ក្រុមអ្នកជំនាញលើកឡើងរួមគ្នាថា ស្រ្តីក្នុងបណ្តាប្រទេសក្រីក្រនិងកំពុងអភិវឌ្ឍន៍ដែលងាយរងគ្រោះ កំពុងរងផលប៉ះពាល់ធ្ងន់ធ្ងរដោយសារការកើនឡើងកម្តៅផែនដីដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុ ហើយពួកគេបានជំរុញឱ្យមានដំណោះស្រាយជាបន្ទាន់។
ការលើកឡើងបែបនេះធ្វើឡើងនៅក្នុងកិច្ចពិភាក្សាមួយ ដែលរៀបចំដោយធនាគារអភិវឌ្ឍន៍អាស៊ី ឬ ADB និងមជ្ឈមណ្ឌលមូលនិធិភាពធន់ Arsht-Rockefeller ស្តីពី«ការកើនឡើងពីលើកម្តៅ៖ បង្កើតដំណោះស្រាយដែលដឹកនាំដោយស្រ្តីចំពោះភាពតានតឹងនៃកម្តៅ» ដែលត្រូវបានធ្វើឡើងនៅសន្និសីទស្តីពីការប្រែប្រួលអាកាសធាតុលើកទី២៨ ដែលកំពុងប្រព្រឹត្តទៅនៅទីក្រុងឌូបៃ ប្រទេសអាមីរ៉ាតអារ៉ាប់រួម។
ថ្លែងក្នុងកិច្ចពិភាក្សាថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣ អតីតរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក និងជាឯកអគ្គរដ្ឋទូតសាកល Arsht-Rock ទទួលបន្ទុកផ្នែកកំដៅ សុខភាពនិងយេនឌ័រ លោកស្រី ហ៊ីលឡារី រ៉ូដហាម គ្លីនតុន (Hillary Rodham Clinton) បានថ្លែងក្នុងកិច្ចពិភាក្សានោះថា ស្ត្រីនៅក្នុងតំបន់ងាយរងគ្រោះ ជារឿយៗបានរងផលប៉ះពាល់ខ្លាំងបំផុតដោយសារឥទ្ធិពលនៃការកើនឡើងកម្តៅផែនដី។ លោកស្រីថា ជាទូទៅស្រ្តីបានរួមចំណែកតិចតួចបំផុតក្នុងការធ្វើឱ្យមានការប្រែប្រួលអាកាសធាតុ ប៉ុន្តែពួកគេបែរជាត្រូវរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរជាងគេទៅវិញ។
លោកស្រីបញ្ជាក់ថា៖ «ស្ត្រីតំណាងឱ្យ ៨០ភាគរយនៃជនភៀសខ្លួនបណ្តាលមកពីអាកាសធាតុ ហើយនៅពេលដែលស្ត្រីត្រូវបានផ្លាស់ទីលំនៅ ពួកគេមានហានិភ័យកើនឡើងនៃអំពើហិង្សា ការជួញដូរមនុស្ស ការជាប់គាំង និងប្រហែលជាបានបញ្ចប់ការសិក្សា និងឱកាសការងារ។ ហើយស្ត្រីទំនងជាស្លាប់ក្នុងគ្រោះធម្មជាតិ»។
ជាមួយគ្នានឹងកិច្ចពិភាក្សានោះ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ក៏បានប្រកាសសម្ពោធគម្រោងផ្តួចផ្តើមថ្មីមួយក្នុងទំហំទឹកប្រាក់ ៣.៨លានដុល្លារសហរដ្ឋអាមេរិក សម្រាប់ប្រទេសចំនួន ៥ ដែលរួមមានកម្ពុជាផង ដើម្បីបង្កើនការយល់ដឹង និងបណ្តាក់ទុនក្នុងការសម្របខ្លួនទៅនឹងផលប៉ះពាល់នៃភាពតានតឹងដោយកម្តៅលើស្ត្រីនិងក្មេងស្រី។
បើតាម ADB កម្មវិធីជំនួយបច្ចេកទេសថ្មីនេះនឹងត្រូវអនុវត្តក្នុងប្រទេសកម្ពុជា បង់ក្លាដែស ប៉ាគីស្ថាន ស្រីលង្កា និងតាជីគីស្ថានរយៈពេលបីឆ្នាំ ដោយនឹងស្រាវជ្រាវពីការគំរាមកំហែងនៃភាពតានតឹងកាន់តែខ្លាំងឡើងដែលប៉ះពាល់ដល់ស្ត្រី និងកំណត់គោលនយោបាយ សកម្មភាព និងការវិនិយោគជាក់លាក់ដែលអាចជួយរដ្ឋាភិបាលឱ្យកាត់បន្ថយផលប៉ះពាល់នៃកំដៅលើស្ត្រី និងកុមារី។
