឋ​ស្បែក​ខ្មៅ៕

ប្រែ​សម្រួល​ដោយ ស្រេង លក្ខិណា

XS
SM
MD
LG