កាលពីថ្ងៃចន្ទសហរដ្ឋអាមេរិកបានប្រកាសថាខ្លួនបានត្រៀមខ្លួនរួចរាល់ហើយដើម្បីចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយប្រទេសចិន នៅពេលណាដែលរដ្ឋាភិបាលក្រុងប៉េកាំងយល់ព្រមបើកកិច្ចចរចានេះ ប៉ុន្តែរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនក៏បានរៀបចំដាក់ពន្ធគយជាថ្មីទៅលើទំនិញរបស់ចិនបន្ថែមទៀតដែលមានតម្លៃ២០០ពាន់លានដុល្លារ។
លោក Larry Kudlow ទីប្រឹក្សាសេដ្ឋកិច្ចប្រចាំសេតវិមានបានប្រាប់អង្គការ Economic Club of New Yorkថា «យើងបានត្រៀមខ្លួនរួចរាល់ហើយដើម្បីចរចា និងពិភាក្សាជាមួយចិននៅពេលណាដែលគេយល់ព្រមចរចាជាមួយយើងដើម្បីឆ្ពោះទៅរកពាណិជ្ជកម្មសេរី កាត់បន្ថយពន្ធគយ និងដករបាំងពន្ធគយចេញ បើកចំហរទីផ្សារ អនុញ្ញាតឲ្យមានការប្រកួតប្រជែងសេដ្ឋកិច្ចពិភពលោក ដើម្បីឲ្យយើងអាចនាំចេញផលិតផល និងសេវាកម្មបន្ថែមទៀតចូលទៅប្រទេសចិន»។
ក៏ប៉ុន្តែលោក Kudlow ក៏បានថ្លែងបន្ថែមផងដែរថា លោករំពឹងថាសហរដ្ឋអាមេរិកក្នុងពេលឆាប់ៗនេះនឹងដាក់ពន្ធគយថ្មីចំនួន១០ភាគរយទៅលើទំនិញរបស់ចិនបន្ថែមទៀតដែលរួមមានគ្រឿងអេឡិចត្រូនិក គ្រឿងសមុទ្រ គ្រឿងសង្ហារឹម សំបកកង់ និងសារធាតុគីមីជាដើម។
ប្រទេសចិនកាលពីសប្តាហ៍មុនបានប្រកាសថា ខ្លួនស្វាគមន៍ជានិច្ចចំពោះលទ្ធភាពនៃការចរចាពាណិជ្ជកម្មថ្មីជាមួយសហរដ្ឋអាមេរិក ប៉ុន្តែយោងតាមសារព័ត៌មាន Bloomberg បានរាយការណ៍ថារដ្ឋាភិបាលក្រុងប៉េកាំងអាចបញ្ឈប់ការចរចាប្រសិនបើរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនយកពន្ធគយថ្មីបន្ថែមលើទំនិញចិនដែលបានដាក់រួចទៅហើយនោះ៕