លោកស្រី ហ៊ីលឡារី គ្លីនតុន លើកឡើងថា សកម្មភាពជំនួយផ្សេងៗក្នុងការទប់ស្កាត់ និងដោះស្រាយការកើនកម្តៅ ដោយសង្កត់ធ្ងន់ជាពិសេសលើស្រ្តី និងកុមារី ពិតជាអាចជួយជំរុញឱ្យស្ថានភាពនេះប្រសើរឡើង។
ចំណែកលោកស្រី អេលីនី មីរីវលី (Eleni Myrivli) ប្រធានការិយាល័យផ្នែកកម្តៅសកលនៃ UN-Habitat ប្រាប់វីអូអេក្រោយបញ្ចប់កិច្ចពិភាក្សានោះថា ស្រ្តីរងគ្រោះខ្លាំងពីការកើនកម្តៅដោយសារការប្រែប្រួលអាកាសធាតុ ដោយសារស្រ្តីជាអ្នកចេញរកចំណូលនិងធ្វើកិច្ចការផ្ទះ។ បន្ថែមលើនេះ ពួកគេតែងជាអ្នកមើលថែទាំសមាជិកគ្រួសារដែលកាន់តែងាយរងគ្រោះ ដូចជាមនុស្សចាស់ កុមារតូច និងអ្នកជំងឺជាដើម។
លោកស្រីថ្លែងថា៖ «ស្រ្តីតែងតែជាមនុស្សដែលត្រូវតែមើលថែពួកគេ លើសពីអ្វីៗផ្សេងទៀតដែលពួកគេត្រូវធ្វើ។ ដូច្នេះ ដោយសារអាកាសធាតុបង្កើតលក្ខខណ្ឌធ្ងន់ធ្ងរជាងមុន ស្ត្រីទទួលបន្ទុកកាន់តែច្រើន ហើយនៅពេលជាមួយគ្នានោះ ពួកគេដាក់បន្ទុកលើខ្លួនឯងកាន់តែច្រើន និងធ្វើឱ្យខ្លួនឯងប្រឈមនឹងហានិភ័យកាន់តែច្រើន»។
លោកស្រី អេលីនី បន្ថែមថា រដ្ឋាភិបាលនៃប្រទេសរងគ្រោះទាំងអស់គួរតែបង្កើតគោលនយោបាយការពារស្រ្តី និងកុមារឱ្យបានច្រើន ហើយកសាងភាពធន់នៃហេដ្ឋារចនាសម្ព័ន្ធនិងទីក្រុង និងភាពធន់នឹងសង្គម។
លោកស្រីបញ្ជាក់ថា៖ «ប្រសិនបើយើងមិនផ្តោតលើការរួបរួមសង្គម និងការបង្កើតប្រព័ន្ធគាំទ្រ នៅទីក្រុង និងក្នុងសហគមន៍ទេ នោះយើងនឹងមានលទ្ធផលកាន់តែអាក្រក់ទៅៗ»។
ការកើនកម្តៅខ្លាំងត្រូវបានផ្សារភ្ជាប់ទៅនឹងការបាត់បង់កម្លាំងពលកម្មប្រចាំឆ្នាំជាង ៦៥០ពាន់លានម៉ោង នៅទូទាំងពិភពលោក ដែលស្មើនឹងប្រហែល ១៤៨លានការងារពេញម៉ោង បើធៀបទៅនឹងជំងឺរាតត្បាតកូវីដ១៩។ ស្ត្រីត្រូវរងផលប៉ះពាល់មិនសមាមាត្រដោយការកើនឡើងសីតុណ្ហភាព ដែលប្រឈមមុខនឹងលក្ខខណ្ឌគំរាមកំហែងដល់អាយុជីវិត និងការខាតបង់សេដ្ឋកិច្ចសង្គមយ៉ាងច្រើន។ នេះបើតាមធនាគារ ADB។
លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថានកម្ពុជា ដែលបានចូលរួមសន្និសីទស្តីពីការប្រែប្រួលអាកាសធាតុលើកទី២៨ នៅទីក្រុងឌូបៃដែរនោះ បានប្រាប់វីអូអេតាមបណ្តាញសង្គមតេឡេក្រាមថា កម្ពុជាមានគោលនយោបាយការពារស្រ្តី និងកុមារពីផលប៉ះពាល់ដោយគ្រោះធម្មជាតិរួចហើយ ប៉ុន្តែនៅត្រូវការការអនុវត្ត។
