គណៈកម្មាធិការតុលាការរបស់ព្រឹទ្ធសភាស.រ.អា.នឹងធ្វើសវនាការសាធារណៈនៅសប្តាហ៍ក្រោយដើម្បីស្តាប់លោក Brett Kavanaugh ដែលបានត្រូវស្នើឈ្មោះឱ្យកាន់តំណែងជាចៅក្រុមតុលាការកំពូលស.រ.អា. និងស្ត្រីដែលបានចោទប្រកាន់លោកថាបានរំលោភអ្នកស្រីបីទសវត្សរ៍មុននេះនៅពេលដែលលោក Kavanaugh និងស្ត្រីនេះរៀននៅវិទ្យាល័យ។
លោក Chuck Grassley ប្រធានគណៈកម្មាធិការនេះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយជាលាយលក្ខណ៍អក្សរថា «ដើម្បីផ្តល់តម្លាភាពឱ្យបានគ្រប់គ្រាន់ យើងនឹងធ្វើសវនាការសាធារណៈមួយនៅថ្ងៃចន្ទដើម្បីឱ្យមានការលាតត្រដាងពេញលេញអំពីការចោទប្រកាន់ទាំងនេះកាលពីពេលថ្មីៗនេះ»។
ពួកសាធារណរដ្ឋនៅក្នុងគណៈកម្មាធិការនេះសង្ឃឹមថានឹងធ្វើការបោះឆ្នោតដើម្បីជំរុញទៅមុខការតែងតាំងលោក Kavanaugh នៅថ្ងៃព្រហស្បតិ៍ក្នុងសប្តាហ៍នេះ។
ពួកមេដឹកនាំខាងគណបក្សសាធារណរដ្ឋបានស្នើថាការស៊ើបអង្កេតអំពីការចោទប្រកាន់ទាំងនេះអាចធ្វើបានតាមរយៈការហៅទូរសព្ទរវាងពួកសមាជិកនៃគណៈកម្មាធិការនេះ លោក Kavanaugh និងអ្នកចោទប្រកាន់លោក។ ក៏ប៉ុន្តែការទាមទារច្រើនឡើងៗឱ្យមានសវនាការពេញលេញ ដោយមានរួមបញ្ចូលការទាមទារពីពួកសាធារណរដ្ឋខ្លះដែរ មិនអាចមិនអើពើបានទេ៕