ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) កាលពីថ្ងៃអង្គារបានចោទប្រកាន់ប្រទេសចិនថាបាន «ព្យាយាមយ៉ាងខ្លាំងដើម្បីធ្វើឲ្យប៉ះពាល់ និងធ្វើឲ្យផ្លាស់ប្តូរ» ដល់ការបោះឆ្នោតនៅសហរដ្ឋអាមេរិក និងបានគំរាមកំហែងសងសឹកផ្នែកសេដ្ឋកិច្ចយ៉ាងខ្លាំងនឹងឲ្យបានលឿនបំផុតប្រឆាំងនឹងប្រទេសនៅតំបន់អាស៊ីខាងកើត ហើយប្រសិនបើចិនធ្វើដូច្នេះនោះ វានឹងប៉ះពាល់ដល់អ្នកធ្វើការជនជាតិអាមេរិកាំង។
លោក Trump មិនបានបង្ហាញភស្តុតាងដើម្បីគាំទ្រដល់ការចោទប្រកាន់នេះទេ ហើយលោកក៏មិនបានបញ្ជាក់ថា ការបោះឆ្នោត ដែលចិនដាក់ជាគោលដៅនោះជាការបោះឆ្នោតសភាពាក់កណ្តាលអាណត្តិប្រធានាធិបតីក្នុងពេលខាងមុខឬយ៉ាងណានោះទេ។ ការចោទប្រកាន់របស់លោក Trumpបានធ្វើឡើងមួយថ្ងៃ ក្រោយពីប្រទេសចិនសន្យាថា នឹងចាត់វិធានការប្រឆាំងនឹងផែនការលោក Trumpក្នុងការយកពន្ធគយបន្ថែមលើទំនិញរបស់ចិនដែលមានតម្លៃ២០០ពាន់លានដុល្លារ។
ការយកពន្ធគយថ្មី ដែលនឹងចូលជាធរមាននៅថ្ងៃទី២៤ខែកញ្ញាខាងមុខនេះ នឹងចាប់ផ្តើមពី១០ភាគរយ ហើយបន្ទាប់មកនឹងឡើងដល់២៥ភាគរយចាប់ពីថ្ងៃទី១ខែមករាឆ្នាំ២០១៩។ ការយកពន្ធគយថ្មីនេះនឹងដាក់ទៅលើទំនិញរាប់ពាន់មុខ ដែលរួមមាន គ្រឿងអេឡិចត្រូនិក ម្ហូបអាហារ ឧបករណ៍និងប្រដាប់ប្រដាប្រើប្រាស់ក្នុងផ្ទះជាដើម។ រដ្ឋបាលលោកTrump បានលើកលែងពន្ធគយលើទំនិញជាច្រើនមុខផ្សេងទៀតចេញពីការកំណត់ពន្ធគយថ្មីនេះ ដែលរួមទាំងនាឡិកាទំនើប ឧបករណ៍ប្រើប្រាស់ Bluetooth និងកៅអីសម្រាប់ទារកនៅក្នុងរថយន្តជាដើម។
រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មចិនកាលពីថ្ងៃអង្គារបានចេញសេចក្តីថ្លែងការព្រមានថា ខ្លួននឹងឆ្លើយតបទៅនឹងការកំណត់យកពន្ធគយថ្មីរបស់សហរដ្ឋអាមេរិក ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ខ្លួននិងការធ្វើពាណិជ្ជកម្មសេរីនៅទូទាំងសកលលោក។ រដ្ឋាភិបាលក្រុងប៉េកាំងកាលពីមុនបានផ្សព្វផ្សាយបញ្ជីមុខទំនិញរបស់សហរដ្ឋអាមេរិកមានតម្លៃ៦០ពាន់លានដុល្លារ ដែលប្រឈមនឹងការសងសឹកយកពន្ធគយត្រឡប់ទៅវិញ៕