ឆ្លើយតបនឹងសំណួរថា តើនឹងមានការអនុវត្ត ឬការប្តេជ្ញាបែបណាខ្លះពាក់ព័ន្ធនឹងការការពារស្រ្តីពី ការប្រែប្រួលអាកាសធាតុ អ៊ាង សុផល្លែត ប្រាប់ថា៖ «ក្រសួងបរិស្ថានដាក់ចេញយុទ្ធសាស្ត្រចក្រា ភាពស្អាត កាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក សំដៅជួយដល់ផ្នែកអនាម័យ និងសុខភាពកុមារ និងស្ត្រី បង្កភាពស្រស់ស្អាតបង្កើតបរិយាកាសស្រស់ស្រាយក្នុងគ្រួសារ កាត់បន្ថយអំពើហិង្សា និងភាពបៃតង។ ជួយប្រជាសហគមន៍ដាំដើមឈើស៊ាំនឹងការប្រែប្រួលអាកាសធាតុដើម្បីទទួលបានផលជាស្បៀងអាហារ ផលដំណាំសម្រាប់លក់នៅទីផ្សារ និងផលដំណាំសម្រាប់បម្រើឱ្យទេសចរណ៍ធម្មជាតិ ជួយលើកស្ទួយជីវភាពប្រជាសហគមន៍ជាស្រ្តី និងកុមារ។ ទាំងនេះគ្រាន់ជាឧទាហរណ៍ពីជ្រុងបរិស្ថានប៉ុណ្ណោះ»។
កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រសួងបរិស្ថានបានប្រកាសដាក់ឲ្យប្រើ «យុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ២០២៣-២០២៨» ដើម្បីទប់ស្កាត់ការប្រែប្រួលអាកាសធាតុ។ ហើយថ្មីៗនេះ រដ្ឋាភិបាលក៏បានត្រៀមប្រកាសពីការប្តេជ្ញាចិត្តចំនួន ៧ចំណុចនៅក្នុងសន្និសីទស្តីពីការប្រែប្រួលអាកាសធាតុលើកទី២៨ នៅទីក្រុងឌូបៃ ដើម្បីកាត់បន្ថយបញ្ហាជាសកលនេះផងដែរ។
បើតាមផ្សាយរបស់អង្គការសហប្រជាជាតិ កាលពីឆ្នាំ ២០២១ បង្ហាញថា កម្ពុជាស្ថិតក្នុងចំណោមប្រទេសដែលងាយរងផលប៉ះពាល់ដោយសារការប្រែប្រួលអាកាសធាតុជាងគេ ខណៈដែលប្រជាជនមួយភាគធំពឹងអាស្រ័យលើរបរកសិកម្មសម្រាប់ចិញ្ចឹមជីវិត និងកំពុងរស់នៅតំបន់ដែលងាយទទួលរងទឹកជំនន់។ របបទឹកភ្លៀងកំពុងមានការប្រែប្រួល និងពិបាកក្នុងការព្យាករណ៍ដឹងមុន នាំឱ្យមានព្រឹត្តិការណ៍អាកាសធាតុធ្ងន់ធ្ងរកាន់តែច្រើនឡើង ដូចជា ព្យុះត្រូពិច គ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាដើម។
អង្គការសហប្រជាជាតិរកឃើញបន្ថែមថា បញ្ហាទាំងនេះបង្កផលប៉ះពាល់យ៉ាងធំធេងមកលើសហគមន៍ និងនាំឱ្យមានការខាតបង់ផ្នែកសេដ្ឋកិច្ច ការជាប់បំណុល ការកើនឡើងនូវវិសមភាព អសន្តិសុខស្បៀង និងការបាត់បង់អាយុជីវិត ហើយកុមារ ស្រ្តី ជនមានពិការភាព ចាស់ជរា និងក្រុមដែលមានឱកាសតិចតួចនៅក្នុងសង្គម ដូចជា សហគមន៍ជនទេសន្តរប្រវេសន៍ជាដើម នឹងរងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេ៕
អត្ថបទនេះត្រូវបានផលិតឡើងជាផ្នែកមួយនៃភាពជាដៃគូប្រព័ន្ធផ្សព្វផ្សាយពាក់ព័ន្ធនឹងការប្រែប្រួលអាកាសធាតុឆ្នាំ២០២៣ ដែលជាអាហារូបករណ៍ផ្នែកសារព័ត៌មានរៀបចំដោយ Earth Journalism Network របស់អង្គការ Internews និងមជ្ឈមណ្ឌល Stanley សម្រាប់សន្តិភាព និងសន្តិសុខ។